សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

និយោជកនិងតំណាងរដ្ឋាភិបាលស្នើកាត់បន្ថយប្រាក់ឈ្នួលគោលកម្មកររោងចក្រ

កម្មករទិញអាហារថ្ងៃត្រង់នៅមុខរោងចក្រមួយក្នុងខេត្តកណ្ដាល រូបភាពថតកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
កម្មករទិញអាហារថ្ងៃត្រង់នៅមុខរោងចក្រមួយក្នុងខេត្តកណ្ដាល រូបភាពថតកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ភាគី​និយោ​ជក និង​តំណាង​រដ្ឋាភិបាល បាន​ជំទាស់​ទៅ​នឹង​សំណើ​របស់​សហជីពសុំ​ឲ្យ​​ដំឡើង​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មកររោង​ចក្រ ហើយថែម​ទាំង​មានជំហរចង់ឲ្យ​កាត់បន្ថយ​ប្រាក់​ឈ្នួល​​គោលផងដែរ​ ក្នុង​កិច្ច​ប្រជុំ​ចរចា​ប្រាក់ឈ្នួល​លើក​ទី​ពី​រ​សម្រាប់​ឆ្នាំ​២០២២ កាលពីថ្ងៃអង្គារ​។​

លោក ខេន លូ អគ្គលេខាធិការ​សមាគមរោងចក្រ​កាត់​ដេរនៅ​កម្ពុជា​ហៅ​កាត់​ថា GMAC មាន​ប្រ​សាសន៍​ថា ភាគី​និយោជក​​ដែល​ចូល​រួម​ក្នុង​ការ​ចរចា​នេះបាន​ធ្វើ​ការ​គណនា​ផ្ទាល់​ខ្លួន និង​បាន​សម្រេច​ថា​ប្រាក់​ខែ​កម្មករ​គួរ​តែ​កាត់​បន្ថយ​ចំនួន​៤,៥​ភាគ​រយ​។ លោក ខេន លូ បាន​លើក​ហេតុ​ផល​ពី​ផល​ប៉ះ​ពាល់​លើ​វិស័យ​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​កូវីដ-១៩ និង​ថា​និយោជក​មិ​ន​អាច​ទ្រាំទ្រ​លើ​ការចំណាយ​ថ្លៃពលកម្ម​បាន​ទេ​។​

លោក​ លូ ​ឲ្យ​ដឹង​ថា៖ «យើង​កំពុង​ចរចា​នៅ​ឡើយ។ ផលិត​ផល​នាំ​ចេញ​​របស់​យើង​ថយចុះ​១០​ភាគ​រយ​ក្នុង​ឆ្នាំ​២០២០ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ ហើយ​នៅ​ឆ្នាំ​ក្រោយ​និយោជក​ត្រូវ​ចំណាយ​បន្ថែម​លើ ​ប.ស.ស និង​ប្រាក់​សោធន​និវត្តន៍របស់កម្មករ​»។​ លោក​បន្ថែម​ថា៖ «​សហជីព​នៅ​តែ​គិត​ថា​ប្រាក់ចំណូល​យើង​នៅ​តែកើន​ឡើង កើន​ឡើង​យ៉ាង​ម៉េច​បើ​អ្នក​បញ្ជា​ទិញ​យើង​ថយ​ចុះ?»។

​លោក​បានបន្តថា​ និយោ​ជក​ក៏​ចំណាយ​ច្រើន​លើ​ថ្លៃ​ផលិត​កម្ម​ ដើម្បី​ការ​ពារ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ដែល​ការ​ចំណាយ​នោះ​រួម​មាន​ការ​ចំណាយ​លើ​ការ​ទិញ​ម៉ាស សម្ភាររក្សា​អនាម័យ និង​ឧបករណ៍​តេស្ត​រហ័ស​សម្រាប់​កម្មករ​ជា​ដើម​។​

លោក​ លូ បញ្ជាក់ថា៖ «​ចំណាយ​របស់​ពួក​យើង​កើន​ឡើង តែ​ប្រាក់​ចំណេញ​របស់​ពួក​យើង​ថយ​ចុះ»។​

ប្រាក់ខែ​គោល​អប្បបរមា​របស់​កម្មករ​បច្ចុប្បន្ន​មាន​ចំនូន​១៩២​ដុល្លារ​។ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​ជា​សហជីព​ធំ​មួយ​បាន​ចូល​រួម​ក្នុង​ការ​ចរចា​ត្រីភាគីដែល​រៀប​ចំដោយ​ក្រ​សួង​ការងារ មាន​ប្រសាសន៍​ថា ខាង​ភាគី​និយោជក​បានបង្ហាញជំហរថា ប្រាក់​ឈ្នួល​គោលកម្មករមិនអាចឡើងបានទេ​ មានតែថយគឺថយនៅត្រឹម​១៨៣,៤០​ដុល្លារ​។ ជាមួយ​​គ្នា​នេះ​ដែរ ភាគី​រដ្ឋាភិបាល​ក៏​​មានជំហរ​​កាត់​បន្ថយ​ប្រាក់​ឈ្នួល​គោល​បន្តិច​បន្តួច​ដែរ ដែល​ភាគី​រដ្ឋាភិបាល​បាន​ប្រើ​បច្ចេក​ទេស​គណនា​មួយ​​បង្ហាញ​ពី​​ប្រាក់​ឈ្នួល​គោលត្រឹមតែ​​១៩១,៩០​ដុល្លារ​។​

លោក អាត់ ធន់ បានមានប្រសាសន៍ទៀតថា​ ភាគី​សហជីព​នៅ​រក្សាជំហរ​សំណើ​ដំឡើង​ប្រាក់​ឈ្នួល​គោល​​ឲ្យ​ដល់​​២១៤,២០​ដុល្លារ​។ លោក​ឲ្យ​ដឹង​ថា​ការគណនា​នេះ​ធ្វើ​ឡើង​ដោយ​ប្រើ​ស្ដង់ដារ​គណនា​លើ​ប្រាំពីរ​ចំណុច ដែល​កន្លង​មក​ភាគីចូល​រួម​ចរចា​​ផ្សេង​ទៀត​ក៏ធ្លាប់​​បាន​​ប្រើ​ផង​ដែរ​។​​

ទឹក​ប្រាក់ចំនួន​២២,២០​ដុល្លារ ត្រូវ​បាន​ស្នើ​ឡើង​ដើម្បី​បន្ថែម​លើ​ប្រាក់​ឈ្នួលគោល​ក្នុង​ឆ្នាំ​២០២០ ដែល​កាល​នោះ​បាន​ឡើង​ត្រឹម​២​ដុល្លារ​។​

លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា មាន​ប្រសាសន៍​ក្រោយ​ចប់​កិច្ច​ប្រជុំ​ចរចា​ថ្ងៃទី​១៤ ខែកញ្ញា នេះថាភាគី​ទាំង​អស់​បាន​ជជែកពី​​វិធី​គណនា​ប្រាក់​ឈ្នួល​គោល​អប្បបរមា ដោយ​ប្រើ​ការ​វិភាគ​លើ​ចំណុច​ចំនួន​ប្រាំពីរ​។ ចំណុច​ត្រូវ​គណនា​នេះ​មាន​រួម​ទាំង​កត្តា​សង្គម និង​សេដ្ឋកិច្ច មាន​ដូច​ជា​អតិផរណា ថ្លៃចំណាយ​លើ​ការ​រស់​នៅ​ប្រចាំថ្ងៃ ការ​ប្រកួត​ប្រជែង​ផ្នែក​ឧស្សាហកម្ម ផលិត​ភាព​ការងារ លក្ខខណ្ឌទីផ្សារ​ការងារ និងផ្នែក​​អាច​បាន​​ប្រាក់​ចំណេញ​។​

លោក បន្ថែម​ថា៖ «​គ្រប់​ភាគី​ទាំងអស់​​មិន​ទាន់​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន​នៅ​ឡើយ​ក្នុង​កិច្ច​ប្រជុំ ​ចរចា​ប្រាក់ឈ្នួល​គោល​នៅ​ថ្ងៃនេះ ដូច​នេះ​យើង​សង្ឃឹម​ថា​ក្នុង​កិច្ច​ប្រជុំ​បន្ទាប់​យើង​នឹង​បាន​លទ្ធ​ផល​វិជ្ជមាន»។​ លោក​បន្ត​ថា៖ «​អ្វីដែល​សំខាន់​នៅ​ក្នុងស្ថាន​ភាព​នេះ ខ្ញុំ​គិតថា​ទោះបី​ជាប្រាក់ខែកម្មកររបស់យើងអាចកើនឡើង​ដល់កម្រិត​ណាមួយ​ក៏ដោយ ប៉ុន្តែវានៅតែមិន​អាចឆ្លើយតប​នឹងតម្រូវការចំណាយនៅឡើយ»។​

អ្នក​នាំពាក្យ​ក្រ​សួង​ការងារ លោក ហេង សួរ បាន​ប្រាប់ ​ខេមបូចា យ៉ាង​ខ្លី​ថា ភាគីទាំង​សងខាង​នៅ​បន្ត​​ការពារ​នៅគោលជំហរ​រៀងៗ​ខ្លួននៅឡើយ​។​

លោក សួរ មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​មិន​អាច​និយាយ​ជំនួស​ភាគី​ទាំង​ពីរបាននោះទេ»។​

អ្នកស្រី កឹង ចាន់ផល្លី វ័យ​៣១ឆ្នាំ ជា​កម្មករនៅ​រោងចក្រ​ Laurelton Diamonds បាន​ឲ្យ​ដឹង​ថា​ ការ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​​ធ្វើ​ឲ្យ​ខ្វះ​ខាត​ប្រាក់​សម្រាប់​ទ្រទ្រង់​គ្រួសារ និង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ។

អ្នកស្រី និយាយ​ថា៖«​ប្តី​របស់​ខ្ញុំ និង​ខ្ញុំ​ចំណាយ​ជាធម្មតា​ប្រាំដុល្លារ​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​មានកូន​ប្រុស​អាយុ​បី​ឆ្នាំ ថ្លៃ​ជួលបន្ទប់ ថ្លៃទឹក និង​ភ្លើង និង​ការ​ចំណាយ​ផ្សេងៗ​ទៀត ដែល​យើង​ត្រូវ​រ៉ាប់រង​»។ អ្នកស្រីបន្ត​ថា៖ «គ្រាន់​តែ​ប្រាក់​ឈ្នួល​គោល​​ដូច​សព្វថ្ងៃ​ពិបាក​នឹង​ទ្រទ្រង់​ជីវភាព​គ្រួសារទៅ​ហើយ ចុះបើ​កាត់​ទៀត​វា​នឹង​កាន់តែ​ពិបាក»។​

អ្នកស្រី​សង្ឃឹម​ថា កិច្ច​ពិភាក្សា​បន្ត​ទៀត​នឹង​នាំ​មក​នូវលទ្ធ​ផល​ជា​ផ្លែផ្កា​សម្រាប់​កម្មករ ប៉ុន្តែ​អ្នក​ស្រី​សំណូម​ពរ​កុំ​ឲ្យ​អ្នក​ចរចា​កាត់​ប្រាក់​ខែ​បើ​អាច​ធ្វើ​ទៅ​រួច ដោយ​ថាវា​នឹង​ធ្វើ​ឲ្យ​កម្មករ​ដូច​ជា​អ្នក​ស្រី​កាន់​តែពិបាក ពិសេស​ក្នុង​វិបត្តិ​កូវីដ-១៩​។ ក្រៅតែពី​ការ​ចំណាយ​ប្រចាំ​ថ្ងៃ អ្នក​ស្រី ចាន់​ផល្លី ក៏​ដូច​ជាកម្មករ​ផ្សេង​ទៀត​ក៏​ត្រូវ​ចាត់​ចែង​ប្រាក់​ខ្លះ​ទុក​សង​បំណុល​ផង​ដែរ​។ អ្នកស្រី​ ឲ្យ​ដឹងថា ខ្លួនបាន​ខ្ចី​ប្រាក់ពី​ធនាគារ​ចំនួន​៥ ០០០ដុល្លារ​​ដើម្បី​ទិញ​ដី និង​បាន​សង​រំលស់​ទៅ​​ធនាគារ​វិញ​មួយ​ខែ​២០០​ដុល្លារ​។​

អ្នក​ស្រី ​លើក​ឡើង​ថា៖ «​អ្នក​នៅ​ម្នាក់​ឯង​នៅ​តែ​មិនអាច​ចិញ្ចឹម​ខ្លួន​បាន ចុះ​ទម្រាំ​អ្នក​មានគ្រួសារ?»។

អ្នក​ស្រី គឹម សុភី វ័យ​២៨​ឆ្នាំ ជា​កម្មករ​ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងដែរថា ប្រាក់ខែ​បច្ចុប្បន្ន​ត្រូវបែង​ចែក​រវាង​ការ​ចំណាយ​លើ​កូនៗ ថ្លៃ​ផ្ទះ និង​សងបំណុល ដែល​បាន​ខ្ចី​ដើម្បីទិញ​ដី។​

អ្នក​ស្រីលើកឡើងថា៖ «​វាមិន​ត្រឹម​ត្រូវ​ទេ​ដែល​កាត់​ប្រាក់ខែ វាអាច​ស្លាប់ បើសិនជា​គេ​កាត់​ប្រាក់ខែ»។ អ្នក​ស្រី​ក៏​បាន​រៀប​រាប់ពី​ការ​ចំណាយ​ក្នុង​គ្រួសារ និង​បាន​ពន្យល់ថា​ប្ដីអ្នកស្រី​នៅ​ផ្ទះ​មើល​ថែកូនចំនួន​បី​នាក់​។​

អ្នក​ស្រី​បន្ថែម​ថា៖ «​បើ​សិនជា​គេ​អាច​ដំឡើង​ប្រាក់ខែ វា​ជា​ការ​ល្អណាស់​សម្រាប់ពួក​យើង ដើម្បី​ផ្គត់​ផ្គង់​ការ​ចំណាយ និង​អាច​សន្សំ​ប្រាក់​ខ្លះ​ដើម្បី​ធ្វើអ្វី​ផ្សេង»។ អ្នក​ស្រី​បន្ថែម​ថា៖ «យើង​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយថា​ឆ្នាំក្រោយអ្វីៗ​នឹង​ឡើង​ថ្លៃឬអត់ ដូច​ជា​ម្ហូប​អាហារ​ជាដើម»។​

កិច្ច​ប្រជុំ​ត្រី​ភាគី​នឹង​ធ្វើ​ឡើង​ជាថ្មី​​ទៀត​នៅថ្ងៃទី​២១ ​និង​២៨ ខែកញ្ញា ឆ្នាំ​២០២១ ខាង​មុខ។​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Industry, government representatives propose minimum wage decrease for garment workers

297 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម