ដំណើរការចុះបញ្ជីប្លង់ដីជាប្រព័ន្ធនាភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល លេចចេញភាពមិនប្រក្រតីធ្ងន់ធ្ងរបណ្ដាលឱ្យពលរដ្ឋជាច្រើននាក់ប្ដឹងតវ៉ា បន្ទាប់ពីមន្ត្រីជំនាញសុរិយាដី បិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដី រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីធ្លី។
ពលរដ្ឋជិត២០០គ្រួសារដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋាន ដោយហេតុផលថា ទំហំដីលើប្លង់របស់ពួកគាត់តូចជាងទំហំដីធ្លីដែលកាន់កាប់ជាក់ស្ដែង។ ក្រុមប្រជាពលរដ្ឋកំពុងរង់ចាំលទ្ធផលដោះស្រាយពីសំណាក់អាជ្ញាធរស្រុកគៀនស្វាយ ខេត្តកណ្ដាល។
លោក សេង សឿន អាយុ៥៨ឆ្នាំ ជាម្ចាស់ដីម្នាក់ក្នុងចំណោមម្ចាស់ដីចំនួន៥គ្រួសារដែលមានដីសូន្យម៉ែត្រការ៉េនៅក្នុងប្លង់បណ្ដោះអាសន្នចេញដោយសុរិយោដីស្រុកគៀនស្វាយ ខេត្តកណ្ដាល។ មានទីលំនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក សេង សឿន បានទទួលចំណែកដីមួយប្លង់ទំហំជាង៥០០ម៉ែត្រការ៉េពីម្ដាយដែលមានទីតាំង នៅភូមិកំណើតនាភូមិកោះដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។
ពាក់អាវដៃខ្លីខោជើងវែងពាក់ស្បែកជើងផ្ទាត់ លោក សេង សឿន ប្រាប់ថា លោកជិះម៉ូតូតាំងពីព្រលឹមស្រាងៗដើម្បីមកដាក់ពាក្យបណ្ដឹងតវ៉ាពីភាពមិនប្រក្រតីនៃការធ្វើប្លង់កម្មសិទ្ធិនេះ។ក្នុងពិធីជួបជុំមួយនាបរិវេណវត្តស្ដៅកន្លែង កាលពីសប្ដាហ៍មុន លោក សេង សឿន និយាយទាំងអួលដើមក ដោយលើកឯកសារថតចម្លងប្លង់ដីចាស់ដែលចេញដោយអាជ្ញាធរសម័យរដ្ឋកម្ពុជា និងបង្កាន់ដៃវាស់ដីដើម្បីបង្ហាញទៅកាន់ក្រុមការងាររបស់សាលាស្រុកគៀនស្វាយ។ លោកបានឡើងកាន់ក្បាលមេក្រូស្នើទៅកាន់អាជ្ញាធរស្រុកគៀនស្វាយឱ្យដោះស្រាយបញ្ហាជូនគាត់។
លោក សេង សឿន និយាយថា៖ «ខ្ញុំឡើងមកនេះកើតទុក្ខមិនសុខចិត្តជាខ្លាំង។ ខ្ញុំរស់នៅលើដីនេះធ្វើដីនេះតាំងពីកើតមក។ ដីខ្ញុំក្បាល៧ម៉ែត្របណ្ដោយជាង៧០ម៉ែត្រ។ មន្ត្រីសុរិយោដីវាស់វែងច្បាស់លាស់ម៉េចបានជាចេញមកប្លង់ដីមានសូន្យម៉ែត្រការ៉េទៅវិញ! »។
លោកបន្តថា៖ «អាជ្ញាធរជំនាញត្រូវតែដោះស្រាយបញ្ហាឱ្យខ្ញុំ ខ្ញុំជូនពួកគាត់វាស់ដីច្បាស់លាស់ស្រាប់តែចេញប្លង់មករបៀបខ្ជីខ្ជាបែបនេះទៅកើត»។
លោក សេង សឿន កាន់បង្កាន់ដៃវាស់ដីលើក្បាលដីលេខ ២២៦ ដោយមានព្រំដីខាងជើងជាប់ផ្លូវរទេះ ខាងត្បូងជាប់ក្បាលដីលេខ២២៤ ខាងកើតជាប់ផ្លូវរទេះ និងខាងលិចជាប់ក្បាលដីលេខ២២៥។
ស្ត្រីវ័យ៣៩ ឆ្នាំ ឈ្មោះគឹម សារ៉ា បានលើកឡើងថា ប្លង់ដីរបស់អ្នកស្រីក៏មានផ្ទៃសូន្យម៉ែត្រការ៉េដែរ។ អ្នកស្រីបញ្ជាក់ថា អ្នកស្រីមិនសុខចិត្តចំពោះរឿងនេះទេ។
អ្នកស្រី គឹម សារ៉ា៖ «ដីខ្ញុំម៉ែខ្ញុំចែកឱ្យក្បាល៧ម៉ែត្រជាង បណ្ដោយ៣០ម៉ែត្រ។ ខាងសុរិយាដីគេវាស់ ផ្តិតមេដៃព្រំត្រឹមត្រូវស្រាប់តែចេញប្លង់មកសូន្យការ៉េ ពិតជាមិនអាចទទួលយកបានទេ»។
អាចារ្យកាន់ពេលាមង្គលការប្រចាំឃុំដីឥដ្ឋ បុរសអាយុ៧៤ឆ្នាំ លោក មាស យ៉ាន មានប្រសាសន៍ថា ទំហំប្លង់ដីរបស់លោកដែលអាជ្ញាធរសុរិយោដីបានបិទផ្សាយ តូចជាងទំហំដីដែលលោកកាន់កាប់ចំនួនជាង៣ពាន់ម៉ែត្រការ៉េ។ លោកបន្តថា លោកមិនសុខចិត្តចំពោះការចេញប្លង់ដីដែលខុសពីទំហំជាក់ស្ដែងបែបនេះទេ។
លោក មាស យ៉ាន៖ «អ៊ំមិនសុខចិត្តទើបអ៊ំប្ដឹង។ បាត់ដីជាងបីពាន់ការ៉េមិនមែនតិចឯណាកូនអើយ ! អ៊ំកើតនៅហ្នឹងរស់នៅហ្នឹងតាំងពីតូចក្រូចឆ្មារមក ដីនេះរបស់អ្នកណា ដីណាជាដីបឹង ដីអូរ អ៊ំច្បាស់ដូចបាតដៃ ។ ដូច្នេះបើកាត់ឱ្យរដ្ឋឱ្យដឹងកាត់កុំបន្លំ ម្យ៉ាងមុនកាត់ដីយកទៅធ្វើអីមួយអាជ្ញាធរត្រូវប្រជុំប្រាប់ពលរដ្ឋផងមិនមែនចេះតែធ្វើស្រេចចិត្តទេ»។
តំណាងប្រជាពលរដ្ឋភូមិដីឥដ្ឋកោះផុស២ លោក សួ ឆ្លូញ មានប្រសាសន៍ថា អ្នកភូមិកំពុងរង់ចាំមើលចំណាត់ការពីអាជ្ញាធរស្រុក។
លោក សួ ឆ្លូញ៖«ប្រជាពលរដ្ឋភាគច្រើនមានដីធ្លីតិចតួចបើសិនជាអស់ទៀតយើងបានដីឯណារស់នៅ។ យើងខ្ញុំសុំឱ្យអាជ្ញាធរដោះស្រាយបញ្ហាទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននិងដោយស្មោះត្រង់»។
មេភូមិដីឥដ្ឋកោះផុស២ លោក កែវ បុល មានប្រសាសន៍ថា ការចេញប្លង់ដីបណ្ដោះអាសន្នខុសពីការពិតដូច្នេះអាចជាកំហុសបច្ចេកទេសពីមន្ត្រីសុរិយោដី។ លោកថា ស្នាក់ការភូមិបានទទួលពាក្យបណ្ដឹងជាច្រើនពីសំណាក់ប្រជាពលរដ្ឋ ដែលប្ដឹងថា ដីក្នុងប្លង់តូចជាងដីជាក់ស្ដែង។
មេភូមិដីឥដ្ឋកោះផុស២ លោក កែវ បុល៖ «ខ្ញុំទទួលបានបណ្ដឹងចំនួន១៨៥គ្រួសារ តែមិនទាន់អស់ទេ។ ពលរដ្ឋសង្ស័យថា អាជ្ញាធរភូមិឃុំនេះលួចលក់ដីលួចកាត់ដីលក់ តាមពិតអាជ្ញាធរភូមិឃុំអត់ដឹងអីផង»។
លោកបន្តថា៖ «ពួកយើងខ្ញុំជាអាជ្ញាធរបានជូនខាងជំនាញវាស់វែងដីទាំងនេះរួចរាល់ និងថែមទាំងសង្ឃឹមថានឹងបានប្លង់ដីជាប្រព័ន្ធឆាប់ៗមិនគួរណាមានភាពមិនប្រក្រតីកើតឡើងទេ ដូច្នេះភាពមិនប្រក្រតីទាំងនេះស្ថិតនៅលើអាជ្ញាធរជំនាញសុរិយោដីមិនមែនមកពីអាជ្ញាធរមូលដ្ឋានឡើយ»។
តាមរបាយការណ៍បឋមដែលអាជ្ញាធរភូមិដីឥដ្ឋកោះផុស២ទទួល ឱ្យដឹងថា ទំហំដីក្នុងប្លង់សរុប របស់ប្រជាពលរដ្ឋមានទំហំតូចជាងដីពិតជាក់ស្ដែងប្រមាណជាង៣ម៉ឺនម៉ែត្រការ៉េ។ បើនិយាយឱ្យស្រួលស្ដាប់បានន័យថា ដីពលរដ្ឋទាំងជិត២រយគ្រួសារប្រឈមនឹងការបាត់បង់ដី ធ្លីសរុបជាង៣ម៉ឺនម៉ែត្រការ៉េប្រសិនណាប្លង់ដីបណ្ដោះអាសន្ននេះចូលជាធរមាន។
ឯកសារចុះបញ្ជីប្លង់ដីជាប្រព័ន្ធ នាភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ បង្ហាញថា ទំហំដីជាង៣ម៉ឺនម៉ែត្រការ៉េដែលពលរដ្ឋប្រឈមនឹងការបាត់បង់នោះ ជាប្លង់ដីកម្មសិទ្ធិរបស់ពលរដ្ឋម្នាក់ឈ្មោះ បាន ប្រាក់។
យ៉ាងណាក្ដីអភិបាលរងស្រុកគៀនស្វាយ និងជាប្រធានក្រុមការងារទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋភូមិដីឥដ្ឋកោះផុស២ លោក ពៅ គឹមលី បញ្ជាក់ថា សាម៉ីខ្លួនដែលមានឈ្មោះលើប្លង់កាន់កាប់ដីធ្លីទំហំជាង៣ម៉ឺនម៉ែត្រការ៉េនោះ បានធ្វើលិខិតផ្លូវការបដិសេធ ថាខ្លួនមិនមានកម្មសិទ្ធិលើដីធ្លីឡើយ។
អភិបាលរងស្រុកគៀនស្វាយ លោក ពៅ គឹមលី៖ «ឈ្មោះ បាន ប្រាក់ នេះគាត់បានធ្វើលិខិតបំភ្លឺរួចហើយថា គាត់គ្មានដីធ្លីនៅភូមិដីឥដ្ឋកោះផុស២ទេ។ សូមបងប្អូនប្រជាពលរដ្ឋមេត្តាស្ងប់ចិត្ត យើងនឹងស្រាវជ្រាវពីភាពមិនប្រក្រតីដែលបានកើតឡើង។
លោក ពៅ គឹមលី បន្តថា អាជ្ញាធរស្រុកសុំពេលប្រមូលពាក្យបណ្ដឹងពីសំណាក់ប្រជាពលរដ្ឋជាមុនសិន មុននឹងសម្រេចថានឹងចាត់វិធានការដោះស្រាយយ៉ាងណានោះ។
លោក ពៅ គឹមលី៖ «ខ្ញុំទទួលយកសំណើររបស់បងប្អូន។ ប៉ុន្តែមិនមានន័យថា បងប្អូនចង្អុលថាដីបងប្អូននៅត្រឹមណាត្រឹមហ្នឹងទេ។ខ្ញុំនឹងយករឿងនេះទៅសិក្សាឡើងវិញរួចដាក់សំណើរទៅកាន់ថ្នាក់ដឹកនាំពិភាក្សាសម្រេច។ ការបិទផ្សាយនេះ(ការបិទផ្សាយប្លង់បណ្ដោះអាសន្ន) គឺដើម្បីឱ្យបងប្អូនតវ៉ា បើមិនមានការតវ៉ាយើងរកត្រូវខុសមិនឃើញទេ ខ្ញុំសូមគាំទ្រការតវ៉ារបស់បងប្អូនតែយើងសុំពេលពិនិត្យសិន»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា អាជ្ញាធរចាំបាច់ត្រូវដោះស្រាយលើភាពមិនប្រក្រតីនេះដោយតម្លាភាពនិងបើកចំហរមិនត្រូវមានអំពើកេងចំណេញ ឬមិនស្មោះត្រង់ណាមួយទេ។
លោក ប៉ិច ពិសី៖ «ខ្ញុំគិតថា បញ្ហាហ្នឹងគឺឆ្លុះបញ្ចាំងពីកម្សោយភាពនៃគណនេយ្យភាព និងការទទួលខុសត្រូវរបស់មន្ត្រីដែលធ្វើការងារផ្ទាល់ជាមួយពលរដ្ឋ។អាជ្ញាធរត្រូវដោះស្រាយ និងស្តាប់ពលរដ្ឋ។ ខ្ញុំគិតថារឿងប៉ុណ្ណេះមិនពិបាកដោះស្រាយទេ បើសិនជាការធ្វើការងារនោះប្រកបដោយតម្លាភាពត្រឹមត្រូវ»។
ក្រុមការងារវាស់វែងដីធ្លីនៃរដ្ឋបាលស្រុកគៀនស្វាយ ខេត្តកណ្ដាលបានវាស់វែងដីធ្លីក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល កាលដើមឆ្នាំ២០២០។ ក្រុមការងារវាស់វែងដីធ្លី បានបិទផ្សាយជាសាធារណៈនូវឯកសារចុះបញ្ជីប្លង់ដីជាប្រព័ន្ធ កាលពីចុងខែធ្នូឆ្នាំ២០២១ ដោយទុកពេលតវ៉ាត្រឹម១៥ថ្ងៃ។
ប្រជាពលរដ្ឋ លោក សេង សឿន រំលឹកថា លោកស្ទើតែមិនជឿថា ប្លង់ដីរបស់លោកមានផ្ទៃក្រឡាសូន្យម៉ែត្រការ៉េសោះឡើយ។
លោក សេង សឿន៖ «ពេលគេបិទផ្សាយហ្នឹងខ្ញុំមិនទាន់មកមើលទេ ព្រោះកាលវាស់យើងចុះមកចង្អុលផ្តិតមេដៃព្រំត្រឹមត្រូវ។ ដល់ពេលគេផ្អើលបាត់ដីទើបមកមើលឃើញថា ខ្លួនឯងបាត់ដីអស់រលីងគ្មានសល់មួយចំអាមសោះ។ ខ្ញុំសួរមើលថាតើអ្នកណាមិនឈឺចាប់?»៕