សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការច្រានចោលសំណើដកការរឹតត្បិតលើការសួរសុខទុក្ខលោក កឹម សុខា នាថ្ងៃដំបូងនៃសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក

លោក កឹម សុខា ចាកចេញពីផ្ទះរបស់លោក ដើម្បីចូលរួមស្តាប់សាលក្រមកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)
លោក កឹម សុខា ចាកចេញពីផ្ទះរបស់លោក ដើម្បីចូលរួមស្តាប់សាលក្រមកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក កឹម សុខា បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អង្គារ ដោយ​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​របស់​លោក​ក្នុង​ការបន្ធូរ​បន្ថយ​លក្ខខណ្ឌតឹងរឹងនៃ​ការ​ឃុំ​ខ្លួន​លោក​ក្នុង​ផ្ទះ។ លោក​បាន​ស្នើ​ឲ្យ​តុលាការ​ផ្តល់​សិទ្ធិ​​ចូល​សួរសុខទុក្ខ​ ដើម្បី​ឲ្យ​លោក​អាច​ជួប​ជាមួយ​ប្រជាពលរដ្ឋបាន។

លោក អាង ឧត្តម មេធាវី​របស់​លោក កឹម សុខា ​បាន​ប្រាប់​អ្នក​សារព័ត៌មានបន្ទាប់​​ពី​សវនាការថា៖​ «គាត់ [សុខា​] បាន​ស្នើ​ [​តុលាការ​] កុំ​​រឹតត្បិត​ការឃុំខ្លួងគាត់ពេក និងសិទ្ធិសួរសុខទុក្ខ» ។

ការរឹតបន្តឹងការចូលជួប​សួរសុខទុក្ខមិនត្រឹមតែប៉ះពាល់ដល់លោក កឹម សុខា ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សមាជិកគ្រួសារ និងអ្នកដែលធ្វើការជាមួយលោក​ ដូចជាមេធាវីរបស់លោក ដែលត្រូវការទៅសួរសុខទុក្ខ​លោក។

លោក អាង ឧត្តម បាន​ថ្លែងទាំង​ខកចិត្តថា៖ «យើង​បាន​ត្អូញត្អែរ​ថា​ វាគឺ​ជា​ការ​រំលោភ​លើ​វិជ្ជាជីវៈ​របស់​យើង​ជា​មេធាវី ហើយ​ថា [យើង] មិន​អាច​ទទួល​យក​បានទេ»

លោក កឹម សុខា ត្រូវ​បាន​សាលាដំបូង​រាជធានី​​ភ្នំពេញ​រកឃើញពិរុទ្ធភាព​ពីបទ​សន្និដ្ឋិភាព​ជាមួយបរទេស និង​កាត់​​ទោស​ឲ្យ​ជាប់​ពន្ធនាគាររយៈពេល ២៧ឆ្នាំ​កាល​ពី​​ឆ្នាំ​មុន។ តុលាការក៏បានហាមឃាត់​លោក​មិនឱ្យធ្វើនយោបាយអស់មួយជីវិត និង​ហាម​ឃាត់​មិន​ឲ្យ​ប្រាស្រ័យទាក់ទងជាមួយអ្នក​ផ្សេង​ក្រៅពីសមាជិកគ្រួសាររបស់លោកឡើយ​ បើ​គ្មាន​​ការអនុញ្ញាតពីតុលាការ។

សន្តិសុខត្រូវបានរឹតបន្តឹងជុំវិញសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃអង្គារ ទីដែលមាន​មន្ត្រីនគរបាល​ កងរាជអាវុធ និងសន្តិសុខ​រាប់សិបនាក់ប្រចាំការ​។ ច្រកចូលតុលាការត្រូវបានបិទ​ ហើយមានតែអ្នក​ ដែលមានលិខិតអនុញ្ញាតពីតុលាការប៉ុណ្ណោះដែ​ល​ត្រូវបានអនុញ្ញាតឲ្យចូល​។ ដោយសារកន្លែង​មានកំណត់​ តុលាការបានកំ​ណត់​ចំនួនមនុស្សត្រឹម២០​នាក់នៅក្នុងបន្ទប់សវនាការ។

អ្នកគាំទ្រប្រមាណ១០០នាក់ មកពីជាង១០ខេត្ត បានរង់ចាំ​នៅ​​មុខ​តុលាការ ដើម្បី​​បង្ហាញការគាំទ្រចំពោះ​លោក កឹម សុខា ដែលធ្លាប់ជាមេដឹកនាំគណបក្សសង្រ្គោះជាតិ។

រថយន្ត​នគរបាល​អមដំណើរ​លោក កឹម សុខា ទៅ​សាលា​ឧទ្ធរណ៍ ដោយមានការរឹតបន្តឹង​​សន្តិសុខ​នៅ​ថ្ងៃ​ទី៣០ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

បើ​តាម​លោក ឧត្តម តុលាការ​បាន​កំណត់​កាលវិភាគ​សម្រាប់​សវនាការ​ចំនួន៩លើក​ដែល​នឹង​ធ្វើ​នៅ​ពេល​ព្រឹក។ សវនាការ​លើក​ទី​២ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៧ ដែលតាមចោទ​ពីបទសមគំនិតជាមួយសហរដ្ឋអាមេរិក ដើម្បីព្យាយាមធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ពីរ​ខែ​ក្រោយ​មក។

ទោះបីជាយ៉ាងណា​ លោក កឹម សុខា អះអាងថា លោកគ្រាន់តែធ្វើសកម្មភាពស្រប​ច្បាប់ និងប្រកប​ដោយ​តម្លាភាព ក្នុង​ការ​ព្យាយាមឈ្នះការបោះឆ្នោតដែលរៀបចំឡើងក្នុងឆ្នាំ២០១៨។

ការចោទប្រកាន់លោកពីបទក្បត់ជាតិបានផ្តើម​ចេញពីវីដេអូមួយអំពីសុន្ទរកថារបស់​លោក ដែលធ្វើឡើង​នៅទីក្រុងមែលប៊នក្នុងឆ្នាំ២០១៣ ទីដែលតាមចោទ​ថា លោក​បាន​អះអាងថា សហរដ្ឋអាមេរិកបានគាំទ្រលោក​ចាប់តាំងពីលោកឈាន​ជើង​​ចូលប្រឡូក​ក្នុង​នយោបាយ ដើម្បីធ្វើការលើការផ្លាស់ប្តូរការដឹកនាំនៅ​ប្រ​ទេស​កម្ពុជា។

អំឡុងពេលសវនាការនៅ​តុលាការសាលាដំបូងរាជធានីភ្នំពេញ ព្រះរាជអាជ្ញាបានលើកឡើងនៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយ​​របស់ខ្លួន​ថា លោក កឹម សុខា បានឈានដល់ «កិច្ចព្រម​ព្រៀងសម្ងាត់ជាមួយរដ្ឋបរទេស» ដើម្បី «ប្រទូស្តរ៉ាយ» រវាងឆ្នាំ១៩៩៣ និង២០១៧។

កញ្ញា កឹម មនោវិទ្យា កូនស្រី​របស់លោក កឹម សុខា បាន​បង្ហោះតំណ​ភ្ជាប់​របស់​​អង្គ​​ការលើក​លែង​ទោស​អន្តរជាតិ​ ដែល​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​លុប​ចោល ​”«ការ​ផ្តន្ទាទោស​ពីបទ​ក្បត់ជាតិ​ ដែល​​គ្មាន​មូលដ្ឋាន»លើ​មេដឹកបក្សប្រឆាំង​រូប​នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី Montse Ferrer អនុប្រធានប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ ទទួលបន្ទុក​ផ្នែក​ការស្រាវជ្រាវ បានមាន​ប្រ​សា​សន៍​ថា ការផ្តន្ទាទោសនេះបង្ហាញពីការមិនយកចិត្តទុកដាក់របស់អាជ្ញាធរកម្ពុជា​ចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ។

លោក សុខ វាសនា ដែល​មក​តុលាការ ដោយសារ​កូន​ប្រុស​របស់​គាត់​ស្ថិត​​ក្នុង​សំ​ណុំរឿង​ព្រហ្មទណ្ឌ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទេ ដោយសារ​លោក​មិន​មាន​លិខិត​អនុញ្ញាត​ពី​តុលាការ។

លោក វាសនា បាន​និយាយថា៖ «គាត់​ [មន្ត្រី​តុលាការ] បាន​ហៅ​យើង​ឲ្យ​មក ប៉ុន្តែ​ពេល​យើង​មកដល់ គាត់​ [នគរបាល​] មិន​អនុញ្ញាត​ឲ្យ​យើង​ចូល​ឡើយ»ដោយ​បន្ថែម​ថា វា​ខាតពេល​វេលា​របស់លោក។

លោក អ៊ិន វីរៈ មកពីខេត្តព្រៃវែង ហើយ​ដែល​មក​តុលាការ​សម្រាប់​សំណុំរឿង​ដាច់ដោយ​ឡែក​​នោះ ​ក៏​មិនត្រូវ​បាន​​អនុញ្ញាត​ឱ្យ​ចូល​តុលាការ​ផងដែរ។ លោក​បាន​និយាយ​ថា៖​ «ខ្ញុំ​មិន​យល់​ថា ​ហេតុអ្វីគេមិ​នអនុញ្ញាត​ឱ្យ​យើង​ចូល​ទៅ​ក្នុង​ទេ។ បាទ! [យើង] ខឹង […] ខ្ញុំមកពីឆ្ងាយ»។

លោក វាសនា ឆៃយ៉ា ជា​អ្នកគាំទ្រលោក កឹម សុខា ដែលធ្វើដំណើរមក​ពីខេត្តបន្ទាយមានជ័យ បានសម្តែងការខកចិត្តចំពោះសន្តិសុខដែលតឹងតែងនៅ​ជុំវិញបរិវេណតុលាការ។

លោក ឆៃយ៉ា បាន​និយាយថា៖ «ខ្ញុំ​មក​លើក​ទឹក​ចិត្ត​គាត់ [សុខា] ព្រោះ​វា​ជា​សវនាការ​របស់​គាត់​​នៅ​សាលា​ឧទ្ធរណ៍​ថ្ងៃ​នេះ។ គាត់​ជា​មនុស្ស​ស្មោះត្រង់ និង​ជា​មេ​ដឹក​នាំ​​ល្អ​សម្រាប់​ប្រជាពលរដ្ឋ»។

លោក​បាន​បន្ថែម​ថា លោក​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ការ​ឃើញ​លោក កឹម សុខា មាន​សេរីភាព និងឲ្យលោក​ទទួល​​បាន​​ការ​បន្ធូរបន្ថយការ​រឹត​ត្បិត​លើ​ការជួបសួរសុខទុក្ខនោះ​ទេ​។

លោក ឆាយា បាន​និយាយថា៖ «យើង​ក៏​ចង់​ដឹង​ដែរ​ថា តើ​តុលាការ​នឹង​ផ្តល់​យុត្តិ​ធម៌​ដល់​គាត់​ដែរ​ឬ​អត់។ ខ្ញុំខកចិត្ត ដែលមនុស្សមួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យចូល [តុលាការ] ប៉ុន្តែតើយើងអាចធ្វើអ្វីបាន? ខ្ញុំ​មក​លើក​ទឹក​ចិត្តលោក សុខា ដោយ​សារ​​គាត់​ស្រឡាញ់​ប្រជា​ពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ» ។

សមត្ថកិច្ចដាក់របាំងត្រួតពិនិត្យមនុស្សចេញចូលជិតបរិវេណសាលាឧទ្ធរណ៍ អំឡុងពេលសវនាការលោក កឹម សុខា ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

លោក អំ សំអាត នាយក​ប្រតបត្តិ​អង្គការសិទ្ធិមនុស្សលីកាដូ បានធ្វើការអំពាវនាវស្រដៀងនឹងការ​អំពាវនាវ​​របស់​សហគមន៍អន្តរជាតិដែរ ឱ្យដោះលែងលោក កឹម សុខា ព្រោះជាមធ្យោបាយស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ដូច​ដែល​យើង​បាន​ឃើញ​ក្នុង​រឿង​ក្តី​នយោបាយ​មុន​ៗ ​​ពាក់​ព័ន្ធ​នឹង​ថ្នាក់​ដឹក​នាំ និង​សកម្មជន​សិទ្ធិ​មនុស្ស ពេល​ដែល​​សាលា​ដំបូង​ធ្វើ​សេចក្តី​សម្រេច គេ​កម្រឃើញ​​​សាលា​ឧទ្ធរណ៍ច្រាន​ចោល​​ណាស់»។

លោក សំអាត បាន​មាន​ប្រសាសន៍​បន្ថែមថា៖​ «ក្នុង​ករណី​នេះ ខ្ញុំ​គិត​ថា ​បើ​មាន​ដំណោះ​​ស្រាយ​នយោបាយ […] មាន​សង្ឃឹម​ខ្លះ​»។

លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី មានប្រសាសន៍ថា ការបដិសេធរបស់តុលាការចំពោះសំណើសុំដកការរឹតត្បិត​លើ​ការចូលសួរសុខទុក្ខសម្រាប់​ក្រុម​មេធាវីរបស់លោក កឹម សុខា បង្ហាញថា ការដោះស្រាយសំណុំរឿងដោយតុលាការមិនដែល «សេរី ឬយុត្តិធម៌» នោះទេ។

លោកបានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «គ្មានប្រ​ទេសណា ដែលគោរពតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិពិតប្រាកដតម្រូវ​ឱ្យ​ តំណាង​អយ្យការយល់ព្រមជាមុន​ចំពោះ​សិទ្ធិ​ក្នុង​ការ​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​របស់​ជនជាប់ចោទនោះទេ​» ។

លោក​បាន​អះអាង​ថា ការ​កាត់ទោស​លោក កឹម សុខា និង​សមាជិក​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​លើ​បទ​ចោទ​ប្រកាន់​ដែល​មាន​ហេតុផល​នយោបាយ​និងគួរ​ឲ្យ​អស់​​សំណើចនេះ ​បាន​បង្ហាញ​ពី «កង្វះ​ឯករាជ្យ​ភាពទាំង​ស្រុង​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា»។

លោក Robertson បានមាន​ប្រសាសន៍​បន្ថែមទៀតថា ករណីនេះបានបង្ហាញថានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជាមិន​បាន​ធ្វើ​ «អ្វី» ដើម្បីដោះស្រាយបញ្ហាកង្វះនីតិរដ្ឋ និងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាឡើយ​។

លោក​បាន​ជំរុញ​ឲ្យ​​ដៃគូ​ពាណិជ្ជកម្មនិង​ជំនួយ​​របស់ប្រទេស​​កម្ពុជា «ថ្កោលទោស​ជា​សាធារណៈ» ​ចំពោះ «ភាព​​អយុត្តិធម៌» លើ​​លោក កឹម សុខា។ លោកមាន​ប្រសាសន៍ថា «ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ជាមួយ​​លោក ហ៊ុន ម៉ាណែត ថា ​នឹង​មិន​មាន​ពាណិជ្ជកម្ម​ដូច​ធម្មតា​ទេ លុះត្រា​​តែ​លោក កឹម សុខា ត្រូវ​បាន​ដោះលែង» ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kem Sokha’s Treason Hearing Begins With Court Dismissing Request To Lift Visitation Restrictions

475 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម