មួយថ្ងៃបន្ទាប់ពីទិវាសេរីភាពសារព័ត៌មាន ក្រសួងព័ត៌មានកាលពីថ្ងៃអង្គារបានចេញសេចក្តីជូនដំណឹងមួយទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយព្រមានថា ការរំលោភបំពានវិធានការបង្ការជំងឺកូវីដ១៩ អាចនាំឲ្យមានចំណាត់ការផ្លូវច្បាប់។ ទោះបីជាមិនបានបញ្ជាក់ពីករណីជាក់លាក់ណាមួយក៏ដោយ សេចក្តីជូនដំណឹងនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីអ្នកជំងឺកូវីដ១៩ និងរថយន្តសាមុយ រង់ចាំអស់ជាច្រើនម៉ោងដើម្បីចូលក្នុងមណ្ឌលព្យាបាលរៀបចំឡើងដោយរដ្ឋាភិបាលនៅក្នុងពហុដ្ឋានកីឡាអូឡាំពិក។
សេចក្តីជូនដំណឹងបានសរសេរថា៖ «ដើម្បីរក្សាសុវត្ថិភាពសង្គម និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកសារព័ត៌មានទាំងអស់បញ្ឈប់រាល់សកម្មភាពខាងលើជាបន្ទាន់។ ករណីនៅតែបំពានល្មើសសេចក្តីជូនដំណឹងនេះ នឹងត្រូវទទួលខុសត្រូវចំពោះច្បាប់ជាធរមាន»។
កាលពីយប់ថ្ងៃចន្ទ បណ្តាញសារព័ត៌មានមួយចំនួនបានបង្ហោះការផ្សាយផ្ទាល់អ្នកជំងឺកូវីដ១៩ និងរថយន្តសាមុយ រង់ចាំអស់ជាច្រើនម៉ោងនៅខាងក្រៅពហុកីឡាដ្ឋានអូឡាំពិក។ នៅក្នុងវីដេអូនោះ អ្នកបង្ហោះការផ្សាយផ្ទាល់បាននិយាយទៅកាន់អ្នកជំងឺកូវីដ១៩ និងអ្នកបើកបររថយន្តសាមុយ ដែលបានប្រាប់ថា ពួកគេបានរង់ចាំអស់រយៈពេលរាប់ម៉ោងដើម្បីចូលទៅក្នុងមណ្ឌលព្យាបាល។ វីដេអូនេះមានអ្នកចូលមើលរាប់ពាន់នាក់ភ្លាមៗ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានមានប្រសាសន៍ថា ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានណា ដែលបំពានវិធានការបង្ការជំងឺកូវីដ១៩។
លោកបានថ្លែងថា៖ «បានឃើញមានអ្នកសារព័ត៌មានមួយចំនួនចែកចាយព័ត៌មាននៅតំបន់ហាមឃាត់ ដូចជាតំបន់ក្រហម ឬ កន្លែងព្យាបាលជំងឺកូវីដ១៩ រួមមានការដេញតាមរថយន្តសាមុយផង ដែរ» ដោយបន្ថែមថា៖ «ភាពទាំងនោះ… បង្កជាចលាចលនៅក្នុងសង្គម»។
លោកបានបន្តថា៖ «ក្រសួងព័ត៌មានចាត់ទុកសកម្មភាពទាំងនោះថា ត្រូវបានធ្វើឡើងផ្ទុយពីច្បាប់ ហើយប្រឆាំងនឹងវិធានការ [របស់ក្រសួងសុខាភិបាល] ហើយសកម្មភាពទាំងនោះមិនស្របតាមក្រមសីលធម៌សារព័ត៌មាន»។
លោកបានមានប្រសាសន៍ទៀតថា៖ «នេះមិនមែនជាការរំលោភបំពានសិទ្ធិសេរីភាពសារព័ត៌មាននោះទេ ប្រសិនបើពួកគាត់គោរពច្បាប់» ដោយបន្ថែមថា ការដាក់កំហិតបន្ថែមលើបណ្តាញផ្សព្វផ្សាយគឺមានគោលដៅដើម្បីការពារប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ ប៉ុណ្ណោះ។
ក្រុងភ្នំពេញ និងក្រុងតាខ្មៅ បានស្ថិតក្រោមការបិទខ្ទប់ចាប់តាំងពីថ្ងៃទី១៥ ខែមេសាមក ដោយមានការដាក់កំហិតផ្សេងៗលើការធ្វើដំណើរ រួមទាំងលើអ្នកសារព័ត៌មានផងដែរ។ អ្នកសារព័ត៌មានត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរបាន ប្រសិនបើមានលិខិតអនុញ្ញាតពិសេសពីក្រសួងព័ត៌មាន។ ប៉ុន្តែទោះបីជាមានលិខិតនេះក៏ដោយ អ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឲ្យចូលតំបន់ក្រហម បើមិនមានការអនុញ្ញាតបន្ថែមពីអាជ្ញាធរមូលដ្ឋាន។ នៅពេលច្បាប់ថ្មីស្តីពីការបង្ការជំងឺកូវីដ១៩ ត្រូវបានអនុម័តកាលពីខែមីនា អង្គការការពារសិទ្ធិមនុស្សព្រមានថា ភាសាចែងមិនច្បាស់លាស់នៅក្នុងច្បាប់នេះអាចត្រូវបានយកទៅប្រើប្រាស់ប្រឆាំងនឹងបុគ្គលណាម្នាក់ ដែលរដ្ឋាភិបាលទុកថា ជាអ្នករិះគន់។ កាលពីឆ្នាំមុន អ្នកសារព័ត៌មានម្នាក់ត្រូវជាប់ពន្ធនាគាររយៈពេល ៦ខែ បន្ទាប់ពីបានបង្ហោះសម្តីនៅក្នុងសុន្ទរកថាមួយរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលតុលាការបានលើកឡើងថា ត្រូវបានប្រើប្រាស់ក្នុងបរិបទញុះញង់។
នៅថ្ងៃទិវាសេរីភាពសារព័ត៌មាន អង្គការសង្គមស៊ីវិល និងស្ថាប័នផ្សព្វផ្សាយមួយចំនួនបាននិយាយថា កម្ពុជាកំពុងប្រឈមមុខនឹងស្ថានភាពដុនដាបក្នុងវិស័យផ្សព្វផ្សាយ ជាលទ្ធផលនៃការបន្តបង្រ្កាបពីសំណាក់រដ្ឋាភិបាលមកលើបណ្តាញផ្សព្វផ្សាយឯករាជ្យ រួមមាន ការគំរាមកំហែង អំពើហិង្សា និងការចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារ។ អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលការចោទប្រកាន់នេះ ដោយទទួចថា វិស័យសារព័ត៌មានក្នុងប្រទេសនៅបន្តមានដំណើរការដោយសេរី និងដោយរលូន។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានចាត់ចំណាត់ថ្នាក់កម្ពុជាក្នុងលេខរៀងទី១៤៤ ក្នុងចំណោម ១៨០ប្រទេស នៃសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២១ ហើយចំណាត់ថ្នាក់នេះគឺជា ចំណាត់ថ្នាក់ធ្លាក់ចុះបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៧មក។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានបង្ហាញការព្រួយបារម្ភថា សេរីភាពសារព័ត៌មាននៅបន្តស្ថិតនៅក្រោមការគំរាមកំហែង ជាពិសេសអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា [ក្រសួងព័ត៌មាន] ហាក់ដូចជា គំរាមចាត់វិធានការប្រឆាំងនឹងអ្នកសារព័ត៌មាន» ដោយបន្ថែមថា អ្នកសារព័ត៌មានមិនគួរត្រូវបានគំរាមកំហែង ឬប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់នោះទេ ប៉ុន្តែពួកគេត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។
លោកបានបន្តថា៖ «នេះជាសារព្រមានមួយទៅកាន់អ្នកសារព័ត៌មាន»។
លោកបានបន្តថា រដ្ឋាភិបាលទំនងមិនសប្បាយចិត្តនឹងការផ្សាយផ្ទាល់ ដែលខ្សែវីដេអូនេះជាភស្តុតាង មិនអាចកែសម្រួលបាន ស្តីពីស្ថានភាពលំបាកដែលរដ្ឋាភិបាលមិនចង់ឲ្យសាធារណជនឃើញ។
លោក អ៊ិត សូធឿត នាយកផ្នែកផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានយល់ស្របជាមួយលោក ណុប វី ដោយនិយាយថា អ្នកសារព័ត៌មានឯករាជ្យដើរតួសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ។
លោកបានថ្លែងថា៖ «បាទ នេះជាការរឹតត្បិត [សេរីភាពសារព័ត៌មាន] ដោយសារតែពួកគេមិនត្រូវផ្តល់សិទ្ធិធ្វើព័ត៌មានតាមវិជ្ជាជីវៈ និងពួកគេត្រូវបានហាមឃាត់ពីការរាយការណ៍ពីហេតុការណ៍ដូចនោះ។ ដូច្នេះ នេះគឺប៉ះពាល់លើសិទ្ធិទទួលបានព័ត៌មាន»។
លោកបានបន្ថែមថា ការរាយការណ៍ពីស្ថានភាពអវិជ្ជមានអាចជួយឲ្យរដ្ឋាភិបាលដឹងពីបញ្ហា និងលើកកម្ពស់អភិបាលកិច្ច។
កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលបានប្រកាសនូវករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួ ៩៣៨ករណី រួមមាន ៦០៨ករណីនៅក្រុងភ្នំពេញ ១៧៥ករណីក្នុងខេត្តកណ្តាល ៧៧ករណីក្នុងខេត្តព្រះសីហនុ ៥១ករណីក្នុងខេត្តបន្ទាយមានជ័យ និងករណីផ្សេងទៀតមាននៅខេត្តកំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង បាត់ដំបង និងពោធិ៍សាត់។
គិតមកត្រឹមថ្ងៃអង្គារ មានមនុស្ស១០៧នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលការស្លាប់ទាំងអស់គឺដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅពេលចុងក្រោយបង្អស់នេះ។ មន្រ្តីសុខាភិបាលបានកត់ត្រាករណីឆ្លងសរុបចំនួន ១៧.៧៤៤ករណី ចាប់តាំងពីការឆ្លងក្នុងសហគមន៍កាលពីថ្ងៃទី២០ ខែកុម្ភៈ ដោយធ្វើឲ្យចំនួនករណីឆ្លងសរុបកើនដល់ ១៦.២៩៩ ចាប់តាំងពីការរាតត្បាតជំងឺកូវីដ១៩ កាលពីដើមឆ្នាំ ២០២០៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Information Ministry warns journalists against ‘ambulance chasing’ after video of long waits for COVID-19 patients goes viral