សាលាដំបូងខេត្តកណ្តាលកាលពីថ្ងៃអង្គារបានរកឃើញថា អ្នកភូមិ៩នាក់គ្មានពិរុទ្ធទេ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ជុំវិញការតវ៉ាប្រឆាំងនឹងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយ ដែលនឹងបង្ខំពួកគេនិងក្រុមគ្រួសារឲ្យផ្លាស់ប្តូរទីលំនៅ។
អ្នកភូមិ៩នាក់មកពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យរារាំងមន្ត្រីសាធារណៈ ហើយត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ប្រសិនបើរកឃើញពិរុទ្ធភាព។
ពួកគេត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីឆ្នាំមុន ក្រោយពីត្រូវបានចាប់ខ្លួន នៅពេលដែលពួកគេចូលរួមក្នុងការតវ៉ាប្រឆាំងនឹងការអភិវឌ្ឍព្រលានយន្តហោះដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដែលជាកម្មសិទ្ធិរបស់ឧកញ៉ា ពុង ឃាវសែ ដែលមានខ្នងក្រាស់។
អ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាដែលត្រូវបានដោះលែងគឺ ឌុក ស៊ីណាត អាយុ ២៤ ឆ្នាំបាននិយាយថា នាងអរគុណចំពោះសេចក្តីសម្រេចនេះដោយសារនាងគ្រោងនឹងធ្វើដំណើរទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងក្នុងពេលឆាប់ៗនេះ។
ស៊ីណាត បាននិយាយថា៖ «ខ្ញុំត្រូវទៅធ្វើការនៅកូរ៉េ។ ប្រសិនបើតុលាការមិនទម្លាក់ការចោទប្រកាន់ទេ ខ្ញុំនឹងមិនអាចធ្វើអ្វីបានឡើយ»។ នាងបានបន្ថែមថា នាងមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។
ស៊ីណាត បាននិយាយថា៖ «តាមពិត អ្នកភូមិខ្លះគប់ដុំថ្មដាក់អាជ្ញាធរ [ពេលតវ៉ា] ប៉ុន្តែដោយសារពួកគាត់ខឹង បន្ទាប់ពីដីស្រែចម្ការរបស់ពួកគាត់ត្រូវបានបំផ្លាញ»។
ជនជាប់ចោទ៥នាក់រួមទាំង ស៊ីណាត មានមេធាវីដែលផ្តល់ដោយអង្គការសិទ្ធិមនុស្សលីកាដូ។

លោក អំ សំអាត នាយកទទួលបន្ទុកិច្ចការទូទៅនៃអង្គការលីកាដូបានស្វាគមន៍ការសម្រេចរបស់តុលាការ ដោយបានលើកឡើងថា ប្រព័ន្ធតុលាការមិនត្រូវបានប្រើដើម្បីដាក់សម្ពាធលើអ្នកមានជម្លោះដីធ្លី។
លោកមានប្រសាសន៍ថា៖ «ពួកគាត់ភាគច្រើនបានយល់ព្រមទទួលយកសំណង [សម្រាប់ការផ្លាស់ទីលំនៅ]។ វាគឺជាជម្លោះដីធ្លី ហើយពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ»។
លោក សំអាត បានបន្ថែមថា ឥឡូវនេះចាំបាច់ត្រូវតែពន្លឿនដំណោះស្រាយដែលអាចទទួលយកបានរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន OCIC៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kandal Court Finds Nine Airport Protesters Not Guilty