សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកភូមិនៅខេត្តកណ្តាលរងផលប៉ះពាល់ជិត១០ឆ្នាំពីសំរាមដែលចាក់គរក្នុងព្រែក

អ្នកភូមិកាយសំរាមចេញពីដីរបស់គាត់នៅព្រែកតាគង់ នៅភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ
អ្នកភូមិកាយសំរាមចេញពីដីរបស់គាត់នៅព្រែកតាគង់ នៅភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

ប្រជាពលរដ្ឋនៅភូមិមួយក្នុងខេត្តកណ្តាល អំពាវនាវឱ្យអាជ្ញាធរពន្លឿនដោះស្រាយរកកន្លែងចាក់សំរាមឱ្យបានត្រឹមត្រូវ ព្រោះថាសំរាមដែលចាក់ចូលព្រែកជាប្រភពទឹកប្រើប្រាស់ប្រមាណ១០ឆ្នាំមកហើយនោះ កំពុងប៉ះពាល់ខ្លាំងដល់សុខភាព និងការប្រកបរបរចិញ្ចឹម​ជីវិតប្រចាំថ្ងៃរបស់ពួកគេ។​

អ្នកលក់កាហ្វេនៅក្បែរព្រែកតាគង់ ក្នុងភូមិកោះទាវ ឃុំសំពៅពូនស្រុកកោះធំ លោក ស៊ិន ថា លើកឡើងថា ផ្ទះរបស់លោក និងអ្នកភូមិនៅក្បែរៗនោះ រងក្លិនស្អុយពីសំរាមទាំងយប់ទាំងថ្ងៃ។ លោកថា ក្លិនសំរាមនេះប៉ះពាល់ទាំងការប្រកបរបរលក់ដូរ និងសុខភាព។

លោក ស៊ិន ថា និយាយថា៖«បើខ្យល់មកម្តងៗ ធ្វើឱ្យអ្នកហូបកាហ្វេធំក្លិនស្អុយគ្រប់គ្នា តែមិនដឹងធ្វើម៉េចចេះតែទ្រាំៗហូបទៅ។ បងអើយពិបាកៗដល់ហើយ យើងពិបាកថាណាស់។​ ស្អុយទាំងអស់គ្នា នៅជុំវិញព្រែកនេះតែម្តង សូម្បីតែដើរទៅតាមព្រែកទៅលិចក៏ស្អុយដែរ បើនាំគ្នាចាក់សំរាមឡើងច្រើនទៀតហើយ»។​

លោក ស៊ិន ថា ឱ្យដឹងទៀតថា សំរាមដែលចាក់ចូលក្នុងព្រែកតាគង់នេះគឺប្រជាពលរដ្ឋទាំងជិតទាំងឆ្ងាយនាំគ្នាយកមកចោលដោយសារមិនដឹងយកទៅចោលនៅទីណា។ លោកថា សំរាមជាប្លាស្ទិក និងកាកសំណល់ផ្សេងៗប្រមាណ២ទៅ៣ឡានធំនៅកកកុញនៅក្បែរស្ពាន ខណៈសំរាមមួយចំនួនទៀតហូរទៅតាមទឹកព្រែកនៅក្នុងរដូវវស្សា។​

​ព្រែកតាគង់នៅលើផ្លូវជាតិលេខ២១ ជាព្រែកហូរចេញពីទន្លេបាសាក់។ ចំណុចពីស្ពានព្រែកតាគង់ទៅទន្លេបាសាក់មានចម្ងាយប្រមាណ៥០០ម៉ែត្រ ហើយពីស្ពានទៅផ្ទៃបឹងដីស្រែចម្ការរបស់ប្រជាពលរដ្ឋមានប្រវែងប្រមាណ៣គីឡូម៉ែត្រ។​  ត្បិតតែពលរដ្ឋនៅតំបន់នេះមានតទឹកស្អាតដើម្បីបរិភោគ ឬដាំស្លរ ប៉ុន្តែទឹកព្រែកនេះនៅតែជាតម្រូវការសំខាន់សំរាប់ការធ្វើស្រែចម្ការ និងជាផ្លូវទឹកនៅខែវស្សាសម្រាប់ដឹកជញ្ជូនអីវ៉ាន់ដែរ។​

លោក ទន ស៊ីនួន ជាប្រជាពលរដ្ឋរស់នៅតំបន់ក្បែរព្រែកតាគង់ដែរនោះ លើកឡើងថា សំរាមនៅក្នុងព្រែកនេះប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់សហគមន៍។

លោក ទន ស៊ីនួន និយាយថា៖«ប៉ះពាល់ដោយសារបញ្ហាក្លិនស្អុយ បញ្ហាមានទឹកស្អុយនាំឱ្យមានមូស មានអី វីវក់ពេញហ្នឹង»។

ពលរដ្ឋម្នាក់ទៀតលោក តា ផល្លា លើកឡើងថា កាលពីឆ្នាំមុនដោយសារតែក្លិនស្អុយនេះធ្វើឱ្យអ្នកភូមិឈឺច្រើន។​

លោក តា ផល្លា លើកឡើងថា៖«កាលពីឆ្នាំទៅដោយសារក្តៅខ្លាំង ក្លិនស្អុយចេញពីសំរាមធ្វើឱ្យមានជំងឺផ្តាសាយ និងជំងឺផ្សេងចឹងទៅ»។​

បើតាមពលរដ្ឋរស់នៅតំបន់នេះឱ្យដឹងថា ព្រែកតាគង់ត្រូវបានអ្នកភូមិយកសំរាមចោលនៅទីនេះប្រមាណ១០ឆ្នាំហើយ ដែលចំនួនសំរាមកើនឡើងបន្តបន្ទាប់ ហើយនៅក្នុងខែវស្សាសំរាមមួយចំនួនហូរទៅតាមទឹក។ អ្នកភូមិស្នើឱ្យអាជ្ញាធររៀបចំឱ្យមានរថយន្តដឹកសំរាម និងកន្លែងទុកដាក់ឱ្យបានត្រឹមត្រូវ ដោយពួកគេស្ម័គ្រចិត្តបង់ថ្លៃដឹកជញ្ជូន។​

សំរាមគរនៅក្រោមស្ពានព្រែកតាគង់នៅភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តា នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ
សំរាមគរនៅក្រោមស្ពានព្រែកតាគង់នៅភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តា នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

លោក អ៊ុក ស្រ៊ន មេឃុំសំពៅពូនថ្លែងថា អាជ្ញាធរក៏កំពុងតែប្រឹងប្រែងក្នុងការប្រមូលសំរាម និងរៀបចំកន្លែងទុកដាក់។ លោកថា ការកកស្ទះសំរាមនេះ ដោយសារតែកន្លែងចាក់សំរាមមុនៗលិចទឹកក្នុងខែវស្សា ហើយថាពេលនេះអាជ្ញាធរកំពុងរៀបចំកន្លែងថ្មី។​

លោក អ៊ុក ស្រ៊ន៖«ជិតព្រែកគង់ហ្នឹងទេ ដីប្រហែលជា២ទៅ៣ហិកតា។ យើងត្រូវរៀបចំផ្លូវចូលអីទៀត។ ​នេះជាកន្លែងធំ កន្លែងចាស់ដែលគេនៅប្រើប្រាស់គឺប្រើដដែល»។

ទោះយ៉ាងណាលោក អ៊ុក ស្រ៊ន ថ្លែងថា ការរៀបចំត្រូវការពេលបន្ថែមទៀតព្រោះពេលនេះអាជ្ញាធរកំពុងរវល់ខ្លាំងក្នុងការដោះស្រាយបញ្ហាឆ្លងរាលដាលមេរោគកូវីដ១៩ មិនបានផ្តោតខ្លាំងលើបញ្ហាសំរាមនេះទេ។​

ប្រធានម​ន្ទីរបរិស្ថានខេត្តកណ្តាលលោក អ៊ូម ផាត់ ថ្លែងថា បញ្ហាសំរាមនៅក្នុងព្រែកតាគង់នេះ លោកបានដឹង ព្រោះមានការរាយការណ៍ជាបន្តបន្ទាប់ ហើយលោកក៏បានចាត់មន្ត្រីធ្វើកិច្ចការនេះដែរ។​ លោក បន្តថា បើពលរដ្ឋស្នើទៅមន្ត្រីមូលដ្ឋានហើយមានដំណោះស្រាយយឺត លោកជំរុញឱ្យពលរដ្ឋដាក់លិខិតទៅមន្ទីរផ្ទាល់តែម្តងដើម្បីពន្លឿនដោះស្រាយ។

លោក អ៊ូម ផាត់៖«ឱ្យគាត់ធ្វើលិខិតធ្វើអីមកមន្ទីរមក មន្ទីរនឹងជួយជំរុញដោះស្រាយ»

លោក អ៊ូម ផាត់ បញ្ជាក់ថា មន្ត្រីរបស់លោកចុះមូលដ្ឋានអប់រំ និងណែនាំពីវិធានការដោះស្រាយបញ្ហាសំរាមនេះជាប្រចាំ។​

ព្រះតេជគុណ ជា លីនជាតិ ជាសកម្មជនដែលធ្វើការអប់រំបញ្ហាសំរាម មានសង្ឃដីកាថា សំរាមមានការកើនឡើងដោយសារតែចំនួនប្រជាពលរដ្ឋកើនឡើង និងការយល់ដឹងតិចពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ព្រះតេជគុណមានសង្ឃដីកាទៀតថា បញ្ហាសំរាមប៉ះពាល់ទាំងដំណើរការអភិវឌ្ឍន៍ សុខភាព និងកិត្តិយសជាតិ។

ព្រះតេជគុណ ជា លីនជាតិ៖«កាលណាសំរាមនៅក្នុងទីក្រុងច្រើន ធ្វើឱ្យសោភ័ណភាពនៃទីក្រុងរបស់យើងធ្លាក់ចុះ។ កាលណាវាធ្លាក់ចុះនៃសោភ័ណភាពហើយវាធ្វើឱ្យភ្ញៀវទេសចររបស់យើងនៅសល់តិច។ មិនតែប៉ុណ្ណោះវាធ្វើឱ្យមានការរិះគន់ និងនិយាយស្តីមិនល្អទាក់ទងជាមួយសហគមន៍របស់យើង»

លោកវេជ្ជបណ្ឌិត គួច  ម៉េងលី ពន្យល់ថា សំរាមដែលទុកដាក់មិនត្រឹមត្រូវប៉ះពាល់ខ្លាំងដល់សុខភាព និងជាពិសេសផ្លូវដង្ហើម។​

លោក គួច ម៉េងលី៖«វាជ្រាបចូលទឹកធ្វើឱ្យកើតរមាស់ ធ្វើឱ្យយើងដកដង្ហើមប៉ះដល់សួត ធ្វើឱ្យច្រមុះមានបញ្ហាយើងក្រដាស់ឈ្លក់គឺប៉ះពាល់ច្រើន។ សំរាមយើងភាគច្រើនជាលាមក   របស់រលេះរលួយ វាបង្កឱ្យប៉ះពាល់ដល់បរិយាកាសអូហ្សូន បរិយាកាសជុំវិញការរស់នៅ»។​

របាយការណ៍គម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជារបស់ក្រសួងបរិស្ថានបង្ហាញថា ការចោលសំណល់រឹងនៅទីលានចាក់សំរាមមានការកើនឡើង៥ដងចាប់ពី ៣១៨ ០០០តោន នៅឆ្នាំ២០០៤ ដល់១,៧លានតោននៅឆ្នាំ២០១៨។

របាយការណ៍បញ្ជាក់ថា ទីលានចាក់សំរាមទាំងអស់នៅក្នុងប្រទេសកម្ពុជានឹងមិនអាចបន្តផ្ទុកសំណល់រឹងបានទៀតទេ បើសិនជាសំណល់រឹងបន្តកើនឡើងលឿនដូចសព្វថ្ងៃ។​

យោងតាមឯកសារស្តីពីគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បានបញ្ជាក់ថា គោលនយោបាយ«មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ» មានគោលដៅជំរុញឱ្យមានការថែរក្សាអនាម័យ ធនធានធម្មជាតិ និងដោះស្រាយបញ្ហានានានៅក្នុងភូមិ ឃុំ និងសង្កាត់។​ ឯកសារដដែលនេះបានបញ្ជាក់ថា គោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលនេះ តម្រូវឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំជាវេទិកាសាធារណៈយ៉ាងតិចមួយដងក្នុងមួយខែ ដើម្បីទទួល និងដោះស្រាយសំណើរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស៕

1,232 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម