តុលាការខេត្តកណ្ដាលបានចោទប្រកាន់អ្នកសារព័ត៌មានអនឡាញចំនួនបួនរូប និងចាងហ្វាងរបស់ពួកគេពីបទកំហែងយកប្រាក់នៅថ្ងៃអង្គារនេះ ដោយចោទអ្នកទាំងនោះថាបានទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយរឿងពាក់ព័ន្ធនឹងល្បែងជល់មាន់ខុសច្បាប់។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល លោក ជួន សុបញ្ញា បានឲ្យដឹងថាអ្នកទាំងប្រាំអាចប្រឈមនឹងជាប់ពន្ធនាគារចំនួនប្រាំឆ្នាំ ហើយសំណុំរឿងអ្នកទាំងនោះបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីសាកសួរបន្តហើយដែរ ខណៈស្ថាប័នតស៊ូមតិផ្នែកវិស័យសារព័ត៌មានទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅក្នុងសំណុំរឿងនេះ។
សុបញ្ញា មានប្រសាសន៍ថា៖ «ព្រះរាជអាជ្ញាបានចោទប្រកាន់ពួកគេពីបទកំហែងយកប្រាក់»។ យ៉ាងណា លោកបដិសេធផ្ដល់ព័ត៌មានលម្អិតជាងនេះ។
លោក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា អ្នកសារព័ត៌មានទាំងប្រាំរូបមកពីទូរទស្សន៍អនឡាញ BATI TV និងអ្នករត់ម៉ូតូឌុបម្នាក់ទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល កន្លែងដែលអ្នកទាំងនោះបានប្រព្រឹត្តបទល្មើសជំរិតទារប្រាក់។
សមត្ថកិច្ចឲ្យដឹងថាការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីម្ចាស់ហាងកាហ្វេ និងបានកំណត់មុខសញ្ញាជនសង្ស័យជាអ្នកសារព័ត៌មានទូរទស្សន៍អនឡាញ BATI TV មានឈ្មោះ លោកចាន់ ឫទ្ធី លោកផន ថា លោកច្រុង សុនី លោក ប្រាក់ បេន និងលោកស្រីស៊ូ ស្រីលាភ ជាចាងហ្វាង ក៏ដូចជាអ្នករត់ម៉ូតូឌុបឈ្មោះ អ៊ុក ឡា។
លោក ឡាក់ ម៉េងធី បន្ថែមថា៖ «អ្នកកាសែតទាំងនោះបានគំរាមម្ចាស់ហាងកាហ្វេ និងទារប្រាក់១០០ដុល្លារ នៅថ្ងៃទី១៩ ខែមិថុនា ជាថ្នូរនឹងមិនផ្សាយផ្ទាល់ពីល្បែងជល់មាន់»។
លោកឲ្យដឹងថា ម្ចាស់ហាងកាហ្វេកន្លងមកធ្លាប់បើកកន្លែងជល់មាន់ខុសច្បាប់ ប៉ុន្តែថាសមត្ថកិច្ចបានចាត់វិធានការច្បាប់បិទកន្លែងនោះរួចរាល់ និងបានអប់រំគាត់រួចហើយដែរ។
លោក ចាប វណ្ណនី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាលថា លោកបានដឹងពីរឿងចាប់ខ្លួននេះ ប៉ុន្តែលោកបដិសេធធ្វើអត្ថាធិប្បាយលើករណីនេះ។
លោកមានប្រសាសន៍ថា៖ «យើងមិនដឹងថាតើពួកគេជាអ្នកសារព័ត៌មានអាជីពឬអត់ផង»។
មាត្រា៣៦៣ និង៣៦៤ នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា ការកំហែងយកប្រាក់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីពីរទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពី៤ទៅ១០លានរៀល។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានមានប្រសាសន៍ថា អ្នកសារព័ត៌មានទាំងអស់បម្រើការនៅកម្ពុជាត្រូវប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួនស្របតាមច្បាប់ និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។
លោកបន្ថែមថា៖ «បើសិនជាអ្នកកាសែតធ្វើខុស និងបានប្រព្រឹត្តហួសដែនវិជ្ជាជីវៈរបស់ខ្លួន ពួកគេត្រូវប្រឈមមុខច្បាប់ចំពោះអ្វីដែលគេបានធ្វើ»។ លោកបញ្ជាក់ថា ទូរទស្សន៍អនឡាញ BATI TV បានចុះបញ្ជីនៅក្រសួងត្រឹមត្រូវ។
លោក ហ៊ីម ខទៀត មន្រ្តីគ្រប់គ្រងកម្មវិធីស្រាវជ្រាវ និងតស៊ូមតិរបស់ខេមបូចា មានប្រសាសន៍ថា អាជ្ញាធរ និងសមត្ថកិច្ចគួរតែស៊ើបអង្កេតឲ្យបានហ្មត់ចត់មុននឹងមានការចាប់ខ្លួនអ្នកសារព័ត៌មាន។
លោកមានប្រសាសន៍ថា៖ «ពួកគេមិនគួរត្រូវចាប់ខ្លួន[ភ្លាមៗ]ទេ អ្នកសារព័ត៌មានដើរតួរសំខាន់ក្នុងការរាយការណ៍ព័ត៌មានទៅដល់មហាជន»។ លោកបានអំពាវនាវឲ្យសមត្ថកិច្ចប្រើប្រាស់ច្បាប់ស្ដីពីរបបសារព័ត៌មានសម្រាប់ដាក់ទោស ជាជាងប្រើក្រមព្រហ្មទណ្ឌ។
លោក បានលើកទៅដល់សំណុំរឿងនៅខេត្តព្រះវិហារ ពេលដែលអ្នកសារព័ត៌មានចំនួនប្រាំបីនាក់ត្រូវបានចាប់ខ្លួន និងចោទថាបានជំរិតទារប្រាក់ ពេលចុះប្រមូលព័ត៌មានពីការជួញឈើខុសច្បាប់ ប៉ុន្តែសម្ថកិច្ចមិនបានចាប់អ្នករកស៊ីឈើខុសច្បាប់ និងជាអ្នកផ្ដល់ប្រាក់ឲ្យអ្នកសារព័ត៌មានមិនផ្សាយរឿងនោះទេ។
លោកមានប្រសាសន៍ថា៖ «ពួកគេ[អាជ្ញាធរ]មានចេតនារឹតត្បិតសេរីភាពសារព័ត៌មាន និងពួកគេមិនចង់ឲ្យអ្នកសារព័ត៌មានបង្ហាញពីបទល្មើស»។ លោកក៏បានអំពាវនាវឲ្យក្រសួងព័ត៌មានអន្តរាគមន៍លើសំណុំរឿងនេះផងដែរ។
ចំណែកលោក អ៊ិត សូធឿត នាយកគ្រប់គ្រងការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានប្រសាសន៍ថា ការចាប់ខ្លួននេះបង្ហាញឲ្យឃើញពីការគំរាមកំហែង និងបំបាក់ទឹកចិត្តអ្នកសារព័ត៌មាន និងបានអំពាវនាវឲ្យមានការស៊ើបអង្កេតត្រឹមត្រូវមួយមុនបន្តវិធានការច្បាប់។
លោកបន្ថែមថា៖ «ខ្ញុំសង្កេតឃើញថាថ្មីៗនេះមានសំណុំរឿងជំរិតទារប្រាក់ច្រើនប្រឆាំងនឹងអ្នកសារព័ត៌មាន»។ ដោយលោកបន្ថែមថា៖ «ខ្ញុំបារម្ភថា គេប្រើបទចោទជំរិតទារប្រាក់ដើម្បីបំបិទសំឡេងអ្នកសារព័ត៌មាន»។
នៅថ្ងៃទី៧ ខែមិថុនា តុលាការខេត្តព្រះវិហារ បានបញ្ជូនអ្នកសារព័ត៌មានចំនួនប្រាំបីនាក់មកពីស្ថាប័នព័ត៌មានផ្សេងគ្នាទៅឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទថាបានថតរូបនៅកន្លែងឯកជនដោយគ្មានការអនុញ្ញាត និងជំរិតទារប្រាក់ពីម្ចាស់ដេប៉ូឈើ។ (រាយការណ៍បន្ថែមដោយ ឃួន ណារីម)៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Journalists, publisher face five years prison over cockfighting extortion