សកម្មជនដីធ្លីម្នាក់ដែលធ្លាប់ត្រូវបានចាប់ខ្លួនក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់ បន្ទាប់ពីផ្សាយផ្ទាល់លើបណ្តាញហ្វេសប៊ុកជុំវិញបញ្ហាជម្លោះដីធ្លីរវាងអ្នកភូមិនិងអ្នកភូមិ។
នគរបាលបានបញ្ជាក់ប្រាប់ខេមបូចាថា កាលពីថ្ងៃសៅរ៍អាជ្ញាធរពិតជាបានចាប់ខ្លួនអ្នកស្រី អ៊ុំ សុភី ក៏ដូចជាស្វាមីអ្នកស្រីគឺ លោក ស្ងួន ញឿន រួមទាំងអ្នកស្រី ទួន សេង ដែលជាអ្នកភូមិម្នាក់ទៀតមែន ដោយចោទថាបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ មកដល់ល្ងាចថ្ងៃចន្ទ អ្នកនាំពាក្យតុលាការខេត្តកំពង់ឆ្នាំង លោក ហុង គឹមហាក់ បានប្រាប់ថាចៅក្រមស៊ើបសួរ បានសម្រេចចោទប្រកាន់អ្នកភូមិទាំង៣នាក់ករណីផ្សេងៗពីគ្នា។
អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា អ្នកស្រី សុភី និងស្វាមី ត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់ដើមបណ្តឹង។ ដោយឡែក អ្នកស្រី សេង ត្រូវបានចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិពីដើមបណ្តឹងដែលជាអ្នកជិតខាង។
លោក គឹមហាក់ បានបន្តថា អ្នកទាំង៣ឥឡូវនេះកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។ តុលាការមិនបានផ្តល់ព័ត៌មានលម្អិតពីមូលហេតុនៃការចោទប្រកាន់នោះទេ។
ការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីអ្នកស្រី សុភី បានផ្សាយផ្ទាល់ពីជម្លោះដីធ្លីនៅភូមិតាមុលលើ ស្រុកជលគិរី។តាមលោក ប្រាក់ សុភុំ រស់នៅភូមិតាមុលលើដែលបានប្រាប់ថាលោកបានឃើញហេតុការណ៍ផ្ទាល់ បានថ្លែងថាការចោទប្រកាន់ប្រឆាំងអ្នកទាំង៣គ្មានមូលដ្ឋាននោះឡើយ។ លោក សុភុំ បន្តថា ជនជាប់ចោទ ឈ្មោះ សុភីបានមកមើលដីឈ្មោះ សេង ដែលមានជម្លោះជាមួយអ្នកភូមិម្នាក់ទៀត និងមន្ត្រីមូលដ្ឋាន។ លោក សុភុំ ប្រាប់ខេមបូចាថា ប្រជាពលរដ្ឋ ៥គ្រួសារ រួមទាំងលោកផ្ទាល់ផង កំពុងតវ៉ាជាមួយអាជ្ញាធរមូលដ្ឋាន ដោយចោទប្រកាន់ថាអាជ្ញាធរកាត់ចំណែកដីមួយចំនួនរបស់ពួកគេយកទៅចែកឱ្យគ្រួសារផ្សេង។
លោក សុភុំ បានប្រាប់ថាអាជ្ញាធរកំពុងបែងចែកដីឱ្យប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ នៅភូមិតាមុលលើ ចាប់ពីដីទំហំ ១៥គុណ ៥០ម៉ែត្រ ដល់អ្នកដែលរស់នៅក្នុងតំបន់នោះពីមុន និង ៧គុណ ៥០ម៉ែត្រ ដល់អ្នកចំណូលថ្មី។
លោកបានបន្ថែមថា អ្នកស្រី សេង ជាសមាជិកសហគមន៍ឡពាង ហើយបានសុំឱ្យអ្នកស្រី សុភី ជួយផ្សព្វផ្សាយព័ត៌មានអំពីជម្លោះដីធ្លីរបស់ខ្លួន។ លោក សុភុំ បានបន្តថា ការចោទប្រកាន់ជនទាំង៣នេះ គឺមកពីអ្នកស្រី សេង ដុតសំរាមនៅក្បែរទ្រុងគោក្របីរបស់អ្នកភូមិម្នាក់ទៀត។ បើតាមលោក សុភុំ រោងនោះមិនត្រូវបានភ្លើងឆាបឆេះទេ តែករណីនេះជាកម្មវត្ថុនៃពាក្យបណ្តឹងផ្លូវច្បាប់។
លោកបានថ្លែងថា៖ «ពួកគាត់មិនបានធ្វើខូចខាតទ្រុងគោក្របីទេហ្នឹងទេ។ ខ្ញុំគិតថាវាជាការរំលោភសិទ្ធិប្រជាពលរដ្ឋ ដែលពួកគាត់ត្រូវបានគំរាមកំហែងជុំវិញបញ្ហាដីធ្លី»។លោក ជិន ថាណា មេឃុំកោះថ្កូវ បានបដិសេធការចោទប្រកាន់ដែលថាអាជ្ញាធរយកដីពីពួកគេ ប៉ុន្តែលោកបាននិយាយថា អ្នកស្រី សេង ទៅវិញទេទៅកាន់កាប់ដីអ្នកដទៃដែលរដ្ឋាភិបាលផ្តល់ឱ្យ។
លោក បានប្រាប់ថា៖ «វាមិនពាក់ព័ន្ធនឹងអាជ្ញាធរយកដីគាត់ទេ ប៉ុន្តែតាមពិតគាត់បានទន្ទ្រានយកដីអ្នកផ្សេង»។
មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា មានប្រសាសន៍ថាករណីប្រើប្រាស់ផ្លូវច្បាប់បែបនេះហាក់ដូចជារំលោភសិទ្ធជនជាប់ចោទ។ លោក ចាន់គា កត់សម្គាល់ថាអ្នកស្រី សុភី និងស្វាមី មិនពាក់ព័ន្ធនឹងជម្លោះដែលត្រូវបានចោទប្រកាន់នេះទេ ដោយថាពួកគេគ្រាន់តែផ្សាយផ្ទាល់ពីកន្លែងមានជម្លោះតែប៉ុណ្ណោះ។
លោកបានបន្តថា៖ «វាជាចេតនាមិនសុច្ចរិតរបស់អាជ្ញាធរដោយយកលេសថារឿងដីនោះ ហើយបង្ក្រាបសកម្មជនដីធ្លីដែលហ៊ានចេញមកជួយប្រជាពលរដ្ឋដែលរងគ្រោះ»។ លោកបានបន្ថែមថាអាជ្ញាធររំលោភសិទ្ធបញ្ចេញមតិរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោក ចាន់គា បានប្រាប់លោកនឹងស៊ើបអង្កេតបន្ថែមទៀតជុំវិញករណីជម្លោះដីធ្លីដែលលោក សុភុំ បានបរៀបរាប់នេះ។
ក្នុងនាមជាអ្នកដែលនិយាយមិនសំចៃមាត់ពីបញ្ហាដីធ្លី អ្នកស្រី សុភី ត្រូវរងការស៊ើបអង្កេតផ្លូវច្បាប់ជាច្រើនករណី។ កាលពីចុងខែកញ្ញា សាលាដំបូងខេត្តកំពង់ឆ្នាំង បានសាកសួរសកម្មជនដីធ្លី៤នាក់ រួមទាំង អ្នកស្រី សុភី ជុំវិញបណ្តឹងប៉ុនប៉ងមនុស្សឃាត និងបំផ្លិចបំផ្លាញដោយចេតនា បន្ទាប់ពីពួកគេត្រូវបានចោទថាបានប្រើកាំបិតបំផ្លាញអួនរបស់អ្នកនេសាទនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច។
ដើមបណ្តឹងក្នុងករណីនោះជាអ្នកនេសាទក្នុងផ្នែកមួយនៃបឹងពោធិ៍ដែលសកម្មជនចាត់ទុកថាជាបឹងអភិរក្សប៉ុន្តែមិនត្រូវបានអាជ្ញាធរទទួលស្គាល់នោះទេ។ ទោះបីជាសកម្មជនម្នាក់ បានសារភាពថាខ្លួនពិតជាបានបំផ្លាញអួនពិតមែន ប៉ុន្តែ៤នាក់ទៀតបានបដិសេធពីចេតនាបង្កអំពើហិង្សាណាមួយ។
ជាមួយគ្នានេះ សហគមន៍ឡពាង បាននិងកំពុងមានជម្លោះដីធ្លីរយៈពេលជិតពីរទសវត្សរ៍មកហើយជាមួយក្រុមហ៊ុនKDC ដែលជាកម្មសិទ្ធិរបស់លោកស្រី ជា ខេង ដែលជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ក្រុមហ៊ុនKDC ទាមទារកម្មសិទ្ធិលើផ្ទៃដី ៥១២ ហិកតា ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច។ ប្រជាពលរដ្ឋរាប់សិបគ្រួសារមិនទាន់ដោះស្រាយវិវាទជាមួយក្រុមហ៊ុន KDC បាននៅឡើយទេ ដោយពួកគេនិយាយថាក្រុមហ៊ុនបានរំលោភយកដីរបស់ពួកគេប្រហែល១០០ហិកតាក្នុងឆ្នាំ២០០២។
កាលពីថ្ងៃទី៨ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសអ្នកភូមិចំនួន៤ នាក់ រួមទាំង អ្នកស្រី សុភី និង លោក រាជ សីម៉ា ឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ បំផ្លិចបំផ្លាញដោយចេតនានិងប្រើប្រាស់អំពើហិង្សាលើទ្រព្យសម្បត្តិដែលកាន់កាប់ដោយបុគ្គលម្នាក់ក្នុងឆ្នាំ ២០១២។នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយពាក់ព័ន្ធនឹងក្រុមហ៊ុន KDC តុលាការរាជធានីភ្នំពេញកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ បានកាត់ទោសអ្នកស្រី សុភី និងអតីតមេភូមិឡពាង លោក ទូច លី ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយបានផ្តន្ទាទោសសកម្មជនរូបនេះឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ បន្ទាប់ពីរកឃើញថាមានទោសពីបទញុះញង់អ្នកភូមិឱ្យធ្វើស្រែចម្ការលើដីដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន KDC៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kampong Chhnang land activists charged after livestreaming dispute