សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជប៉ុនផ្ដល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន១លានដូសដល់កម្ពុជា ដែលធ្វើឲ្យបន្ថយការពឹងពាក់លើចិន

វ៉ាក់សាំងប្រភេទ AstraZeneca ជំនួយរបស់អង្គការយូនីសេហ្វតាមរយៈយន្តការCOVAX បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅដើមឆ្នាំនេះ។ រូបភាពថតកាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
វ៉ាក់សាំងប្រភេទ AstraZeneca ជំនួយរបស់អង្គការយូនីសេហ្វតាមរយៈយន្តការCOVAX បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅដើមឆ្នាំនេះ។ រូបភាពថតកាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ខណៈ​យុទ្ធនាការ​ចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំង​ប្រទេស​ពឹងផ្អែក​លើ​វ៉ាក់សាំង​ផលិត​នៅ​ប្រទេស​ចិន​ស្ទើរ​ទាំងស្រុង ជំនួយ​វ៉ាក់សាំង​ថ្មី​របស់​ជប៉ុន​ អាច​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​មានភាព​ចម្រុះ​​ក្នុង​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​។​​

​រដ្ឋា​ភិបាល​ជប៉ុនកាលពីថ្ងៃអង្គារ​ បាន​ប្រកាស​ពី​ការផ្ដល់​វ៉ាក់សាំង​កូវីដ១៩​ AstraZeneca ចំនួន​១លាន​ដូស ដល់​កម្ពុជា ដែល​ជប៉ុន​បាន​ហៅ​ការ​ផ្ដល់ជំនួយ​នេះ​ថា ជា​ការ​ធ្វើ​ការ​រួម​គ្នា​ជាមួយ «មិត្ត​ដ៏​សំខាន់» រវាង​ប្រទេស​ទាំង​ពីរ​ និង​ផ្អែក​លើ​ចំនួន​ករណី​ឆ្លង​កំពុង​កើន​ឡើងនៅកម្ពុជា​។

​ឯកអគ្គរាជទូត​ជប៉ុនប្រចាំ​កម្ពុជា​លោក មិកាមិ ម៉ា​សាហ៊ី​រ៉ូ (Mikami Masahiro) លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថាវ៉ាក់សាំង​ដែល​បាន​ផ្ដល់​អាជ្ញាបណ្ណ​ផលិត​ក្នុង​ប្រទេស​ជប៉ុន​នេះ នឹង​ដឹក​មក​ដល់ប្រទេស​កម្ពុជា​នៅពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​ការ​រៀប​ចំ​ភស្តុភា​ដោយ ​COVAX​ បាន​បញ្ចប់​​។ ​​​

លោក​មាន​ប្រ​សាសន៍​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ​១៩​ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភមួយចំនួន​​របស់​ប្រជា​ជន​កម្ពុជា​»។

​​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ រដ្ឋាភិបាល​ជប៉ុន គិត​មក​ដល់​ពេល​នេះ​បាន​ផ្ដល់​ជំនួយ​សរុប​​គិត​​ជា​ទឹក​ប្រាក់​​ជាង​៥០​លាន​ដុល្លារសម្រាប់​វិបត្តិ​កូវីដ១៩ រួម​មាន​បរិក្ខាពេទ្យ ការកែលម្អ​មន្ទីរពេទ្យ​ និង​បរិក្ខា​សម្រាប់​រក្សា​ទុក​វ៉ាក់សាំង​ឲ្យបាន​ត្រឹម​ត្រូវ​។ ភាគី​ជប៉ុន​ក៏បាន​ផ្ដល់​ការគាំទ្រ​ដល់​អង្គការ​អន្តរជាតិ​នានា​ សម្រាប់​វិធានការ​ទប់​ស្កាត់​ការចម្លង​ជំងឺ​នៅ​តាម​ព្រំ​ដែន​ ក៏​ដូច​ជា​ការ​ផ្ដល់​កម្ចី​ប្រមាណ​ជា​២២៧​លាន​ដុល្លារ សម្រាប់​ប្រើ​ប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភ​ជា​សាច់​ប្រាក់​ដល់​ប្រជា​ពល​រដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​សារ​កូវីដ១៩ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​។​

លោក មិកាមិ បានបន្ត​​ថា​៖ «ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩​ដែល​ជា​បញ្ហា​ពិភព​លោក​នេះ ជប៉ុន​នឹង​បន្ត​សហការ និង​ធ្វើការ​រួម​គ្នា​ជាមួយកម្ពុជា​ដែល​ជា​​មិត្ត​ដ៏​សំខាន់​របស់​យើង»។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រ​សួង​សុខាភិបាល មាន​ប្រសាសន៍​ថា ជំនួយ​នេះ​បង្ហាញពីការគាំទ្រ​របស់​ជប៉ុន និង​ «កិច្ចសហការល្អ» ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹងការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩​។

លោកស្រី បន្ត​ទៀតថា៖ «វ៉ាក់សាំង​នេះ​មិន​ត្រឹម​តែជា​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ​សម្រាប់ជនបរទេស​ផង​ដែរ ដែល​បាន​រស់​នៅ​ប្រទេស​កម្ពុជា និង​បាន​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ»។​

ជំនួយ​នេះ​ បាន​​ជួយ​ឲ្យ​ កម្ពុជា​ឈរ​នៅ​​ជា​ប្រទេស​មួយ​មាន​អត្រា​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ១៩ បាន​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​តំបន់អាស៊ាន​។

មក​ដល់​ពេល​នេះ កម្ពុជា បាន​ប្រើ​ប្រាស់​វ៉ាក់សាំង​ផលិត​នៅ​ប្រទេស​ចិន ស៊ីណូវ៉ាក់ និង​ស៊ីណូហ្វាម។ ជាមួយ​គ្នា​នេះ​ដែរ យន្តការ COVAX បាន​សន្យា​ថា​នឹង​ផ្ដល់​វ៉ាក់សាំង​២០ភាគរយនៃចំនួនប្រជាជនសរុបដែលត្រូវចាក់ ឬជិត​៧លាន​ដូស​​​​មក​កម្ពុជា តែ​មក​ដល់ពេល​នេះ​កម្ពុជា​បានទទួល​ត្រឹម​ ៣២៤ ០០០​ដូស ប៉ុណ្ណោះ​។​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី​១ ខែកក្កដា មាន​ប្រសាសន៍​ថា​កម្ពុជា​កំពុង​ពឹង​ពាក់​លើ​វ៉ាក់សាំង​របស់​ចិន ខណៈ​ប្រភព​ផ្សេង​ទៀត​មិន​ទាន់​បាន​បញ្ជូន​មក​កម្ពុជា​នៅ​ឡើយ​។ លោក​បាន​បញ្ជាក់​ថា វ៉ាក់សាំង​ជិត​១១​លាន​ដូស​ បាន​បញ្ជូន​ពី​ប្រទេស​ចិន​ដល់​កម្ពុជា​រួច​រាល់​ហើយ​ដែរ​។

លោក​មានប្រសាសន៍​ថា៖ «​យើង​ពឹង​​លើ​ចិន​សម្រាប់​យុទ្ធសាស្រ្ត​វ៉ាក់សាំង​របស់​យើង»។ ដោយលោក​បន្ថែម​ថា៖ «​ប្រ​សិន​បើ​ខ្ញុំ​[រង់ចាំ​វ៉ាក់សាំង​ពី​ប្រភព​ផ្សេង] យើង​នឹង​មិន​មាន​វ៉ាក់សាំង​សម្រាប់​ប្រជា​ពល​រដ្ឋ​ទេ។ ប្រ​សិន​បើ​យើង​មិន​មាន​មិត្តចិន យើង​អាច​នឹង​មិន​មាន​វ៉ាក់សាំងចាក់​ជូន​ប្រ​ជា​ពល​រដ្ឋ​​បួន​លាន​នាក់​នោះទេ ហើយ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ គឺ​ត្រឹមត្រូវ [យើង​មិ​ន​ខ្វល់​] អ្នកណា​ចង់​ថាអី​ថា​ទៅ​»។​

ទន្ទឹម​នឹង​មាន​វ៉ាក់សាំង​សរុប​១១​លាន​ដូស លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​២០​លាន​ដូស​ពី​ប្រទេស​ចិនពីរវាង​ខែកក្កដា និងសីហា ដោយ​៥លាន​ដូស​នឹង​​មក​ដល់​នៅ​ខែ​កក្កដា និង​៤​លាន​ដូស​ទៀត​នឹង​មក​ដល់​នៅ​ខែ​សីហា​។  ដោយ​គិត​ចាក់​វ៉ាក់សាំង​ពីរ​ដូស​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ម្នាក់ កម្ពុជា​នឹង​អាច​ចាក់​វ៉ាក់សាំង​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ​ចំនួន​១០​លាន​នាក់​។​

លោកស្រី ឱ វណ្ណឌីន ឲ្យ​ដឹងថា​គិត​មក​ដល់​ពេល​នេះ ចិនបាន​ផ្ដល់ជំនួយ​វ៉ាក់សាំង​ស៊ីណូហ្វាម​ចំនួន​២.២លានដូស ហើយ​ចំនួន​ផ្សេងទៀត រួម​ទាំង​ស៊ីណូវ៉ាក់ផង ​គឺរដ្ឋាភិបាលបាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​។​​

នៅ​ពេល​ដែល​វិបត្តិ​កូវីដ​១៩ កាន់តែ​រាល​ដាល​ខ្លាំង ការ​ផ្ដល់​វ៉ាក់សាំង​​ក្លាយ​ជាឧបករណ៍​ការទូត​។ ​

អ្នក​វិភាគ​នយោបាយ លោក មាស នី បាន​ប្រាប់ខេមបូចា ថាស្របពេល​ដែល​លោក​បាន​មើល​ឃើញ​ពី​សារ​សំខាន់​របស់​វ៉ាក់សាំង​បង្ការ​កូវីដ១៩របស់​ចិន លោក​ក៏​ជឿ​ដែរថា​កម្ពុជា​គួរ​តែ​អាច​ធ្វើ​ទំនាក់​ទំនង​​ជាមួយ​បរទេស​ផ្សេង​ទៀត​។​

លោក មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​មិ​ន​គិត​ថា​កម្ពុជា​គួរតែពឹង​ពាក់​ចិន​តែ​មួយ​នោះទេ​ ​ពីព្រោះ​កម្ពុជា​អា​ច​មានលទ្ធភាពសុំជំនួយ​ពី​ដៃ​គូអន្តរជាតិ​ផ្សេង​ទៀត​»។

លោក មាស នី បាន​កត់​សម្គាល់​ថា រដ្ឋាភិបាល​ងាក​ទៅ​រក​ចិន​កាន់​តែ​ខ្លាំង​ ខណៈ​ប្រជា​ប្រិយភាព​ក្នុង​ប្រទេស​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​។​

លោក​លើក​ឡើង​ថា៖ «​ប្រជា​ប្រិយភាព​គណបក្ស​កាន់​អំណាចបាន​ធ្លាក់ចុះ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ និង​២០១៧ ពេល​ដែល​រដ្ឋាភិបាល​ចាប់​ផ្ដើម​ប្ដូរ​ជំហរ​ក្នុង​ការ​មាន​ទំនាក់​ទំនង​ជាមួយ​លោក​ខាង​លិច និង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ចិន​ និង​នាំ​ប្រទេស​ងាកចេញ​ពី​ផ្លូវ​ប្រ​ជា​ធិបតេយ្យកាន់តែខ្លាំង​»។​

​ទោះ​យ៉ាងណា ជំនួយ​វ៉ាក់សាំង​ពី​ដៃគូ​ផ្សេង​ទៀត​មិន​ទាន់​កើត​មាន ដូច​អ្វី​ដែល​ចិន​បាន​ធ្វើ​នោះទេ​។

កន្លង​មក​ប្រទេស​អូស្រ្តាលី ក៏​បាន​សន្យា​ផ្ដល់វ៉ាក់សាំង​បី​លាន​ដូស​ឲ្យ​កម្ពុជា ។ លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ស្នើ​សុំ​វ៉ាក់សាំង​ចំនួន​បួន​លាន​ដូស​ពី​សហរដ្ឋអាមេរិក ហើយ​អ្វី​ទាំង​អស់នេះ​ស្ថិត​នៅ​ក្នុង​សភាព​មិន​ច្បាស់​លាស់​នៅឡើយ និង​មិន​ដឹង​ថា​នឹង​មកដល់​នៅពេល​ណា​ដែរ។​

លោក​ស្រី ឱ វណ្ណឌីន មាន​ប្រសាសន៍​ថា​គិត​មក​ដល់​ពេលនេះ កម្ពុជា​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​​ពីភាគី​អូស្រ្តាលី​ទាក់ទង​នឹង​វ៉ាក់សាំង​នេះ​នៅ​ឡើយ​។ ចំណែក​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​បាន​ប្រាប់​ខេមបូចា​តាម​រយៈអ៊ី​ម៉ែល​ថា អូស្រ្តាលី​នឹង​ផ្ដល់ជំនួយ​២៨​លាន​ដុល្លារ​ គាំទ្រ​ដល់​យុទ្ធនាការ​សុវត្ថិភាព និង​ប្រសិទ្ធ​ភាព​នៃ​ការ​ចាក់វ៉ាក់សាំង​​នៅ​កម្ពុជា។​

អ្នក​នាំ​ពាក្យ​ស្ថានទូតអូស្ត្រាលី​​បាន​ឲ្យដឹងថា៖ «កញ្ចប់​ជំនួយ​នេះ​នឹងគាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចែកចាយ និង​ចាក់វ៉ាក់សាំង តាម​ដាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​វ៉ាក់សាំង និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្រ​ជាពល​រដ្ឋ​កម្ពុជា​បាន​ទទួល​ព័ត៌មាន​ពី​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​»។ យ៉ាងណា អ្នកនាំពាក្យមិន​បាន​និយាយ​លម្អិត​ថា​ជំនួយ​នេះ​ផ្ដល់​នៅពេល​ណា និង​ធ្វើ​ឡើង​តាមរបៀប​ណា​ទេនោះទេ​។​

អ្នកនាំពាក្យបានបន្ថែមថា អូស្រ្តាលី​នឹង​ផ្ដល់​ជំនួយ​បន្ថែម​៥០​លាន​ដុល្លារ​ទៀត ក្នុង​គម្រោង​ជំនួយ​អភិវឌ្ឍន៍​នៅ​ឆ្នាំ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​ឆ្លើយ​តប​កូវីដដ១៩ កម្ពុជា​អូស្រ្តាលី ដែល​បាន​ដាក់ចេញ​កាលពី​ខែធ្នូ ឆ្នាំ២០២០​។

ខណៈ​​ដែល​​ទំនាក់​ទំនង​អន្តរជាតិ​កំពុង​តែ​បន្តកើតមានឡើង មន្ត្រី​សុខាភិបាល​កម្ពុជា​បាន​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ទូទាំង​ប្រទេស​។​​

ក្រ​សួង​សុខាភិបាល បាន​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ​កាលពី​សប្ដាហ៍​មុន ស្រប​ពេល​ដែល​មន្ត្រី​សុខាភិបាល​បានចាប់​ផ្ដើម​ពង្រាយ​ការ​ចាក់វ៉ាក់សាំង​ទៅ​តាម​បណ្ដា​ខេត្ត​។​ មន្ត្រី​សុខាភិបាល ប្ដេជ្ញា​​ចាក់វ៉ាក់សាំង​ដល់​ប្រជា​ពល​រដ្ឋ​ចំនួន​១០​លាន​នាក់​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ​​។​

លោ​ក វឿង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់​ដំបង មាន​ប្រសាសន៍​ថា ​មន្ត្រី​សុខាភិបាល បាន​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពល​រដ្ឋ​កាល​ពីថ្ងៃចន្ទ​បាន​ចំនួន ​៩០០​នាក់​។ លោក​ថា យុទ្ធនាការ​នេះ​នឹង​ធ្វើ​ឡើង​រយៈពេល​មួយ​ខែ ដើម្បី​ចាក់​​ជូន​ប្រជា​ពល​រដ្ឋចំនួន​ ១០០ ០០០​នាក់​​នៅ​ក្នុង​ខេត្ត​។​

លោ​ក ប៊ុន​រ៉េត​ ឲ្យ​ដឹង​ដែរ​ថា គិត​មក​ដល់​ត្រឹម​ថ្ងៃចន្ទ ខេត្ត​បាត់​ដំបង​មាន​អ្នក​ឆ្លង​កូវីដ១៩ ជាង​១០០០​ករណី និង​មាន​អ្នក​ស្លាប់​ចំនួន​១១​នាក់​។​

លោ​ក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់​ស្ពឺ មាន​ប្រសានស៍​ឲ្យ​ដឹង​ដែរថា មន្ត្រី​សុខាភិបាល​ក្នុង​ខេត្ត​មួយ​នេះ​បាន​ចាក់​វ៉ាក់សាំង​ជូនប្រជា​ពល​រដ្ឋ​បាន​ចំនួន​២៩០ ០០០​នាក់​ហើយ។ លោក​ប្រាប់​ខេមបូចា ថាខេត្តកំពង់​ស្ពឺ​មាន​អ្នក​ឆ្លង​កូវីដ​១៩ ចំនួន​៣ ២៣២​ករណី និង​ស្លាប់​ចំនួន​៧២​នាក់​។

លោ​ក មានប្រសាសន៍​ថា៖ «​ឥឡូវនេះ យើង​កំពុង​តែ​ចាក់វ៉ាក់សាំង​ដូស​ទី​២​ដល់​ក្រុម​ងាយ​រងគ្រោះ ដូចជា​កម្មករ​រោង​ចក្រ និង​អ្នក​លក់ដូរ​នៅ​តាម​ផ្សារ»។​

នៅ​ថ្ងៃអង្គារ​នេះ​ ក្រ​សួង​សុខាភិបាល បាន​​​រកឃើញ​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​៨៣៣​ករណី​ថ្មី​បន្ថែម​ទៀត និង​មាន​អ្នកស្លាប់ចំនួន​២៨​នាក់​ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​កម្ពុជា​ឡើង​ដល់​ ៦២ ៧០០​ករណី និង​ស្លាប់ចំនួន​៩៥៣​នាក់ គិត​តាំង​ពី​វិបត្តិ​កូវីដ១៩​ផ្ទុះ​ឡើង​​នៅ​ដើម​ឆ្នាំ​២០២០​។​ (រាយការណ៍​បន្ថែម​ដោយ សំ សុពេជ្រ)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Japan donates 1 million COVID-19 vaccines to Cambodia, easing reliance on China

350 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម