ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅលើទំនប់៩៤ ដែលកំពុងប្រឈមនឹងការបណ្ដេញចេញពីតំបន់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះថ្មី ក្នុងខេត្តកណ្ដាល បានអំពាវនាវឲ្យអាជ្ញាធរផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ឲ្យពួកគេ ដើម្បីអាចអភិវឌ្ឍន៍នៅនឹងកន្លែង និងបញ្ឈប់ការបំភិតបំភ័យ។
ការលើកឡើងបែបនេះ គឺនៅក្នុងវេទិកាមួយក្នុងភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង កាលពីថ្ងៃអង្គារ។ ការជួបជុំនេះក៏មានការឃ្លាំមើលពីអាជ្ញាធរមូលដ្ឋានផងដែរ។
អ្នកស្រី កន រ៉ុន ដែលអះអាងថា បានរស់នៅទីតាំងនេះរយៈពេល២៥ឆ្នាំ និងប្រកបរបរចិញ្ចឹមជីវិតដោយការរកត្រី បានលើកឡើងថា៖ «វានឹងប៉ះពាល់ដល់ជីវភាពពួកយើង បើសិនបើយើងត្រូវគេបណ្ដេញចេញ ពីព្រោះយើងមិនដឹងថាទៅរស់នៅកន្លែងណា»។
ប្រជាពលរដ្ឋជាង៣០០គ្រួសារផ្សេងទៀតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ បានរងផលប៉ះពាល់រួចហើយពីគម្រោងព្រលានយន្តហោះថ្មីដែលមានតម្លៃ១,៥ពាន់លានដុល្លារ ដែលវិនិយោគដោយ ក្រុមហ៊ុន OCIC របស់លោកឧកញ៉ា ពុង ឃាវសែ។
ពួកគេភាគច្រើនបានបដិសេធមិនទទួលសំណងពីផលប៉ះពាល់មកលើដីស្រែ និងដីផ្ទះ ដែលផ្តល់ឲ្យក្រុមហ៊ុនក្នុងតម្លៃ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ បើទោះបីជាដីប៉ះពាល់ទាំងនោះត្រូវបានឈូសឆាយហើយក៏ដោយ។ គម្រោងព្រលានយន្តហោះនេះអភិវឌ្ឍន៍លើផ្ទៃដីទំហំ២ ៦០០ហិកតា។
ដោយឡែកគ្រួសារជាច្រើន រស់នៅទំនប់៩៦ ដែលមានចម្ងាយ៥គីឡូម៉ែត្រពីទីតាំងព្រលាន បានអះអាងថា ផ្ទះរបស់ពួកគាត់ត្រូវបានអាជ្ញាធរបាញ់ថ្នាំលើជញ្ជាំងកាលពីខែវិច្ឆិកា ប៉ុន្តែពួកគេមិនត្រូវបានជូនដំណឹងថារងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះនេះទេ។
អ្នកស្រី រ៉ុន ជឿថាការបោះឆ្នោតជាតិខែកក្កដា ខាងមុខនឹងអាចនាំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាលើការទាមទាររបស់ប្រជាពលរដ្ឋនេះ។
អ្នកស្រីបាននិយាយថា៖ «មុនពេលបោះឆ្នោត ខ្ញុំសង្ឃឹមថាសម្តេច [ហ៊ុន សែន] នឹងគិតគូរដល់ពួកយើងទាំងអស់គ្នា…គាត់នឹងដោះស្រាយវាឲ្យពួកយើង»។ អ្នកស្រីបន្ថែមថា៖ «ក្រោយការបោះឆ្នោត វានឹងមានការពិបាកក្នុងការទាមទារពីព្រោះអាជ្ញាធរតែងតែកុហក់ប្រជាពលរដ្ឋ ដូចនេះយើងមិនទុកចិត្តទេ»។
អ្នកភូមិនិយាយថាបុគ្គលិកព្រលានយន្តហោះ និងអាជ្ញាធរមូលដ្ឋាននៅតែបន្តដើរល្បាតក្នុងភូមិទាំងយប់ ទាំងថ្ងៃ និងបានហាមប្រជាពលរដ្ឋសាងសង់សំណង់ថ្មី។
ខណៈអាជ្ញាធរអះអាងថាគ្រួសារទាំងនេះរស់នៅលើដីរដ្ឋដោយខុសច្បាប់។ លោក វ៉ន ឆោម វ័យ៦១ឆ្នាំ ថាខ្លួនបានរស់នៅលើទីតាំងនេះ៣០ឆ្នាំមកហើយ និងមានឯកសារស្របច្បាប់ដូចជាសៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណ មានបណ្ណបោះឆ្នោត ដែលទទួលស្គាល់ឲ្យអាជ្ញធរស្រុក និងខេត្តផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំបានទៅបោះឆ្នោត [ទីនេះ] ជាច្រើនដងមកហើយ ដូចនេះហេតុអ្វីអាជ្ញាធរចាត់ទុកថាពួកយើងរស់នៅដោយខុសច្បាប់ និងចង់បណ្ដេញពួកយើងចេញ»។
ប៉ុន្តែអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានបដិសេធថាគ្រួសារទាំងនោះមិនបានរស់នៅ លើទីតាំងនេះតាំងពីយូរមកហើយនោះទេ និងថាអាជ្ញាធរក៏មិនអាចផ្ដល់ប្លង់កម្មសិទ្ធិបានដែរ។
លោកឲ្យដឹងថា៖ «យើងមិនទាន់បានឲ្យពួកគាត់ចេញនៅឡើយទេ ប៉ុន្តែយើងក៏មិនអនុញ្ញាតឲ្យសង់សំណង់ថ្មីដែរ»។ លោកបន្តថា៖ «ពួកគាត់ត្រូវតែចាកចេញនៅពេលដែលចាំបាច់ ហើយយើងនឹងផ្ដល់សំណងសមរម្យដល់ពួកគាត់ ប៉ុន្តែយើងមិនសន្យាទេនៅពេលនេះទេ»។
លោក ជីវ កុកសាយ អ្នកទទួលខុសត្រូវសម្របសម្រួលទិញដីសម្រាប់ព្រលានយន្តហោះថ្មី មិនបាននិយាយដោយចំថាតើដីតាមបណ្ដោយប្រឡាយ៩៤នឹងប្រើសម្រាប់ព្រលានយន្តហោះនោះទេ ប៉ុន្តែលោកថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជិតៗព្រលានយន្តហោះត្រូវធ្វើ ដើម្បីការពារទឹកលិចក្នុងតំបន់នេះនៅរដូវវស្សារ។
លោកថ្លែងថា៖ «បើសិនជាយើងគិតពីហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះ យើងត្រូវធ្វើតំបន់នេះឲ្យស្អាត ហើយយើងត្រូវតែអភិវឌ្ឍន៍ប្រព័ន្ធទឹកដើម្បីជៀសវាងទឹកជំនន់»។ លោកបន្ថែមថា៖ «យើងមិនចង់ឃើញព្រលានយន្តហោះថ្មីមានទឹកលិចនោះទេ ដូចនេះយើងត្រូវសិក្សាពីផលប៉ះពាល់ជាមុន ហើយបញ្ហាចម្បងគឺកសាងប្រឡាយធំៗដើម្បីរំដោះទឹក»។
លោក សឹង សែនករុណា អ្នកនាំពាក្យរបស់សមាគមសិទ្ធិមនុស្សអាដហុក ប្រាប់ខេមបូចាថា អាជ្ញាធរគួរតែផ្ដល់ព័ត៌មានច្បាស់លាស់ដល់ប្រជាពលរដ្ឋនៅជុំវិញប្រឡាយ៩៤។ លោកបន្ថែមថាអាជ្ញាធរមិនអាចបង្ខំពួកគាត់ឲ្យចាកចេញដោយគ្មានផ្ដល់ទៅតាំងថ្មី និងសមរម្យសម្រាប់រស់នៅនោះទេ។
លោកមានប្រសាសន៍ថា៖ «ពួកគេគួរតែរកទីតាំងដែល[អ្នកភូមិ]អាចទទួលយកបាន និងជៀសវាងប្រើអំពើហិង្សា ដូចជាការបណ្ដេញដោយបង្ខំ»។ លោកបន្តថា៖ «រដ្ឋគួរតែមានតួលេខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាក់លាក់»។
លោកបានបន្ថែមថា បើសិនជាទីតាំងព្រលានយន្តហោះនៅឆ្ងាយពីលំនៅដ្ឋានប្រជាពលរដ្ឋ ពួកគេនឹងមិនរងផលប៉ះពាល់ទេ ដូចនេះអាជ្ញាធរគួរពិនិត្យលទ្ធភាពក្នុងការអនុញ្ញាតឲ្យគ្រួសារទាំងនោះអាចបន្តរស់នៅតទៅទៀតបាន។
លោក កុកសាយ មិនបានបញ្ជាក់ទេថាក្រុមហ៊ុននឹងបន្តផ្ដល់សំណងដល់ពលរដ្ឋទាំងនោះ ប៉ុន្តែអះអាងថា អាជ្ញាធរនឹងទទួលខុសត្រូវសម្រាប់ការដោះស្រាយជាមួយគ្រួសារដែលកំពុងរស់នៅតាមបណ្ដោយប្រឡាយនេះ។
លោកបាននិយាយថា៖ «យើង [ក្រុមហ៊ុន] ជួយស្រង់ស្ថិតិប្រជាពលរដ្ឋនៅទីនេះឲ្យអាជ្ញាធររួចរាល់ហើយ ហើយអាជ្ញាធរមានកាតព្វកិច្ចដោះស្រាយបញ្ហានេះ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kandal Families Slated for Eviction from Airport Site Renew Requests for Land Titles