អ្នកសារព័ត៌មានរបស់វីអូឌី(VOD)ម្នាក់បាននិយាយថា ខ្លួនបានរងការគំរាមកំហែងពីសំណាក់អាជ្ញាធរកាលពីថ្ងៃសៅរ៍កន្លងទៅ ខណៈកំពុងចុះយកព័ត៌មានរឿងជម្លោះដីធ្លីរវាងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងអ្នកភូមិរងផលប៉ះពាល់ក្នុងស្រុកកណ្ដាលស្ទឹង។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទនេះ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា បានឲ្យដឹងថាអ្នកកាសែតម្នាក់ទៀត ក៏បានប្រជាពលរដ្ឋជូនដំណឹងជាមុនមិនឲ្យទៅចូលរួមសន្និសីទសារព័ត៌មាននោះដែរ ដោយថានគរបាលបានគំរាមចាប់រូបលោក។
លោក ពក ខឺយ ជាអ្នកហាត់ការនៅស្ថាប័នព័ត៌មានវីអូឌី បានប្រាប់ខេមបូចា ថាលោកបានចុះទៅយកព័ត៌មាននៅសន្និសីទមួយរៀបចំដោយអ្នកភូមិមានជម្លោះជាមួយនឹងគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃសៅរ៍។
លោកបានឲ្យដឹងថា៖ «ពេលខ្ញុំសម្ភាសប្រជាពលរដ្ឋ អាជ្ញាធរស្លៀកពាក់ស៊ីវិលបានថតរូបខ្ញុំ និងម៉ូតូរបស់ខ្ញុំ»។ លោកបន្ថែមថា៖ «ក្រោយចប់សម្ភាស ខ្ញុំបានបើកម៉ូតូត្រឡប់មកភ្នំពេញវិញបានប្រហែលជា៥នាទី ប្រជាពលរដ្ឋបានទូរសព្ទប្រាប់ខ្ញុំថាមានអាជ្ញាធរតាមពីក្រោយ ខ្ញុំបានងាកក្រោយ ហើយបានចាប់អារម្មណ៍ថាមានមនុស្សពីរនាក់ជិះតាមពីក្រោយខ្ញុំមែន»។
លោកបន្តថា ពេលកំពុងបើកបរម៉ូតូ មាននរគបាលស្លៀកពាក់ឯកសណ្ឋានចំនួនប្រាំនាក់ បានព្យាយាមស្ទាក់រូបលោក តែលោកបានបន្តបើកទៅមុខក្នុងល្បឿនលឿន។
លោកបាននិយាយទៀតថា៖ «ពួកគេនៅតែតាមខ្ញុំ និងស្រែកថាគេជាប៉ូលិស និងបានហៅឲ្យខ្ញុំឈប់ ដើម្បីនិយាយគ្នា ប៉ុន្តែខ្ញុំមិនបានឈប់ទេ ហើយពេលខ្ញុំអត់ឈប់ ពួកគេបានស្រែកដាក់ខ្ញុំថាចោរៗ»។
លោក ខឺយ ថាលោកមានការភ័យខ្លាចពីសុវត្ថិភាព និងចាត់ទុកថានេះជាការគំរាមកំហែងប្រឆាំងនឹងសេរីភាពសារព័ត៌មាន។
លោកបានបន្តថា៖ «ខ្ញុំសូមសម្ដែងការសោកស្ដាយដែលអាជ្ញាធរបានបំពានទៅនឹងច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលបានធានាពីសុវត្ថិភាពសម្រាប់អ្នកកាសែត ហើយថាអ្នកកាសែតមានសិទ្ធិរាយការណ៍ និងយកព័ត៌មានគ្រប់កន្លែងដែលមិនមែនជាកន្លែងហាមឃាត់»។ លោកបានបន្ថែមទៀតថា៖ «ប៉ុន្តែអាជ្ញាធរបែរជាបន្តរឹតបន្តឹង ហើយខ្ញុំគិតថាវាជារឿងមិនល្អទេ ហើយនេះជាការដាក់សម្ពាធលើការងាររបស់អ្នកសារព័ត៌មាន»។
អភិបាលស្រុក កណ្ដាលស្ទឹង លោក អ៊ូច សៅវឿន និយាយថាលោកមិនបានដឹងពីរឿងនេះទេ។ យ៉ាងណា លោកថាអាជ្ញាធរនៅតំបន់របស់លោកមិនដែលរារាំងអ្នកកាសែតចុះយកព័ត៌មាននោះទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនដឹងអំពីរឿងនេះទេ ប៉ុន្តែបើសិនជាពួកគេគ្រាន់តែចុះយកព័ត៌មាន គ្មានអ្នកណាហាមឃាត់ទេ ពួកគេអាចចុះយកបានគ្រប់កន្លែងដែលមិនមានការហាមឃាត់»។
ស្នងការនរគបាលខេត្តកណ្ដាល លោក ឈឿន សុចិត្រ បានចុចបិទទូរសព្ទ នៅពេលអ្នកសារព័ត៌មានសួរនាំពីករណីនេះ។
លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថាលោកមិនបានដឹងពីបញ្ហានេះទេ និងថាលោកត្រូវសួរនាំទៅកាន់មន្ទីរព័ត៌មានខេត្តកណ្ដាលជាមុនសិន។
យ៉ាងណា លោកថា ជាទូទៅអ្នកកាសែត មិនអនុញ្ញាតឲ្យចូលទៅកន្លែងដែលអាជ្ញាធរកំពុងធ្វើប្រតិបត្តិការនោះទេ។
លោកថ្លែងថា៖ «អ្នកគ្មានភារៈកិច្ច[នៅទីនោះ] រួមទាំងអ្នកកាសែតផង គឺមិនអនុញ្ញាតឲ្យចូលទេ ពីព្រោះវាអាចបង្កការរំខាន និងបង្កជាឧបសគ្គដល់ប្រតិបត្តិការរបស់អាជ្ញាធរ និងអាចបង្កជាគ្រោះថ្នាក់ដល់អាជ្ញាធរដូចគ្នា»។ លោកបន្ថែមថា៖«អាជ្ញាធរមានសិទ្ធិហាមឃាត់អ្នកកាសែតមិនឲ្យចូល»។
កាលពីខែកក្កដា កន្លងទៅ ក្រសួងព័ត៌មានបានបើកភ្លើងខៀវឲ្យអាជ្ញាធរចាត់វិធានការច្បាប់ប្រឆាំងនឹងអ្នកកាសែតណាដែលមិនធ្វើតាមវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មានមិនពិត បង្កការរំខានដល់ការអនុវត្តច្បាប់។
ក្រសួង ធ្វើការសម្រេចបែបនេះ បន្ទាប់ពីអាជ្ញាធរខេត្តកណ្ដាលបានសរសេរលិខិតមួយច្បាប់ទៅក្រសួងកាលពីខែមិថុនា ដោយបានស្នើឲ្យមានវិធានការច្បាប់លើអ្នកកាសែតមួយចំនួនបានផ្សាយផ្ទាល់ពីការតវ៉ារបស់ប្រជាពលរដ្ឋប្រឆាំងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មី។
លោក លួស សេង ចាងហ្វាងការផ្សាយទូរទស្សន៍អនឡាញ LSN និងជាអ្នកសារព័ត៌មានម្នាក់ដែលជាមុខសញ្ញារបស់អាជ្ញាធរខេត្តដែរនោះ បានទទួលការការព្រមានពីអាជ្ញាធរបន្ទាប់ពីបានផ្សាយផ្ទាល់ការតវ៉ារបស់អ្នកភូមិ។
លោក បានប្រាប់ខេមបូចា នៅថ្ងៃចន្ទថា លោកមិនបានទៅចូលរួមក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍នោះទេ ពីព្រោះថា ប្រជាពលរដ្ឋបានទូរសព្ទប្រាប់លោកមិនឲ្យទៅ ខ្លាចមានការចាប់ខ្លួន។
អ្នកភូមិបានប្រាប់ខេមបូចា ថាអាជ្ញាធរបានរាយកម្លាំងតាំងពីច្រកចូលត្រង់ចំណុចផ្លូវជាតិលេខ២ រហូតដល់បរិវេណសន្និសីទសារព័ត៌មានរបស់អ្នកភូមិ។ លោកថា អាជ្ញាធរបានដេញតាមពីក្រោយលោក ខឺយ បន្ទាប់ពីអ្នកកាសែតរូបនោះបានចាកចេញពីកន្លែងប្រមូលផ្តុំ ហើយថាអ្នកភូមិប្រមាណ១០នាក់ផ្សេងទៀត ក៏បានជិះម៉ូតូតាមពីក្រោយដែរ ក្នុងគោលបំណងជួយគាត់ ក្នុងករណីមានការចាប់ខ្លួន។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ ថាសកម្មភាពនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសិទ្ធិអ្នកសារព័ត៌មាន។
លោកបន្ថែមថា៖ «ការរារាំង ការគំរាមកំហែងតាមរយៈរូបភាពផ្សេងៗមកលើអ្នកសារព័ត៌មាន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសេរីភាពរបស់អ្នកសារព័ត៌មាន ស្ថានភាពសេរីភាពបញ្ចេញមតិរបស់កម្ពុជា និងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មាន និងរបស់ប្រជាពលរដ្ឋទូទៅ»។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់ត្រាករណីបំពារបំពានលើអ្នកសារព័ត៌មានចំនួន៣៨ករណី ដែលមានអ្នកសារព័ត៌មានសរុបចំនួន៥៦នាក់ គិតតាំងពីដើមឆ្នាំនេះមក។
ដោយអះអាងថាសំណងដែលផ្ដល់ឲ្យមានតម្លៃទាបពេក អ្នកភូមិរាប់រយគ្រួសារកំពុងជាប់គាំងនៅក្នុងជម្លោះដីធ្លីជាងបីឆ្នាំហើយ មកដល់ពេលនេះ ដែលជម្លោះនេះកើតមានជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី វិនិយោគដោយក្រុមហុន OCIC ដែលតម្លៃជាង១,៥ពាន់លានដុល្លារ របស់លោក ពុង ឃាវសែ ដែលស្និទ្ធនឹងគណបក្សប្រជាជន។
កាលពីថ្ងៃទី១ ខែកញ្ញា ក្រុមហ៊ុនបានកាត់ផ្ដាច់ផ្លូវក្នុងភូមិ ធ្វើឲ្យមានការលំបាកដល់ប្រជាពលរដ្ឋចេញចូលដីស្រែរបស់ពួកគាត់។ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃទី៣ ខែកញ្ញា ដោយថាកាត់ផ្ដាច់ផ្លូវ និងបិទផ្លូវនេះ គឺដើម្បីបង្ហូរទឹកកុំឲ្យលិចការដ្ឋានគម្រោងសាងសង់ផ្លូវយន្តហោះរត់។
យ៉ាងណា អ្នកភូមិម្នាក់ឈ្មោះ ទួន វណ្ណៈ ម្ចាស់ដី០,៤០ហិកតា ដែលប៉ះពាល់ដោយផ្ទាល់ជាមួយការដ្ឋានសាងសង់ផ្លូវរត់របស់យន្តហោះនេះ បាននិយាយថា៖ «ខ្ញុំយល់ថា អាជ្ញាធរកាត់ផ្លូវនេះដើម្បីទន្រ្ទានយកដីរបស់ប្រជាពលរដ្ឋ ពីព្រោះប្រជាពលរដ្ឋមិនអាចចូលទៅក្នុងដីរបស់ខ្លួនបាន»។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរមានវិធានការជាក់លាក់ដាក់ទោសទណ្ឌលើមន្ត្រីបានបំពារបំពាន និងរំខានអ្នកសារព័ត៌មាន។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Journalists covering mega airport project face threat and harassment