នៅក្នុងសវនាការ កាលពីថ្ងៃពុធ លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងបាននិយាយថា លោកលែងមានទំនាក់ទំនងអ្វីជាមួយលោក សម រង្ស៊ី មេដឹកបក្សប្រឆាំងម្នាក់ទៀតដែលកំពុងនិរទេសខ្លួន ហើយលោកក៏បានតវ៉ាថាគ្មានមូលដ្ឋានណាមួយសម្រាប់ការចោទប្រកាន់លោកពីបទក្បត់ជាតិនោះឡើយ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់មន្ត្រីតុលាការថា៖ «ចំណុចសំខាន់គឺថាតើខ្ញុំនៅជាមួយនឹងមនុស្សខូច[លោក សម រង្ស៊ី]ទៀតឬអត់? [ឥឡូវនេះ] ខ្ញុំចប់ហើយ អត់ទេ»។
កាលពីថ្ងៃទី១១ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងជំនួបជាមួយអ្នកគាំទ្ររបស់លោកនៅទីក្រុងវ៉ាស៊ីនតោនថា រដ្ឋាភិបាលកម្ពុជាមិនដែលចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិកថាពាក់ព័ន្ធករណីលោក កឹម សុខា នោះទេ។
ដោយយោងទៅតាមពាក្យពេចន៍របស់លោកហ៊ុន សែន ដែល បានថ្លែងនោះ លោក កឹម សុខា នៅក្នុងសវនាការនាថ្ងៃពុធនេះ បានមានប្រសាសន៍ថា សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្រ្តីមានន័យថាលោកមិនបានឃុបឃិតជាមួយរដ្ឋាភិបាលបរទេសនោះទេ។
លោក កឹម សុខា បានមានប្រសាសន៍ថា៖ «ខ្ញុំមិនបានត្រូវរូវជាមួយសហរដ្ឋអាមេរិក ឬប្រទេសផ្សេងទៀតទេ»។ លោកបានកត់សម្គាល់ទៀតថាមិនមានឯកសារណាមួយដែលបង្ហាញថាលោកបានគប់គិត ជាមួយជនបរទេស ឬចរចាជាសម្ងាត់ជាមួយប្រទេសណាទេ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ ពីបទប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌។ ភ្លាមៗបន្ទាប់ពីការចាប់ខ្លួន គណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល ហើយសមាជិកបក្សជាច្រើននាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពីបទចោទប្រកាន់ពាក់ព័ន្ធផ្សេងៗដែលគេជឿថាពាក់ព័ន្ធនឹងរឿងនយោបាយ។ មេដឹកនាំកំពូលៗរបស់គណបក្សប្រឆាំងជាច្រើននាក់បាននិរទេសខ្លួន ហើយសមាជិកគណបក្សជាង ១០០នាក់ ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងនយោបាយរយៈពេល ៥ ឆ្នាំ។
បន្ទាប់ពីពន្យារពេលអស់ជាច្រើនឆ្នាំ ការកាត់ក្តីរបស់លោក កឹម សុខា ត្រូវបានបន្តនៅខែមករា ឆ្នាំ២០២២ ដោយសវនាការធ្វើឡើងម្តងក្នុងមួយសប្តាហ៍។
ឆ្លើយតបទៅនឹងលោកកឹម សុខា នៅក្នុងតុលាការ ព្រះរាជអាជ្ញារង លោក ប្លង់ សំណាង បានធ្វើការបដិសេធ ហើយលើកឡើងថាមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា លោកកឹម សុខា បានគប់គិតជាមួយមហាអំណាចបរទេសពិតមែន។
លោកបានថ្លែងថា៖ «សកម្មភាពនោះចុងចោទបានធ្វើ ហើយកំពុងធ្វើ ក៏ដូចជាបន្តផែនការដើម្បីផ្ដួលរំលំរដ្ឋាភិបាល»។ តាមសំណើរបស់លោកសំណាង ប្រធានចៅក្រមបានចាក់វីដេអូរយៈពេល១ម៉ោង ដែលលោក កឹម សុខា បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោក
ក្នុងប្រទេសអូស្ត្រាលី។ ខណៈដែលតំណាងអយ្យការអះអាងថា វាបានបង្ហាញពីចេតនារបស់លោក កឹម សុខា ក្នុងការផ្តួលរំលំរដ្ឋាភិបាល ប៉ុន្តែលោកហាក់ដូចជាគ្រាន់តែជំរុញឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតតែប៉ុណ្ណោះ។
សហមេធាវីការពារក្តី លោក ចាន់ ចេន បានប្រាប់អ្នកសារព័ត៌មានក្រោយសវនាការថា តុលាការគួរតែទម្លាក់ការចោទប្រកាន់លើលោក កឹម សុខា ខណៈដែលតំណាងអយ្យការមិនបានបង្ហាញភស្តុតាងចោទប្រកាន់ណាដែលប្រឆាំងនិងលោក កឹម សុខា។
លោកបានមានប្រសាសន៍ថា៖ «យើងគិតថា ភាគីពាក់ព័ន្ធទាំងអស់បានបង្ហាញ [ភស្តុតាងគ្រប់យ៉ាងរបស់ខ្លួន] រួចហើយ ដូច្នេះតុលាការគួរទម្លាក់ការចោទប្រកាន់លើកូនក្តីរបស់ខ្ញុំ ហើយបញ្ចប់សវនាការ»។ លោក ចេន បានកត់សម្គាល់ថា វីដេអូដែលលោក សំណាង បានសុំឱ្យតុលាការចាក់បញ្ចាំងនោះ បានបង្ហាញថា លោកកឹម សុខា មិនដែលលើកទឹកចិត្តអ្នកគាំទ្រឱ្យ «ប្រើអំពើហិង្សា ឬផ្តួលរំលំរដ្ឋាភិបាលឡើយ»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយម្នាក់ មានប្រសាសន៍ថា ការថ្លែងរបស់លោក កឹម សុខា ដែលថាលោកមិនពាក់ព័ន្ធជាមួយ លោកសម រង្ស៊ី គឺជាសញ្ញានៃ «ការបែកបាក់ និងធ្វើឱ្យគណបក្សប្រឆាំងកាន់តែចុះខ្សោយ» ដែលជាគោលដៅចុងក្រោយរបស់គណបក្សកាន់អំណាច។
លោកក៏បានចង្អុលបង្ហាញទៀតថា លោក ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលមិនបានចោទអាមេរិកទេ គឺមានន័យថាគ្មានភស្តុតាងបញ្ជាក់ច្បាស់លាស់ទេ។
ការបោះឆ្នោតឃុំ-សង្កាត់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដែលជាការបោះឆ្នោតថ្នាក់មូលដ្ឋានលើកដំបូង ចាប់តាំងពីការរំលាយគណបក្សសង្រ្គោះជាតិ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងជាអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា សេចក្តីថ្លែងការណ៍របស់លោក កឹម សុខា នឹងមិនមានផលប៉ះពាល់អវិជ្ជមានដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនោះទេ។
លោកបានបន្តថា៖ «ខ្ញុំមិនដឹងថាគាត់ជួបការលំបាកយ៉ាងណាទេ ហើយខ្ញុំក៏មិនដឹងពីគោលបំណងរបស់គាត់ដែរ ដូច្នេះខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយអ្វីជំនួសគាត់ទេ»។
សវនាការជំនុំជម្រះក្តីលោក កឹម សុខា នឹងបន្តទៅថ្ងៃទី១ ខែមិថុនាទៀត៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kem Sokha insists he has no connection to Sam Rainsy