សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួងមហាផ្ទៃលើកទឹកចិត្តឱ្យអ្នករងគ្រោះពីក្រុមហ៊ុនCICដាក់ពាក្យបណ្តឹង ខណៈនៅមិនទាន់មានដំណោះស្រាយ

បុរសម្នាក់មើលព័ត៌មានលើកុំព្យូទ័រយួរដៃរបស់ខ្លួនពាក់ព័ន្ធនឹងក្រុមហ៊ុនCIC ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
បុរសម្នាក់មើលព័ត៌មានលើកុំព្យូទ័រយួរដៃរបស់ខ្លួនពាក់ព័ន្ធនឹងក្រុមហ៊ុនCIC ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងមហាផ្ទៃលើកទឹកចិត្តដល់អ្នកដែលអះអាងថា រងគ្រោះក្នុងការវិនិយោគជាមួយ​ក្រុមហ៊ុន​ខេមបូឌាន អ៊ីនវេសស្ទ័រ ខមភើរេសិន ភីអិលស៊ី(CIC) សហការដាក់ពាក្យបណ្តឹង​ទៅស្ថាប័នពាក់ព័ន្ធដើម្បីមានភស្ភុតាងបន្ថែមសម្រាប់ការស៊ើបអង្កេត។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ មានប្រសាសន៍ថា បើអ្នកអះអាង​ជា​ជន​រង​គ្រោះ​ដោយសារក្រុមហ៊ុនCICដាក់ពាក្យបណ្តឹង និងបង្ហាញភស្ភុតាងពាក់ព័ន្ធ គឺ​មាន​សារៈ​សំខាន់ដល់សមត្ថកិច្ចធ្វើការងារ។ លោកបន្តថា ការដាក់ពាក្យបណ្តឹង​នេះអាច​ធ្វើ​ឡើង​តាម​សមត្ថកិច្ចចំណុះឱ្យក្រសួងមហាផ្ទៃ និងតាមតុលាការបាន។

លោក ទូច សុឃៈមានប្រសាសន៍ថា៖ «ប្តឹងទីមួយ គឺប្តឹងទៅតុលាការក៏បានទី២ ប្តឹងមក​សមត្ថកិច្ច​​ចំណុះក្រសួងមហាផ្ទៃក៏បាន។ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃអាចមានចាប់​ពី​ប៉ុស្តិ៍នគរបាល អធិការដ្ឋាន ស្នងការដ្ឋាន [ចំណែកឯ]នៅក្រសួងមហាផ្ទៃតែម្តងនោះ គឺមាន​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយក្រៅពីនេះ​ក៏មាន​សមត្ថកិច្ចផ្សេងៗដទៃទៀត ដូចជាកងរាជអាវុធហត្ថជាដើម»

ចំពោះការសួរថា តើសមត្ថកិច្ចមានការស្រាវជ្រាវស៊ើបអង្កេតករណីនេះឬនៅ? ស៊ើបដល់ណា​ហើយ? លោក ទូច សុឃៈ បញ្ជាក់ថា មិនអាចផ្តល់ព័ត៌មានឱ្យ​បានទេ​ព្រោះជាការងារសម្ងាត់​របស់សមត្ថកិច្ច។

លោក ទូច សុឃៈ បញ្ជាក់ថា៖ «នៅសមត្ថកិច្ចក្រសួងមហាផ្ទៃ ឬក៏ក្រសួងផ្សេងក៏ដោយក៏មិន​អាច​ប្រកាសជាសាធារណៈ ឬក៏មិនអាចបង្ហើបប្រាប់សាធារណជន ឬក៏បើកចំហថាយើងចាប់​ផ្តើម​ស៊ើបអង្កេតរឿងនេះ យើងចាប់ផ្តើមស៊ើបអង្កេតរឿងនោះ [វា]ហូរហែណាស់​។ ព្រោះពេល​ខ្លះ គឺវាធ្វើឱ្យប៉ះពាល់ដល់សាច់រឿងទាំងមូលដែលយើងតែងនិយាយភាសាថាបែកសំណុំរឿង ឬក៏បែករឿង បែកមុខសញ្ញា។ បានន័យថាម៉េច? បានន័យថាមុខសញ្ញាដែលយើងត្រូវស៊ើប​អង្កេត​ប្រមូលដឹងខ្លួន។ ដឹងខ្លួនទី១បំផ្លាញភស្តុតាង ទី២បំបាត់ប្រភព ឬក៏តម្រុយផ្សេងៗ [និង]ទី៣គឺអាចរហូតដល់ទៅបំបិទមាត់សាក្សី ឬក៏គេចខ្លួនដោយប្រការណាមួយ»

លោកវេជ្ជបណ្ឌិតគួច ម៉េងលី បានផ្សព្វផ្សាយសារនៅថ្ងៃទី២៣ ខែមីនា ថា លោករងគ្រោះ​ដោយ​ដាក់​ទុន​ជាមួយ​ក្រុមហ៊ុនCICអស់ជិត៣០ម៉ឺនដុល្លារ។ លោកបានអំពាវនាវ​ដល់​រដ្ឋាភិបាល​​ឱ្យមានវិធានការលើថ្នាក់ដឹកនាំក្រុមហ៊ុនCICដើម្បីផ្តល់លុយដល់រូបលោក និង​អ្នករងគ្រោះផ្សេងទៀត។

ទោះយ៉ាងណា លោក គួច ម៉េងលី បញ្ជាក់ថា រហូតដល់ថ្ងៃទី១ ខែមេសា នៅមិនទាន់មាន​ដំណោះ​ស្រាយ​អ្វីនោះទេ។

លោក គួច ម៉េងលី ថ្លែងថា៖ «ដូចជាអត់មានអីថ្មីថ្មោងផងលោកគ្រូ! ដូចជាអត់មានផងបាទ! អត់សោះ! ស្ងាត់ឈឹង»

ពេលសាកសួរថា តើលោក គួច ម៉េងលី បានដាក់ពាក្យប្តឹងជាផ្លូវការទៅក្រសួងមហាផ្ទៃ ឬ​ដាក់​ទៅតុលាការឬនៅ? លោក គួច ម៉េងលី សុំមិនផ្តល់យោបល់បន្ថែមលើករណីនេះទេ។

នៅថ្ងៃទី២៤ ខែមីនា គណៈមេធាវីកម្ពុជាបានប្រកាសជួយផ្តល់​មេធាវីដោយឥតគិតថ្លៃ​ដល់​អ្នកវិនិយោគ​នៅក្រុមហ៊ុនCIC ដែលត្រូវការសេវាផ្លូវច្បាប់។

ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវីកម្ពុជាលោក គឹម រ័ត្នណារ៉ុង ឱ្យដឹង​ថា រហូតដល់ថ្ងៃទី២ ខែមេសា ទទួលបានការពិគ្រោះយោបល់ពីអ្នកវិនិយោគជាមួយក្រុមហ៊ុន CICតែ២ទៅ៣នាក់ប៉ុណ្ណោះ។ លោកបន្តថា អ្នកទាំងនេះមិនទាន់សម្រេចដាក់ពាក្យ​ប្តឹងទេ។

លោក គឹម រ័ត្នណារ៉ុង មានប្រសាសន៍ថា៖ «ខ្ញុំសួរទៅគ្នាខ្ញុំផ្សេងដែរបង ឆាតទៅមេធាវីម្នាក់​ទៀត​ដែរ ព្រោះតាំងពីបងសួរឆ្លើយបងលើកមុនម្តង មកដល់ពេលនេះអត់ទាន់មាន​អ្នកណា​ទាក់ទងមកទៀតផងបង។ ខ្ញុំមិនទាន់បានជួបប្រជុំគ្នាបូកសរុប ប៉ុន្តែខ្ញុំមានតែ២​[រឺ]​៣នាក់ទេ។ សម្រាប់ខ្ញុំគ្រាន់តែសួរព័ត៌មាន មិនមានជាការដាក់ពាក្យបណ្តឹងអីទេ»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង កត់​សម្គាល់​ថា ក្រុមហ៊ុនដែលទទួលលុយពីសាធារណជនក្រោមគម្រោងវិនិយោគ​តែងតែ​មាន​បញ្ហា​បន្តបន្ទាប់។ លោកបន្តថា ពលរដ្ឋមានការឈឺចាប់ និងព្រួយបារម្ភដោយសារតែ​លុយជា​ច្រើន​បាត់ដោយមិនដឹងមូលហេតុចំណែកអ្នកពាក់ព័ន្ធមាន​ការចាប់ខ្លួនតែមួយពេលខ្លី​ប៉ុណ្ណោះ​។​

លោក គិមអេង បន្ថែមថា៖ «កន្លងមកគឺបាត់លុយអត់ដែលដឹងថាបាត់ទៅណា ដែលធ្វើឱ្យគ្នា​ការឈឺចាប់ ហើយតែងតែស្រែករកយុត្តិធម៌បាទ។ ចំពោះបញ្ហាទាំងអស់នេះគឺយើងក៏ឃើញ​មាន​ចំណាត់ការ​របស់អាជ្ញាធរដែលថាកន្លងមកឃើញមានចំណាត់ការអីចាប់ខ្លួនចាប់អីចឹងទៅ នៅពេលដែលមានប្រតិកម្មរបស់ប្រជាពលរដ្ឋ រួចហើយទៅក៏ខ្លះបួនប្រាំខែ ប្រាំប្រាំមួយខែ ឃើញ​លែងវិញទៅបាទ។ ដល់អ៊ីចឹងធ្វើឱ្យប្រជាពលរដ្ឋគាត់ឆ្ងល់ទៀត​ហើយថាតើបញ្ហាមក​ពីអី? »

ភាពចម្រូងចម្រាស់របស់ក្រុមហ៊ុនCIC កើតឡើងតាំងពីចុងឆ្នាំ២០២៣ ដែលបញ្ហាក្រុមហ៊ុន​នេះ​​ប្រមូលប្រាក់ពីសមាជិកប្រមាណ​១០០​លានដុល្លារ ប៉ុន្តែមិនបានផ្តល់ការប្រាក់ និង​មិន​អាច​ដកប្រាក់ដើមវិញបានតាំងពីខែសីហា ឆ្នាំ២០២៣។

លោក យ៉ង ប៉ាក ជានាយកប្រតិបត្តិនៃក្រុមហ៊ុនAGRIBEE Cambodia ជាអ្នកដាក់លុយ​វិនិយោគ​ម្នាក់ដែរនៅក្រុមហ៊ុន CICម្នាក់ដែរ។ លោកបានប្រើប្រាស់គណនេយ្យហ្វេសប៊ុក​វាយ​ប្រហារលោក ព្រាប កុល ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំម្នាក់ក្នុងក្រុមហ៊ុន​CIC​ថា ជាអ្នកកិបកេងយកលុយក្រុមហ៊ុនCICប្រមាណ៨០លានដុល្លារ។ ក្រោយមកនៅ​ខែ​មករា ឆ្នាំ២០២៤ សមត្ថកិច្ចចាប់ខ្លួនលោក យ៉ង ប៉ាក តាមបណ្តឹងរបស់លោកព្រាប កុល។

សាស្ត្រាចារ្យ និងជាអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ លោក ស៊ឹម វិបុល មានប្រសាសន៍ថា បើការ​ស្វែង​រកដំណោះស្រាយជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនមិនបាន អ្នកវិនិយោគនៅក្រុមហ៊ុនCIC ត្រូវ​ប្រើជម្រើសបន្តប្តឹងទៅស្ថាប័នពាក់ព័ន្ធ។

លោក ស៊ឹម វិបុល បន្តថា ស្ថានភាពបច្ចុប្បន្នរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់​ដោះស្រាយ​ឱ្យ​បាន​លឿនបំផុតដើម្បីស្តារសេចក្តីទុកចិត្តរបស់អ្នកវិនិយោគក្នុង និងក្រៅប្រទេស។

លោក ស៊ឹម វិបុល មានប្រសាសន៍៖ «រដ្ឋាភិបាលត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បី​ការពារ​[ផលប្រយោជន៍ទេសជាតិ]។ វាមិនមែនការពារត្រឹមមុខមាត់ប៉ុណ្ណឹងទេ គឺការពារ​ដល់ផល​ប្រយោជន៍ខាងសេដ្ឋកិច្ចទៀត។ ផលប្រយោជន៍សេដ្ឋកិច្ច ព្រោះតែបាត់វិនិយោគ គឺវាបាត់​លុយ​ហើយ អាហ្នឹងបាត់លុយបាត់សេដ្ឋកិច្ចហើយ។ អ៊ីចឹងវាអត់មានអ្នកណាចង់រកស៊ីជាមួយ​យើង»។ លោកបន្តថា៖ «ប្រទេសសូម្បី​អន្តរជាតិ ខ្ញុំធ្លាប់ទៅប្រទេសវៀតណាម ឥឡូវនៅថៃអី គឺគេគិត​ផល​ប្រយោជន៍ពលរដ្ឋគេមុន។ ឥឡូវបើសូម្បីតែពលរដ្ឋខ្លួនឯង ហើយយើង​រក​យុត្តិធម៌​ឱ្យពលរដ្ឋ ខ្លួនឯងអត់បានផង ហើយយើងទៅរកយុត្តិធម៌ទៅជាតិសាសន៍ណាបាន? យើងគិតមើល​ប៉ុណ្ណឹង​បានហើយ»

ក្រោយពីមានការផ្ទុះឡើងរឿងអាស្រូវរបស់ក្រុមហ៊ុCICនេះ និយ័តករមូលបត្រកម្ពុជា ក៏បាន​តម្រូវ​ឱ្យក្រុមហ៊ុនមួយនេះ ចាត់វិធានការ កែទម្រង់ ពិនិត្យ រៀបចំគ្រប់គ្រង​ចំនួនប្រាក់​វិនិយោគ​របស់វិនិយោគិន និងចាត់ចែងទ្រព្យដែលកាត់កងបានឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់​ច្បាស់លាស់ ក្នុងគោលដៅអភិវឌ្ឍន៍ដើម្បីធានាបានជាប្រយោជន៍ដល់វិនិយោគិនដែលបាន​ដាក់​ប្រាក់ជាមួយ​ក្រុមហ៊ុន។

 តាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមីនា និយ័តករមូលបត្រកម្ពុជា បញ្ជាក់ថា ខ្លួនបានប្រមូលបានមកវិញនូវទ្រព្យកម្មសិទ្ធិរបស់ក្រុមហ៊ុនCIC ប្រមាណ៩០% នៃចំនួន​ទឹក​ប្រាក់​សរុប និងកំពុងជំរុញការរៀប​ចំវេចខ្ចប់ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីការពារ ផល​ប្រយោជន៍​របស់វិនិយោគិនស្របច្បាប់។

នៅថ្ងៃទី២៥ ខែមីនា​ដដែល ក្រុមហ៊ុន CIC បានចេញសេចក្តីបំភ្លឺមួយថា ក្រុមហ៊ុនមាន​បញ្ហា​មិន​អាចផ្តល់ប្រាក់ដើម និងការប្រាក់ឱ្យ ទៅសមាជិកវិញបានដោយសារតែឥទ្ធិពល​នៃវិបត្តិ​សេដ្ឋកិច្ចសកល។ ក្រុមហ៊ុននេះក៏អំពាវនាវដល់អ្នកដាក់ទុនវិនិយោគ​ទាំងអស់សហការ​ស្វែង​រក​ដំណោះស្រាយជាមួយក្រុមហ៊ុន។

ជុំវិញករណីក្រុមហ៊ុនCIC ខេមបូចាមិនអាចសុំការបកស្រាយពីលោក ជិន ម៉ាលីន អ្នកពាក្យ​ក្រសួង​យុត្តិធម៌បានទេគិតត្រឹមថ្ងៃទី៤ ខែមេសានេះ ប៉ុន្តែលោកបានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់លោកកាលពីថ្ងៃទី២៥ ខែមីនា ថាស្ថាប័នមានសមត្ថកិច្ចមាន​ការយកចិត្ត​ទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងបានធ្វើការជំហានៗ និងខិតខំសម្របសម្រួល​រក​ដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។

លោក ជិន ម៉ាលីនបញ្ជាក់បន្តថា៖ «សូមរង់ចាំមើលអ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់​ក្នុង​រឿង​នេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះ​ស្រាយ​បញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ ពិសេស ត្រូវបានលើកទឹកចិត្តក្នុងការរក​ដំណោះ​ស្រាយ​មួយដែលល្អបំផុត ដើម្បីធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍​របស់អ្នកវិនិយោគ​ក្នុងគ្រាដែលក្រុមហ៊ុនកំពុងជួបការលំបាក»

សម្រាប់អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បញ្ជាក់បន្ថែមថា កម្ពុជាជាប្រទេសមាន​ច្បាប់​​ ដូច្នេះភាគីមានបញ្ហាមិនថា ក្រុមហ៊ុនCIC ឬករណីផ្សេងទេគឺមានតែការដាក់ពាក្យប្តឹង​តាម​ផ្លូវច្បាប់។

លោក ប៉ែន បូណា មានប្រសាសន៍ថា៖ «ប្អូនឃើញគេក្រុមហ៊ុនគេពន្យល់ហូរហែតើអូន។ តាម​ហ្នឹង​ទៅ ហើយបើភាគីគាត់ពាក់ព័ន្ធ គាត់ប្តឹងផ្តល់។ មេធាវីគេមានទទួល។ មានតែ​ធ្វើតាម​ច្បាប់​អូន។ ដូចអូនរកស៊ីមានរឿងចឹងណាអូន អូនមិនទៅរកច្បាប់? អូនមានកិច្ចសន្យា អូនមានអីៗជាមួយភាគីផ្សេងៗ ហើយធ្វើម៉េចបើអូនឯងអត់ទៅរកច្បាប់ឱ្យដោះស្រាយ?»

ខេមបូចា បានព្យាយាមទាក់ទងទៅថ្នាក់ដឹកនាំក្រុមហ៊ុន CIC រួមមានលោក គុយ វ៉ាត លោក ឃីម សុខហេង លោក ព្រាប កុល និងលោក សោម សម្បត្តិ ទាំងខលតាមទូរសព្ទ និង​ផ្ញើសារ​តាមតេឡេក្រាម តាំងពីថ្ងៃទី២៥ ខែមីនា ប៉ុន្តែមិនមានការឆ្លើយតបទេ។

ករណីក្រុមហ៊ុនCIC នៅស្ថិតនៅក្នុងស្ថានភាពចម្ងល់ច្រើនរបស់មហាជន​ដែលរហូត​ដល់​ថ្ងៃ​ទី​២​ខែមេសា នៅមិនទាន់មានព័ត៌មានពីចំនួនអ្នកវិនិយោគជាក់លាក់នៅឡើយ ហើយក៏មិន​ទាន់​មានព័ត៌មានពីស្ថាប័នពាក់ព័ន្ធលើករណីនេះនៅឡើយ។

បើតាមលោក វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកដែលវិនិយោគនៅក្នុងក្រុមហ៊ុន CIC ហើយ​កំពុងរង​គ្រោះដោយការបាត់លុយនេះមានជាង១ពាន់នាក់បានដាក់ប្រាក់សរុបប្រមាណ១០០លាន​ដុល្លារ៕

317 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម