ក្រសួងព័ត៌មានបានសម្រេចផ្តល់មេធាវីចំនួនពីរនាក់ដើម្បីការពារក្តីឱ្យអ្នកសារព័ត៌មានចំនួន៨នាក់ដែលសាលាដំបូងខេត្តមណ្ឌលគិរីបានចោទប្រកាន់ពីបទ«កំហែងយក»ដែលបានប្រព្រឹត្តនៅភូមិចារ ឃុំស្រែព្រះ ស្រុកកែវសីម៉ា ខេត្ដមណ្ឌលគិរី។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្រសួងព័ត៌មានបានសម្រេចបញ្ជូនមេធាវីចំនួន២រូបដើម្បីការពារក្ដីឱ្យអ្នកសារព័ត៌មាន៨នាក់តាមការស្នើសុំពីលោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា។
ក្នុងលិខិតរបស់ក្រសួងព័ត៌មានបានបញ្ជាក់ថា៖ «ក្រសួងព័ត៌មាន សូមចាត់បញ្ជូនមេធាវីប្រចាំក្រសួងព័ត៌មានចំនួន២រូបដើម្បីពិនិត្យសិក្សាលើអង្គហេតុ និងអង្គច្បាប់ជាមុន លើករណីឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន៨នាក់នៅខេត្ដមណ្ឌលគិរី»។
យោងតាមសេចក្ដីប្រកាសព័ត៌មានចុះនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្ដមណ្ឌលគិរី បានសម្រេចចោទប្រកាន់ និងឃុំខ្លួនជនត្រូវចោទចំនួន៦នាក់ជាបណ្ដោះអាសន្ន ដើម្បីបន្ដការស៊ើបសួរតាមនីតិវិធី។ ដោយឡែកជនត្រូវចោទជាស្ដ្រី២នាក់ចៅក្រមស៊ើបសួរបានសម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងបានដោះលែងឱ្យនៅក្រៅឃុំ ដែលបានប្រព្រឹត្ដនៅភូមិចារ ឃុំស្រែព្រះ ស្រុកកែវសីម៉ា ខេត្ដមណ្ឌលគិរី។
ជុំវិញរឿងនេះត្រូវបានអ្នកជំនាញលើវិស័យសារព័ត៌មានយល់ឃើញថា ការប្រើប្រាស់រូបភាពតាមប្រព័ន្ធតុលាការនៅតែជាឧបករណ៍ដើម្បីដាក់បន្ទុកលើអ្នកសារព័ត៌មានទោះមានច្បាប់ចែងអំពីសិទ្ធិសេរីភាពដែលអះអាងថាជាអំណាចទី៤នៃរដ្ឋធម្មនុញ្ញ ប៉ុន្ដែនៅតែទទួលរងគ្រោះរហូតឈានដល់ការលុបអាជ្ញាបណ្ណ និងឃុំខ្លួនក្រោមរូបភាពនៃបទចោទផ្សេងៗ។
លោក មាស ប្រុស ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងខេត្ដមណ្ឌលគិរី បានប្រាប់ខេមបូចាថា ការឃុំខ្លួននេះធ្វើឡើងតាមពាក្យបណ្ដឹង ប៉ុន្ដែលោកថា លោកមិនអាចបំភ្លឺបានទេ ព្រោះមិនមែនជាការងារលោកត្រូវឆ្លើយនឹងអ្នកសារព័ត៌មាន។ តែយ៉ាងណាលោកថាក្នុងករណីជនជាប់ចោទយល់ថា អយុត្ដិធម៌អាចដាក់មេធាវីការពារក្ដីបាន។
លោកថ្លែងថា៖ «ខ្ញុំមិនអាចឆ្លើយបានទេ លោកអាចទៅសួរចៅក្រមលើការសម្រេចនេះ។ បើយល់ថាអយុតិធម៌ឱ្យគាត់ដាក់មេធាវីទៅ»។
ជុំវិញរឿងឃាត់ខ្លួនអ្នកសារព័ត៌មានត្រូវបាន លោក ស៊ាវ ងីឈាន់ អ្នកនាំពាក្យសាលាដំបូងខេត្ដមណ្ឌលគិរី បា្រប់ខេមបូចានៅរសៀលថ្ងៃច័ន្ទនេះថា ការឃាត់នេះក្រោយពីមានពាក្យរបស់ពលរដ្ឋរស់នៅកន្លែងកើតហេតុបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចទើបឈានដល់ការឃាត់មកសាកសួរនៅសាលាដំបូង។ លោកបន្ដថា ពេលនេះសំណុំរឿងកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរដើម្បីបន្ដនីតិតាមផ្លូវច្បាប់។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ «សមត្ថកិច្ចឃាត់តាមបណ្ដឹងពលរដ្ឋ ទើបបញ្ជូនមកសាលាដំបូង។ សំណុំរឿងនេះកំពុងស្ថិតនៅក្រោមការស៊ើបសួររបស់ចៅក្រមបង។ ខ្ញុំមិនបកស្រាយច្រើនទេ គ្រាន់តែដឹងថាពួកគាត់ប្រព្រឹត្ដខុសច្បាប់ទើបនាំមកតុលាការបង»។
អ្នកស្រី ហុង ឡង់ឌី អាយុ៣៨ឆ្នាំ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំក្រោយពីឃាត់ខ្លួនសាកសួរ បានស្នើសុំមិនធ្វើការអត្ថាធិប្បាយជុំវិញរឿងការសម្រេចរបស់តុលាការនោះទេ ដោយអ្នកស្រីថា មិនបានដឹងរឿងលម្អិត និងសុំមិនឆ្លើយនឹងសំណួររបស់ខេមបូចា។
លោក ហង្ស ចាន់សុទ្ធី ស្នងការរងខេត្ដមណ្ឌលគិរិ បានប្រាប់ខេមបូចាថា លោកបានដឹងពីការឃាត់ខ្លួនអ្នកសារព័ត៌មានដែលសាលាបានចេញការចោទប្រកាន់នោះទេ ដោយលោកថា ខុសជំនាញលោក។
លោកបន្ដថា៖ «ខ្ញុំអត់ដឹងទេ ព្រោះមែនជំនាញខ្ញុំ»។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងថា ក្នុងក្របខណ្ឌរួមនៃការធានាសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលព័ត៌មាននៅកម្ពុជា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ដែលជួបប្រទះបញ្ហាខណៈបំពេញភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងក្នុងក្របខណ្ឌច្បាប់កំណត់។ លោកបន្ដថា ត្រូវទទួលបានការការពារ ហើយត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក។
លោកថា៖ «ក្រសួងបានចាត់បញ្ជូនមេធាវីដើម្បីពិនិត្យលើអង្គហេតុ និងអង្គច្បាប់ជាមុនសម្រាប់ករណីដែលបានកើតឡើងនេះ ក្នុងក្របខណ្ឌនៃការការពារក្តីដល់អ្នកសារព័ត៌មាន។ យើងសូមអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឱ្យបន្តគោរព និងប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌកំណត់ដោយច្បាប់ និងមិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ»។
របាយការណ៍របស់ក្រសួងព័ត៌មានបានបង្ហាញថា ក្នុងឆ្នាំ២០២៣កន្លងមក ក្រសួងបានទទួលដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មាន ចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើក ។ ទន្ទឹមនេះ ក្រសួងព័ត៌មានក៏បាន និងកំពុងបន្តពង្រឹងកិច្ចសហការដែលមានស្រាប់ជាមួយក្រុមការងារមេធាវីរាជរដ្ឋាភិបាល ដើម្បីផ្តល់ការការពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារ និងលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា៕
បើតាមលោក ណុប វី នាយកប្រតិបត្ដិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា បានថ្លែងពីការព្រួយបារម្ភជុំវិញច្បាប់ស្ដីពីរបបសារព័ត៌មានថាមិនត្រូវបានប្រើប្រាស់ ប៉ុន្ដែបែរជាប្រើច្បាប់នៃព្រហ្មទណ្ឌលើអ្នកសារព័ត៌មានជំនួសទៅវិញ។ លោកបានចាត់ទុកថា ការប្រើច្បាប់ដើម្បីដាក់បន្ទុកលើអ្នកសារព័ត៌មានគួរចៀសវាងដោយគូសបញ្ជាក់ថា បទចោទប្រកាន់ផ្សេងៗកុំឱ្យមានភាពទូលាយពេក និងត្រូវមានភាពច្បាស់លាស់លើអង្គហេតុ។
លោកថ្លែងថា៖ «ច្បាប់ស្ដីពីរបបសារព័ត៌មានមិនត្រូវបានប្រើប្រាស់។នៅពេលមានការចោទប្រកាន់ដូច្នេះវានឹងធ្វើឱ្យឥទ្ធិពលអវិជ្ជមានច្រើនណាស់ទៅលើការអនុវត្ដការងាររបស់អ្នកសារព័ត៌មានហ្នឹង»។

ដោយឡែកកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាបណ្ណរបស់សារព័ត៌មានអនឡាញដែលមានឈ្មោះថា«ជីវិត និងកីឡា»ដោយបានបញ្ជាក់ថា ស្ថាប័នអនឡាញមួយនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបានធ្វើការណែនាំ ប៉ុន្ដែស្ថាប័ននេះមិនព្រមទទួល ទើបឈានដល់ការលុបអាជ្ញាបណ្ណចេញ។
បើតាម លោក ជឿង ធួន ចាងហ្វាងកាសែតអនឡាញ«ជីវិត និងកីឡា» បានច្រានចោលការលើកឡើងរបសើក្រសួងព័ត៌មានថា លោកមិនប្រព្រឹត្ដដូចការលើកឡើងរបស់ក្រសួងព័ត៌មាននោះទេដោយបានបញ្ជាក់ថា ក្រសួងមិនបានហៅរូបលោកទៅណែនាំមុននឹងលុបអាជ្ញាបណ្ណ។
លោកបញ្ជាក់បន្ថែមថា លោកនឹងមិនបន្ដស្វែងរកយុត្ដិធម៌ព្រោះលោកថាលោកគ្មានជំនឿលើការដោះស្រាយជុំវិញរឿងអាជ្ញាបណ្ណលោក។ លោកបន្ដថា ការងារដែលលោកធ្វើកន្លងមកលោកតែងតែគោរពវិជ្ជាជីវៈអ្នកសារព័ត៌មានមិនចេះតែចុះផ្សាយគ្មានប្រភពច្បាស់លាស់ដូចការចោទប្រកាន់ទេ។
លោកថា៖ «យើងធ្វើទៅតាមវិជ្ជាជីវៈរបស់យើងដូចសព្វដង នៅសុខៗគេ[ក្រសួងព័ត៌មាន]ចេញអាជ្ញាបណ្ណបិទគ្រិប ខ្ញុំដូចមិនអស់ចិត្ដដែរ។ ការតវ៉ាទាំងឡាយខ្ញុំគិតថាអត់មានប្រសិទ្ធិភាពទេ។ ខ្ញុំនៅស្ងៀមសិន»។
មាត្រា១នៃច្បាប់ស្ដីពីរបបអ្នកសារព័ត៌មានចែងថា ច្បាប់នេះកំណត់របបសារព័ត៌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយឱ្យបានសមស្របតាមមាត្រា៣១ និងមាត្រា៤១នៃរដ្ឋធម្មនុញ្ញ។ មាត្រា៤ ចែងថា ការបោះពុម្ពផ្សាយនូវព័ត៌មានផ្លូវការដូចជា សេចក្ដីថ្លែងការណ៍ ការប្រជុំកំណត់ហេតុប្រជុំ ឬរបាយការណ៍ណាមួយ។ល។ មិនអាចត្រូវឱ្យផ្ដន្ទាទោសបានឡើយ ប្រសិនបើការផ្សាយនោះមានលក្ខណៈសមស្របតាមសភាពពេញលេញ ឬសេចក្ដីសង្ខេបត្រឹមត្រូវតាមរឿងពិត។
លោក អស្នារិទ្ធ បានមានប្រសាសន៍ថា ការលុបអាជ្ញាបណ្ណរបស់ក្រសួងគឺធ្វើតាមការទទួលពាក្យបណ្ដឹងជាច្រើនដោយប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈ។ លោកថ្លែងបន្ដថា ក្រសួងព័ត៌មានបានអញ្ជើញម្ចាស់អង្គភាពមកណែនាំជាច្រើនដង ច្រើនសារមកហើយ ឱ្យបញ្ឈប់ទង្វើបំពានទាំងនោះ ហើយដើម្បីឱ្យងាកមកអនុវត្តការងាររបស់ខ្លួនឱ្យត្រឹមត្រូវវិញ ប៉ុន្តែម្ចាស់អង្គភាពមិនបានទទួលយក និងអនុវត្ដទើបឈានដល់ការលុបអាជ្ញាបណ្ណ។
អ្នកនាំពាក្យរូបនេះថ្លែងថា៖ «ខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឱ្យបន្តគោរព និងប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ក៏ដូចជាពង្រឹងសមត្ថភាពជំនាញ កសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត»។
លោក អស្នារិទ្ធ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ក្រសួងបានប្រកាសលុបអង្គភាពសារព័ត៌មាន ចំនួន៦អង្គភាព ដោយមូលហេតុបំពានក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
បើតាមអ្នកស្រី ឆន សុគន្ធា នាយិកានៃមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយហៅកាត់ថា (CCIM) បានលើកឡើងថា មុននឹងមានការលុបអាជ្ញាបណ្ណណាមួយត្រូវឆ្លងកាត់តាមប្រព័ន្ធ តុលាការសិនដើម្បីពិនិត្យមើលថាតើការចុះផ្សាយវាខុសដែលឈានដល់ការលុបអាជ្ញាបណ្ណទេនេះទើបជារឿងត្រឹមត្រូវ។ អ្នកស្រីបានសង្កេតឃើញថា ការសម្រេចរបស់ក្រសួងមិនបានយកច្បាប់មកអនុវត្ដនោះទេ បែរជាព្យាយាមដើម្បីដាក់បន្ទុកលើអ្នកសារព័ត៌មានទោះការចុះផ្សាយគោរពតាមវិជ្ជាជីវៈក៏ដោយ។
អ្នកស្រីបន្ថែមថា៖ «មុននឹងលុបត្រូវឆ្លងកាត់តុលាការសិនដើម្បីដឹងថាគួរឬមិនគួរ។ ខ្ញុំចង់ឱ្យក្រសួងពិនិត្យ និងយកច្បាប់ស្ដីពីរបរសារព័ត៌មានមកអនុវត្ដ»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនគិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ ឱ្យដឹងថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានៅតែបន្តធ្លាក់ចុះ។
របាយការណ៍នេះបញ្ជាក់ទៀតថា មានអ្នកកាសែត១៦នាក់ និងអ្នកការពារសិទ្ធិមនុស្ស១០០នាក់ប្រឈមមុខនឹងវិធានការច្បាប់ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣។
ចំណែកឯលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានសង្កត់ធ្ងន់ថា ការដកអាជ្ញាបណ្ណ ឬក៏ឃុំខ្លួនអ្នកសារព័ត៌មានដោយចោទពីបទល្មើសផ្សេងៗមិនបានធ្វើទៅច្បាប់ស្ដីពីរបបសារព័ត៌មានដោយបញ្ជាក់ថា មុននឹងលុបអាជ្ញាបណ្ណ គឺត្រូវមានការកែតម្រូវជាមុនសិន។ លោកសង្ឃឹមថា ក្រសួងព័ត៌មាននឹងពិនិត្យឡើងវិញមុននឹងលុបអាជ្ញាបណ្ណណាមួយដើម្បីធានាថាការលុបស្របទៅតាមច្បាប់។
លោកបន្ថែមថា៖ «ការប្រើប្រាស់តុលាការដើម្បីធ្វើការចោទប្រកាន់វាហាក់បីជាពេញនិយមទៅវិញ។ យើងមានការបារម្ភលើសេរីភាពរបស់អ្នកសារព័ត៌មានក្នុងការបំពេញតាមវិជ្ជាជីវៈក៏ដោយនូវតែមានបញ្ហាកើតឡើងដដែល»។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក កែវ រតនា ចាងហ្វាងកាសែតអនឡាញ ធីអ៊ិន ពីបទ«ពាក់ព័ន្ធនឹងបណ្ដឹងបរិហាកេរ្តិ៍ និងញុះញង់» ជុំវិញការចុះផ្សាយអត្ថបទព័ត៌មានរបស់ខ្លួនដែលប្ដឹងដោយមន្រ្តីយោធាជាន់ខ្ពស់មួយរូប។ ចំណែកចាងហ្វាងកាសែតអនឡាញម្នាក់នោះគឺលោក ស៊ិន ខ្វាន់ឆា ចាងហ្វាងគេហទំព័រពេញចិត្ត (អនឡាញ)៕










