សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សាលាឧទ្ធរណ៍នឹង​​​បើក​សវនាការលើ​បណ្តឹង​ទាស់របស់លោក កឹម សុខា នៅ​ចុងខែ​មករា

លោក កឹម សុខា ចាកចេញពីផ្ទះរបស់លោក ដើម្បីចូលរួមស្តាប់សាលក្រមកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)
លោក កឹម សុខា ចាកចេញពីផ្ទះរបស់លោក ដើម្បីចូលរួមស្តាប់សាលក្រមកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

សាលាឧទ្ធរណ៍ភ្នំពេញ​នឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍​របស់លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្សប្រឆាំង ជុំវិញ​ការផ្តន្ទាទោស​លោក​ ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស​ នៅថ្ងៃទី៣០ ខែមករានេះ ខណៈសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាល​ថ្មីស្តារស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សក្នុងប្រទេសឡើងវិញ។

លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍​ បានបញ្ជាក់ជាមួយខេមបូចា​ថា សវនាការនឹងធ្វើឡើងនៅថ្ងៃទី​៣០ ខែ​មករាពិតមែន​​ ដោយលោក​បន្ថែមថា ដី​ការកោះរបស់សាលាឧទ្ធរណ៍​ត្រូវបានបញ្ជូនទៅកាន់ភាគីពាក់ព័ន្ធរួច​ហើយ​។

លោក កឹម សុខា អាយុ៧១ឆ្នាំ ត្រូវបានរកឃើញថា បានប្រព្រឹត្តបទសន្និដ្ឋិភាព​ជា​មួយ​បរទេស​កាលពីអំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០១៧​ ​តាម​​​ចោទប្រកាន់​ថា បាន​គប់​គិត​ជាមួយ​សហរដ្ឋអាមេរិក ​ដែល​ហៅ​ថា ​បដិវត្តន៍​ពណ៌​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ដាក់​ពន្ធនាគាររយៈ​ពេល​២៧ឆ្នាំ និង​ហាមឃាត់​​មិន​ឲ្យ​ធ្វើ​នយោ​បាយ​អស់​មួយ​ជីវិត។ លោក​ក៏ត្រូវបានហាមឃាត់មិនឱ្យទាក់​ទង​ជាមួយនរណាម្នាក់ ដោយគ្មានការអនុញ្ញាតពីតុលាការឡើយ​ ក្រៅពីសមាជិកគ្រួសាររបស់​លោក​។ 

លោក​មេធាវី ផែង ហេង ដែល​ធ្វើការ​លើ​សំណុំរឿង​របស់​លោក កឹម សុខា នៅ​តុលាការ​ជាន់​ទាប​បាន​មាន​ប្រសាសន៍​​ថា លោក​បាន​ដឹង​អំពី​កាលបរិច្ឆេទ​នៃសវនា​ការលើ​បណ្តឹង​​ឧទ្ធរណ៍ ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​សំណើ​ពី​កូនក្តី​របស់​លោក​ដើម្បី​តំណាងឲ្យ​ជា​ថ្មី​​​​នៅ​ឡើយ​ទេ។ លោក ផែង ហេង បន្ត​ថា ចុង​ចោទ​អាច​រក្សា​មេ​​ធាវី​ដដែល ឬ​ស្វែង​រក​មេធាវី​ថ្មី​បាន​នៅ​ពេល​ដែល​សំណុំ​រឿង​នេះ​បន្ត​ទៅ​សា​លា​​ឧទ្ធរណ៍។

លោកបានបន្ថែមថា៖ «[យើង] បានបញ្ចប់ការងាររបស់យើងនៅសាលាដំបូងរាជធានី​ភ្នំពេញហើយ​… ចាប់តាំងពីមានសាលក្រមមក។ យើងមិនទាន់​បានទទួលសំ​ណើ [ពីលោក កឹម សុខា] ដើម្បីតំណាងឱ្យសំណុំរឿងរបស់លោក​នៅឡើយ​ទេ។ ទោះ​បីជា​​លោក​​​ត្រូវ​ការ​មេធាវី​ក៏​ដោយ ក៏​យើង​មិន​ដឹង​ថា ទទួល​បាន​​សំណើ​នោះតាម​របៀប​ណា​​ដែរ»។

ក្នុងកាលៈទេសៈធម្មតា ទណ្ឌិតត្រូវបានអនុញ្ញាតឱ្យជួបជាមួយមេធាវីរបស់ខ្លួន​ឬ​មេធាវី​អាចជួបចុងចោទ ដើម្បីពិភាក្សាលើបណ្តឹងឧទ្ធរណ៍​របស់ខ្លួន​ ប៉ុន្តែក្នុងករ​ណីរបស់​លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ មិន​ត្រូវបានអនុញ្ញាត​ឱ្យជួបជាមួយអ្នកផ្សេងក្រៅពីសាច់ញាតិរបស់គាត់ឡើយ​។

លោក គី តិច តំណាង​មេធាវី​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា លោក​បាន​ទទួល​ព័ត៌​មាន​អំពី​សវនាការ​ ប៉ុន្តែ​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​បន្ថែម។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​មិន​អាច​និយាយ​​មុន​អំពី​ការងារ​របស់​មេធាវី​ទេ»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជា​ជន​កម្ពុជា​ដែលកំពុង​កាន់អំណាច​បដិសេធ​ធ្វើអត្ថាធិប្បាយលម្អិតអំពី​បណ្តឹងឧទ្ធរណ៍ ដោយសង្កត់ធ្ងន់ថា ការងារនេះ​ គឺ​ស្ថិតនៅក្រោមយុត្តាធិការរបស់តុលាការ។

លោកបាន​ប្រាប់​ខេមបូចាថា៖ «កុំ​ឱ្យ​អ្នកនាំពាក្យ​រដ្ឋាភិបាល ឬអ្នក​នាំពាក្យ​​គណបក្ស​និយាយ។ គេ​ [សាធារណៈជន​] នឹង​ចោទប្រកាន់​ [ស្ថាប័ន​នី​តិ​​​ប្រតិបត្តិ] ថា ​​លូកដៃចូលកិច្ចការផ្ទៃ​ក្នុង​​របស់​តុលាការទៀតហើយ។ អ៊ីចឹង​ខ្ញុំ​អត់​មាន​យោបល់​អី​ទេ»។

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ស្ថានការណ៍​នយោបាយ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​ ចំ​​ពេល​ដែល​សាលា​ឧទ្ធរណ៍​បើក​សវនាការ​លើ​សំណុំ​រឿង​​របស់​លោក កឹម សុខា ដែល​ជាប់​ចោទ​ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ផ្អែក​តាម​ការ​សង្កេត​របស់​យើង​លើ​សំណុំ​រឿង​នយោបាយ យើង​មិន​មាន​សង្ឃឹម​ច្រើន​លើការ​ច្រាន​​ចោល​ [សាលក្រម] ដោយ​​​សាលា​ឧទ្ធរណ៍​នោះទេ»។ លោក​បន្ត​ថា៖​ «ដោយសារ​បញ្ហា​នោះ យើង​មិន​រំពឹង​ថា ​នឹង​ឃើញ​មាន​ការ​ប្រែប្រួលក្នុង​ស្ថានភាព​នយោបាយ​នោះ​ទេ»។

លោក នី សុខា មាន​ប្រសាសន៍បន្ថែមថា៖ «រហូតមកដល់ពេលនេះ យើងសង្កេតឃើញថាស្ថានភាពនឹងក៏មិនទាន់មានអ្វីជាការកត់សំគាល់ថាមានការប្រែប្រួលអ្វីប្រសើរទ្បើងដែរ។ យើងនៅតែមានចំនុចព្រួយបារម្ភដដែល ពីព្រោះសកម្មជនមួយចំនួន ​ថ្នាក់ដឹកនាំ​មួយចំនួនរបស់គណ​បក្ស​ប្រឆាំង​ណា​ម្នាក់​ត្រូវ​បាន​ដោះ​លែង ឬ​ក៏​ការ​ចោទ​ប្រកាន់​លើ​ពួក​គាត់​ត្រូវ​បាន​ទម្លាក់​ចោល​នោះ​ទេ»។

លោកបានកត់សម្គាល់ថា ស្ថានការណ៍នយោបាយរបស់ប្រទេសកាន់តែអាក្រក់​ស្របពេល​សិទ្ធិ​មនុស្ស​ធ្លាក់ចុះ​ចាប់តាំងពីការរំលាយគណបក្ស​សង្គ្រោះជាតិ​ដែលជា​គណបក្សប្រឆាំងកាល​ពី​ឆ្នាំ២០១៧ និងការកើនឡើង នៃការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ និងសកម្មជនបរិស្ថាន​។

បញ្ហា​នេះរាប់បញ្ចូលទាំងការ​ឃុំខ្លួនក្នុង​ពន្ធនាគារ​មេធាវី​ដើម​កំណើត​ខ្មែរសញ្ជាតិ​​អាមេរិក​និងជា​អ្នកតស៊ូមតិផ្នែក​សិទ្ធិមនុស្សកញ្ញា សេង ធារី ដែលត្រូវបានកាត់ទោស​កាលពីខែមិថុនា ឆ្នាំ២០២២ រួម​ជាមួយនឹងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនទៀតពីបទរួម​គំនិត​ក្បត់​ និងញុះញង់ប្រជា​ពល​រដ្ឋ​ឱ្យផ្តួលរំលំរដ្ឋាភិបាល។

លោក សុខា បានមានប្រសាសន៍ថា៖ «យើងគិតថា [ជាមួយ​នឹង​​] ការចូល​​កាន់តំណែង​របស់​នាយករដ្ឋមន្ត្រីថ្មី [ហ៊ុន ម៉ាណែត] វាគឺ​ជា​ការ​ល្អប្រសិនជានាយករដ្ឋមន្ត្រីធ្វើឲ្យមានការប្រែប្រួលផ្សះផ្សាស្ថានការណ៍នយោបាយនៅក្នុងសង្គមកម្ពុជាជារឿងមួយល្អ»។

លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធាន​គណបក្ស​កែ​ទម្រង់​កម្ពុជា និង​ជា​សមាជិក​នៃ​សម្ព័ន្ធ​ឆ្ពោះទៅ​អនាគត សង្ឃឹម​ថា លោក ហ៊ុន ម៉ាណែត នឹង​កែលម្អ​ស្ថានការណ៍​នយោបាយ និង​សិទ្ធិ​មនុស្ស​ដែល​នៅ​មាន​បញ្ហា។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​បញ្ហា​ទាក់​ទង​នឹង​ការ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ខណៈ​​ដែល​ពិភពលោក​គេ​មើល​ឃើញ​ថា យើង​មាន​បញ្ហា [នយោបាយ] ប៉ុន្តែយើង​ខ្លួនឯង​មើលមិន​ឃើញ​បញ្ហា​ទាំង​នេះទេ​» ។

លោក​មាន​ប្រសាសន៍បន្ត​​ថា៖​ «ទោះបី​យើង​ដឹង​ថា ​រដ្ឋាភិបាល​ថ្មី​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក៏​ដោយ ក៏​មិន​មាន​អ្វី​ប្រែប្រួល​ដែរ។ ខ្ញុំមិនមានសង្ឃឹមច្រើនអំពី​ការកែ​​ប្រែណា​មួយនៅឆ្នាំ២០២៤ ឬ២០២៥ទេ»។

បើទោះបីជា​លើក​​ឡើងបែប​នេះក៏ដោយ​ លោក​បាន​ទទូច​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ដើម្បី​សម្រេច​បាន​ការ​បង្រួប​បង្រួម​ជាតិ ព្រម​ទាំង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ឡើង​វិញ។

ដោយ​ឡែក​ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍ថា កង្វល់ដែលសង្គមស៊ីវិលលើកឡើងទាក់ទងនឹងស្ថានការណ៍នយោបាយមិនឆ្លុះបញ្ចាំងពីការពិតរបស់ប្រទេសដែលមានសន្តិភាពនោះទេ។

លោក​បាន​មាន​ប្រសាសន៍ថា៖ «ស្ថានការណ៍ប្រទេស​កម្ពុជា​ល្អ​ឬ​អាក្រក់​មិន​អាស្រ័យ​លើ​ពួកគាត់ប៉ុន្មាន​​នាក់​និយាយ​ទេ​» ដោយ​លោក​បាន​បន្ថែម​ថា ​ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស​កំពុង​រស់នៅ​ដោយ​សុខ​សន្តិភាព​ ខណៈ​សេដ្ឋកិច្ច​មាន​​ការ​រីកចម្រើន​។

លោក​មាន​ប្រសាសន៍ថា៖ «នេះ​គឺជាលទ្ធផលជាក់ស្តែង ​ដែល​គ្រប់​​គ្នា​ឃើញ​នឹង​​ភ្នែក មិន​ដូច​ពាក្យដែល​ក្រុម​អង្គការសង្គម​ស៊ីវិល​មួយ​ចំនួន​តូច​នោះ​និយាយទ្បើយ។ ចំណែក​វិធានការ​ផ្លូវ​ច្បាប់ ត្រូវ​តែ​អនុវត្ត​​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Jan 30 Fixed For Kem Sokha’s Appeal As Civil Societies Hope For Political Space Restoration

431 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម