តុលាការខេត្តកំពង់ធំផ្តន្ទាទោសតំណាងជនជាតិដើមភាគតិចកួយ២នាក់ ដាក់ពន្ធនាគារ១ឆ្នាំ ក្រោមបទចោទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ លោក សូ សុវណ្ណារ៉េត មានប្រសាសន៍ថា នៅព្រឹកថ្ងៃអង្គារនេះ ចៅក្រមជំនុំជម្រះ លោក សុខ ឧត្តម បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ហេង សាភេន និង ចាន់ ឡាយហាគ ដោយដាក់ពន្ធនាគារក្នុងម្នាក់ៗមានរយៈពេល១ឆ្នាំ ប៉ុន្តែទោសអ្នកទាំងអស់ត្រូវព្យួរធម្មតា។
លោក សុវណ្ណារ៉េត បន្តទៀតថា ជនជាប់ចោទទាំង២នាក់នេះ ត្រូវបានចៅក្រមចោទប្រកាន់ ពីបទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» តាមបញ្ញត្តិមាត្រា២៥៣នៃច្បាប់ភូមិបាល ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិថ្មី ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
មន្រ្តីតុលាការខេត្តកំពង់ធំរូបនេះ បញ្ជាក់ថា តុលាការទុករយៈពេលចំនួន១ខែ សម្រាប់ជនជាប់ចោទទាំង២នាក់ ក្នុងការដាក់ពាក្យប្ដឹងប្រឆាំងនឹងសាលក្រមនេះទៅកាន់តុលាការជាន់ខ្ពស់។
តំណាងជនជាតិដើមភាគតិចកួយ គឺអ្នកស្រី ហេង សាភេន ដែលជាជនជាប់ចោទមួយរូបក្នុងសំណុំរឿងហិង្សានេះ បានចាត់ទុកការសម្រេចរបស់តុលាការថា ជាការកាត់ក្ដីដោយអយុត្តិធម៌ ដោយអ្នកស្រីថា មិនបានប្រើហិង្សាដូចការចោទប្រកាន់នោះទេ ហើយក្រុមហ៊ុនក៏បានដកពាក្យបណ្ដឹងវិញផងដែរ។
អ្នកស្រីបញ្ជាក់ថា៖«វាអយុត្តិធម៌សម្រាប់ខ្ញុំហើយនិងកូនខ្ញុំ [អ្នកស្រី ចាន់ ឡាយហាគ ត្រូវជាជនជាប់ចោទមួយរូបទៀត ក្នុងសំណុំរឿងនេះ] ដោយសារខ្ញុំអត់បានទៅប្រព្រឹត្តកំហុសខុសឆ្គងអី ហើយក្រុមហ៊ុនសម្រេចដកពាក្យបណ្ដឹងអីហើយ ទៅជាប្រកាសសាលក្រមទៅជាដាក់ពួកខ្ញុំមួយឆ្នាំទៀត»។
អ្នកស្រី អះអាងថា បញ្ហាដីធ្លីនេះកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ តាំងពីក្រុមហ៊ុនចាប់ផ្ដើមបោះបង្គោលលើដីអាស្រ័យផលរបស់សហគមន៍ ហើយទំនាស់រវាងភាគីក្រុមហ៊ុន និងពលរដ្ឋក៏ផ្ទុះឡើង។
អ្នកស្រី បន្តអះអាងទៀតថា នៅថ្ងៃកើតហេតុ [ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២] ក្រុមពលរដ្ឋបានយកត្រាក់ទ័រមកភ្ជួររាស់លើដីមានទំនាស់នេះដែលមានភាពរេចរឹលដើម្បីធ្វើការដាំដំណាំ ប៉ុន្តែអាជ្ញាធរបានចុះមកឃាត់ ហើយប្រឆាំងចំពោះរឿងនេះ។
អ្នកស្រីនិយាយថា៖«ដីវារេចរឹលហើយពួកយើងក៏សូមយើងត្រាក់ទ័រទៅរុញ គេចាប់គេឃាត់ គេថាជាដីរបស់ក្រុមហ៊ុន»។
បើតាមអ្នកស្រី សាភេន ឱ្យដឹងថា ដីមានទំនាស់សព្វថ្ងៃត្រូវបានជនជាតិដើមភាគតិចកួយបន្តអាស្រ័យផលដូចជាដាំដំឡូង ចន្ទី និងធ្វើស្រែចំការជាដើម។ អ្នកស្រីបញ្ជាក់ថា ប្រសិនបើជនជាតិដើមភាគតិចទាំងនោះបាត់បង់ដីធ្លីនេះ ពួកគេនឹងប្រឈមបញ្ហាជីវភាព។
អ្នកស្រីនិយាយថា៖«ជនជាតិដើមភាគតិចរស់ដោយសារដីធ្លី អត់ចេះលក់ចាប់ហួយអី ឬក៏អត់ចេះធ្វើអីផ្សេងទៀតទេ មានតែដីធ្លីអាស្រ័យផលចិញ្ចឹមជីវិតយើង»។
ដោយមិនពេញចិត្តចំពោះសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តកំពង់ធំ អ្នកស្រី សាភេន ថា នឹងពិភាក្សាជាមួយមេធាវីជុំវិញការដាក់ពាក្យបណ្ដឹងប្រឆាំងសាលក្រមនេះទៅកាន់សាលាឧទ្ធរណ៍។
មេធាវីការពារក្ដីឱ្យជនជាតិដើមភាគតិចកួយទាំង២រូប លោក លូត សាំង អះអាងថា ចៅក្រមបានចោទប្រកាន់លើកូនក្ដីរបស់លោកទាំងគ្មានភស្តុតាងជាក់លាក់ថាពួកគេបានប្រព្រឹត្តបទល្មើសឡើយ។
លោក សាំង ថ្លែងថា៖ «យើងមើលឃើញថាការចោទប្រកាន់របស់ចៅក្រមនៅក្នុងសវនាការនេះ វាខុសនីតិវិធី ហើយមានភាពលម្អៀងទៅក្រុមហ៊ុនមែនទែន»។
លោក អះអាងថា កាលពីសវនាការកន្លងទៅ ភស្តុតាងដែលដើមបណ្ដឹងដាក់មក ជាផែនទីដែលមានលក្ខណៈខុសស្រឡះពីទីតាំងដីមានទំនាស់ដែលជាកន្លែងកើតហេតុរហូតដល់ទៅជាង២គីឡូម៉ែត្រពីគ្នា។
លោកបន្តថា អាជ្ញាធរបានមូលដ្ឋានបានចុះវាស់វែងលើទីតាំងដីដែលជាកន្លែងកើតហេតុដោយរកឃើញថា មានទំហំដីជាង១ហិកតាហើយជាដីរបស់អ្នកភូមិ ខុសពីការលើកឡើងរបស់តំណាងក្រុមហ៊ុនក្នុងសវនាការថា កូនក្ដីរបស់លោកបានធ្វើសកម្មភាពបំពានលើដីក្រុមហ៊ុនចំនួន២១ហិកតា។
យុវជនជនជាតិដើមភាគិតកួយមួយរូប លោក ឃុត សុន យល់ថា តុលាការគួរទម្លាក់បទចោទប្រកាន់លើអ្នកស្រី ហេង សាភេន និង អ្នកស្រី ចាន់ ឡាយហាគ ដោយសារពួកគេគ្រាន់តែធ្វើសកម្មភាពដើម្បីអាស្រ័យផលលើដីសហគមន៍ប៉ុណ្ណោះ។
លោកបន្ថែមថា៖ «គាត់មិនបានរំលោភយកដីក្រុមហ៊ុននោះទេ គាត់ភ្ជួររាស់លើដីសហគមន៍»។
អ្នកសារព័ត៌មានខេមបូចា ពុំអាចសុំការបកស្រាយពីដើមបណ្តឹង គឺលោក ឆេង ផាន់ តំណាងឱ្យក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម បានទេគិតត្រឹមល្ងាចថ្ងៃអង្គារនេះ។
នាយកទទួលបន្ទុកចាត់ការទូទៅប្រចាំអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តុលាការបានកាត់ក្ដីដោយអយុត្តិធម៌លើជនជាតិដើមភាគតិចកួយទាំង២នាក់នេះ ដោយសារទំនាស់ដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនមិនទាន់មានដំណោះស្រាយពីអាជ្ញាធរនៅឡើយ។
លោកសង្កេតឃើញថា ជាញឹកញយប្រព័ន្ធតុលាការត្រូវបានគេមើលឃើញថា ជាយន្តការក្នុងការដាក់គំនាបនិងគំរាមកំហែងលើពលរដ្ឋដែលមានបញ្ហាដីធ្លីបែបនេះ។
លោកនិយាយថា៖«វាគួរតែដោះស្រាយគ្នាទៅតាមអាជ្ញាធរដែលពាក់ព័ន្ធ។ អាជ្ញាធរគួរតែពិនិត្យមើលដើម្បីដោះស្រាយឱ្យបានច្បាស់លាស់ដើម្បីបញ្ចប់វិវាទ។ មិនគួរណាប្រើប្រាស់តាមប្រព័ន្ធតុលាការក្នុងការប្ដឹងផ្ដល់ការចោទប្រកាន់គាត់ ធ្វើឱ្យគាត់មានការកាត់ទោសតាមផ្លូវតុលាការចឹងទេ»។
តំណាងជនជាតិដើមភាគតិចកួយទាំង២នាក់ម្ដាយ និងកូន បានរងការចោទប្រកាន់ពីតំណាង ក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម លោក ឆេង ផាន់ ថាបានប្រើអំពើហិង្សាលើម្ចាស់អចលនវត្ថុដោយស្របច្បាប់ដែលប្រព្រឹត្តទៅកាលពីខែឧសភា ឆ្នាំ២០២២។
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សាលាដំបូងខេត្តកំពង់ធំ បានបើកការជុំនំជម្រះលើអ្នកទាំង២ ក្រោមបទចោទ«ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។
បើតាមជនជាប់ចោទ អ្នកស្រី ហេង សាភេន បានបញ្ជាក់ថា ក្នុងសវនាការនាពេលនោះ ចៅក្រម អះអាងថា ដើមបណ្ដឹង លោក ឆេង ផាន់ តំណាងឱ្យក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម បានសម្រេចដកពាក្យបណ្ដឹងវិញ។
ជនជាប់ចោទទាំង២នាក់ គឺអ្នកស្រី ហេង សាភេន និងអ្នកស្រី ចាន់ ឡាយហាគ កាលពីពេលកន្លងទៅបានបដិសេធចំពោះការចោទប្រកាន់ថាពួកគេ បានប្រើអំពើហិង្សាលើម្ចាស់កម្មសិទ្ធិអចលនវត្ថុ ដោយអះអាងថា ពួកគាត់គ្រាន់អាស្រ័យផលលើដីសហគមន៍របស់ខ្លួនប៉ុណ្ណោះ។
តំណាងជនជាតិដើមភាគតិចកួយ អ្នកស្រី ហេង សាភេន ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ទៅតាមបណ្តឹងរបស់ក្រុមហ៊ុន ប៉ុន្តែត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ នៅថ្ងៃទី៣០ ខែមិថុនា។
ទំនាស់ដីធ្លីរវាងជនជាតិដើមភាគតិចជាង១០០គ្រួសារជាមួយក្រុមហ៊ុនដំណាំកៅស៊ូនេះ បានកើតឡើងតាំងពីជាង១០ឆ្នាំមុន ក្រោយក្រុមហ៊ុននេះទទួលបានសិទ្ធិវិនិយោគពីរដ្ឋ។
បើតាមផែនទីសម្គាល់ទីតាំងរបស់រដ្ឋាភិបាល កាលពីឆ្នាំ២០១១ ក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម (SAMBATH PLANTINUM Co., LldTD) ជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍លើវិស័យកសិកម្ម ឧស្សាហកម្ម និងដំណាំកៅស៊ូ ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំ ២ ៤៩៦ហិកតា ស្ថិតនៅដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្ត្រឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ប៉ុន្តែ ជនជាតិដើមភាគតិចកួយចំនួន១០៤គ្រួសាររស់នៅក្បែរតំបន់វិនិយោគក្រុមហ៊ុននេះ ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ បែងចែកដែនដីឱ្យបានច្បាស់លាស់រវាងដីក្រុមហ៊ុន និងដីសមូហភាពរបស់ប្រជាសហគមន៍ ដោយពួកគេបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបោះបង្គោលរំលោភលើដីសហគមន៍ និងឈូសឆាយផលដំណាំរបស់អ្នកភូមិអស់ជាច្រើនហិកតា។
កាលពីឆ្នាំ២០២១ ប្រជាពលរដ្ឋរងផលប៉ះពាល់ បានស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តកំពង់ធំ និងក្រសួងរៀបចំដែនដី។
ឆ្លើយតបនឹងការសុំរកដំណោះស្រាយនេះ មន្ទីរររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានចេញលិខិតមួយឱ្យក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម និងក្រុមហ៊ុន ទេពីអាត្រូ បញ្ឈប់សកម្មភាពបោះបង្គោលព្រំ ឈូសឆាយផលដំណាំ និងដកបង្គោលព្រំចេញពីដីសហគមន៍ ព្រមទាំងសងសំណងផលដំណាំដែលក្រុមហ៊ុនបានឈូសឆាយបំផ្លាញចោលជូនពលរដ្ឋទៀតផង។
តែទោះជាបែបនេះក្ដី ទំនាស់ដីធ្លីនេះនៅបន្តកើតមាន ដែលជំរុញឱ្យជនជាតិដើមភាគតិចកួយចំនួន១០៤គ្រួសារ នៅភូមិងន ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានដាក់ញត្តិទៅអាជ្ញាធរខេត្តបន្តទៀត ដោយសុំឱ្យអាជ្ញាធរអន្តរាគមន៍បញ្ឈប់ក្រុមហ៊ុនកុំឱ្យឈូសឆាយលើដីរបស់ខ្លួន និងកំណត់ព្រំដែនឱ្យបានច្បាស់លាស់រវាងដីរបស់ពួកគេ និងដីក្រុមហ៊ុន ក្រោយមានជម្លោះជាង១០ឆ្នាំ។
ក្នុងញត្តិដាក់សុំអន្តរាគមន៍ពីរដ្ឋបាលខេត្តកំពង់ធំ អះអាងថា ជនជាតិដើមភាគតិចកួយកំពុងប្រឈមការបាត់បង់ដីធ្លី ដែលធ្លាប់កាន់កាប់ និងប្រើប្រាស់អាស្រ័យផលតាមបែបទំនៀមទម្លាប់ប្រពៃណី និងបានគ្រប់គ្រងជាសមូហភាពតាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ៕