សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ទីប្រឹក្សាម្នាក់ត្រូវបានដកតំណែង និងអាជ្ញាបណ្ណសារព័ត៌មាន ក្រោយពីបង្ហោះរូបមិនត្រឹមត្រូវលើករណីអ្នកស្លាប់ដោយសារកូវីដ១៩

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដកអាជ្ញាប័នសមាគមអ្នកកាសែត និងស្ថាប័នសារព័ត៌មានពីលោក ព្រំ សាន កាលពីសប្ដាហ៍មុន ព្រមទាំងដកតំណែងពីទីប្រឹក្សាក្រសួងព័ត៌មានផងដែរ។ បញ្ញា ឆ័ពណ្ណ
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដកអាជ្ញាប័នសមាគមអ្នកកាសែត និងស្ថាប័នសារព័ត៌មានពីលោក ព្រំ សាន កាលពីសប្ដាហ៍មុន ព្រមទាំងដកតំណែងពីទីប្រឹក្សាក្រសួងព័ត៌មានផងដែរ។ បញ្ញា ឆ័ពណ្ណ

ទី​ប្រឹក្សា​ក្រ​សួង​ព័ត៌មាន​ម្នាក់​ត្រូវ​ដក​តំណែង ហើយសមាគម និង​គេហទំព័រ​​របស់​លោក​ក៏​ត្រូវ​បាន​ដកអាជ្ញាប័ន បន្ទាប់​ពី​ទីប្រឹក្សា​រូប​នេះបង្ហោះ​រូប​វេចខ្ចប់​សម្ភារៈ​វាយ​កូនហ្គោល​​ ថា​​ជា​​ការវេចខ្ចប់​អ្នក​ស្លាប់​ដំបូង​ដោយ​សារ​កូវីដ១៩ នៅ​កម្ពុជា។​

រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌មានបាន​ដក​អាជ្ញាបណ្ណសារព័ត៌មាន​ សានព្រំព័ត៌មាន (San Prum News) និង​សមាគម​អ្នក​កាសែត​ហ្វេប៊ុក​កម្ពុជា ដែល​ស្ថាន​បណ្ណទាំង​ពីរ​នេះ​គ្រប់​គ្រង​ដោយ​ទីប្រឹក្សា​ក្រ​សួង​ព័ត៌មាន​លោក ព្រំ សាន ​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២១ ដោយ​សារការ​បង្ហោះ​រូបភាព​មិន​ត្រឹម​ត្រូវ​ជា​មួយ​នឹង​សារខ្លីមួយ។ ប្រមុខ​រដ្ឋ​ស្ដីទី​ លោក សាយ ឈុំ បាន​ចេញ​ព្រះ​រាជក្រឹត្យ​ដក​តំណែង​របស់​លោក​ ពី​ទី​ប្រឹក្សា​ក្រ​សួង​ព័ត៌មាន​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១​។​​

លោក ព្រំ សាន បាន​បង្ហោះ​សារ​មួយ​អំពីអ្នក​ជំងឺ​ដំបូង​គេ​ស្លាប់​នៅ​កម្ពុជា​ដោយ​សារ​កូវីដ​១៩ ក្នុង​រាជធានី​ភ្នំពេញ។​ លោក​បាន​បង្ហោះសារ​នោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក និង​បាន​ភ្ជាប់​រូប​ថត​វេចខ្ចប់​សម្ភារៈវាយ​កូន​ហ្គោល​​ដោយ​មាន​កញ្ចប់​ពណ៌ស និង​មើល​ទៅ​ស្រដៀង​នឹង​ទម្រង់​របស់​មនុស្ស​។​

លោក ព្រំ សាន បាន​ប្រាប់​ខេមបូចា ថា​លោក​បាន​បង្ហោះ​រូប​ថត​ដោយ​អចេតនា ហើយ​បន្ទាប់​ពី​បាន​ដឹង​ថា​រូបនោះ​ជា​ការ​វេចខ្ចប់សម្ភារៈវាយ​កូន​ហ្គោល លោក​ក៏​បាន​លុប​រូប​នោះ​ចេញ​វិញ​នៅ​១០​នាទី​បន្ទាប់ ប៉ុន្តែ​ថា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ថតចម្លង​ខ្លឹម​សារ ​និង​បាន​ផ្សាយ​វា​លើ​ហ្វេស​ប៊ុក​បន្ត​។​

បើ​តាម​លោក ព្រំ សាន ភរិយា​របស់​លោក គឺ​លោក​ស្រី ស៊ី សុភ័ក្រ្ត ជា​អ្នក​គ្រប់​គ្រង ​សានព្រំព័ត៌មាន ហើយ​លោក​​គ្រាន់​តែ​ជា​ទីប្រឹក្សា​លើ​ស្ថាប័ន​សារព័ត៌មាន​បណ្ដាញ​សង្គម​។ លោក​ថា ការ​បិទ​ស្ថាប័ន​ សានព្រំព័ត៌មាន បាន​ប៉ះពាល់​បុគ្គលិក​ប្រហែល​៦០នាក់ ហើយ​លោក​ក៏​បាន​សុំ​អភ័យ​ទោស​ចំពោះ​កំហុស​នេះ​។​

លោក​បន្ថែម​ថា៖ «​ខ្ញុំ​សោក​ស្ដាយខ្លាំងណាស់​ចំពោះ​កំហុស​នេះ ព្រោះ​វាជា​កំហុស​អចេត​នា»។​

លោក គឺ​ជា​អ្នក​គាំទ្រ​រដ្ឋាភិបាល​ម្នាក់ និង​ធ្លាប់​បាន​ជួយ​បក​ប្រែព័ត៌មាន​ភាសាថៃ​សម្រាប់​ក្រសួងព័ត៌មាន ហើយក្រ​សួង​មហាផ្ទៃ និងក្រសួង​ការពារជាតិ​​ ដែលតែងតែយកខ្លឹមសារដែលលោកបកប្រែទៅប្រើ ពិសេស​ពេល​មាន​ជម្លោះ​នៅតំបន់​ប្រាសាទព្រះ​វិហារ​ជាមួយ​ប្រទេស​ថៃ​។​

លោក​បន្ថែម​ថា៖ «​សូម​ថ្នាក់​ដឹក​នាំទាំង​អស់​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ​ដំណើរ​ការ​ឡើង​វិញ ហើយ​ខ្ញុំ​សន្យា​ថា​នឹង​កែប្រែ​រាល់​កំហុស​ទាំងឡាយ»។​

ខេមបូចា មិ​ន​អាច​ទាក់ទង​ ម្ចាស់ស្ថាប័ន​ សានព្រំព័ត៌មាន ​​លោកស្រី ស៊ី សុភ័ក្រ្ត​បាន​ទេ​។

កម្ពុជា មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ លើក​ដំបូង​កាលពី​សប្ដាហ៍​មុន ជាបុរស​មាន​វ័យ​​៥០​ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់ពី​មាន​សភាពធ្ងន់ធ្ងរ។

អ្នក​នាំពាក្យ​ក្រ​សួង​ព័ត៌មាន លោក មាស សុភ័​ណ្ឌ មាន​ប្រសាសន៍ថា​លោក ព្រំ សាន បានបំភ្លៃ​ការពិត ដោយ​បាន​បង្ហោះ​រូប​ថត​មិន​ត្រឹម​ត្រូវ ដែល​អាច​នាំ​ឲ្យ​មាន​ចលាចល និង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ លោក​ថា លោក ព្រំ សាន ធ្លាប់​រង​ការព្រមាន​ដែរ​នាពេល​កន្លង​មក។​​

លោក បន្ថែមថា៖ «​គាត់​បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធទៅនឹងមរណៈភាព​របស់អ្នកជំងឺកូវីដ១៩…​វាប៉ះពាល់​ដល់​កិត្តិយស និងកិច្ចខិត​ខំប្រឹងប្រែង​របស់ស្ថាប័នមានសមត្ថកិច្ច ពិសេស​ក្រសួង​សុខាភិបាល»

លោក​ថា​ស្ថាន​ប័ន​ព័ត៌មាន​ត្រូវ​តែ​​មានការ​ប្រុង​ប្រយ័ត្ន​អំពីព័ត៌មាន​ដែលផ្សព្វ​ផ្សាយ​ចៀស​វាង«ភាព​ចលាចល» ហើយបន្តថា​មាន​ស្ថាប័ន​ចំនួន​ប្រាំ​ហើយ​ត្រូវ​បាន​ដក​អាជ្ញាបណ្ណ ដោយ​មាន​ពីរ​បាន​ដក​កាលពី​ឆ្នាំមុន​ និង​បី​នៅ​ក្នុង​ឆ្នាំ​នេះ​។​

ស្ថាន​ប័ន​ព័ត៌មាន​មួយ​ក្នុង​ចំណោម​នេះ គឺ​ Angkor Today ដែល​ផ្សាយ​តាម​បណ្ដាញ​សង្គម​ WeChat ជាភាសាចិន បាន​រាយការណ៍​ថា​ជនជាតិ​ចិន​​បាន​ទទួល​សារ​ថាមានការ​សន្យា​ផ្ដល់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ជាមួយ​នឹ​ងថ្លៃ​១២០​ដុល្លារ។ សូម្បី​ស្ថាន​ទូត​ចិន​ប្រចាំ​ទីក្រុង​ភ្នំពេញ ក៏​បានព្រមាន​ពីសារ​បែប​នេះ​ទៅ​កាន់​ពល​រដ្ឋ​​របស់​ខ្លួន​ដែរ​។​

ប៉ុន្តែ​រដ្ឋាភិបាល បាន​ដកអាជ្ញាបណ្ណ​សារព័ត៌មាន​​ Angkor Today និង​បាន​​បណ្ដេញ​ និង​ហាម​ឃាត់​និពន្ធនាយក​ស្ថានប័ន​នេះ គឺ​លោក Shen Kaidong មិន​ឲ្យ​ចូល​កម្ពុជា​វិញ​។ រដ្ឋា​ភិបាល​ក៏​បាន​ចេញ​សារាចរ​មួយ​ឲ្យ​អនុវត្ត​វិធានការ​ដូច​គ្នា​ប្រឆាំង​នឹង​ជន​បរទេស​ណា​ដែល​បំពាន​ នឹងការ​រឹតបណ្ដឹង​ និង​វិធានការបង្ការ​កូវីដ​១៩ នានា​។

រដ្ឋាភិបាល​ក៏​ប្រញាប់​ប្រញាល់​អនុម័តច្បាប់ថ្មី​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ជំងឺ​ឆ្លង​ផ្សេងៗ ដែល​បាន​ដាក់​ពិន័យ​ធ្ងន់​ធ្ងរ​ និង​ដាក់​ទោស​ជាប់ពន្ធនាគារលើ​អ្នក​ទាំង​ឡាយ​ណា​ដែល​បំពាន​វិធានការ​សុខាភិបាល​លើ​បញ្ហា​កូវីដ​១៩។​

លោក រ៉េត សារុន អ្នក​យក​ព័ត៌មាន​ឲ្យ​​ សានព្រំព័ត៌មាន បាន​និយាយ​ថា​លោក​បាន​បម្រើ​ការ​នៅ​ស្ថាប័ននេះ​តាំងពី​ពេល​បង្កើត​ដំបូង​កាលពី​ពីរ​ឆ្នាំ​មុន និង​មាន​ការ​ខក​ចិត្ត​នៅ​ពេល​ស្ថានប័ន​នេះត្រូវបិទ​។ លោក​បន្តថា ទំព័រ​ហ្វេស​ប៊ុក​ល្បី​ឈ្មោះ​មួយ​គ្រប់​គ្រង​ដោយ​ លោក ផេង វណ្ណៈ បានរិះគន់​លើ​រូបភាព​មិន​ពិត​នោះ ហើយ​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែច្រើន​។​

លោក​​បន្ថែម​ថា៖ «​ខ្ញុំ​គិត​ថា​ពេលវា​ប៉ះពាល់​ [លោក ព្រំ សាន] វា​ក៏​ប៉ះពាល់​បុគ្គលិក​ប្រហែល​៦០​នាក់​ផ្សេង​ទៀតដែរ…​ខ្ញុំ​សំណូមពរ​ដល់​រដ្ឋ​មន្ត្រី​ក្រ​សួងព័ត៌មាន​សូម​អធ្យាស្រ័យ​ដល់​ស្ថាប័ន សានព្រំព័ត៌មាន ​ ព្រោះ​វា​គឺជា​កំហុស​អចេតនា»

ក្រុម​អ្នក​តស៊ូមតិផ្នែក​សិទ្ធិមនុស្ស និង​សេរីភាព​សារព័ត៌មាន​បាន​រិះគន់​រដ្ឋា​ភិបាល​ដែល​បាន​ប្រើ​ប្រាស់​ច្បាប់​ព្រហ្មទណ្ឌ​ប្រឆាំង​អ្នកសារព័ត៌មាន ជាជាង​ប្រើ​ច្បាប់​ស្ដីពី​របបសារព័ត៌មាន និង​តម្រូវ​ឲ្យ​កែតម្រូវ​ខ្លឹម​សារ​ឡើង​វិញ​។ ជា​ធម្មតា ស្ថាប័ន​សារព័ត៌មាន​នឹង​ផ្សាយ​កែតម្រូវ​ឡើង​វិញ​​នៅពេល​សារធារណជន ឬ​ស្ថាប័ន​ពាក់ព័ន្ធ​បង្ហាញ​ថា​មាន​កំហុស​។

លោក អ៊ិត សូធឿត ​នាយក​​ផ្នែក​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈមណ្ឌល​​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ​ មាន​ប្រសាសន៍​ថា​រឿង​កើត​ឡើង​នេះ​មើល​ទៅ​ដូចជា​កំហុស​អចេតនា​របស់​លោក ព្រំ សាន ហើយ​ថា​ក្រសួង​គួរតែ​ប្រើ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ ជាជាង​ការ​ដក​អាជ្ញាបណ្ណ។​

លោក​បន្ថែម​ថា៖ «​បើសិនជា​អ្នក​សារព័ត៌​មាន​​ផ្សាយ​ខុស អាច​​ឲ្យអ្នកសារព័ត៌មាន​កែតម្រូវ​ បើសិនយើងគិតថាមានផលប៉ះពាល់កំរិតណាមួយ​ អាចឲ្យ​គាត់​​សុំ​ទោសជាសាធារណ ជាជាង​ការដក​អាជ្ញាប័ន»។

លោក ខៀវ កូឡា អ្នក​នាំពាក្យ​ក្លឹបអ្នក​កាសែត​កម្ពុជា មាន​ប្រសាសន៍​ថា​ លោក ព្រំ សាន មិន​មែន​ជា​សមាជិក​ក្លឹប​នោះទេ ហើយក្លឹបមិនអាចមើលការខុសត្រូវលើគាត់ទេ ប៉ុន្តែ​លោក ព្រំ សាន ធ្វើឲ្យមាន​កំហុស។​

លោក បន្ថែមថា៖ «​ខ្ញុំ​គិត​ថា​គាត់​បាន​ធ្វើឲ្យ​មាន​កំហុស​ទាំងស្រុង»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Information Ministry advisor stripped of position, news outlet license

2,018 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម