សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋរស់នៅឃុំកំពង់ភ្លុកស្នើឲ្យអាជ្ញាធរទប់ស្កាត់ការទន្រ្ទានព្រៃលិចទឹកឲ្យមានប្រសិទ្ធភាព

លោក ម៉ាន់ ផុន ប្រធានសហគមន៍កំពង់ភ្លុក ចូលរួមក្នុងកម្មវិធីសន្ទនាមតិកន្លងមក។ រូបភាព៖ ភី រចនា
លោក ម៉ាន់ ផុន ប្រធានសហគមន៍កំពង់ភ្លុក ចូលរួមក្នុងកម្មវិធីសន្ទនាមតិកន្លងមក។ រូបភាព៖ ភី រចនា

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ស្នើ​ឲ្យអាជ្ញាធរទប់ស្កាត់ការទន្រ្ទានព្រៃលិចទឹកឲ្យមានប្រសិទ្ធភាព ព្រោះ​វា​បាន​ដើរនាទីយ៉ាងសំខាន់ ក្នុងការរក្សាប្រព័ន្ធអេកូឡូស៊ី និងបង្កជាជម្រកពងកូននៃជីវៈចម្រុះគ្រប់ប្រភេទ ហើយក៏ជាធាតុចូលដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យអេកូទេសចរណ៍។

លោក សុខ ផាន រស់នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង លើកឡើងថា ពលរដ្ឋដែលរស់នៅតំបន់នេះរួមទាំងលោក មានការយល់ដឹងពីអត្ថប្រយោជន៍ព្រៃឈើយ៉ាងច្បាស់ និងបានចូលរួមអភិរក្សព្រៃឈើយ៉ាងខ្លាំងខ្លា តែក្នុងនោះក៏មានពលរដ្ឋមកពីតំបន់ផ្សេងលួចធ្វើសកម្មភាពកាប់ទន្រ្ទានព្រៃ ទោះបីជាអាជ្ញាធរមានវិធានការទប់ស្កាត់យ៉ាងណាក៏ដោយ។

លោកបាន​ឲ្យ​ដឹង​ទៀត​ថា​៖ «សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក គឺជាតំបន់ព្រៃលិចទឹក ដែលមានប្រជាប្រិយភាពក្នុងការទាក់ទាញភ្ញៀវទេសចរ។ ហើយកន្លងមកតំបន់នេះក៏ធ្លាប់រងនូវការគម្រាមកំហែង ដោយសារតែសកម្មភាពមនុស្ស ជាពិសេស ពង្រីកដីកសិកម្ម ដែលបញ្ហានេះពលរដ្ឋមួយចំនួន ទាមទារឲ្យមន្រ្តីជំនាញចាក់វិធានការឲ្យបានតឹងរ៉ឹង»។

ពលរដ្ឋមួយរូបទៀត សុំមិនបញ្ចេញឈ្មោះ រស់នៅក្នុងមូលដ្ឋានដូចគ្នាដែរនោះ បាន​ឲ្យ​ដឹង​ថា ការកាប់ទន្រ្ទានព្រៃលិចទឹកគឺមានការកាត់បន្ថយបានច្រើនជាងមុន។ តែអ្វីដែលព្រួយបារម្ភគឺ ភ្លើងឆេះព្រៃ ជាពិសេសគឺនៅរដូវក្តៅ ដែលវាបង្កឲ្យរងគ្រោះធ្ងន់ធ្ងរ ដូចនេះអ្នកស្រីសំណូមពរទៅកាន់អាជ្ញាធរត្រូវមានវិធានការទប់ស្កាត់ឲ្យបានតឹងរ៉ឹងបន្ថែមទៀត។

ទន្ទឹមនឹងការលើកឡើងខាងលើ លោក ម៉ាន់ ផុន ប្រធានសហគមន៍កំពង់ភ្លុកបង្ហាញថា លោកតែងសហការណ៍ជាមួយអ្នកពាក់ព័ន្ធ ចុះពិនិត្យ ទប់ស្កាត់បទល្មើសកាប់ទន្រ្ទានព្រៃលិចទឹកជាប្រចាំ ។ លោក ថា ក្នុងឆ្នាំ២០២២កន្លងទៅ មានករណីភ្លើងឆេះព្រៃ០១ ករណី ហើយក៏បានអន្តរាគមន៍ទាន់ពេលវេលា តែយ៉ាងណាលោកនិងមានវិធានការរឹតបន្តឹងបន្ថែមទៀត ដើម្បីការពារព្រៃលិចទឹកឲ្យបានគង់វង្ស។

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ដែលភ្ញៀវទេសចរ ជិះទូក កាណូត ទស្សនាកំសាន្ត និងផ្តិតយកទេសភាពគួរជាទីគយគន់នៃសម្រស់ធម្មជាតិព្រៃលិចទឹក និងទន្លេសាប ដ៏ធំល្វឹងល្វើយ ដែលនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំកំពង់ភ្លុក ដែលមាន០៣ភូមិ រួមមានភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រពីក្រុងសៀមរាប ប្រមាណ ១ម៉ោង។

 គួរបញ្ជាក់ថាកន្លងទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យដកហូតយកដីព្រៃលិចទឹក ដែលត្រូវបានអ្នកមានអំណាច និងជនខិលខូច កាប់ទន្ទ្រានខុសច្បាប់យកមកវិញ ។ ក្រោយពីការជំរុញរបស់នាយករដ្ឋមន្រ្តីរួចមក ក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើន ធ្វើយុទ្ធនាការចុះបង្ក្រាប និងទប់ស្កាត់បទល្មើសទន្ទ្រានដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប រួមមានខេត្តកំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ និងសៀមរាប ៕

114 views

ព័ត៌មានទាក់ទង