សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

មេធាវីរបស់លោក កឹម សុខា បញ្ចូលភស្តុតាងជាវីដេអូ អំឡុងសវនាការលើសំណុំរឿងក្បត់ជាតិ

លោក កឹម សុខា អតីត មេដឹក នាំ បក្ស ប្រឆាំង មក ដល់ សាលា ដំបូង រាជធានី ភ្នំពេញ ដើម្បី ចូល រួម សវនាការ លើ បទ ចោទ ថា ក្បត់ ជាតិ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២២។ ខេមបូចា/ ព្រីង សំរាំង
លោក កឹម សុខា អតីត មេដឹក នាំ បក្ស ប្រឆាំង មក ដល់ សាលា ដំបូង រាជធានី ភ្នំពេញ ដើម្បី ចូល រួម សវនាការ លើ បទ ចោទ ថា ក្បត់ ជាតិ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២២។ ខេមបូចា/ ព្រីង សំរាំង

ខណៈតុលាការបន្តសវនាការលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ទាំងអយ្យការនិងមេធាវីការពារក្តីបានផ្តល់វីដេអូអំពីជីវិតសាធារណៈរបស់លោកម្តងហើយម្តងទៀត ដើម្បីជំទាស់នឹងការបកស្រាយផ្ទុយពីសារនយោបាយរបស់លោក។

ប្រធានបទបែបនេះបានបន្តលើកយកមកនិយាយកាលពីថ្ងៃពុធ អំឡុងពេលសវនាការរយៈពេល៤ម៉ោង ជាសវនាការថ្មីទៀតដែលធ្វើតាមកាលវិភាគមួយដងក្នុងមួយសប្តាហ៍ ដែលបានកំណត់សម្រាប់ការជំនុំជម្រះដែលត្រូវបានពន្យារពេលជាយូរមក ហើយរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិរូបនេះ។

លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចតាមរយៈការប្រ មូលផ្តុំមហាជនធ្វើការតវ៉ា បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសនៅឆ្នាំ២០១៣។

រហូត​មក​ដល់​ពេល​នេះ តំណាង​អយ្យការ​បាន​កសាង​សំណុំ​រឿង​របស់​ខ្លួនផ្អែក​តាម​វីដេអូ​ដែល​លោក កឹម សុខា បានថ្លែងនៅ​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ។ នៅ​ថ្ងៃ​ពុធនេះ មេធាវី​ការពារ​ក្តី​បាន​បង្ហាញ​វីដេអូ​ចំនួន​ប្រាំមួយ​​ដែលវីដេអូ​នីមួយៗ​មាន​រយៈ​ពេល​ពី​មួយនាទី​ទៅ​ប្រាំ​នាទី ដើម្បី​គាំទ្រហេតុផលរបស់​ខ្លួន​ដែលថា ​លោក កឹម សុខា បាន​ស្វះស្វែងឲ្យមានការ​ផ្លាស់​ប្តូរតាមរយៈ​ការ​បោះ​ឆ្នោតតែប៉ុណ្ណោះ។

ក្នុងវីដេអូឃ្លីបមួយដែលថតកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ត្រឹមតែ៥ថ្ងៃមុនពេលលោក កឹម សុខា ត្រូវបានចាប់ខ្លួន លោកបានអំពាវនាវដល់ពលរដ្ឋកម្ពុជាឲ្យទៅចុះឈ្មោះចូលរួមបោះឆ្នោតឆ្នាំ២០១៨ ដោយអះអាងថា ការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការបោះឆ្នោតនឹងនាំមកនូវសន្តិភាពពិតប្រាកដសម្រាប់កម្ពុជា។

ថ្លែង​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ពុធនេះ ​លោក កឹម សុខា បាន​មានប្រសាសន៍ថា៖ «ចេតនា​ពិត​របស់​ខ្ញុំ ​គឺ​ផ្លាស់ប្តូរ​តាមរយៈ​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០១៨ ហើយ​ខ្ញុំ​មិន​បានពាក់ព័ន្ធ​ជាមួយ​បដិវត្តន៍ពណ៌​ទេ​។ ចេតនាពិតប្រាកដ [គឺដើម្បី] ត្រៀមខ្លួនបោះឆ្នោតនៅឆ្នាំ២០១៨»

លោក កឹម សុខា ក៏បានឆ្លើយតបទៅនឹងវីដេអូឃ្លីបមួយ ដែលព្រះរាជអាជ្ញាបានបង្ហាញថា លោកស្ថិតនៅក្នុងបាតុកម្មមួយនៅខេត្តកំពង់ចាមពាក់ព័ន្ធនឹងការតវ៉ា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ។

ព្រះរាជអាជ្ញា​បាន​ចោទ​លោក កឹម សុខា ថា​ បាន​ដឹកនាំ​ការតវ៉ា​នេះ​ បង្ក​ការ​កកស្ទះ​ចរាចរណ៍និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច។ អយ្យការ​មិន​ទាន់​បានបញ្ជាក់​ពី​មូលហេតុ​ដែល​ខ្លួន​លើក​យក​ព្រឹត្តិការណ៍​នេះ​មក​គាំទ្រ​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​នោះ​ទេ។

លោក កឹម សុខា បាន​មានប្រសាសន៍​ថា៖ «ខ្ញុំ​មិន​បានដឹកនាំ​បាតុកម្មនេះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ចូលរួម​ជាមួយ​សហការី​ក្នុង​នាម​ជា​តំណាងរាស្រ្ត​ដើម្បី​ស្តាប់​កង្វល់​របស់​ពលរដ្ឋ​»ដោយលោកបដិសេធការលើកឡើងថា ការប្រមូលផ្តុំនេះបង្កឲ្យមានបញ្ហាសន្តិសុខសាធារណៈ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និងចោទប្រ កាន់ពីបទសមគំនិតជាមួយមហាអំណាចបរទេស។ រដ្ឋាភិបាលបានចោទប្រកាន់លោកថា បានធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។

លោក កឹម សុខា បាន​អះអាង​ថា លោក​គ្រាន់តែ​ធ្វើ​សកម្មភាព​ស្រប​ច្បាប់និង​ប្រកប ដោយតម្លាភាព ដើម្បី​ព្យាយាមយក​ឈ្នះការបោះ​ឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ឆ្នាំ២០១៧ ដោយ​មាន​សមាជិក​បក្ស​ជាច្រើន​នាក់​ត្រូវ​បានចាប់ខ្លួន​ជុំវិញអ្វី​ដែល​គេ​ជឿជាទូទៅ​ថា ​ជា​បទ​ចោទ​ពាក់ព័ន្ធរឿង​នយោបាយ។ មេដឹកនាំកំពូលរបស់គណបក្សនេះបាននិរទេសខ្លួន ហើយសមាជិកជាង១០០នាក់ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។

លោកស្រី ម៉េង សុភារី ជាមេធាវីម្នាក់ក្នុងចំណោមមេធាវីការពារក្តីរបស់លោក កឹម សុខា បានប្រាប់តុលាការកាលពីថ្ងៃពុធថា ឃ្លីបនីមួយៗបង្ហាញថា កូនក្តីរបស់លោកស្រីបានធ្វើសកម្មភាពក្នុងតួនាទីរបស់លោកជាអ្នកនយោបាយតែប៉ុណ្ណោះ។

លោក​ស្រី​មានប្រសាសន៍ថា៖ «ប្រសិន​បើ​កូន​ក្តី​មាន​គោល​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល គាត់មិន​ចាំ​បាច់​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ទេ ដូច្នេះ​ការ​ចោទ​ប្រកាន់នេះ ​គឺ​ខុស។ ការប្រកួតប្រជែងនយោបាយគឺតាមរយៈការបោះឆ្នោត មិនមែនដើម្បីផ្តួលរំលំរដ្ឋាភិបាលទេ»

​​

ព្រះរាជអាជ្ញារង ប្លង់ សុផល បានស្នើឲ្យមេធាវីរបស់លោក កឹម សុខា បង្ហាញភស្តុតាងពាក់ព័ន្ធនឹងលោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងបាតុកម្មមួយ។ បើទោះបីជាលោកមានតួនាទីជាថ្នាក់ដឹកនាំនៅក្នុងគណបក្សសង្គ្រោះជាតិក៏ដោយ ក៏លោក ប៉ុល ហំម បានទទួល «នីតិសម្បទានយោបាយ» កាលពីឆ្នាំ២០២១ តាមរយៈព្រះរាជក្រឹត្យ ហើយចាប់តាំងពីពេលនោះមក លោកបានចូលរួមជាមួយគណបក្សកំណែទម្រង់កម្ពុជា។

លោកស្រី សុភារី បាន​ឆ្លើយ​តបថា វា​ជា​កាតព្វកិច្ច​របស់​អយ្យការ​ក្នុង​ការ​ផ្តល់​ភស្តុតាងដើម្បីបញ្ជាក់លើការអះអាង​របស់​ខ្លួន។

លោក ប្លង់ សុផល ក៏​បាន​រិះគន់​លោក កឹម សុខា ផង​ដែរ ខណៈ​ដែល​លោក​បាន​លើក​ឡើង​ថា តំណាង​អយ្យការ​បាន​ដាក់​ភស្តុតាង​រួច​ហើយ​ដែល​អះអាង​ថា អតីត​មេ​បក្ស​ប្រឆាំងរូបនេះ​ បាន​ដឹកនាំ​បាតុកម្ម​របស់​កម្មករ​នៅ​ខេត្ត​កំពង់ចាម។

លោកបានមានប្រសាសន៍ថា៖ «តើលោក កឹម សុខា ធ្វើជាស្តាប់មិនឮអ្វីដែលខ្ញុំបានដាក់ [ជាភស្តុតាង]មែនទេ?» ​ដែលការនេះបាន​បណ្តាលឲ្យ​លោក កឹម សុខា លើក​ដៃ​កាត់ដោយនិយាយថា ព្រះរាជអាជ្ញា​បាន​ប្រមាថ​លោក។

លោក ប្លង់ សុផល​ បាន​បដិសេធ​ថា លោកមិនបាន​ប្រមាថ​លោក កឹម សុខា ទេ ដោយ​និយាយ​ថា ការ​លើកឡើងរបស់​លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភស្តុតាង។ លោក​បាន​បន្ថែម​ថា លោក កឹម សុខា មានបុព្វសិទ្ធិ​ច្រើន​ជាង​ចុង​ចោទ​ផ្សេង​ទៀត​ដោយលោកអាច​និយាយ​ឬ​សាកសួរដោយផ្ទាល់មក​ព្រះរាជអាជ្ញា។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានតាមដានសវនាការនេះ ហើយលោកស្រីមានប្រសាសន៍ថា ការកាត់ក្តីអាចបន្តអូសបន្ថាយកាន់តែយូរ ដោយសារការទទួលយកភស្តុតាងនៅមិនទាន់បញ្ចប់។

លោកស្រី សុភាព មានប្រសាសន៍ថា លោក កឹម សុខា និងអតីតសមាជិកគណបក្សសង្គ្រោះជាតិមិនគួរប្រឈមមុខនឹងការចោទប្រកាន់ពីសកម្មភាពនយោបាយ និងការជាប់ពាក់ព័ន្ធគណបក្សដែលត្រូវបានរំលាយនោះទេ។

លោក​ស្រី​បាន​មានប្រសាសន៍ថា៖ «ការ​បន្ត​ការ​ចោទ​ប្រកាន់​ដ៏​អូស​បន្លាយគឺ​ជា​ការ​រំលោភ​សិទ្ធិ​នយោបាយនិង​សេរីភាព​»

សវនាការនឹងបន្តនៅថ្ងៃទី៩ ខែកុម្ភៈ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kem Sokha defense submits video evidence in latest treason hearing

687 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម