សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

តុលាការខេត្ដកំពង់ឆ្នាំងសម្រេចចោទប្រកាន់អភិបាលស្រុករងម្នាក់ និងបក្ខពួកពីររូបទៀតពាក់ព័ន្ធនឹងការឈូស​ឆាយ​ព្រៃលិចទឹក

សាលាដំបូងខេត្ដកំពង់ឆ្នាំងដែលបានផុសលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។ (ទំព័រហ្វេសប៊ុកសាលាដំបូងខេត្តកំពង់ឆ្នាំង)
សាលាដំបូងខេត្ដកំពង់ឆ្នាំងដែលបានផុសលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។ (ទំព័រហ្វេសប៊ុកសាលាដំបូងខេត្តកំពង់ឆ្នាំង)

សាលាដំបូងខេត្ដកំពង់ឆ្នាំងសម្រេចចោទប្រកាន់អភិបាលស្រុករងម្នាក់ និងជនសង្ស័យពីរនាក់​ទៀត​ពីបទ​«បំផ្លាញ និងគៃបំបាត់ និង​បទ​កាប់ឆ្ការគាស់​រាន ឈូស​ឆាយ​​​ព្រៃ​លិចទឹក»​ និង​«សមគំនិត»​នៅថ្ងៃទី៣ ខែមេសាបន្ទាប់​ពី​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​​ឃាត់ខ្លួន​កាលពីថ្ងៃ​ទី៣០ ខែមីនា ដោយសារតែបានទន្រ្ទានដីលិចទឹក​៩ហិកតាមកជា​កម្មសិទ្ធិ​។

យោងតាមសេចក្ដីប្រកាសរបស់សាលាដំបូងខេត្ដកំពង់ឆ្នាំងដែល ខេមបូចា ទទួលបាន​បញ្ជាក់​ថា ក្រោយពីបានពិនិត្យសំណុំរឿង ស្ដាប់​ចម្លើយជនសង្ស័យ ព្រមទាំងផ្អែកលើភស្ដុតាង​ក្នុង​សំណុំ​​​រឿងតំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យចំនួន២នាក់  រួមមាន អភិបាលរងស្រុកកំពង់លែងម្នាក់ និងប្រធានការិល័យស្រុកម្នាក់ពីបទ«បំផ្លាញ និង​គៃបំបាត់ និងបទកាប់ឆ្ការគាស់​រាន ឈូសឆាយព្រៃលិចទឹក»​តាមបញ្ញត្ដិមាត្រា៦០៨​នៃ​ក្រម​ព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ប្រឆាំងអំពើពុករលួយ។ និងពលរដ្ឋ​ម្នាក់ទៀតជាម្ចាស់​អាជីវកម្ម​ពីបទ«សមគំនិតក្នុងការបំផ្លាញ និងគៃបំបាត់ និងកាប់ឆ្ការគាស់រាន ឈូសឆាយ​ព្រៃ​លិចទឹក»តាមបញ្ញត្ដិមាត្រា​២៩ និងមាត្រា៦០៨នៃក្រមព្រហ្មទណ្ឌ និងមាត្រា៩៨ចំណុច​១​នៃ​ច្បាប់​ស្ដីពីជលផលដែលប្រព្រឹត្ដនៅចំណុចតាទុំ ស្ថិតនៅភូមិកង្កែប ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ដកំពង់ឆ្នាំង។

ជនជាប់ចោទទាំង៣នាក់ រួមមាន ឈ្មោះ​ ពុំ សុផល ភេទ​ប្រុស អាយុ៥៩ឆ្នាំ មុខរបរ អភិបាល​រង​ស្រុកកំពង់លែង ហើយឈ្មោះ លឹម ដានីន ភេទ ប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋស្រុកកំពង់លែង និងឈ្មោះ ជួន តុំ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ​ជាម្ចាស់សិប្បកម្មផលិតទឹកកកត្រពាំងពេជ្រ។

បើតាមការបញ្ជាក់របស់លោក ទេព មុនិន្ទ អ្នកនាំពាក្យសាលាដំបូងខេត្ដកំពង់ឆ្នាំង បានថ្លែង​ប្រាប់ ខេមបូចា នៅល្ងាចថ្ងៃទី៣ ខែមេសា ថា ការសម្រេចរបស់តុលាការ​ធ្វើឡើង​បន្ទាប់​ពី​រក​ឃើញបទល្មើសតាមសំណុំរឿង ​និងជនសង្ស័យបានឆ្លើយ។

លោកបញ្ជាក់ថា៖ «បាទបង តុលាការសម្រេចចោទប្រកាន់ពីបទបំផ្លាញ និងគៃបំបាត់ និង​បទ​សមគំនិតក្នុងអំពើបំផ្លាញ។បាទពួកគាត់ត្រូវបានឃុំខ្លួនបណ្តោះអាសន្នហើយបង»

តាមលិខិតបំភ្លឺរបស់អង្គភាពប្រឆាំងអំពើពុករលួយដែល ខេមបូចា បានទទួល បញ្ជាក់ថា ជន​សង្ស័យ​​​ខាងលើបានប្រើប្រាស់ឧបាយកល​មួយចំនួនដូចជា ការធ្វើលិខិតទិញលក់ ដែល​ធាតុ​ពិត​ដី​នេះ​មិនដែលមានការអាស្រ័យផលឡើយ ហើយគ្រាន់តែបានលិខិតទិញលក់ភ្លាម ពួកគេ​បាន​ដាក់​ត្រាក់ទ័រចំនួន៥គ្រឿងចូលឈូសឆាយតែម្តង ដោយក្នុងគោលបំណងធ្វើការ​ឈូស​ឆាយ​​​ឲ្យ​បាន​រួចរាល់ក្នុងរយៈពេលតែមួយថ្ងៃ តែដោយមានឧបសគ្គ​ដោយតំបន់នោះ​មាន​​ព្រៃ​លិច​ទឹក​ដែលមានទំហំធំៗ ដូចនេះការឈូសឆាយសម្រេចបានត្រឹមទំហំ៤ហិកតា នៃផ្ទៃដី​៩ហិកតា។

លិខិតបំភ្លឺដដែលបន្ដថា ការឈូសឆាយក្នុងថ្ងៃទី២ ក៏ត្រូវបែកការណ៍ រហូតដល់មានមន្រ្តី ជលផល​ស្រុកកំពង់លែង ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះទៅឃាត់ និងរាយការណ៍ដល់ថ្នាក់ខេត្ត ព្រមទាំងរៀបចំកសាងសំណុំរឿង ប៉ុន្តែ​ដោយ​បទ​ល្មើស​នេះមានជាប់ពាក់ព័ទ្ធនឹងបញ្ញត្តិមាត្រា៦០៨នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃ​ច្បាប់​ស្តីពី​ការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់។ រដ្ឋបាលជលផល​ស្រុក​កំពង់លែងក៏បានផ្ទេរសំណុំរឿងនេះមកអង្គភាពប្រឆាំងអំពើពុករលួយ។

ឯកសារដដែលបានឱ្យដឹងទៀតថា អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការស៊ើបអង្គេត ប្រមូលភស្តុតាង ស្តាប់​ចម្លើយជនសង្ស័យ និងសាក្សី សរុប១៥នាក់ ហើយក៏ឈាន​ទៅ​ឃាត់​ខ្លួន​​ជនសង្ស័យ​ទាំងបី​ខាងលើ និងបានកសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យទៅ​សាលា​ដំបូង​ខេត្តកំពង់ឆ្នាំង ពាក់​ព័ទ្ធ​បទល្មើសចំនួនពីរ (បញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២នៃ​ច្បាប់ស្តី​ពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់) និង (បញ្ញត្តិមាត្រា៩៨ ចំនុច​ទី១នៃច្បាប់ស្តីពីជលផល)។ ឈ្មោះ ជួន តុំ និង ឈ្មោះ លឹម ដានីន ជាអ្នកប្រព្រឹត្តផ្ទាល់ដោយ​មានការសម្របសម្រួលឱ្យមានការឈូសឆាយ កាប់ឆ្ការដី​ព្រៃលិច​ទឹកនេះ នៅចំនុចតាទុំ ភូមិ​កង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយឈ្មោះ ពុំ សុផល (មាត្រា២៩ និយមន័យ​នៃអ្នកសមគំនិត)។

បើតាមលោក សយ ច័ន្ទវិចិត្ដ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងថា អង្គភាព​មិន​គាំទ្រដាច់ខាតចំពោះមន្រ្ដីណាដែលព្យាយាមបន្ដយកតួនាទីរបស់ខ្លួនប្រព្រឹត្ដអំពើពុក​រលួយ ហើយអង្គភាពតែងតែយកចិត្ដទុកដាក់លើកិច្ចការងាររបស់ខ្លួនដោយការទទួលខុស​ត្រូវ។

លោកថ្លែងថា៖ «យើងធ្វើការយើងដោយតម្លាភាពហើយមិនមានការលើកលែង​ចំពោះជន​ដែលប្រព្រឹត្ដបទល្មើសទេ ដូចករណីបញ្ជូននៅថ្ងៃនេះជាដើម និងករណីបញ្ជូនកន្លងមក»

ស្នងការខេត្ដកំពង់ឆ្នាំង លោក ខូវ លី​ មិនបានឆ្លើយនឹងសំណួរនោះទេ ជុំវិញការឃាត់ខ្លួន ដោយលោកបញ្ជាក់ថា រឿងនេះខាងរដ្ឋបាលខេត្ដជាអ្នកទទួលខុសត្រូវក្រោយ​ពីសមត្ថកិច្ច​ឃាត់ខ្លួន​កាលពីថ្ងៃទី៣០ខែមិនា។ លោកថ្លែងថា៖ «ប្អូនទៅសួរខេត្ដ»

យោង​ទៅ​តាម​អង្គការ​សម្ព័ន្ធភាពដើម្បី​អភិរក្សធនធាន​ជលផល​​ កាល​ពី​ឆ្នាំ​២០១០ រដ្ឋាភិបាល ​បាន​ចេញសេចក្តី​ប្រកាស​ពី​ការ​គ្រប់គ្រង​តំបន់​ដី​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប។ សេចក្តី​ប្រកាស​នេះ​បាន​កំណត់​ដី​ព្រៃលិច​ទឹក​ចំនួន ៦៩០ ០០០ ហិកតា​​ជា​តំបន់​អភិរក្ស ដែល​ត្រូវ​បាន​ស្គាល់​តាម​ឈ្មោះ​ថា «តំបន់៣»។

កាលពីឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនអតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង ​លោក ឈួរ ច័ន្ទឌឿន ត្រូវ​បាន​រាយការណ៍​ថា បាន​ទន្រ្ទាន​យក​ដី ព្រៃលិចទឹក​ចំនួន​ ២ ០០០​ហិកតា​នៅតំបន់​ហាម​ឃាត់​។

បើតាមលោក សំ ចាន់គា មន្រ្ដីសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំ​ខេត្ដ​កំពង់ឆ្នាំង បានលើកឡើងថា លោកគាំទ្រសម្រាប់ចំណាត់ការ​របស់អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ តែលោកក៏សម្ដែងការខកចិត្ដនឹងករណីនេះដោយ​អ្នកប្រព្រឹត្ដ​បែរជា​មន្រ្ដីរាជការ និង​ជាអ្នកអនុវត្ដច្បាប់។ យ៉ាងណាលោកជំរុញឱ្យរដ្ឋាភិបាលថ្មីគួរតែ​យកច្បាប់មកអនុវត្ដឱ្យតឹងរឹង ជាជាងការប្រើគោលនយោបាយមកដោះស្រាយ ទើបបញ្ហាទាំងអស់នេះអាច​លុបបំបាត់​បាន​។

លោកថ្លែងថា៖ «ខ្ញុំគាំទ្រចំណាត់ការនេះ។ ខ្ញុំយល់ថា រដ្ឋាភិបាលត្រូវយកច្បាប់មកអនុវត្ដ កុំយក​​គោលនយោបាយមកប្រើអី ព្រោះមិនអាចធ្វើឱ្យមន្រ្ដីថ្នាក់ខ្លាចរអារទេ។ ខ្ញុំសោកស្ដាយ​ដែល​មន្រ្ដី​ខ្លួនឯងជាអ្នកប្រព្រឹត្ដទង្វើនេះ[ការលួចទន្រ្ទានដី]»

ចំណែកលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថា លោក​ចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយយកច្បាប់មកអនុវត្ដលើមន្ដ្រីខិលខូចដែលព្យាយាម​ប្រព្រឹត្ដបទល្មើស ខណៈលោកថា នៅមានមន្រ្ដីជាច្រើនទៀតកំពុងប្រព្រឹត្ដអំពើពុករលួយ។

លោកសម្ដែងការសាទរថា៖ «ក្នុងនាមជាសង្គមស៊ីវិលគាំទ្រចំពោះចំណាត់នេះ។ អង្គភាព​ប្រឆាំង​អំពើពុករលួយគួរអនុវត្ដបន្ថែមទៀតលើមន្រ្ដីខិលខូច។ យើងសោកស្ដាយដែលមន្រ្ដីខ្លួន​ប្រព្រឹត្ដ​បទ​ល្មើស​ដូច្នេះ»

កាលពីថ្ងៃ២៦ខែមេសាឆ្នាំ២០២៣អតីតតនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញអនុក្រឹត្យ​លេខ​៨៣​​បង្ហាញ​ពីដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក​(តំបន់២) ជុំវិញបឹងទន្លេសាប ស្ថិតក្នុង​ភូមិ​សាស្រ្ត​​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្ត​កំពង់ធំ​ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត និងគណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​។

អនុក្រឹត្យដដែលបន្តថា រដ្ឋបាលខេត្ត និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ​ថ្នាក់ខេត្ត​មានភារកិច្ច កាតព្វកិច្ច និង​ការ​ទទួល​​ខុសត្រូវលើការគ្រប់គ្រង ថែរក្សា​ និងត្រូវចាត់វិធានការ​តាមច្បាប់​ជា​បន្ទាន់ ក្នុងករណី​ពិនិត្យ​ឃើញថា​ មានសកម្មភាពដែលនាំឱ្យប៉ះពាល់​ដល់ដែនតំបន់​២​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​នីមួយៗ​រៀងៗខ្លួន។ ការចូលទន្រ្ទានកាន់កាប់ដី និងការបំផ្លាញព្រៃ​លិចទឹក​នៅ​ក្នុង​តំបន់២ ត្រូវបានហាមឃាត់​។ រាល់ការសាងសង់ថ្មីនូវទំនប់ប្រឡាយដោយសហគមន៍ ឬ​ដោយ​អាជ្ញាធរមូលដ្ឋាន ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងធនធានទឹក និង​ឧតុនិយម៕

556 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម