«ខ្ញុំបានប្រពន្ធបែកពីម៉ែឪមកកាប់ឆ្ការធ្វើចម្ការបីគ្រួសារ៦១ហិកតា ដាំស្វាយដាំអីស្ទើរ៧០ភាគរយ ឃុំគេទារយក៤០ហិកតា ខ្ញុំអត់ព្រមក្រោយមកគេទារ៣០ហិកតា បើយើងមិនព្រមឱ្យ ទេ គេគំរាមថាយកទាំងអស់អ្នកស្រី គឹមលី ជាមេឃុំថា» ជនជាតិដើមភាគតិចម្នាក់បានបានលើកឡើង។
ស្គមស្តើងសម្បុរសណ្តែកបាយលោក ហ៊ុន ប៉ោង វ័យ៥១ឆ្នាំបានរៀបរាប់ថា មន្រ្តីឃុំគេថាដកដីពួកគាត់ទៅ ដើម្បីលក់ឱ្យឈ្មួញយកថវិកានេះឱ្យមន្រ្តីឃុំយកមកចែកគ្នា ។
ជនជាតិដើមភាគតិចព័រភ្នំរៃរូបនេះបន្តថា ដីរបស់ពួកគាត់បីគ្រួសារបានប្រើកម្លាំងញើសឈាមកាប់ឆ្ការតាំងពីឆ្នាំ២០០១ មានដាំដុះដំណាំធំៗនិងធ្វើចម្ការវិលជុំរហូតមក ដែលដីនេះស្ថិតក្នុងដីសហគមន៍ជនជាតិដើមភាគតិចដែលបម្រុងចុះបញ្ជីជាដីសមូហភាព ។
ស្លៀកខោជើងវែងពណ៌គគីរ អាវយឺតដៃខ្លីពណ៌ខៀវដោយនិយាយសម្តីរដឺនរបៀបជនជាតិដើមភាគតិចព័រ ហ៊ុន ប៉ោង បានបន្ថែមថា ក្នុងអំឡុងឆ្នាំ២០១៨ និង២០១៩ អ្នកស្រី គឹមលី ជាអតីតមេឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានចេញលិខិតកោះហៅមួយខែបីដងដើម្បីឱ្យពួកគាត់ចូលខ្លួនដោះស្រាយដីដោយគេចោទថា កាប់ចូលដីកញ្ចប់របស់ឃុំ។
លោក ហ៊ុន ប៉ោង បញ្ជាក់ថា៖ «គេហៅខ្ញុំទៅដោះស្រាយច្រើនលើកណាស់ដើម្បីដកហូតដីខ្ញុំមិនឱ្យទេ! ខ្ញុំខំកាប់ញើសឈាមខ្ញុំ! ក្រុមប្រឹក្សាឃុំគេគំរាមថាមិនឱ្យទេគេយកប៉ូលិសមក! គេថាបើមិនឱ្យគេទេត្រៀមលុយឡើងខេត្តទៅ! ខ្ញុំមិនឱ្យទេទុកចែកកូនខ្ញុំ ពេលវារៀនចប់មកអាចឱ្យវាដាំធុរេន សាវម៉ាវអីបាន»។
សហគមន៍ជនជាតិដើមភាគតិចព័រស្ថិតនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ដែលស្ថិតក្នុងតំបន់ដាច់ស្រយាល ដែលជាអតីតសមរភូមិក្តៅសម័យរដ្ឋកម្ពុជាបានបន្សល់ទុកនៅគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាយប៉ាយនៅឡើយតំបន់នេះមានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រពីក្រុងបាត់ដំបង ។
ជនជាតិដើមភាគតិចព័របច្ចុប្បន្នមាន១៦៣គ្រួសារ មានមនុស្សសរុប៥៦៥នាក់ ស្រ្តី២៦៩ មាន១៣៦ខ្នងផ្ទះ។ សហគមន៍នេះត្រូវបានក្រសួងមហាផ្ទៃនិងក្រសួងអភិវឌ្ឍន៍ជនបទទទួលស្គាល់ជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០១៣។
ថ្វីត្បិតតែមានការយល់ព្រមចុះបញ្ជីនិងទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចព័រខាងលើពីក្រសួងជំនាញ ប៉ុន្តែ រហូតដល់បច្ចុប្បន្ននេះដីធ្លីក្នុងសហគមន៍នេះមិនទាន់បានចុះបញ្ជីជាផ្លូវការ ជាដីសមូហភាពនៅឡើយ ជាហេតុ ផលមួយដែលក្រុមជនជាតិដើមភាគតិចមានការព្រួយបារម្ភពីការរឹបអូសនិងរំលោភបំពានពីអ្នកមកពីខាងក្រៅ និងអាជ្ញាធរជាដើម។
បើតាមសមាជិកជនជាតិដើមភាគតិចព័រឱ្យដឹងថា ក្រៅពីបម្រុងដកហូតដីពីសមាជិកសហគមន៍ខាងលើ៣០ហិកតាទៅចែកគ្នា។ មន្រ្តីក្រុមប្រឹក្សាឃុំតាតោក បានដកហូតដីប្រមាណ៤០ហិកតាពីសមាជិកសហគមន៍៥គ្រួសារ បានសម្រេចម្តងរួចទៅហើយនៅចុងឆ្នាំ២០២១។
សក់ស្លូតសិតពុះកណ្តាលសម្បុរស្រអែមក្នុងវ័យ២០ឆ្នាំផ្លាយ អ្នកស្រី ស៊ើប សុផា ជាជនជាតិដើមភាគតិចព័រ បាននិយាយថា ដីពួកគាត់៥គ្រួសារប្រមាណ៦០ហិកតា ដែលពួកគាត់កាប់ឆ្ការតាំងពីឆ្នាំ២០០១មកសម្រាប់ធ្វើ ចម្ការវិលជុំ និងមានដាំដំណាំធំៗ ខ្លះផងត្រូវបាន មន្រ្តីឃុំដកហូតអស់ពាក់កណ្តាលដោយគេថាកាប់ចូលដីបម្រុងទុករបស់ឃុំ។
ពាក់អាវយឺតពណ៌សដៃខ្លី ខោការ៉ូ ដៃម្ខាងកណ្តៀតកូនប្រុសតូចផង អ្នកស្រី សុផា បន្ថែមថា ពួកគាត់បានបង្ខំចិត្តយល់ ព្រមផ្តិតមេដៃឱ្យមន្រ្តីឃុំដោយមិនហ៊ានតតាំងជាមួយគេព្រោះមានការភ័យខ្លាចហើយណាមួយមន្រ្តីឃុំបាន ចេញលិខិតកោះអញ្ជើញពួកគាត់ប្រហែលជាង១០ដងមកហើយ តែពួកគាត់មិនដែលទៅ។
ក្នុងសំដីមួយៗអ្នកស្រីបានឱ្យដឹងទៀតថា ខ្លឹមសារក្នុងលិខិតនោះសរសេរថាអញ្ជើញឱ្យចូលទៅដោះស្រាយបញ្ហាដីធ្លី។ ប៉ុន្តែដោយមានលិខិតអញ្ជើញច្រើនលើកពេកពួកគាត់ទាំង៥គ្រួសារបានដាច់ចិត្តចូលទៅតាមការកោះ អញ្ជើញរបស់មន្រ្តីឃុំនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជួបជុំនៅផ្ទះប្រជាពលរដ្ឋលោក នាម ណូក ដោយគ្មាន វត្តមានប្រធានសហគមន៍។
អ្នកស្រី សុផា ថ្លែងថា៖ «ឃុំគេហៅទៅនិយាយថាថ្ងៃនេះនិយាយឱ្យដាច់ស្រេចគ្នា! គេថាដីរបស់កញ្ចប់ឃុំទុកចែកគ្នា ថាយើងកាប់លើដីគេ! គេឱ្យយើងតែ៣០ហិកតា បើមិនព្រមគេហៅយើងទៅឃុំរហូត គេហៅទៅគេនិយាយតែដដែលៗប្តីខ្ញុំក៏បង្ខំចិត្តផ្តិតឱ្យគេទៅ»។
អ្នកស្រីបន្ថែមថា ខណៈពេលនោះមានអ្នកស្រី គឹមលី ជាមេឃុំតាតោក ជាអ្នកដឹកនាំប្រជុំដោយមានការចូលរួមពីមន្រ្តីក្រុមប្រឹក្សាឃុំ មេភូមិ និងមានទាហានម្នាក់ដែលគេស្គាល់ថាជាឈ្មួញដីមកពីភ្នំពេញផងដែរ។ អ្នកស្រីបន្ថែមថា ក្រោយ ពីបង្ខំចិត្តផ្តិតមេដៃឱ្យដីទៅមន្រ្តីឃុំរួចមកបច្ចុប្បន្នពួកគាត់សល់ដីបន្តិចបន្តួចសម្រាប់ធ្វើចម្ការវិលជុំ ធ្វើហូបមិនគ្រប់នោះទេពេលខ្លះទៅស៊ីឈ្នួលដាំល្មៀត ពោត ដំឡូង ឱ្យគេដើម្បីបង្គ្រប់ការខ្វះខាត។
អ្នកស្រី សុផា ឱ្យដឹងថា៖ «ដីយើងសល់តិចដាំដំណាំឆ្លងកាត់១ឆ្នាំ២ទៅ៣ហិកតាឆ្នាំក្រោយដូរទៅដាំកន្លែងផ្សេងបើយើងមានដីច្រើន យើងដាំឆ្លាស់គ្នាទើបបានហូប ដាំដដែលៗអត់បានផលទេព្រោះមិនបានដាក់ជី»។ អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់ បានដីខ្ញុំមកវិញនិងចង់ឱ្យមានការចុះបញ្ជីដីធ្លីសមូហភាពឱ្យសហគមន៍ខ្ញុំបានលឿនមកកុំឱ្យគេមកយកទៀត »។
ទាក់ទងការលើកឡើងនេះមេភូមិភ្នំរៃលោក ដៀប ឌី បដិសេធមិននិយាយរឿងការដកហូតដីប្រជាពលរដ្ឋខាងលើនោះទេ នៅពេលមានការសាកសួរបើទោះបីជាលោកមានវត្តមានពេលនោះដែរ។ ប៉ុន្តែលោកបានលើកឡើងថា កន្លងទៅ សមាជិកជនជាតិដើមភាគតិច ខ្លះគាត់ខ្វះខាត និងមានជម្ងឺឈឺឆ្កាត់អីគាត់បានផ្ទេរដីឱ្យអ្នកផ្សេងដើម្បីបានកំរ៉ៃយកមកដោះស្រាយ។
លោក ដៀប ឌី ថ្លែងថា៖ «យើងពិបាកហាមឃាត់គាត់ណាស់ គាត់ខ្វះខាត គាត់ផ្ទេរដីឱ្យអ្នកផ្សេងយកលុយមកដោះស្រាយផ្គត់ផ្គង់គ្រួសារ»។
ចំណែកលោកជំទប់ទី២ឃុំតាតោក លោក អ៊ឹម ម៉ាត ដែលមានវត្តមានក្នុងការដកហូតដីពីពលរដ្ឋដែរនោះបាន ឱ្យដឹងថាប្រជាពលរដ្ឋ៥គ្រួសារខាងលើបានកាប់ដីរំលោភចូលដីបម្រុងទុករបស់ឃុំ។ គាត់យល់ព្រមផ្តិតមេដៃ ប្រគល់ឱ្យឃុំពាក់កណ្តាលវិញ គឺ៣០ហិកតាក្រោយសម្របសម្រួលគ្នាគឺគ្មានការបង្ខិតបង្ខំនោះទេ។
ចំពោះសំនួរសួរថាដីដែលដកហូតនោះថាឃុំយកទៅធ្វើអ្វី? លោក អ៊ឹម ម៉ាត បានបញ្ជាក់ថា ៖ «វាជាកិច្ចការងារដែលខ្ញុំដឹងមកដល់!ហើយស្រុកក៏ដឹងលឺដែរមិនទាន់មានផែនការធ្វើអ្វីនោះទេរក្សាទុកសិន!»។ លោកបន្ថែមថា៖ «ប្រជាពល រដ្ឋលើកឡើងថាឃុំយកទៅចែកគ្នានោះវាគ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះ»។
ផ្ទុយពីការលើកឡើងរបស់លោកជំទប់ទី២ឃុំខាងលើ អ្នកស្រី គឹមលី អតីតមេឃុំតាតោក បានបញ្ជាក់ច្បាស់ថា ដីដែលដកហូតពីប្រជាពលរដ្ឋ៥គ្រួសារចំនួន៣០ហិកតានោះយកទៅចែកឱ្យមន្រ្តីឃុំម្នាក់៥ហិកតានិងមានដល់ថ្នាក់ស្រុកទៀតជាការលើកទឹកចិត្តដែលពួកគាត់ខំតស៊ូយូរមកហើយ។
លោកស្រី គឹមលី បញ្ជាក់ថា៖ «ដីហ្នឹងយើងយកមកបែងចែកជារបបក្រុមប្រឹក្សាឃុំម្នាក់៥ហិកតា មកចែកគ្នាអញ្ចឹងទៅណា! មានដល់ស្រុកដល់អីទៀតណា! យើងចែករំលែកគ្នាព្រោះវាអស់ដីណាទៀតហើយ !ព្រោះ តស៊ូតាំងពី ជំនាន់អតីតមកណាអូន! យើងបានដីម្នាក់៥ហិកតា ទុកជាកេរ្តិ៍អាករទៅណា! »។ អ្នកស្រីគឹមលីបន្ថែមថា៖ «លោកអភិបាលស្រុកគាត់មកទិញដីប្រជាជនម្តុំហ្នឹងដែរដាំទុរ៉េន ហើយវាជាប់ចម្ការធុរេនគាត់ប្រជាជនជូនលោកអភិបាល៥ហិកតាដែរទៅ!»។
ថ្វីត្បិតអ្នកស្រី គឹមលី មិនមានតំណែងជាមេឃុំតាតោក ទៀតក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះគាត់នៅមានតួនាទីជាប្រធានគណបក្សប្រជាជនប្រចាំឃុំតាតោកដែលនៅមានឥទ្ធិពលនៅឡើយ អ្នកស្រីបានរំលឹកថា ប្រជាពលរដ្ឋ៥គ្រួសារ ខាងលើនេះគាត់មុនដំបូងមានដីតិចតួចនោះទេ គាត់បានកាប់រានចូលដីបម្រុងទុករបស់ឃុំទើបមានការហៅមក ដោះសា្រយសម្របសម្រួលបែងចែកគ្នា ។ អ្នកស្រីបន្តថា អាជ្ញាធរគ្រោងចុះវាស់វែងធ្វើប្លង់ទន់ឱ្យពួកគាត់ម្នាក់៥ហិកតា ប៉ុន្តែដោយសារភ្លៀងធ្លាក់ខ្លាំងពេកទើបពន្យាពេលក្នុងការវាស់វែង។
អ្នកស្រីបន្ថែមថា ចំណែកប្រជាពលរដ្ឋលោក ហ៊ុន ប៉ោង និងប្រជាពលរដ្ឋពីរគ្រួសារទៀតដែលកាប់រុករានចូលដី បម្រុងទុករបស់ឃុំដែរនោះមិនទាន់យល់ព្រមប្រគល់ដីឱ្យឃុំ៣០ហិកតាក្នុងចំណោមដី៦០ហិកតានៅឡើយទេ ពេលខាងមុខនេះអាជ្ញាធរនឹងកោះហៅមកដោះស្រាយទៀត។
ទោះបីយ៉ាងណា លោក ឆឺត ឈន ប្រធានសហគមន៍ជនជាតិដើមភាគតិចព័រ បានប្រតិកម្មនឹងការដកហូតដីពីសមាជិកសហគមន៍របស់គាត់ដូច្នេះដោយលោកចាត់ទុកថាវាជាអំពើខុសច្បាប់ព្រោះដីទាំងនេះស្ថិតនៅក្នុងដីរបស់សហគមន៍ដែលគ្រោងចុះបញ្ជីជាដីសមូហភាពដែលមានការដឹងលឺពីក្រសួងពាក់ព័ន្ធ អាជ្ញាធរគ្មានសិទ្ធិដកហូតនិងចាត់ ចែងបែងចែកឱ្យអ្នកណាបាននោះទេ។
ក្នុងទឹកមុខមាំលោក ឆឺត ឈន បានបញ្ជាក់ថា ការដកហូតដីឱ្យអាជ្ញាធរឃុំ នេះហាក់មិនគោរពតាមលិខិតរបស់រដ្ឋបាលខេត្តបាត់ដំបងដែលឱ្យ អាជ្ញាធរស្រុកនិងស្ថាប័នពាក់ព័ន្ធដាក់វិធាន ការការពារដីរបស់សហគមន៍ជនជាតិដើមភាគតិចដែលត្រៀមចុះបញ្ជីកម្មសិទ្ធិសមូហភាព។ លោកបន្ថែមថា កន្លងទៅអាជ្ញាធរធ្លាប់ចេញលិខិតកោះហៅលោកក្នុងនាមប្រធានសហគមន៍ឱ្យចូលសម្របសម្រួលដកហូតដីពីសមាជិកសហគមន៍ប្រហែល២០លើកដែរតែលោកមិនចូលព្រោះដឹងថាអាជ្ញាធរចង់ដកហូតដីសហគមន៍ ក្រោយមកឆ្លៀតពេលលោកចុះទៅខេត្តក្រចេះ អាជ្ញាធរឃុំហៅសមាជិកសហគមន៍ទៅផ្តិតមេដៃដកហូតដីតែម្តង។
លោក ឆឺត ឈន បញ្ជាក់ថា៖ «ដីសហគមន៍ត្រៀមចុះបញ្ជីដីសមូហភាពហើយអាជ្ញាធរបែរជាទៅដកយករបស់គេវាខុសនឹងច្បាប់ ហើយដីនេះស្ថិតនៅក្នុងតំបន់វិនិច្ឆ័យនៅឡើយ មួយទៀតថែមទាំងមិនជួយការពារដីសហគមន៍បែជាដកហូតយកទៅចែកគ្នាទៅវិញ»។
ក្នុងលិខិតរបស់រដ្ឋបាលខេត្តមួយច្បាប់ចុះហត្ថលេខាដោយលោក ប្រាជ្ញ ចន្ទ ជាអភិបាលខេត្តបាត់ដំបង ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ផ្ញើជូនលោកអភិបាលស្រុកសំឡូតនិងនាយខណ្ឌរដ្ឋបាលព្រៃឈើស្នើឱ្យចាត់វិធានការបណ្តោះអាសន្នលើការរុករានទន្រ្ទានដីនិងដីសហគមន៍ជនជាតិដើមភាគតិចព័រដែលកំពុងរង់ចាំការចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាព។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបាត់ដំបង និងប៉ៃលិនដែលបានចុះស៊ើប អង្កេតតំបន់សហគមន៍ខាងលើ បានឱ្យដឹងថាការចោទប្រកាន់សមាជិកសហគមន៍ជនជាតិដើមភាគតិចព័រថាកាប់រុករានដីបម្រុងរបស់ឃុំនេះមិនត្រឹមត្រូវនោះទេ ព្រោះថាកន្លងមកអាជ្ញាធរពុំដែលបានវាស់វែងកំណត់ព្រំ រឺជូនដំណឹងដល់ពួកគាត់ឱ្យបានដឹងនោះឡើយ។
លោកបន្ថែមថា សមាជិកជនជាតិដើមភាគតិចខាងលើបានកាប់រុករានដីដើម្បីដាំដំណាំជាលក្ខណៈចម្ការវិលជុំ តាមប្រពៃណីតាំងពីឆ្នាំ២០០១មករហូតដល់ឆ្នាំ២០១៨-២០១៩ ទើបថាជាដីបម្រុងទុករបស់ឃុំនៅពេលដែលដីស្រឡះអស់ទៅហើយ វាដូចជាកេងចំណេញលើសហគមន៍ពេក ណាមួយវាខុសនឹងច្បាប់ភូមិបាលផងដែរ។
លោក គង់ជិត បន្ថែមថា៖ «កន្លងមកមានឈ្មួញទិញដីខ្លះបានចូលមកទិញដីរបស់នៅក្នុងសហគមន៍ជនជាតិដើមភាគតិចព័រនេះក្នុងនោះក៏មានសមាជិកសហគមន៍ផងដែរ»។ លោកបន្ថែមថា៖ «ពួកឈ្មួញទាំងនោះបានព្យាយាមបំបែកពួកគេចេញពីសហគមន៍ដោយតម្រូវឲ្យបំបែកក្បាលដីរបស់ខ្លួនធ្លាប់អាស្រ័យផល ចេញពីក្បាលដីសមូហភាពដោយផ្តល់តម្លៃខ្ពស់។ ទន្ទឹមនឹងនោះក៏មានសកម្មភាពការរុករានទន្ទ្រានដីសមូហភាពរបស់សហគមន៍ជាបន្តបន្ទាប់ផងដែរ»។
ធ្លាប់ធ្វើជាកងទ័ពនិងពិការជើងម្ខាងដោយសង្គ្រាមនឹងមានឈើច្រត់មួយគូក្បែរខ្លួនផង លោក ឆឺត ឈន ប្រធាន សហគមន៍ជនជាតិដើមភាគតិចព័របានឱ្យដឹងថាសហគមន៍លោកបានដាក់លិខិតស្នើសុំទៅកាន់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធដើម្បីសុំចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាពតាំងពីឆ្នាំ២០១៣ មកម្លេះប៉ុន្តែមកទល់ពេលនេះមិន ទាន់បានចុះបញ្ជីស្របច្បាប់នៅឡើយ។
លោកបន្ថែមថា ដីសហគមន៍ដែលត្រៀមចុះបញ្ជីនោះមានជាង៣ពាន់ហិកតាចែកជាដី៥ប្រភេទក្នុងនោះដីចម្ការវិលជុំ ២៣៥០ហិកតាដីបម្រុងទុក ១ ៣៦០ហិកតា ដីកប់សព ៦ហិកតាដីព្រៃអារក្ស៧ហិកតា និងដីលំនៅដ្ឋាន២២០ហិកតា។
លោក ឈន បន្តថា៖ «ដោយសារការយឺតយ៉ាវក្នុងការចុះបញ្ជី បច្ចុប្បន្ននេះដីសហគមន៍ត្រៀមចុះបញ្ជីបានបាត់បង់ ប្រមាណ៣០ភាគរយដោយមានការលួចរុករាននិងលួចលក់ជាបន្តបន្ទាប់ដែលសហគមន៍ពិបាកនឹងរក្សាការពារ»។ លោកបន្ថែមថា៖ «សមាជិកសហគមន៍ខ្លះលក់និងខ្លះមិនយល់បានចាញ់បោកតាមការអូសទាញពីឈ្មួញដីនិងអាជ្ញាធរមូលដ្ឋានខ្លះ ឱ្យងាកមកចុះបញ្ជីជាឯកជនដើម្បីអាចមានសិទ្ធិលក់រឺបញ្ចាំធនាគារបានជាដើម»។
លោក ឆឺត ឈន បានបន្ថែមទៀតថា លោកបានដើរពន្យល់សមាជិកសហគមន៍ឱ្យគាត់យល់ពីការចុះបញ្ជីដីជាលក្ខណៈ ឯកជននិងលក្ខណៈសមូហភាព។ បច្ចុប្បន្ននេះពួកគាត់បានយល់ដឹងភាគច្រើន ហើយនឹងបានងាកមកចូលរួមការចុះបញ្ជីដីធ្លីជាសមូហភាពវិញអស់ហើយ នៅសល់ប្រហែលជា១០គ្រួសារទៀតប៉ុណ្ណោះក្នុងចំណោមជាង១០០គ្រួសារ ដែលមិនទាន់យល់ហើយនៅចាញ់ការអូសទាញ។
ចំណែកលោក អ៊ុន ខែម មេឃុំតាតោក ទើបឡើងកាន់តំណែងថ្មីបានបដិសេធធ្វើអត្ថាធិប្បាយជុំវិញមេឃុំចាស់ដែលដកហូតដីពីសមាជិកសហគមន៍ជនជាតិដើមភាគតិចខាងលើដោយលោកមិនដែលទទួលបានព័ត៌មាននេះនោះទេ ដោយលោកថាទើបតែឡើងមេឃុំថ្មី។ ទោះបីយ៉ាងណា ជុំវិញការចុះបញ្ជីដីធ្លីសមូហភាពជូនសហគមន៍គឺមិនទាន់នោះទេ។ ដោយអាជ្ញាធរកំពុងរៀបចំសាលាកបត្រដាក់ជូនខាងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធដើម្បីស្នើសុំធ្វើអនុប្រយោគដីតំបន់នេះ ដើម្បីកាត់ឆ្វៀលវាស់វែងបែងចែកជូនប្រជាពលរដ្ឋប្រើប្រាស់ព្រោះដីនេះស្ថិតក្នុងតំបន់ព្រៃអភិរក្ស។
លោក អ៊ុន ខែម ថ្លែងថា៖ «អាជ្ញាធរត្រៀមដំណើរការចុះវាស់វែងជូនប្រជាពលរដ្ឋក្នុងសហគមន៍ទាំងដីឯកជននិងដីសមូហភាពនៅពេលដែលធ្វើអនុប្រយោគកាត់ឆ្វៀលរួច តែថ្នាក់លើមិនទាន់ដាច់ស្រេចថាចុះនៅពេលណានោះទេ ដឹងតែត្រៀមវាស់វែងពេលខ្លីខាងមុខនេះហើយ»។
បន្ថែមពីនោះលោកបញ្ជាក់ថា ដោយតំបន់ឃុំតាតោកនេះធ្លាប់ជាសមរភូមិក្តៅហើយបន្សល់ទុកនៅគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាយប៉ាយ ខាងមន្រ្តីស៊ីម៉ាកកំពុងធ្វើការបោសសម្អាតចាប់ពីផ្លូវបំបែកចូលភូមិ។
ក្នុងច្បាប់ភូមិបាលមាត្រាទី២៣ បានចែងថា សហគមន៍ជនជាតិដើមភាគតិចជាក្រុមមនុស្សដែលរស់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាដែលសមាជិកទាំងអស់ត្រូវបង្ហាញនូវការឯកភាពពីជាតិពន្ធ សង្គមវប្បធម៌ និងសេដ្ឋកិច្ច ប្រតិបត្តិ និងការរស់នៅតាមប្រពៃណីនិងការដាំដុះលើដីដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាតទំនៀមទំលាប់នៃការប្រើប្រាស់ជាសមូហភាព។ ក្នុងពេលរង់ចាំការកំណត់តាមផ្លូវច្បាប់នូវលក្ខន្តិក្កៈរបស់សហគមន៍ក្រុមដែលមានជាក់ស្តែងមកទល់បច្ចុប្បន្ននេះ និងបន្តគ្រប់គ្រងសហគមន៍និងអចនវត្ថុរបស់ខ្លួនតាមប្រពៃណីហើយត្រូវអនុវត្តតាមបញ្ញតិនៃច្បាប់នេះ។
លោក អ៊ូ ដារី អតីតប្រធានមន្ទីរដែនដីនគរូបនីយកម្មខេត្តបាត់ដំបង ទើបឡើងជាអភិបាលរងខេត្តថ្មីៗបានបញ្ជាក់ថា អាជ្ញាធរបានគិតដល់ការចុះបញ្ជីរបស់ពួកគាត់ហើយ កំពុងដំណើរការតាមជំហាន ដែលបច្ចុប្បន្ននេះដល់ជំហានកំណត់ព្រំហើយ។ ប៉ុន្តែតំបន់នេះវាសង្ស័យមានមីន មន្រ្តីជំនាញមិនទាន់អាចចុះកំណត់ព្រំកើតទេ ទាល់តែរងចាំការងារបោសសម្អាតមីនរួច។
លោក អ៊ូ ដារី ថ្លែងថា៖ «ចឹងក៏យើងចាប់ផ្តើមនីតិវិធីដើររកដៃគូដើម្បីធ្វើការដោះមីន បានយើងកំណត់បាន ចឹងហាស! វាអត់មានដៃគូរយើងនៅរងចាំមានតែប៉ុណ្ណឹងទៅ! យើងអាចចុះបញ្ជីជូនពួកគាត់បានហើយដោយសារតែគាត់បានដាក់ពាក្យស្នើរហើយ ដោះមីនហើយយើងត្រៀមខ្លួនជាស្រេចដើម្បីចុះបញ្ជីជូនពួកគាត់»។
ទោះបីយ៉ាងណាយើងជិះតាមផ្លូវបំបែកចូលភូមិភ្នំរៃតាមផ្លូវក្រួសក្រហមដែលមានចម្ងាយប្រហែល២០គីឡូមែត្រ ឃើញមានក្រុមមន្រ្តីស៊ីម៉ាកបោះតង់ និងមានបោះបង្គោលដាក់ស្លាកសញ្ញាមីនលើដីលំនៅឋាន ដីចម្ការតាមដងផ្លូវហូរហែរប្រហែល២ទៅ៣គីឡូម៉ែត្រដែរ តែវាស្ថិតនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីសហគមន៍ជនជាតិដើមភាគតិចព័រ ។
លោក មឿន វុទ្ធី អ្នកសម្របសម្រួលបណ្តាញសមាជិកសកម្មសិទ្ធិជនជាតិដើមភាគតិចបានឱ្យដឹងថា ការចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិចកន្លងមកមានការចម្រូងចម្រាស់ខ្លះដោយសារសមាជិកសហគមន៍ខ្លះមិនទាន់យល់ពីការចុះបញ្ជីដីធ្លីជាសមូហភាព និងជាលក្ខណៈឯកជន ។
លោក វុទ្ធី ក៏បានបង្ហាញពីភាពខុសគ្នារវាងការចុះបញ្ជីសហគមន៍ជាកម្មសិទ្ធិសមូហភាព និងការចុះបញ្ជីដីធ្លីជាកម្មសិទ្ធិឯកជន វាមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា ប៉ុន្តែការចុះបញ្ជីជាសមូហភាពមានគុណសម្បត្តិច្រើនលើសលប់ជាង ។
លោកបន្តថា ដំណើរការចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព ជាយន្តការឬហៅថាមធ្យោបាយមួយដើម្បីរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ជនជាតិដើមភាគតិច ផ្អែកទៅលើការគ្រប់គ្រងជាសមូហភាព ហើយពុំមានសិទ្ធិលក់ដូរឱ្យអ្នកខាងក្រៅបាន។ ប៉ុន្តែការចុះបញ្ជីសមូហភាពគឺទទួលបានការកាន់កាប់ដី៥ប្រភេទទៅតាមអនុក្រឹតលេខ៨៣ ក្នុងនោះទី១ ទទួលបានដីលំនៅឋាន ទី២ទទួលបានដីមានដាំដំណាំជាក់ស្តែងរឺហៅចម្ការវិលជុំ ទី៣ដីកប់សព ទី៤ដីព្រៃអារក្ស ទី៥គឺដីបម្រុងទុក។
លោក វុទ្ធី បន្ថែមថា រីឯការចុះបញ្ជីជានីតិបុគ្គល ឬឯកជន ធ្វើឱ្យបាត់បង់នូវអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច។ ដោយលោកលើកឧទាហរណ៍ថា៖ «ការចុះបញ្ជីឯកជនគឺគាត់ទទួលបានតែដីលំនៅឋាននិងដីកសិកម្មទេ ហើយដីកសិកម្ម តម្រូវតាមការដាំដុះដំណាំ ជាក់ស្តែងទៀត រដ្ឋទទួលស្គាល់ទៅលើដី២ប្រភេទហ្នឹងប៉ុណ្ណោះ! ប៉ុន្តែដីផ្សេងៗទៀតដែលជាដីរបស់សហគមន៍ជនជាតិដើមភាគតិច គាត់ពុំមានសិទ្ធិអាស្រ័យផល និងគ្រប់គ្រងនោះទេ»។
ទោះបីយ៉ាងណាលោក មឿន វុទ្ធី អ្នកសម្របសម្រួលបណ្តាញសមាជិកសកម្ម សិទ្ធិជនជាតិដើមភាគតិចបានឱ្យ ដឹងថា ក្រសួងពាក់ព័ន្ធធ្វើការចុះបញ្ជីដីធ្លីជាសមូហភាពដល់ជនជាតិដើមភាគតិចនៅកម្ពុជាមានការយឺតយ៉ាវ។ លោកបញ្ជាក់ថាក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចជាង៦០០នៅកម្ពុជា ក្រសួងមហាផ្ទៃនិងក្រសួងអភិវឌ្ឍន៍ជនបទបានទទួលស្គាល់ជាផ្លូវការប្រហាក់ប្រហែលគ្នាបានចំនួនតែ២៥៥ប៉ុណ្ណោះ។ ប៉ុន្តែចំនួននេះមានតែ៥៧សហគមន៍ប៉ុណ្ណោះត្រូវបានចុះបញ្ជីជាដីកម្មសិទ្ធិសមូហភាពស្របច្បាប់ ។
លោក វុទ្ធី បញ្ជាក់ថា៖ «ក្រសួងដាក់ចេញគោលនយោបាយចាប់តាំងពីមានការចុះបញ្ជីសមូហភាពតាំងពីឆ្នាំ២០០៥មក គឺកំណត់មួយឆ្នាំចុះបញ្ជីអោយបាន១០សហគមន៍ដែរ ប៉ុន្តែមកដល់ឆ្នាំ២០២២ពោលគឺជិតម្ភៃឆ្នាំបានតែ៥៧សហគមន៍ប៉ុណ្ណោះវាមិនឆ្លើយតបនិងគោលនយោបាយនៅឡើយ»។
លោកវុទ្ធីបញ្ជាក់ថាមូលហេតុនៃការយឺតយ៉ាវនោះអាចបណ្តាលមកពីកក្តាបីធំៗ៖ «កត្តាទី១ កង្វះខាតការសម្របសម្រួលពីដៃគូរអភិវឌ្ឍន៍ ទាក់ទងនឹងមូលនិធិគាំទ្រ ធនធាន និងបច្ចេកទេស កត្តាទី២ ដោយសារការអនុវត្តរបស់មន្រ្តីជំនាញនៅមានការខ្វះខាតជំនាញ និងបច្ចេកទេសដែរ»។ លោកបន្ថែមថា៖ «កត្តាទី៣ ដោយសារការមិនចុះសម្រុងគ្នារវាងសហគមន៍១ទៅសហគមន៍មួយ រឺរវាងសហគមន៍ជាមួយក្រុមហ៊ុនពាក់ព័ន្ធទំនាស់ព្រំប្រទល់ដី ជាហេតុបង្អាក់ការចុះបញ្ជីជាដើម»។
ចំណែកលោក ចោម គុណធារី មន្រ្តីសម្របសម្រួលអង្គការជនជាតិដើមភាគតិចកម្ពុជាបាន កត់សម្គាល់ថា បច្ចុប្បន្ននេះការចុះបញ្ជីដីធ្លីសមូហភាពដល់សហគមន៍ជនជាតិដើមភាគតិចរាងអសកម្មខ្លាំង ដោយលោកមិនដឹងថា វាទាក់ ទងនឹងគោលនយោបាយរឺក៏ទាក់ទងធនធានរបស់រាជរដ្ឋាភិបាលរឺយ៉ាងណានោះទេ ទើបមានការគាំងស្ទើរគ្រប់កន្លែង ។
លោក គុណធារី ថ្លែងថា៖ «វាមិនដឹងពាក់ព័ន្ធស្ថាប័នណាមួយដែលធ្វើឱ្យការចុះបញ្ជីមានការយឺតយ៉ាវហ្នឹងណា! វាមានទាក់ទងក្រសួងបីគឺក្រសួងកសិកម្ម ក្រសួងបរិស្ថាននិងក្រសួងដែនដីនគរូបនីយកម្មក្នុងការចុះបញ្ជីហ្នឹងណា!»។
ងាកមកជនជាតិដើមភាគតិចព័រភ្នំរៃ លោក ហ៊ុន ប៉ោង អាយុ៥១ឆ្នាំ ដែលកំពុងប្រឈមនឹងការទាមទារដកហូតដី របស់គាត់និងសមាជិកសហគមន៍២គ្រួសារទៀតប្រមាណ៣០ហិកតាក្នុងចំណោមដី៦១ហិកតាពីអាជ្ញាធរឃុំដើម្បីយកទៅចែកគ្នានោះ កំពុងសម្តែងការព្រួយបារម្ភ ខណៈដែលពួកគាត់រង់ចាំការចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព តាំងពី ឆ្នាំ២០១៣មកគឺជិត១០ឆ្នាំហើយមិនទាន់ចេញរួច។
លោក ហ៊ុន ប៉ោង បន្ថែមថា៖ «ខ្ញុំស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការចុះបញ្ជីដីសហគមន៍ពួកគាត់ជាដីសមូហភាពបានកាន់កាប់ស្របច្បាប់ឱ្យបានឆាប់ ដើម្បីការពារដីទាំងនេះបានគង់វង្សតកូនចៅជំនាន់ក្រោយនិងហើយវាអាចបញ្ឈប់ការប៉ុន ប៉ងរំលោភបំពានរឺការដកហូតផ្សេងៗបន្តទៀត»៕