សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រុមតេក្វាន់ដូ​ ITF កម្ពុជា បំបែកកំណត់​ត្រា​ឈ្នះមេដាយ​ចំនួន៤១ និងបានចំណាត់​ថ្នាក់​លេខ២ ក្នុង​ចំណោម​២៥ប្រទេស

កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ពេលប្រកួតជាមួយកីឡាការិនីរបស់ម្ចាស់ផ្ទះម៉ុងហ្គោលី ក្នុងព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ ឆ្នាំ២០២៦។ (សហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអែហ្វកម្ពុជា)
កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ពេលប្រកួតជាមួយកីឡាការិនីរបស់ម្ចាស់ផ្ទះម៉ុងហ្គោលី ក្នុងព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ ឆ្នាំ២០២៦។ (សហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអែហ្វកម្ពុជា)

ទោះ​ធ្លាប់បានបាត់បង់ឱកាស​មាស សម្រាប់​ការ​បង្ហាញ​ខ្លួនជា​ប្រវត្តិសាស្ត្រលើកដំបូង ក្នុង​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ២០២៣ នៅលើ​ទឹក​ដី​ខ្លួន​ឯង បន្ទាប់ពី​ប្រភេទ​កីឡា «តេក្វាន់ដូ ITF» របស់កូរ៉េខាងជើង​នេះ ត្រូវបាន​ដក​ចេញ​វិញ ដោយសារ​មានការ​ប្រឆាំង​ជំទាស់​ពី​បណ្តា​ប្រទេសមួយចំនួន ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​​កីឡា «តេក្វាន់​ដូ WT» របស់​កូរ៉េខាងត្បូង ប៉ុន្តែ​ក្រុម​អត្តពលិក​តេក្វាន់​ដូ ITF កម្ពុជា និងថ្នាកដឹកនាំ​សហព័ន្ធ​កីឡាតេក្វាន់ដូ អាយធីអែហ្វ​កម្ពុជា មិនដែល​បោះបង់​មហិច្ឆតា និង​ឆន្ទៈ​ដ៏មោះមុត​​របស់​ខ្លួន ក្នុងការ​ជ្រោង​ទង់ជាតិ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​នោះ​ទេ។

ជាក់​ស្តែង ​ក្រុមកីឡាករ កីឡាការិនី​ជម្រើសជាតិ​តេក្វាន់​ដូ ITF កម្ពុជា ទើប​តែ​បានបំបែកកំណត់​​ត្រា​ឈ្នះ​មេដាយច្រើនបំផុត រហូត​ដល់ ៤១​គ្រឿង ពី​ការ​ប្រកួត​តេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ ឆ្នាំ២០២៦ (11th Asian ITF Taekwon-do Championships) នៅប្រទេស​ម៉ុងហ្គោលី។

នៅក្នុងចំណោមមេដាយ​ទាំង​៤១​នេះ ក្រុម​អត្តពលិក​តេក្វាន់ដូ ITF កម្ពុជា ​បាន​ឈ្នះ​មេដាយមាស ៨ ប្រាក់ ១២ និងមេដាយ​សំរឹទ្ធ​ចំនួន ២១ ហើយ​លទ្ធផល​នេះ វាមិន​ត្រឹម​តែ​បានបំបែកកំណត់ត្រា សម្រាប់​ការឈ្នះមេដាយមាស ៣ ប្រាក់ ៧ និង​សំរឹទ្ធ ១៤ ពី​ការ​ប្រកួត​តេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៤ នៅ​ប្រទេស​ឥណ្ឌា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ជួយ​ឱ្យ​ក្រុម​តេក្វាន់​ដូ ITF កម្ពុជា ​ទទួលបាន​ពាន​ប្រចាំប្រទេស ចំណាត់ថ្នាក់លេខ២ ​ក្នុងចំណោម ២៥ ប្រទេស ដែលបាន​ចូលរួម​ការ​ប្រកួតជើងឯកអាស៊ី នៅម៉ុងហ្គោលី​ លើក​នេះ​ដែរ។

លោក កែវ រ៉េមី ប្រធានសហព័ន្ធ​កីឡាតេក្វាន់​-ដូ អាយធីអែហ្វកម្ពុជា បាន​បញ្ជាក់​ថា៖​ «យើងមិនដែលបាក់​ទឹក​ចិត្តនោះ​ទេ ហើយខ្ញុំ​ធ្លាប់ជម្រាបជូន​​ហើយ​ថា បើ​ស៊ីហ្គេម គឺ​យើងនឹង​រៀបចំ​ថង់​​ដាក់​មេដាយ ហើយ​ក្រឡុក​យក​ទៅ​ជូនដល់​ថ្នាក់ដឹកនាំ។ ឥឡូវ​យើងបាន​យក​ថង់​ដាក់​មេដាយអ៊ីចឹងមែន ហើយ​អ្វី​ដែលជាចំណុច​សំខាន់​របស់​ ITF ​ពេល​ចេញ​ទៅណា​ គឺ​យើង​​តែង​រួមសាមគ្គីគ្នាជា​ធ្លុងមួយ ទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​របស់​សហព័ន្ធ ​គ្រូ​បង្វឹក​ និង​អត្តពលិក​របស់​យើង»។

លោក កែវ រ៉េមី បាន​ថ្លែង​បែបនេះ នៅពេល​លោកបានដឹកនាំ​ប្រតិភូ​កីឡា​តេក្វាន់ដូ ITF កម្ពុជា ត្រឡប់មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​តេជោ​វិញ កាលពី​​អធ្រាត្រម៉ោង ១ ឈានចូល​ថ្ងៃពុធ​នេះ ហើយ​លោកបានចាត់​ទុក​ការ​ឈ្នះ​មេដាយ​សរុប ៤១​គ្រឿងនេះ​ថា ជាចំនួនដ៏​ច្រើន លុះ​ត្រា​តែ​ដាក់​ថង់​យកមកវិញ​ទើប​អស់។

ជាមួយគ្នានេះ លោក កែវ រ៉េមី បានចែក​រំលែក​នូវបទពិសោធន៍​ជា​គន្លឹះសំខាន់ ជួយ​ឱ្យ​ក្រុម​កីឡាករ កីឡាការិនី នៅតែអាចជម្នះ​ឧបសគ្គ និងការ​លំបាក ឈាន​ទៅ​រកចំណុច​ខ្លាំង​បាន បើទោះបីជា ពួកគេ​ស្ថិត​នៅក្នុងដំណាក់​កាល​អស់សង្ឃឹម ឬ​ខ្លាចរអារ ទៅនឹងគូ​ប្រកួត នៅលើ​​ទីលាន​ ឬ​ឆាក​ប្រយុទ្ធ។

លោក កែវ រ៉េមី បានថ្លែងថា៖ «ដើម្បី​ឱ្យ​កីឡាករ​ខ្លាំង គឺសំខាន់មិនមែន​ត្រឹម​ផ្តល់​នូវបច្ចេក​ទេស ហ្វឹកហាត់​ដល់​អត្តពលិក​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​យើង​ត្រូវផ្តល់​នូវជំនាញ​ទន់មួយ​ទៀត ដល់​ពួកគាត់»។ លោក​បន្ត​ថា៖ «ជំនាញទន់ សំខាន់ណាស់! ផ្នែកប្រដាល់​ បច្ចេក​ទេសនៃការ​ប្រដាល់ ហាត់ហ្វឹកហ្វឺនរាប់​សិបឆ្នាំ​​ចេះ​ហើយ ប៉ុន្តែ​បើ​ក្នុងស្មារតី​ទន់​ខ្សោយ កំសាក គឺ​យើង​មិនអាច​បញ្ជា​កាយវិការ​ ចេញ​ក្បាច់បាន​ល្អ​ទេ»។

លោក រ៉េមី បានបន្ថែមថា៖ «អ៊ីចឹង​សំខាន់ ខ្ញុំ​តែង​ចូល​រួមចំណែក​ក្នុង​ការផ្តល់​ដល់​អត្តពលិក​នៅជំនាញ​ទន់​នេះ គឺផ្នែកស្មារតី​ បំពាក់បំប៉ន​ឱ្យ​គាត់​យល់​ថា មនុស្ស​យើងម្នាក់ៗ​​មាន​​ដៃ​២​ជើង​​២ដូ​ច​គ្នា នរណាក៏​ដោយ គ្មាន​ដៃ២០ជើង​​១០០​អី​នោះ​ទេ គឺ​វ៉ៃ​ទាំងអស់​ ព្រោះ​បើដឹង​ថា ទៅចាញ់​ កុំ​ទៅ បើទៅ​ត្រូវតែ​ឈ្នះ»។

ជាមួយ​ការដណ្តើមបាន​ជោគ​ជ័យ​យ៉ាង​ធំ​ធេង​នេះ គឺ​អត្តពលិកមួយចំនួន អាចដណ្តើមបានមេដាយ​រហូត​ដល់​៥ ទៅ​៦​គ្រឿង​តែម្នាក់​ឯង ចំណែក​មេដាយមាស​ទាំង​៨ ដែល​ក្រុមតេក្វាន់ដូ ITF កម្ពុជា ដណ្តើម​បាន រួម​មាន​កីឡាករ ស៊ីវ សិរីបុត្រ​ បានមេដាយមាស១ លើ​វិញ្ញាសា​អាយុ ១០-១៣​ឆ្នាំ​ខ្សែក្រវាត់​ក្រហម រីឯ​កីឡាការិនី សិរី រតនាវង្ស ​ឈ្នះ​បានមេដាយមាស​១ លើ​វិញ្ញាសា​អាយុ ១០-១៣ ឆ្នាំ​ខ្សែក្រវាត់​ខៀវ។

ចំណែកវិញ្ញាសាវាយបំបែកក្តា​បុរស ​និង​​​វិញ្ញាសាបច្ចេកទេសពិសេស គឺ​ក្រុម​អត្តពលិកកម្ពុជា ដណ្តើម​បានមេដាយមាស​ដូចគ្នា ហើយ​កីឡាករ សុខ ស៊ូណាម ទទួលបានមេដាយមាស លើ​វិញ្ញាសាបច្ចេកទេសពិសេស កីឡាការិនី ប៉ាល់ ឆរស្ម៊ី ឈ្នះ​មេដាយ​មាស លើ​វិញ្ញាសា​មេគុន ៣ ដាន់ និង​កីឡាការិនី លី គីមឆេង ឈ្នះ​មេដាយ​មាស លើ​វិញ្ញាសា​មេគុន ខ្សែក្រវាត់​ក្រហម រីឯ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ +៩២គីឡូក្រាម កីឡាករ ង៉ែត រ៉ាវី ​របស់​កម្ពុជា ទទួលបានមេដាយមាស​។

ប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលដណ្តើមបានមេដាយមាស៨ ប្រាក់១២ សំរឹទ្ធចំនួន២១ និងពានប្រចាំប្រទេសចំណាត់ថ្នាក់លេខ២ ពីការប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ ឆ្នាំ ២០២៦ នៅម៉ុងហ្គោលី ពេលធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិតេជោ ទឹកដីកំណើតវិញ។ (ខេមបូចា/ស៊ា បញ្ញា)

នៅក្នុងចំណោមមេដាយមាសទាំង​៨នេះ លោក កែវ រ៉េមី បានផ្តោត​ខ្លាំង​ទៅលើការ​បន្តឈ្នះមេដាយមាស​៣សម័យកាលជាប់ៗគ្នា​លើ​វិញ្ញាសា​បច្ចេកទេសពិសេស រួម​ទាំង​ការ​ដណ្តើមបានមេដាយមាស​លើ​វិញ្ញាសាវាយបំបែកក្តា ពី​ក្រុមកីឡាករ​កូរ៉េខាងជើង ដែលជាម្ចាស់​ក្បាច់​គុន ដោយ​ក្រុមនេះ​តែង​ឈ្នះមេដាយមាស​លើ​វិញ្ញាសា​នេះ នៅរាល់​ព្រឹត្តិការណ៍ រួម​ទាំងការ​ប្រកួត​ជើងឯក​ពិភពលោកផងដែរ ប៉ុន្តែពេលមក​ប៉ះ​ក្រុម​កម្ពុជា លើកនេះ ពួកគេ បានចាញ់​ទាំងមិនអស់​ចិត្ត ហើយនេះជាចំណុច​លេចធ្លោ​មួយ ជួយ​ឱ្យក្រុមឈុត​ធំកម្ពុជា ឈរ​នៅលេខ​រៀងទី​២ បន្ទាប់ពីកូរ៉េខាងជើង។

ជាងនេះ​ទៅ​ទៀត ប្រធានសហព័ន្ធ​កីឡាតេក្វាន់-ដូអាយធីអែហ្វ​កម្ពុជា​រូបនេះ បានដក់ចិត្ត​ខ្លាំង​ទៅលើ​ការ​ដណ្តើមបានមេដាយមាស​ របស់​ក្រុម​យុវជនថ្នាល ITF កម្ពុជា នៅក្នុងការ​ប្រកួតបើក​ឆាក ដែល​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​ចូល​រួមទាំងអស់ មានការ​ភ្ញាក់​ផ្អើល​ខ្លាំង ព្រោះមិន​នឹកស្មានដល់​ថា ថ្នាល​របស់​កម្ពុជា មានសមត្ថ​ភាព​ល្អ​បែប​នេះ ហើយពួកគេ បាន​ក្លាយជា​អ្នក​បន្ត​វេន​ដ៏​អង់អាច​របស់​តេក្វាន់ដូ ITF កម្ពុជា។

លោក រ៉េមី បាន​បញ្ជាក់​ដោយមោទនភាព​ថា៖ ​«នៅពេល​ប្រៀប​ធៀប​ជាមួយ​ថ្នាល​របស់ប្រទេស​ផ្សេងៗ ទើប​ដឹង​ថា ​ថ្នាល​របស់​យើង​ល្អមែនទែន​ ដោយ​យើងបើក​ឆាក​ភ្លាម ដណ្តើម​បានមេដាយមាស​២ ហើយ​២ទៅ​៣នាក់​ទៀត ក៏​ត្រូវ​មានមេដាយមាស​ដែរ ព្រោះ​ល្អមែន​ទែន ហេតុនេះខ្ញុំ​​ក្នុងនាមជាថ្នាក់ដឹកនាំ​សហព័ន្ធ គឺ​យើងពិតជាមានមោទនភាព ដែល​ថ្នាល​របស់​យើង​មានសមត្ថភាព និងទេពកោសសល្យ​ល្អ ជាអ្នក​ស្នង​តេក្វាន់ដូ ITF បាន​រយៈពេលយូរអង្វែងទៅមុខ​ទៀត»។

ចំណែក​លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡាតេក្វាន់-ដូអាយធីអែហ្វកម្ពុជា បានឱ្យ​ដឹង​ថា ការដណ្តើម​បានមេដាយសរុបចំនួន ៤១ និង​ពានប្រចាំប្រទេស ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ការ​ប្រកួត​តេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ ឆ្នាំ២០២៦ នៅ​​ម៉ុងហ្គោលី គឺជាសមិទ្ធផល​ដ៏អស្ចារ្យ និង​ល្អ​បំផុត ប៉ុន្តែក្រុមអត្តពលិក​កម្ពុជា បានជួបប្រទះ​ការ​លំបាក​​ច្រើនណាស់ ទម្រាំ​អាចសម្រេច​​បាននូវ​លទ្ធផល​ដ៏គាប់ប្រសើរនេះ។

លោក សុធីយ៉ា បញ្ជាក់​ថា៖​ «ការ​ប្រកួត​លើកនេះ យើង​ទទួលបានជោគជ័យ​ធំជាងមុន ជាពិសេស​ទៅលើ​ចំនួនមេដាយ ចំណែក​ពានប្រចាំប្រទេសនេះ យើង​ទទួលបាន៣ដង​ទាំង​លើកនេះ​ហើយ គឺកាល​ប្រកួត​នៅឥណ្ឌា យើងបាន​លេខ​៣ ហើយលើកនេះ យើងបាន​លេខ​២វិញ ប៉ុន្តែ​ការ​ប្រកួត​ជួបការ​លំបាក​ ព្រោះមាន​ប្រទេស​ខ្លាំងៗចូល​រួម​​ច្រើន»។

ក្រៅពី​កូរ៉េខាងត្បូង ដែលជាម្ចាស់​ក្បាច់​គុន ITF នេះ លោក សុធីយ៉ា បាន​សង្កត់​ធ្ងន់​ទៅលើ​ប្រទេស​រុស្ស៊ី។ លោក​បញ្ជាក់​ថា៖​ «ពីមុន​រុស្ស៊ី ដែលជាប្រទេស​ខ្លាំង​ខាង​តេក្វាន់ដូ ITF គាត់នៅខាងអឺរ៉ុប ឥឡូវគាត់​បានសុំចូលមក​សហព័ន្ធអាស៊ី​វិញ អ៊ីចឹង​​ធ្វើ​ឱ្យការ​ប្រកួត​ហ្នឹង កាន់​តែមាន​ភាព​តាន​តឹង​ខ្លាំង ទាំងលើ​វិញ្ញាសា​​មេគុន បច្ចេក​ទេស​ពិសេស ​វាយបំបែកក្តា និងវិញ្ញាសា​​ប្រយុទ្ធ​ ព្រោះ​យើងដឹងស្រាប់ហើយថា ​អត្តពលិក​នៅខាងរុស្ស៊ី មានកាយសម្បទា​រាង​ក្រាស់ និង​ធំជាង​យើង»។

​កីឡាករ កាង ប៊ុនឡុង ដែល​ទទួលបានមេដាយសរុបចំនួន​៦ មានមេដាយមាស​២ ប្រាក់​៣ និង​សំរឹទ្ធ​១ បាន​អះអាង​ថា ការ​ប្រកួត​ជើងឯក​អាស៊ី លើកនេះ ពិតជាមានការលំបាក​ខ្លាំង ប៉ុន្តែ​ការ​ព្យាយាម​ហ្វឹកហាត់​ត្រៀម​ជាង​៤ខែ រួមទាំងការ​ដាក់​ចិត្ត​ដាក់​កាយ ក្នុងការ​ប្រកួត នៅតែ​ជួយ​ឱ្យ​រូបគេ និង​មិត្ត​រួមជាតិ​ ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើន ដើម្បី​លើក​មុខមាត់ជាតិ។

កីឡាករវ័យ​ ២៥​ឆ្នាំ​រូបនេះ​បាន​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការចូលហ្វឹកហាត់​តេក្វាន់ដូ ITF រយៈពេល​ ១០​ឆ្នាំមកនេះ រួមគេ​បានដាក់​ចិត្ត​ខ្លាំង ក្នុងការ​ហ្វឹកហាត់ ដោយបានលះបង់​គ្រប់​បែប​យ៉ាង ដោយ​ផ្តោត​សំខាន់បំផុត លើការ​បានចេញ​ទៅ​ប្រកួតនៅក្រៅ​ប្រទេស​​ដណ្តើម​យក​មេដាយជូនជាតិ ហើយ​​ចាប់​តាំងពី​ឆ្នាំ២០១៨ រូបគេបានចេញ​ទៅ​ប្រកួត​ជាបន្តបន្ទាប់ និងដណ្តើមបាន​ទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ​ ត្រឡប់មក​វិញ។

ប៊ុនឡុង ​និយាយ​ថា៖ «ខ្ញុំ​ធ្លាប់ដណ្តើមបានមេដាយជាច្រើន សម្រាប់ការចេញ​​ប្រកួត​នៅលើ​ឆាក​អន្តរជាតិកន្លងមក ប៉ុន្តែ​ការ​ឈ្នះ​បានមេដាយ​សរុបចំនួន​៦​លើកនេះ វាជាសមិទ្ធផល​ធំ និងជាកំណត់​ត្រា​ថ្មី​របស់​ខ្ញុំ ដោយសារ​លើកនេះ ខ្ញុំដណ្តើមបានមេដាយប្រាក់​១ទៀត លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៥៨គីឡូក្រាម»។

យ៉ាងណាក៏​ដោយ កាង ប៊ុនឡុង បានបញ្ជាក់​ថា៖ «មេដាយ​ដែល​ខ្ញុំ​​ដណ្តើម​បាន​ទាំង​អស់​​នេះ បាន​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ និង​មានការលំបាក​ ព្រោះមាន​ប្រទេស​ខ្លាំងៗ​ចូលរួមច្រើន ប៉ុន្តែអ្វីដែលសំខាន់ យើងបានលះបង់ធំ ដាក់ចិត្តដាក់​កាយ និង​ព្យាយាម​យកមេដាយជូនជាតិ​ និង​ប្រជាជនកម្ពុជា​។ លទ្ធផលនេះ ពិតជាមានន័យបំផុត សម្រាប់​​ខ្ញុំ តែ​​ខ្ញុំត្រូវ​បោះជំហាន​ទៅមុខ​ទៀត ព្រោះ​យើង​ចង់​បាន​លទ្ធផល​ល្អជាង​នេះទៀត»។

លោក កែវ រ៉េមី និងថ្នាក់ដឹកនាំផ្សេងទៀត បានថតរូបជាមួយគ្រូបង្វឹក និងកីឡាករ កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ដែលបាននាំយកមេដាយ និងពានប្រចាំប្រទេស មកដល់ព្រលានយន្តហោះអន្តរជាតិតេជោ កាលពីអធ្រាត្រម៉ោង១ ឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។ (ខេមបូចា/ស៊ា បញ្ញា)

ចំណែក​លោក ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធ​កីឡាតេក្វាន់-ដូ អាយធីអែហ្វកម្ពុជា បានតំណាល​ពី​​កូនស្រី​សំណព្វ​​របស់​លោកឈ្មោះ ​សញ្ញា រត្ន័ម៉ានេតា ដែលបាន​វិវឌ្ឍ​ខ្លួនពីក្មេងស្រីដ៏ទន់ភ្លន់ និង​ជាសិស្សពូកែ ធ្លាប់​ប្រើ​ដៃកាន់សៀវភៅ និងដេញព្យាណូ ទៅកាន់ការ​ប្រកួតស​ង្វៀនអន្តរជាតិ។ ក្មេងស្រី​វ័យ​១១​ឆ្នាំ​រូបនេះ បានសម្រេចចិត្តសុំច្បាប់សាលា​១​សប្តាហ៍ពេញ ដើម្បី​ឈានជើងមក​ធ្វើ​ជា​តំណាងឱ្យប្រទេសជាតិ និងប្រឈមមុខនឹងការសាកល្បងដ៏ធំបំផុតមួយក្នុងជីវិត ក្នុង​ព្រឹត្តិការណ៍ Asian ITF Taekwon-do Championships 2026 នេះ។

លោក វណ្ណរ័ត្ន បានបន្ត​ថា នៅ​វិនាទីដែលកូនស្រីតូចរបស់ខ្លួន​ដើរឡើងលើសង្វៀនប្រកួត ឈរទល់មុខនឹងគូប្រកួតដែលឌឺដង និងមានមាឌធំជាង បេះដូង​របស់​លោក​ជាឪពុក ស្ទើរតែលោតចេញមកក្រៅ។ លោក​ឈរឡើងរឹងកំព្រឹស ដៃទាំង​២កាន់ថតវីដេអូកូនប្រកួតឡើងញ័រដៃ និងរន្ធត់ជាខ្លាំង។

លោកបញ្ជាក់​ថា៖ «អារម្មណ៍ជាឪពុក នៅពេល​ឃើញ​កូន​ស្រីតូច​ដែល​​យើង​​ធ្លាប់​តែថ្នម និង​បីបាច់ថែរក្សា ត្រូវ​រង​​ការ​​ទាត់ វាយ និងតស៊ូយ៉ាងខ្លាំងនៅលើសង្វៀន គឺជាការឈឺចាប់ និងក្តុកក្តួល​ដែល​ស្ទើរ​តែ​រក​ពាក្យ​​បក​​ស្រាយ​មិនបាន។ ទឹកភ្នែក​​ជា​ឪពុក​​ស្ទើរ​​តែ​​ស្រក់ចុះ ដោយ​អាណិត​កូន និងភ័យខ្លាចកូនមានគ្រោះថ្នាក់។ ប៉ុន្តែនៅក្នុងជម្រៅចិត្ត ខ្ញុំដឹងយ៉ាងច្បាស់ថា ជីវិតមនុស្សយើង​មិន​អាចរស់នៅ​ក្នុង​ជម្រក​សុខ​សាន្ត​បាន​រហូត​នោះទេ»។

​លោក ផាន់ វណ្ណរ័ត្ន ដែលជាអគ្គព្រះរាជ​អាជ្ញា​រង​​នៃ​​មហា​​អយ្យការ​អមតុលាការ​កំពូល​ ផង​នោះ បាន​អះអាង​ថា ការគាំទ្រឱ្យកូន​ចូលរួម​ក្នុង​​កីឡា មិនមែន​​ដើម្បី​​តែ​​ការ​​យក​​ឈ្នះ​​ចាញ់ ឬ​​ដណ្តើម​យកមេដាយមួយ​មុខនោះទេ ប៉ុន្តែដើម្បីទទួលបាន​សុខភាព និងកាយសម្បទារឹងមាំចេញ​ពី​ការ​ហាត់ប្រាណ ព្រម​ទាំង​ទទួល​បាន​ជំនាញ​ការ​ពារ​ខ្លួន​ដ៏​ពិត​ប្រាកដ​មួយ សម្រាប់​ឈរ​ជើង​ដោយ​សុវត្ថិភាព និង​ជឿជាក់ក្នុងសង្គមនាថ្ងៃអនាគត។

លោកបានសង្កត់​ធ្ងន់ ទៅលើ​ការ​ឈ្នះ​មេដាយសំរឹទ្ធ វិញ្ញាសា​ប្រយុទ្ធ អាយុ ១១ ដល់ ១៣​ឆ្នាំ​ទម្ងន់ ៣៥ គីឡូក្រាម​របស់ រ័ត្ន​ម៉ានេតា។ «លទ្ធផល មេដាយសំរឹទ្ធ ដែលកូនស្រីដណ្តើម​បានមក​ជូន​ជាតិ និង​គ្រួសារ​នាពេលនេះ មិនត្រឹមតែ​ជា​សមិទ្ធផល​លោហធាតុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជាតំណក់ញើស ទឹកភ្នែក និងជាសាក្សីនៃ​ភាព​ក្លាហាន​ដ៏​អស្ចារ្យ​​របស់​ក្មេង​ស្រីវ័យ ១១ ឆ្នាំម្នាក់ ដែលហ៊ាន​ជម្នះភាពភ័យខ្លាច និង​ភាពឈឺចាប់​នៅ​លើ​ឆាកអន្តរជាតិ»។

ជាមួយគ្នានេះ លោក ផាន់ វណ្ណរ័ត្ន ដែល​តែងតែ​នៅជាប់​ជាមួយ​​ក្រុម​អត្តពលិក​ជម្រើសជាតិ​តេក្វាន់​ដូ ITF នៅរាល់​ការ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ អស់រយៈពេល​ជាច្រើនឆ្នាំមក​នេះ បានទម្លាយ​ថា អារម្មណ៍​ក្តុកក្តួល មិនមែន​កើតមានតែ​ចំពោះ​កូនស្រី​របស់​​លោក​នោះ​ទេ គឺ​គ្រប់​អត្តពលិក​​ទាំងអស់​ លោកតែង​បាន​ផ្តោតអារម្មណ៍ និង​យក​ចិត្ត​ទុកដាក់​ខ្លាំង​ទៅ​ដល់​ការប្រកួត​របស់​ពួកគេ ដើម្បី​អាច​ឈាន​ទៅដណ្តើមបានមេដាយជូនជាតិ។

 លោកបានបន្ថែម​ថា៖ «នៅពេល​អត្តពលិក​យើង បាន​មេដាយ យើងរំភើប​សឹងតែ​ស្រក់​ទឹក​ភ្នែក ព្រោះ​ជាមោទនភាពជាតិ​មួយ ដែល​គេ​បង្ហូត​ទង់ជាតិ​យើង នៅពេល​យើងបានមេដាយមាស ហើយ​ទោះបីជាអត់មាស បានត្រឹម​មេដាយប្រាក់ និងសំរឹទ្ធ​ក៏​ដោយ ក៏ជាមោទនភាព ដែល​កម្ពុជា​យើង​ធ្វើបាន គឺ​កីឡាករ កីឡាការិនី​របស់​យើងប្រកួត​​អត់ខ្លាចនរណា​នោះ​ទេ»។

ចំណែក​អ្នកស្រី ឡុង សុខេន ម្ចាស់​ក្លិបតេក្វាន់ដូខេត្តកំពង់ស្ពឺ បាន​ធ្វើដំណើរ​មកជាមួយបងប្អូន​តាំងពីខេត្តកំពង់ស្ពឺ មកកាន់​ព្រលាន​យន្តហោះអន្តរជាតិ​តេជោ កាលពី​យប់មិញ ដើម្បីមក​ចាំទទួល​ស្វាគមន៍កូន​របស់​អ្នកស្រី និងសិស្ស ចំនួន​៥នាក់ ដោយពួកគេ​សុទ្ធតែដណ្តើម​បានមេដាយ​ត្រឡប់មក​វិញ។

ស្រ្តីរូបនេះ បានបញ្ជាក់​ថា៖ ​«ខ្ញុំសប្បាយ​ចិត្ត ដែល​ឃើញកូនៗ និងសិស្ស មានការលូតលាស់​ល្អ ព្រោះ​ទម្រាំ​បណ្តុះបណ្តាល​ក្លាយជា​ធនធានមាន​សមត្ថ​ភាព​បែបនេះ គឺមានការពិបាក​ខ្លាំង​។ យើង​ត្រូវជំរុញ​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ព្រោះ​ការ​ហាត់​កីឡា​វាហត់នឿយ ​ឈឺខ្លួន និង​​ប្រើពេល​យូរទៀត ទម្រាំ​បាន​ផល អ៊ីចឹង​ពេល​ខ្លះគាត់បាក់ទឹក​ចិត្ត និង​ខ្ជិល​ចង់​ហាត់​បន្ត ហេតុនេះ​យើងបានជំរុញ និងចាប់​ទាញ​ឡើងមក​វិញ ដោយប្រើ​វិធីសាស្រ្ត​ផ្សេង»។

បើទោះបីជា​ការបណ្តុះ​ធានធាន​កីឡា មានការពិបាក​ ប៉ុន្តែ​អ្នកស្រី ឡុង សុខេន មិន​បោះបង់ចោល​ការងារនេះទេ។ «យើងមានគោលដៅ និងចង់​ឱ្យពួកគាត់​ល្អ មានវិន័យ ហើយ​លទ្ធផល​ដែល​ទទួលបាន​នៅពេលនេះខ្ញុំមានការពេញ​ចិត្ត ហើយត្រូវ​ខំប្រឹងជំរុញពួកគាត់​​ថែម​ទៀត ព្រោះ​នៅមាន​ហ្គេម​ច្រើន​ទៀត ដែលត្រូវដណ្តើម​យកមេដាយជូនជាតិ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម