ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ និងប្រជានេសាទនៅខេត្តកែបបានសម្ដែងក្ដីបារម្ភរបស់ពួកគេចំពោះការអភិវឌ្ឍឆ្នេរខ្សាច់ថ្មីក្រោមគម្រោងរបស់រដ្ឋ ដោយការចាក់ដីចូលសមុទ្រប្រមាណជិត៣គីឡូម៉ែត្រ នឹងបង្កជាផលប៉ះពាល់ដល់របររកស៊ីរបស់ពួកគេ និងធ្វើឱ្យប៉ះពាល់ធនធានធម្មជាតិ ដែលបណ្តលាឱ្យពួកគេប្រឈមនឹងបាត់បង់ប្រភពចំណូលសម្រាប់ចិញ្ចឹមគ្រួសារ។
បើតាមអ្នកស្រី ឈីន ចិន្តា អាយុ៣៤ ឆ្នាំ ជាពលរដ្ឋមួយរូបរស់នៅខេត្តកែប បានឱ្យដឹងថា អ្នកស្រីនិងប្ដីបានបន្ដមុខរបរនេសាទរយៈពេល៦ឆ្នាំ ហើយអ្នកស្រីមានការបារម្ភចំពោះសកម្មភាពចាក់ដីយ៉ាងសម្បើមរបស់អាជ្ញាធរចូលឆ្នេរសមុទ្រ ខ្លាចក្រែងទៅថ្ងៃខាងមុន អាជ្ញាធរនឹងមិនអនុញ្ញាត ឬរៀបចំកន្លែងឱ្យពលរដ្ឋប្រកបរបររកស៊ីបានដូចមុន។ ម្យ៉ាងអ្នកស្រី នៅមានមន្ទិលថានៅពេលនេះអាជ្ញាធប្រាប់ថា ចាក់ដីដើម្បីអភិវឌ្ឍន៍បែបនេះ ប៉ុន្តែដល់តែមែនទែនទៅ បែរជាធ្វើខុសពីគម្រោងដែលប្រាប់ប្រជាជនទៅវិញ។
អ្នកស្រី ចិន្តា រៀបរាប់ថា៖ «យើងជួបគ្នាប្រជាជនយើងដែលរកស៊ីដូចគ្នាបានពិភាក្សាគ្នា តែយើងមិនដឹងគេ[អាជ្ញាធរ]ធ្វើអ្វីបន្ត ជួនកាលគេប្រាប់ថាកន្លែងនេះគេអភិវឌ្ឍអ្វីមួយឱ្យស្អាតដើម្បីយើងលក់ ប៉ុន្តែដល់ពេលធ្វើហើយគេធ្វើអីផ្សេង វាមិនដូចអ្វីដែលគេប្រាប់ពួកយើង»។
អ្នកស្រីបន្តថា៖«ព្រោះអីវាច្រើនដែរចា៎ សូម្បីកន្លែងខាងជើងនោះ ពីមុនគេប្រាប់ថាចាក់ដីហើយគេធ្វើកន្លែងចម្រោះទឹកកខ្វក់អ៊ីងចឹងទៅ ដល់ចាក់ដីរួចហើយចេញជាហាងកាហ្វេប្រេនស្អីណាទៅវិញ»។
អ្នកស្រីលើកឡើងទៀតថា ប្រជាជននៅទីនេះ អ្នកណាក៏ចង់ឱ្យមានការអភិវឌ្ឍដែរ ហើយពួកគេរីករាយនិងការអភិវឌ្ឍទាំងនោះ ប្រសិនបើមិនបង្កផលអាក្រក់ទៅដល់ពួកគេ មិនប៉ះពាល់ទៅដល់ធនធានធម្មជាតិ និងបំផ្លាញបរិស្ថាន។ ពិសេសអាជ្ញាធរគួរគោរពទៅតាមការសន្យា ត្បិតថាពួកគេសុទ្ធតែជាអ្នកដែលមានជីវភាពខ្វះខាត និងរំពឹងតែមុខរបរដែលមានសព្វថ្ងៃប៉ុណ្ណោះ ហើយពួកគេមិនឃើញការអភិវឌ្ឍដែលបំផ្លាញបរិស្ថាននោះទេ។
អ្នកស្រី ចិន្តា ថ្លែងយ៉ាងដូច្នេះថា៖ «ប្រជាជននៅហ្នឹងដូចតែគ្នាហ្នឹង អ្នកណាក៏គេចង់អ៊ីងចឹងដែរ ការអភិវឌ្ឍគឺមុខមាត់ខេត្តយើង តែសូមអាជ្ញាធរធ្វើអីឱ្យច្បាស់ថាធ្វើហ្នឹងពិតប្រាកដ ព្រោះអីប្រជាជនគ្នាលំបាកណាស់ សូមអាណិតអាសូរប្រជាជនផង និងកុំឱ្យបាត់បង់ធនធានធម្មជាតិរបស់យើង កាលណាតែបាត់បង់ហើយមិនងាយកើតវិញទេ អភិវឌ្ឍន៍ប៉ុណ្ណា ក៏សូមទុកធនធានធម្មជាតិជាចំបងដើម្បីក្មេងជំនាន់ក្រោយបានឃើញ»។

អង្គុយកាន់ខ្សែទូកដែលរៀបនឹងចេញ អ្នកស្រីប្រាប់ឱ្យដឹងថា មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញមានការចាក់ដីចូលសមុទ្រយ៉ាងសន្ធឹកសន្ធាប់បែបនេះ ហើយអ្នកស្រីក៏មានកូនចិត្តបារម្ភថា ការចាក់ដីចូលឆ្នេរសមុទ្រជិត៣គីឡូនេះ គឺមានផលជះអវិជ្ជមានចំពោះការរកស៊ីរបស់អ្នកនេសាទតែម្ដង រីឯចំណុចទីពីរ គឺការចាក់ដីដូច្នេះនឹងធ្វើឱ្យបាត់បង់ទីជម្រកត្រី និងក្ដាមតូចៗ នៅពេលដែលសត្វទាំងនោះត្រូវការទីកន្លែងសុវត្ថិភាព និងទឹករាក់ៗដើម្បីបណ្ដើរកូន ឬញាស់កូន។ ចំណុចទីបី គឺការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ប្រសិនបើសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ឬកន្លែងកម្សាន្តផ្សេងៗ ដោយមិនមានប្រព័ន្ធចម្រុះទឹកកខ្វក់ឱ្យបានត្រឹមត្រូវ។
ស្រ្តីវ័យកណ្ដាល សម្បុរស្រអែមរូបនេះពន្យល់ថា៖ «នៅពេលចាក់ដីលុបចឹងមក ត្រីនិងក្ដាមវាអត់មានទីកន្លែងសុវត្ថិភាពនៅខាងៗដើម្បីញាស់កូនទេ វាអាចឈាននឹងការដាច់ពូជ ជាពិសេសយើងអត់មានព្រៃកោងកាងឬព្រៃលិចទឹកអីទុកជាទីជម្រកឱ្យវាញាស់កូន ដល់តែកន្លែងកៀនៗគេ[អាជ្ញាធរ]ចាក់ដីអស់អត់មានដើមកោងកាងទៀតវា[ត្រី ក្ដាម] នឹងផុតពូជ។ ម្យ៉ាងខ្ញុំបារម្ភថានឹងមានការបង្ហូរទឹកកខ្វក់ចូលសមុទ្រដែរ តែមិនដឹងថ្នាក់លើគេគិតយ៉ាងម៉េច»។
អង្គុយលើដុំថ្មធំៗ ពាក់អាវផ្កា នាម៉ោង៥ល្ងាច អ្នកស្រី ចិន្តា បានលើកឡើងជាកង្វល់ថា ប្រសិនបើគ្រួសារអ្នកស្រីបាត់បង់មុខរបរ ដោយសារតែការអភិវឌ្ឍនេះ ពួកគេមិនអាចទៅធ្វើអ្វីផ្សេងបានឡើយ ត្បិតអ្នកស្រីនិងប្ដីរកស៊ីនេសាទរាប់ឆ្នាំហើយមិនទម្លាប់នឹងការងារផ្សេងឡើយ ហើយវានឹងប៉ះពាល់ដល់ជីវភាពរបស់គ្រួសារអ្នកស្រី និងកម្មករផ្សេងទៀតមិនខាន ខណៈអ្នកស្រីនៅជាប់បំណុល និងមានកូនៗ ព្រមទាំងឪពុកម្ដាយក្នុងបន្ទុក។
អ្នកស្រី ចិន្តា អះអាងថា៖ «ជីវភាពយើងកាន់តែយ៉ាប់ថែមមួយកម្រិតធំទៀត មិនតូចតាចទេ យើងមានតែរបរមួយនេះជាចំបង ព្រោះពួកខ្ញុំរកស៊ីប្រចាំថ្ងៃមុខរបរយើងមានតែប៉ុណ្ណឹងទេ បើអត់ទីផ្សារនៅកន្លែងហ្នឹងមួយគឺបាត់បង់ច្រើនណាស់មិនថាខ្ញុំមិនថាគេ»។
ចំណែកប្រជានេសាទម្នាក់ទៀត គឺលោក ថៃ គិន អាយុ២៧ឆ្នាំ ជាពលរដ្ឋរស់នៅខេត្តកែប បានលើកឡើងស្រដៀងគ្នាថា រូបលោកមានការបារម្ភចំពោះថ្ងៃមុខថានឹងប៉ះពាល់ដល់ការនេសាទ និងរបររកស៊ីរបស់លោក ត្បិតថាអាជ្ញាធរបានចាក់ដីចូលសមុទ្រវានឹងប៉ះពាល់ដល់កូនត្រីតូចៗ និងសម្រស់ធម្មជាតិ ហើយលោកមិនអាចចតទូកនៅក្បែរទីតាំងចាស់បាន។
អង្គុយលើទូក ដៃរៀបចំឧបករណ៍ដើម្បីត្រៀមទូកចេញនេសាទ លោក គិន ប្រាប់ថា៖ «ខ្ញុំនេសាទបាន២ឆ្នាំជាងហើយ ឃើញគេចាក់អ៊ីងចឹងបារម្ភដែរ តែមិនដឹងធ្វើម៉េច បើគេចាក់បាត់ទៅហើយ ខ្លាចតែថ្ងៃមុខគេលែងឱ្យចតទូកនៅទីតាំងនេះ និងរកស៊ីលែងបាន»។
លោកបន្តថា ប្រសិនបើថ្ងៃមុខ ខាងអាជ្ញាធរមិនអនុញ្ញាតឱ្យទូកអ្នកនេសាទចតនៅទីតាំងចាស់ ឬបង្កើតទីតាំងថ្មីឱ្យចតដោយគិតប្រាក់ក្នុងតម្លៃខ្ពស់ លោកមិនមានលទ្ធភាពឡើយ ខណៈចំណូលពីការនេសាទមិនទៀងទាត់ និងរកបានតិចតួច។
អ្នកនេសាទវ័យ២៧ឆ្នាំរូបនេះប្រាប់ថា៖ «បើគេឱ្យដូរទីតាំង ហើយបិទកន្លែងចាស់នេះ និងឱ្យបង់លុយតិចតូចមានអី តិចចេះតែបង់បានហើយ បើច្រើនបង់មិនកើតទេ យើងរកមួយថ្ងៃមិនដល់២០ម៉ឺនផងហ្នឹងបាទ»។

ដោយឡែក អាជីវករលក់គ្រឿងសមុទ្រក្នុងផ្សារក្ដាមមួយរូប គឺលោក មាស រស្មី រស់នៅ ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានលើកឡើងថា លោកបារម្ភចំពោះការអភិវឌ្ឍនេះនឹងធ្វើឱ្យពួកគេបាត់បង់របរលក់ដូរ ខណៈអាជីវករប្រមាណ៩០ភាគរយនៅផ្សារក្ដាមរំពឹងលើមុខរបរនេះ។
អាជីវករលក់ដូររូបនេះ និយាយថា៖ «ខ្ញុំគិតអំពីហានិភ័យដល់ការលក់ដូររបស់ខ្ញុំដែរ បារម្ភខ្លាចតែគេអភិវឌ្ឍហើយ គេដេញយើងចេញលែងឱ្យលក់នៅហ្នឹង បើអត់មានផ្សារក្ដាមហ្នឹងទេប៉ះ៩០ភាគរយ ហើយតាមខ្ញុំឮគេនិយាយតគ្នាថា ផ្សារក្ដាមហ្នឹងជាកន្លែងចតឡាន»។
ថ្វីបើយ៉ាងនេះក្ដីលោក រស្មី ប្រាប់ឱ្យដឹងថា កាលពីមានការចាក់ដីភ្លាមៗ ប្រជាពលរដ្ឋដែលជាអាជីវករនៅផ្សារក្ដាមបានធ្វើការតវ៉ាផងដែរ តែមិនបានផលអ្វីឡើយ ទន្ទឹមនឹងនោះ ពលរដ្ឋដូចជាលោកក៏មិនបានទទួលព័ត៌មានអំពីការសាងសង់ឆ្នេរស្អាតនេះដែរ។ លោករំលឹកថា ផ្សារក្ដាមនេះ អាជ្ញាធរមានគម្រោងចង់អភិវឌ្ឍយូរហើយ តែធ្វើមិនទាន់បាន។
លោករៀបរាប់តាមទូរសព្ទថា៖ «ពេលភ្លាមៗប្រជាពលរដ្ឋប្រជុំតាស គេតវ៉ា ហើយផ្សារក្ដាមហ្នឹងគេចង់ធ្វើយូរហើយតាំងពី២ ៣ឆ្នាំមុន តែធ្វើអត់ចេញ តែទើបតែក្រោយហ្នឹងគេចាក់ដីចាក់អីទៅ។ ម្យ៉ាងរឿងចាក់ដីហ្នឹងឮតែគេថាធ្វើឆ្នេរស្អាតៗ តែគេអត់មានសួរពីប្រជាពលរដ្ឋផង»។
តបទៅនឹងកង្វល់ និងការបារម្ភរបស់ប្រជាពលរដ្ឋ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបកស្រាយយ៉ាងច្បាស់ថា គ្រប់គម្រោងអភិវឌ្ឍន៍ តែងតែមានផលប៉ះពាលអំពីសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន ប៉ុន្តែខាងអាជ្ញាធរបានសិក្សាពីផលប៉ះពាល់នានា និងថ្លឹងថ្លែងពីផលអវិជ្ជមានរួចហើយ មុននឹងសម្រេចចិត្តធ្វើការសាងសង់គម្រោងនីមូយៗ ថាតើនឹងមានផលចំណេញសម្រាប់ប្រទេសជាតិកម្រិតណា និងប៉ះពាល់កម្រិតណា។
អភិបាលខេត្តរូបនេះមានប្រសាសន៍យ៉ាងដូច្នេះថា៖«ជាធម្មតាកាលណាអភិវឌ្ឍគម្រោងតែងតែមានផលប៉ះពាល់អំពី សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន។ គម្រោងទាំងអស់សុទ្ធតែបានសិក្សាពីផលប៉ះពាល់ ទាំងសេដ្ឋកិច្ច និង សង្គមកិច្ច ថាតើមានចំណុចអ្វី ចំណេញដល់ប្រទេសជាតិ និងមានការបាត់បង់អ្វីដែលយើងត្រូវគិតថាអភិរក្ស ឬគាំទ្រដល់ការអភិវឌ្ឍ ហើយអភិវឌ្ឍត្រូវគិតអំពីការអភិរក្ស ចឹងយើងមានការថ្លឹងថ្លែង»។
លោក ពិសិដ្ឋ បន្តថា ប្រសិនបើគម្រោងនេះកើតឡើង លោករំពឹងថានឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន ដែលជាសក្តានុពលទេសចរណ៍ខេត្តកែប ត្បិតថាទីតាំងដែលកំពុងចាក់ដីសាងសង់គម្រោងនេះ ពីមុនជាកន្លែងទុកចោលមិនបានជាប្រយោជន៍អ្វីឡើយ។
លោក ពិសិដ្ឋ បន្ថែមថា៖«កន្លែងនេះកន្លងមក ក៏មិនបានប្រើប្រាស់អ្វីដែរ ជាកន្លែងតំបន់ភក់ជ្រាំ និយាយទៅជាតំបន់ទុកចោល ចឹងក្រោយពីគម្រោងហ្នឹងហើយ យើងសង្ឃឹមថាភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងមកសម្រាកសម្រាន្ត ហើយយើងមានឆ្នេរកាន់តែច្រើនដែលជាសក្ដានុពលទេសចរណ៍របស់ខេត្ត»។
យ៉ាងណាមិញ អភិបាលខេត្តជាប់មាត់សមុទ្រមួយនេះ អះអាងថា គម្រោងខ្សាច់កម្សាន្តនេះ ជាគម្រោងរបស់រដ្ឋ ដែលមានការអនុញ្ញាតដោយរាជរដ្ឋាភិបាល និងអនុវត្តដោយគណៈកម្មាការជាតិអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ហើយគម្រោងនេះគឺបម្រើដល់ផលប្រយោជន៍សាធារណៈ និងជាគម្រោងមួយពង្រឹងសក្ដានុពលទេសចរណ៍របស់តំបន់តារារះនាទិសនិរតីនៃឆ្នេរសមុទ្រកម្ពុជា។
លោក ពិសិដ្ឋ បញ្ជាក់ថា៖«ចឹងត្រឡប់មកវិញ វាជាគម្រោងមួយបម្រើឱ្យផលប្រយោជន៍សាធារណៈសុទ្ធសាធ ដោយសារថាគម្រោងហ្នឹងគឺយើងអភិវឌ្ឍដោយការចាក់បំពេញដីបន្ថែម ប្រវែង ២៧០០ម៉ែត្រ មានការដាំដើមឈើរ ៥០ម៉ែត្រទទឹង និងមានការចាក់ខ្សាច់កម្សាន្តចូលឆ្នេរសមុទ្រចូល៣០ម៉ែត្រ»។

ទាក់ទិននឹងបញ្ហានេះ លោក អូត ឡាទីន មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) បានប្រាប់ខេមបូចាថាពលរដ្ឋមានការបារម្ភចំពោះការបាត់បង់ចំណូល និងមុខរបរគឺជារឿងត្រឹមត្រូវ ព្រោះថានៅពេលមានការអភិវឌ្ឍមួយចំនួន ដូចជានៅខេត្តកំពត ឬខេត្តកណ្ដាល ទាក់ទងនឹងការចាក់ខ្សាច់ចូលសមុទ្រ និងចាក់ខ្សាច់លុបទន្លេមួយចំនួនផលប្រយោជន៍ទាំងអស់ វាមិនបានបម្រើផលប្រយោន៍ជូនប្រជាជនទេ គឺភាគច្រើនផលប្រយោជន៍ដល់អ្នកវិនិយោគ។
លោក ឡាទីន បន្តយ៉ាងដូច្នេះថា៖«នៅពេលដែលមានការអភិវឌ្ឍ វាមិនបានផលប្រយោជន៍ជាដុំកំភួនដល់ប្រជាពលរដ្ឋទេ ព្រោះរដ្ឋាភិបាលភាគច្រើនចូលចិត្តផ្ដល់ការវិនិយោគឱ្យក្រុមហ៊ុន ឬអ្នកដែលមានលុយច្រើនក្នុងការរៀបចំក្នុងតំបន់ដែលអភិវឌ្ឍន៍ ហើយវាមិនបានបម្រើផលប្រយោជន៍សាធារណជនទេ គឺក្រុមអ្នកដែលមានលុយហ្នឹងជាអ្នកប្រមូលយកលុយពីតំបន់ហ្នុងតែម្ដង»។
យ៉ាងណាមិញ លោក ឡាទីន យល់ឃើញថា ប្រសិនជាត្រូវការតំបន់នឹងក្នុងការអភិវឌ្ឍ ដើម្បីបម្រើផលប្រយោជន៍សាធារណៈពិតមែន ទី១រដ្ឋាភិបាលគួរតែធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគម្រោងរបស់ខ្លួន ដើម្បីឱ្យពលរដ្ឋបានយល់ ហើយពួកគាត់អាចទទួលយកបាន។ ចំណុចទី២ រដ្ឋាភិបាលគួរត្រៀមទីកន្លែងផ្សេងទៀត សម្រាប់ឱ្យពលរដ្ឋអាជីវករអាចប្រកបអាជីវកម្មបាន ដើម្បីកុំឱ្យបាត់បង់ចំណូល។
ជាការកត់សម្គាល់ លោក ឡាទីន មើលឃើញថា ការអភិវឌ្ឍដោយការលុបឆ្នេរផ្សេងៗ គឺភាគច្រើនហាក់មិនមានការចូលរួមពីសាធារណជន និងអង្គការសង្គមស៊ីវិល ដើម្បីវាយតម្លៃពីផលប៉ះពាល់បរិស្ថាននៅក្នុងគម្រោងអភិវឌ្ឍន៍ទេ អ៊ីងចឹងពលរដ្ឋមិនបានចូលរួមពេញលេញ ដល់ពេលធ្វើការចាប់ផ្ដើមអភិវឌ្ឍ គឺចាប់ផ្ដើមមានរឿងចម្រូងចម្រាសរវាងភាគីអ្នកអភិវឌ្ឍ និងភាគីពលរដ្ឋ។
យ៉ាងណាក៏ដោយលោកនៅតែរំពឹងថា៖«រដ្ឋាភិបាលនឹងផ្ដល់ឱកាសបានទូលំទូលាយ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងដំណើរការអភិវឌ្ឍន៍នានា ហើយសង្ឃឹមថាការអភិវឌ្ឍទាំងនោះ នឹងដោះស្រាយបញ្ហាឱ្យបានតាមសម្រួល ដើម្បីពលរដ្ឋអាចទទួលយកបានជាជាងដែលធ្វើការអភិវឌ្ឍមួយដែលផ្ដល់ភាពសំខាន់ដល់តែអ្នកមានលុយទេ ដូចនេះធ្វើយ៉ាងម៉េច ដើម្បីកុំឱ្យពលរដ្ឋរងអយុត្តិធម៌»។
ចំណែកសកម្មជនបរិស្ថាន គឺ លោក លី ចាន់ដារ៉ាវុធ ក៏បានលើកឡើងស្រដៀងគ្នាដែរថា ការចាក់ដីចូលទៅក្នុងសមុទ្រគួរតែមានការសិក្សាឱ្យបានច្បាស់លាស់ និងគួរមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងតំបន់ ដោយគិតគូរពីប្រយោជន៍ពលរដ្ឋជាជាងប្រយោជន៍អ្នកវិនិយោគ ទើបមិនបង្កើតទៅជាវិសមភាពសង្គម ត្បិតថាការចាក់ដី កន្លងមក លោកសង្កេតឃើញការប៉ះពាល់ទៅលើផលនេសាទ និងប៉ះពាល់ការរកស៊ីរបស់ពលរដ្ឋពិតមែន។
យុវជនវ័យក្មេងដែលសកម្មនឹងបរិស្ថានរូបនេះ បានបន្ថែមថា៖«នៅពេលដែលមានការចាក់ដីចូលក្នុងសមុទ្រ វាធ្វើឱ្យកករទឹក ក្ដាម ត្រី នឹងរត់ចេញពីកន្លែងហ្នឹង ទៅនៅកន្លែងផ្សេង ដូច្នេះគួរតែអនុញ្ញាតឱ្យអ្នកដែលជាអាជីវករនៅផ្សារក្ដាម ចូលរួមក្នុងការសម្រេចក្នុងការអភិវឌ្ឍ»៕