ទោះមានសមត្ថភាព អាចដណ្តើមបានមេដាយពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីខ្លួនឯង ប៉ុន្តែកីឡាការិនីគុនខ្មែរ ទួន ស្រីពីន និងកីឡាការិនីបញ្ចស៊ីឡាត់ វឿន វ៉ាន់នីតា បានសម្រេចចិត្តចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ (2nd Asian Mixed Martial Arts Championship) ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះជាលើកដំបូង បើទោះបីជាអ្នកទាំង២ដឹងថា ការចូលប្រលោកក្នុងជំនាញថ្មីនេះ អាចមានគ្រោះថ្នាក់ ឬមានរបួស។
សម្រាប់ការចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះ (MMA) ជាលើកដំបូងនៅព្រឹត្តិការណ៍ 2nd Asian Mixed Martial Arts Championship ហៅកាត់ថា 2nd AMMA Championship នេះ ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ទួន ស្រីពីន បានទទួលស្គាល់ថា វាជាជំនាញថ្មី ដែលនាងមិនទាន់បានចូលហ្វឹកហាត់នៅឡើយទេ ព្រោះ ស្រីពីន ទើបមកពីប្រកួតប្រដាល់គុនខ្មែរ នៅប្រទេសបារាំង។
ទួន ស្រីពីន បាននិយាយថា៖ «ការប្រកួត MMA វាជាជំនាញថ្មីសម្រាប់ខ្ញុំ ហេតុនេះវាប្លែក និងមានការពិបាកដែរ។ យើងធ្លាប់តែឈរវ៉ៃ ប៉ុន្តែ MMA ឈរក៏វ៉ៃ អង្គុយក៏វ៉ៃ ហើយដេកក៏វ៉ៃ គឺអាចប្រើបានច្រើនជំនាញ ហេតុនេះខ្ញុំគិតថា គ្រោះថ្នាក់អាចនឹងកើតមានឡើង នៅក្នុងកម្រិតណាមួយ ដែលអាស្រ័យទៅលើការប្រកួតជាក់ស្តែង តែខ្ញុំមិនខ្លាចនោះទេ»។
ជាមួយគ្នានេះ ទួន ស្រីពីន ដែលធ្លាប់ប្រកួតគុនខ្មែរបាន១៦ដង ឈ្នះ១០ដង ស្មើ៥ និងចាញ់ត្រឹម១ដង បានចាត់ទុកការដណ្តើមបានមេដាយប្រាក់ ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ថា ជាលទ្ធផលដ៏ល្អមួយ ដែលធ្វើឱ្យនាងទទួលបានជោគជ័យមួយកម្រិតហើយសម្រាប់ការចាប់អាជីពជាអ្នកប្រដាល់ ប៉ុន្តែ ស្រីពីន ចង់បង្កើតស្នាដៃមួយទៀត សម្រាប់ការបង្ហាញខ្លួន ក្នុងការប្រកួត AMMA Championship ព្រោះនេះជាឱកាសលើកដំបូងដ៏មានតម្លៃ ហើយវាក៏ជាពេលកម្ពុជា បានធ្វើម្ចាស់ផ្ទះជាលើកទី១ដូចគ្នា។
កីឡាការិនីវ័យ២៣រូបនេះបញ្ជាក់ថា៖ «បើទោះបីជាខ្ញុំមានរបួសដោយប្រការណាមួយ ក៏ខ្ញុំនឹងមិនមានវិប្បដិសារីដែរ ព្រោះខ្ញុំលះបង់ប្រកួតតំណាងឱ្យជាតិ។ ពាក្យថា កីឡាការិនីជម្រើសជាតិនេះ វាជាក្តីសុបិនរបស់ខ្ញុំតាំងពីនៅតូច ហើយការឈ្នះមេដាយប្រាក់ផ្នែកកីឡាគុនខ្មែរ វាជាជោគជ័យមួយហើយ ប៉ុន្តែខ្ញុំចង់ស្វែងរកអ្វីដែលធំជាងនេះ ហេតុនេះការបន្ថែមជំនាញ MMA វាជារឿងដ៏ល្អ ដើម្បីបើកផ្លូវសម្រាប់ខ្ញុំអាចប្រកួតបានទាំងគុនខ្មែរ MMA ឃីកបុកស៊ីង និង K1 ជាដើម»។
តាមខ្លឹមសារ ដែលត្រូវបានប្រកាស ក្នុងសន្និសីទកាសែត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក (NOCC) កាលពីថ្ងៃទី១២ ខែមិថុនា បានឱ្យដឹងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៤នេះ នឹងធ្វើនៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ពីថ្ងៃទី១១ ដល់ទី១៣ ខែកក្កដា ដោយមានប្រទេសចំនួន១៧ប្រទេសចូលរួម ក្នុងនោះប្រទេសក្នុងតំបន់អាស៊ាន មានកម្ពុជា ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី រីឯ១២ប្រទេសទៀត ជាប្រទេសក្នុងតំបន់អាស៊ី រួមមានកូរ៉េ ចិន ឥណ្ឌា កៀគីស្ថាន កាហ្សាកើស្ថាន បារ៉ែន តាហ្ស៊ីគីស្ថាន និងម៉ុងហ្គោលលី ជាដើម។
ជាមួយគ្នាម្ចាស់ផ្ទះកម្ពុជា បានត្រៀមកីឡាករ កីឡាការិនីចំនួន១៦នាក់សម្រាប់ការប្រជែងយកមេដាយពីព្រឹត្តិការណ៍កម្រិតអាស៊ីមួយនេះ ក្នុងនោះមានអ្នកលេងគុនចម្រុះ ចាន់ រតនា កីឡាករ ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហ៊ាន, មាស ម៉ើ, សែន ច័ន្ទឫទ្ធីគុន, ហ៊ុន ចាន់រាជ, ធាន អាន, អេ វីរៈខាំឈិតភូថង, ហាន ហ៊ីម, ផេង សុខបញ្ញា កីឡាការិនី ខៀវ ចិន្តារ័ត្ន, នៅ ស្រីពៅ, វឿន វ៉ាន់នីតា, សំ ថារ័ត្ន និងកីឡាការិនី ទួន ស្រីពីន ហើយអ្នកទាំងនេះភាគច្រើនជាអត្តពលិកធ្លាប់មានបទពិសោធន៍ប្រកួត MMA គឺលើកលែងតែកីឡាការិនី ទួន ស្រីពីន, វឿន វ៉ាន់នីតា និងកីឡាករ ផេង សុខបញ្ញា ជាអ្នកចំណូលថ្មី។
ទន្ទឹមនឹងនេះ នៅ ស្រីពៅ ដែលធ្លាប់សាងបានស្នាដៃល្អជាងគេ សម្រាប់ការប្រកួត MMA នៅក្រៅប្រទេសផ្នែកនារីនោះ ក៏ហាក់មិនទាន់មានភាពប្រកដប្រជា ក្នុងការវិលមកកាន់ការប្រកួតលើកនេះ ព្រោះរយៈពេលជាង១ឆ្នាំមកនេះ ស្រីពៅ មិនធ្លាប់បានឡើងប្រកួត MMA នោះទេ ហើយក៏មិនបានឡើងប្រកួតគុនខ្មែរដូចគ្នា។
នៅ ស្រីពៅ បានឱ្យដឹងថា៖ «ខ្ញុំខានឡើងប្រកួតទាំងគុនខ្មែរ និង MMA ហេតុនេះខ្ញុំមិនទាន់ប្រាកដថា នឹងអាចធ្វើបានល្អដូចពេលខ្ញុំប្រកួត MMA នៅក្រៅប្រទេសកន្លងមក ឬយ៉ាងណានោះទេ ប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើឱ្យបានល្អ ហើយតាមរយៈការហ្វឹកហាត់ និងប្រកួតសមជាមួយមិត្តរួមក្លិបឃើញថា ការប្រកួតបែបឈរវ៉ៃជាលក្ខណៈគុនខ្មែរ ខ្ញុំអាចធ្វើបានល្អច្រើន តែការប្រើក្បាច់ក្លេ ខ្ញុំនៅស្ទើរដដែល»។
កីឡាការិនីរូបនេះបានបន្ថែមថា៖ «ការដោះក្លេ ខ្ញុំកំពុងហ្វឹកហាត់ជាប្រចាំ ចំណែកការប្រើក្បាច់ក្លេទៅលើគូប្រកួតវិញ ខ្ញុំចាប់អត់ទាន់បានទេ។ តែទោះបីជាយ៉ាងណា តាមច្បាប់នៃការប្រកួត AMMA Championship នេះ វាមិនគ្រោះថ្នាក់ដូចការប្រកួត MMA ក្រៅផ្លូវការនៅតាមសង្វៀនឯកជននោះទេ ហេតុនេះខ្ញុំយល់ថា អាចទប់ទល់បាន បើទោះបីជាខ្ញុំត្រូវប៉ះដៃគូមានជំនាញខ្លាំងខាងចាប់ក្លេក៏ដោយ»។
យ៉ាងណាក៏ដោយ ចំពោះលក្ខខណ្ឌ និងច្បាប់នៃការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីនេះ លោក ហ៊ុន ចាន់រាជ អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ហើយក៏ជាគ្រូបង្វឹក MMA និងជាកីឡាករត្រូវប្រកួតផងនោះ បានអះអាងថា វាមិនបង្កគ្រោះថ្នាក់ដល់កីឡាករ កីឡាការិនី នោះទេ ព្រោះវាមិនមែនការប្រកួត MMA អាជីព ដែលមានលក្ខណៈកាចសាហាវ និងគ្រោះថ្នាក់ខ្លាំង។
លោកបាននិយាយថា៖ «ច្បាប់ប្រកួតរបស់កម្មវិធី AMMA នេះ វាមិនដូចជា MMA អាជីពដែលចេញទៅវ៉ៃកន្លងមកនោះទេ គឺគេបានដកក្បាច់គ្រោះថ្នាក់ចេញ ហើយការចាប់ក្លេទៅលើដៃគូ ក៏មានការកំណត់ពេលមកត្រឹម១៥ទៅ២០វិនាទីអីទេ គេចាប់បំបែកហើយ អ៊ីចឹងវាអត់សូវមានគ្រោះថ្នាក់ឡើយ ព្រោះគេចង់ជំរុញប្រភេទកីឡានេះចូលទៅក្នុងការប្រកួតស៊ីហ្គេម និងឈានទៅកីឡាអូឡាំពិក»។
លោក ហ៊ុន ចាន់រាជ បានបន្ថែមថា៖ «ច្បាប់ MMA ថ្មីនេះ គេបានកែប្រែលក្ខខណ្ឌឱ្យក្លាយជាហ្គេមមួយមានសុវត្ថិភាពខ្លាំង និងមានភាពងាយស្រួលសម្រាប់គុនខ្មែរយើងដែរ ហើយតាមរយៈការហ្វឹកហាត់តាំងពីខែមេសាមកនោះ យើងឃើញថា ក្រុមជម្រើសជាតិរបស់យើង មានការរីកចម្រើនខ្លាំង ហេតុនេះខ្ញុំសង្ឃឹមថា អត្តពលិកទាំង១៦នាក់របស់យើង នឹងដណ្តើមបានមេដាយ មិនថាជាមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធ»។
ជាមួយគ្នា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យថា កម្ពុជាយើងបានសម្រេចធ្វើជាម្ចាស់ផ្ទះការប្រកួត AMMA Championship នេះ ក្រោមការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា និងមានការជួយឧបត្ថម្ភពីសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី ឬ Asian Mixed Martial Arts Association (AMMA) ជាង៩០ភាគរយនៃការចំណាយសម្រាប់ការរៀបចំ ដែលមានចំនួនសរុបជាង៣០ម៉ឺនដុល្លារ។
ចំណែកការចំណាយប្រមាណ១០ភាគរយទៀត គឺម្ចាស់ផ្ទះកម្ពុជា ជាអ្នកស្វែងរកការឧបត្ថម្ភពីខាងក្រៅ ដើម្បីបន្ថែមទៅលើថវិកា ដែលនឹងទទួលបានពីការលក់សំបុត្រ ពីការប្រកួត AMMA Championship នេះ គឺកម្ពុជាធ្វើដោយមានគោលការណ៍ច្បាស់លាស់ និងមានការទទួលខុសត្រូវចំពោះអនាគតនៃក្បាច់គុនព្រលឹងជាតិ និងក្បាច់គុនអត្តសញ្ញាណជាតិរបស់ខ្លួន។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ការប្រកួត AMMA Championship 2024នេះ ចាត់ទុកថា ជាការប្រកួត ដើម្បីធ្វើទំនើបកម្មក្បាច់គុន គឺធ្វើយ៉ាងណាឱ្យក្បាច់គុនខ្មែររបស់យើងកាន់តែចូលរួមជាមួយសភាពការ ឬភាពជឿនលឿននៃការប្រកួតក្បាច់គុននៅលើពិភពលោក អ៊ីចឹងគោលដៅគឺលើកតម្កើងក្បាច់គុនរបស់យើង»។
បន្ថែមលើនេះ លោក វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា តាមរយៈការប្រកួត AMMA Championshipនេះ នឹងជួយឱ្យកីឡាករកីឡាការិនីមកពីតាមបណ្តាប្រទេសផ្សេងៗមានឱកាសចូលរួមប្រកួតកម្រិតខ្ពស់របស់យុទ្ធគុនចម្រុះ ព្រោះនៅអាស៊ី ជាតំបន់ឬជាប្រទេសនៃប្រភពក្បាច់គុន។ លោកថា ប្រភពក្បាច់នៅលើពិភពលោកនេះ គឺអត់មានប្រភពក្បាច់គុនណា មានភាពជឿនលឿនដូចប្រភពក្បាច់គុនមកពីអាស៊ីនោះទេ។
ជាមួយហេតុផលនេះ លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាផងនោះ បានចាត់ទុកការប្រកួត AMMA នេះ ជាការធ្វើសមាហរណកម្ម ដើម្បីឱ្យកីឡាករ កីឡាការិនី MMA របស់កម្ពុជា បានស្គាល់ពីការប្រកួត ដែលមានបទបញ្ជា ក្រឹត្យក្រម និងវិន័យច្បាស់លាស់ក្នុងចលនាកីឡាអន្ដរជាតិ មិនមែនប្រកួតប្រជែងគ្នាដណ្ដើមលាភសក្ការៈទេ គឺប្រកួតប្រជែងគ្នាយកពិន្ទុ និងកិត្តិយសសម្រាប់ជាតិ។
អ្នកជំនាញកីឡារូបនេះ បានសង្កត់ធ្ងន់ថា៖ «គោលការណ៍របស់ AMMA គឺដើម្បីឆ្ពោះទៅរកការដាក់បញ្ចូល MMA ទៅក្នុងកម្រិតកីឡាអូឡាំពិក អ៊ីចឹងឆ្នាំនេះយើងប្រកួត និងផ្សព្វផ្សាយប្រភេទកីឡានេះឱ្យបានទូលំទូលាយ ហើយការប្រកួត Asian Games 2026 នៅប្រទេសជប៉ុន យើងនឹងបញ្ចូលឱ្យមាន MMA។ បន្ទាប់ពីនេះទៅ MMA នឹងឡើងទៅមួយកម្រិតទៀត គឺនឹងមានវត្តមាននៅក្នុងការប្រកួត LA 2028 Summer Olympics នៅសហរដ្ឋអាមេរិក»។
ជាមួយការត្រៀមបញ្ចូល MMA ទៅក្នុង Olympic Games នេះ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «គោលបំណងធំនៃការរៀបចំឱ្យមានការប្រកួត AMMA Championship នេះគឺដើម្បីសមាហរណកម្មកីឡាករកីឡាការិនីគុនចម្រុះនៃក្បាច់គុនបុរាណខ្មែរ ទៅលើឆាកអន្តរជាតិផ្លូវការ។ សហព័ន្ធកីឡាគុនចម្រុះកម្ពុជាបានកើតឡើងជាយូរមកហើយ ហើយយើងកំពុងពង្រឹងសមត្ថភាពនៃការគ្រប់គ្រង ដើម្បីជាប្រទេសមួយនៃម្ចាស់ក្បាច់គុននៅលើពិភពលោកនេះដែរ»៕