សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កសិករមួយចំនួននៅខេត្តកណ្តាលបារម្ភមិនមានលុយសងថ្លៃជី និងថ្នាំដោយសារទឹកលិចស្រូវ

កសិករ ជួន ប៊ុនឈឿន កំពុងវែកស្រូវដើម្បីកាយផ្លូវទឹកបង្ហូរចេញពីស្រែ នៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២២។ រូបដោយ អាន វិចិត្រ
កសិករ ជួន ប៊ុនឈឿន កំពុងវែកស្រូវដើម្បីកាយផ្លូវទឹកបង្ហូរចេញពីស្រែ នៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២២។ រូបដោយ អាន វិចិត្រ

កសិករមួយចំនួននៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បង្ហាញការព្រួយបារម្ភថា ពួកគាត់មិនមានលុយសងថ្លៃជី និងថ្នាំគីមី ដោយសារបញ្ហាទឹកលិចស្រូវរបស់ពួកគាត់ ខណៈគ្រាប់ស្រូវមួយចំនួន​បានខូចទាំងស្រុង និងមួយចំនួនទៀតប្រឈមខូច។​

លោក ជា ស៊ាង ឱ្យដឹងថា ស្រូវរបស់គាត់នៅលើដី៤ហិកតាទុំជិតល្មមច្រូតទៅហើយ តែភ្លៀងធ្លាក់បន្តបន្ទាប់នៅដើមខែមេសានេះ បណ្តាលឱ្យមិនអាចច្រូតកើតរហូតដល់ថ្ងៃនេះ។ លោកបន្តថា បញ្ហាភ្លៀងធ្លាក់នេះ ធ្វើឱ្យស្រូវដួលដើម ហើយគ្រាប់លិចចូលក្នុងទឹក។​

លោកបន្តថា ចាប់តាំងពីមេឃភ្លៀងមក លោកបានប្រឹងប្រែងបូមទឹកចេញដែរ ប៉ុន្តែថា ទឹកពេញប្រឡាយមិនមានកន្លែងបូមបង្ហូរចេញទេ។​

លោក ជា ស៊ាង បាននិយាយថា៖«ឥឡូវវាបញ្ហាទឹកប្រឡាយហូរចូលស្រែវិញ ទឹកវាចាល់។​ ពីមុនយើងអាងបូមដាក់ប្រឡាយ ហូរទៅអូរឬព្រែកចឹងទៅ ដល់ដាក់មួយមេកាលពីម្សិលម្ងៃ វាឡើងចាល់។ ខ្ញុំមើលទៅចប់ ទឹកប្រឡាយចូលស្រែវិញទៅហើយ»។​

លោក ជា ស៊ាង បន្តថា ដីលោក និងអ្នកជិតខាងជាប់ៗគ្នានេះ មានទំហំជិត១០ហិកតា។ លោកថា អ្នកភូមិក្បែរលោកនោះក៏ជួបបញ្ហាស្រូវលិចទឹកខូចខាតច្រើនដែរ។​

លោក ជា ស៊ាង បានបន្ថែមថា៖ «លិចដូចគ្នាហ្នឹងបងអើយ។ នៅម្តុំខាងលិចបង្គោលភ្លើងសូន្យបីអីហ្នឹងគ្នាឡើងស្រែកយំហើយ»។​

កសិករនៅឃុំព្រែកស្តីម្នាក់ទៀត លោក ជួន ប៊ុនឈឿន ថ្លែងថា ស្រូវរបស់លោក លិចអស់២ហិកតាដោយកន្លែងខ្លះដើមស្រូវរលួយ គ្រាប់ស្រូវស្អុយ ឬ ដុះចេញជាពន្លក។ លោក ប៊ុនឈឿន ឱ្យដឹងទៀតថា លោកស្មុគស្មាញដោយស្រូវលិចទឹកខូច ហើយនៅជំពាក់ថ្លៃជី និងថ្នាំកសិកម្មប្រមាណ៤ទៅ៥លានរៀលទៀត។​ លោកថា បើម្ចាស់ដេប៉ូលក់ជី និងថ្នាំកសិករមិនពន្យារពេលសងទេលោកមានតែរកមធ្យោបាយផ្សេងទៀតដើម្បីរកលុយសង។​

លោក ជួន ប៊ុនឈឿន បាននិយាយថា៖ «បើសុំគាត់អធ្យាស្រ័យក៏អធ្យាស្រ័យ បើមិនអធ្យាស្រ័យទេ មានតែរកអីផ្សេងសងហើយព្រោះឥឡូវយើងអត់មានទេ»។​

លោក ជួន ប៊ុនធឿន បន្តថា ការធ្វើកសិកម្មបច្ចុប្បន្នចំណាយច្រើន។ លោកថា ពេលភ្ជួរ១ហិកតាថ្លៃពី២០ទៅ៣០ម៉ឺនរៀល  ហើយពេលច្រូត១ហិកតា ជាង៤០ម៉ឺន។ ចំណែកផលស្រូវបានមកវិញតម្លៃទាប។​

ស្រូវដួលទៅបាតស្រែហើយលិចទឹកភ្លៀងដែលភាគច្រើនស្អុយខូចនៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី៥ ខែ មេសា ឆ្នាំ ២០២២។ រូបដោយ អាន វិចិត្រ

មេឃុំព្រែកស្តី លោក ឃុយ គា បញ្ជាក់យ៉ាងខ្លីថា លោកទើបមកពីកន្លែងបញ្ហាទឹកលិចស្រូវនេះ។ ចំពោះដំណោះស្រាយយ៉ាងណាលោកមិនបានប្រាប់ទេ ដោយប្រាប់ថា ជាប់រវល់ហើយបិទទូរសព្ទ។

លោក ឃុយ គា មានប្រសាសន៍ថា៖«លិចខូចតែម្តង ខ្ញុំទើបឡើងមកពីហ្នឹងមិញហ្នឹង ដោយសារទឹកជំនន់ទឹកភ្លៀងលិចស្រូវវាទុំ»។​

អភិបាលស្រុកកោះធំ លោក អេង សុវិចិត្រ ថ្លែងថា លោកបានដឹងករណីទឹកលិចស្រូវរបស់កសិករនេះ ហើយក៏បានចាត់មន្ត្រីជំនាញទៅកាយស្តារប្រឡាយដើម្បីបង្ហូរទឹកចេញហើយ។​

លោក ហេង សុវិចិត្រ មានប្រសាសន៍ថា៖«យើងបានកាយប្រឡាយរំដោះទឹកបង្ហូរចេញកុំឱ្យវាខូច ព្រោះភ្លៀងប៉ុន្មានថ្ងៃហ្នឹងជាប់ៗគ្នាទៅវាហូរអត់ទាន់»។​

បើតាមលោក អេង សុវិចិត្រ បញ្ហាទឹកលិចស្រូវនៅក្នុងស្រុកកោះធំនេះ មិនមែនតែនៅព្រែកស្តីមួយទេគឺនៅក្នុងឃុំ២ផ្សេងទៀតក៏ជួបបញ្ហានេះដែរគឺឃុំលើកដែក និងឃុំកំពង់កុង។ ចំពោះទំហំនៃការខូចខាត លោកមិនទាន់បានសរុបនៅឡើយទេ ព្រោះមន្ត្រីកំពុងបន្តធ្វើការងារនេះ។​​

ជុំវិញការជួយអន្តរាគមន៍ពីមន្ត្រីនេះ លោក ជា ស៊ាង បញ្ជាក់ថា រហូតដល់ថ្ងៃទី៥ខែមេសាឆ្នាំ២០២២គឺមិនមានមន្ត្រីចុះទៅរៀបចំកាយប្រឡាយបង្ហូរទឹកចេញពីកន្លែងលិចស្រូវពួកគាត់នោះទេ។​ លោកបន្តថា មេឃុំព្រែកស្តីថា កំពុងស្តារប្រឡាយនោះគឺការស្តារនៅកន្លែងផ្សេងដែលស្ថិតនៅក្នុងគម្រោងយូរណាស់មកហើយ។​

លោក ជា ស៊ាង បញ្ជាក់ថា ៖«អត់មានមកទេ។ គាត់កាយប្រឡាយហ្នឹងកាយនៅខាងលិចនោះទេ មិនមែននៅកន្លែងយើងរងគ្រោះនេះទេ។ កាយប្រឡាយហ្នឹងគោលការណ៍គេយូរណាស់ហើយ»។

លោក ជា ស៊ាង បញ្ជាក់ថា លោកកំពុងតែមានអារម្មណ៍ច្របូកច្របល់ដោយសារ តែលោកនៅជំពាក់ថ្លៃជី និងថ្នាំ គេចំនួន៧លានរៀលទៀត។

លោក ជា ស៊ាង​ និយាយថា៖«ខ្ញុំឥឡូវនេះចង់ស្ទះខួរក្បាលហើយ ដោយសារយើងនៅបំណុលដេប៉ូគេទឹកប្រាក់៧លានហ្នឹង ដល់ចឹងខ្ញុំដើរចង់ភ្លឹកយូរៗទៅ។​ ៧លានហ្នឹងខ្ញុំគិតជាមួយប្រពន្ធខ្ញុំរួចហើយ ថាបើសិនជាមេឃនៅតែចឹងទៀត យើងមានតែលក់គោយកទៅសងគេ លក់មេគោដែលសល់២ហ្នឹង»។​

អ្នកបច្ចេកទេសបណ្តាញពហុវិស័យ លោក ហេង សុជាតិ មានប្រសាសន៍ថា នៅដើមខែមេសានេះ ស្រូវកសិកជួបបញ្ហាទឹកលិចបន្តបន្ទាប់ទាំងនៅខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង និងបន្ទាយមានជ័យជាដើម។​ លោកបន្តថា បញ្ហាទឹកលិចស្រូវនេះនៅតាមបណ្តាខេត្តផ្សេងៗទៀតក៏ជួបបញ្ហាមន្ត្រីអន្តរាគមន៍យឺតយ៉ាវដែរ។

លោក ហេង សុជាតិ ជំរុញមន្ត្រីមូលដ្ឋានរួមមានអាជ្ញាធរភូមិឃុំ ធ្វើរបាយការណ៍ឱ្យបានឆាប់រហ័សពីផលប៉ះពាល់ដល់កសិករនេះ ដើម្បីឱ្យអាជ្ញាធរថ្នាក់លើជួយអន្តរាគមន៍ដោះស្រាយបានទាន់ពេល។

លោក ហេង សុជាតិ មានប្រសាសន៍ថា៖«អាជ្ញាធរមូលដ្ឋានគួរតែមានរបាយការណ៍ជាក់លាក់ដាក់មកមន្ទីរកសិកម្ម តាមលំដាប់លំដោយហើយជារបាយការណ៍មួយដែលធ្វើដោយបន្ទាន់មែនទែន។​ ដើម្បីយន្តការពីខាងលើទៅមានការអន្តរាគមបានទាន់ពេលវេលា»។​

​​ទន្ទឹមនឹងកសិករកំពុងតែជួបប្រទះបញ្ហាស្រូវ ឬ ដំណាំផ្សេងៗ ត្រូវលិចដោយជំនន់ទឹកភ្លៀងនេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសថា កម្ពុជានឹងប្រឈមភ្លៀងធ្លាក់បន្តបន្ទាប់ទៀតគឺ ពីថ្ងៃទៅ៦ដល់ថ្ងៃទី៩មេសា រងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចំណែកពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែមេសា រងឥទ្ធិពលសម្ពាធទាបខ្សោយ ដែលមានភ្លៀងធ្លាក់ដូចគ្នា៕​

723 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម