សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហព័ន្ធប្រដាល់គុនខ្មែរជំរុញឱ្យកីឡាករ Dave Leduc សហការ​​ដើម្បីផ្សព្វផ្សាយគុនខ្មែរ

កីឡាករ Dave Leduc និងប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានចូលប្រជុំសម្របសម្រួលគ្នានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុកលោក ខូវ ឆាយ)
កីឡាករ Dave Leduc និងប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានចូលប្រជុំសម្របសម្រួលគ្នានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុកលោក ខូវ ឆាយ)

សហព័ន្ធប្រដាល់គុនខ្មែរ ជំរុញឱ្យអ្នកប្រដាល់ឡេតវេរបស់មីយ៉ាន់ម៉ា Dave Leduc បង្កើនកិច្ចសហការ ដើម្បីផ្សព្វផ្សាយគុនខ្មែរក្នុងវិធីសាស្ត្រត្រឹមត្រូវ ក្រោយមានភាពប្រទាំងប្រទើសជាមួយប្រធានសហព័ន្ធថ្មី រហូតដល់ប្រកាសបិទលែងឱ្យអ្នកប្រដាល់បរទេសរូបនេះឡើងប្រកួតពាក់ព័ន្ធនឹងប្រដាល់​គុនខ្មែរ។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានឱ្យដឹងថា តាមរយៈកិច្ចប្រជុំនៅរសៀលថ្ងៃទី១១ ខែមិថុនា លោក និងលោក Dave Leduc បានសម្របសម្រួលគ្នាដោយជោគ​ជ័យ​។ កិច្ចប្រជុំនេះធ្វើឡើងក្រោមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលមានទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លោក ថោង ខុន ជាអ្នកដឹកនាំប្រជុំ។

លោក ខូវ ឆាយ បានបញ្ជាក់ថា លោកបានស្នើឱ្យអតីតអ្នកប្រដាល់ឡេតវេរបស់មីយ៉ាន់ម៉ារូបនេះ ពិភាក្សាជាមួយសហព័ន្ធគុនខ្មែរឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយគុនខ្មែរប្រកបដោយភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។

លោកមានប្រសាសន៍ថា៖ «យើង(សហព័ន្ធប្រដាល់គុនខ្មែរ)ស្នើថា ឱ្យគាត់មុននឹងធ្វើអ្វី គឺគាត់គួរតែពិភាក្សាជាមួយសហព័ន្ធឱ្យបានច្រើន ដើម្បីរកវិធីសាស្ត្រធ្វើឱ្យបានត្រឹមត្រូវ ក្នុងការជួយលើកស្ទួយ និងលើកតម្កើងគុនខ្មែរយើងឱ្យល្បីល្បាញក្នុងវិធីសាស្ត្រត្រឹមត្រូវ»​។

បើតាមប្រធានសហព័ន្ធប្រដាល់គុនខ្មែរថ្មីថ្មោងដដែលបានបញ្ជាក់ថា នៅក្នុងអង្គប្រជុំនោះ លោក ដាវ លីឌុច បានសន្យាកែលម្អនូវចំណុចខ្វះខាតដែលមហាជនខ្មែរមិនពេញចិត្ត និងអាចធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ខ្មែរ។ មិនតែប៉ុណ្ណោះ អតីតអ្នកប្រយុទ្ធកីឡាឡេតវេដដែលក៏បានស្នើសុំការអនុញ្ញាតពីសហព័ន្ធប្រដាល់គុនខ្មែរ ដើម្បីជួយផ្សព្វផ្សាយកីឡាប្រយុទ្ធវ័យចំណាស់របស់កម្ពុជាមួយនេះទៅពិភពលោកដែរ។

ក្រោយកិច្ចប្រជុំបានបញ្ចប់ លោក Dave Leduc បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកថា លោក និងលោក ខូវ ឆាយ បានយល់​ពីគោលបំណងរួម ដោយថាបញ្ហាប្រទាំងប្រទើសនាពេលកន្លងទៅ ជាការយល់ច្រឡំ។

លោកថ្លែងថា៖​ «ខ្ញុំសប្បាយចិត្តណាស់ ដែលយើងរកឃើញវិធីសាស្រ្តលើកកម្ពស់គុនខ្មែរខ្ញុំ និងឯកឧត្តម ខូវ ឆាយ បានបញ្ចប់រឿងរ៉ាវដែលយល់ច្រឡំគ្នាកន្លងមក និងបានយោគយល់ឯកភាពគ្នាក្នុងការបើកទំព័ររួមគ្នាលើកស្ទួយគុនខ្មែរ»។

បើតាមលោក Dave Leduc បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១០ ខែមិថុនាថ្មីៗនេះថា ទោះលោកបានប្រកាសចូលនិវត្តន៍ក៏ដោយ ប៉ុន្តែលោកនៅតែផ្សព្វផ្សាយគុនខ្មែរដែរ ដោយថានៅខែតុលាខាងមុខនេះ លោកគ្រោងនាំយកកីឡាករគុនខ្មែរ២រូបទៅប្រកួតនៅក្រៅ​ប្រទេស​។

ងាកមកលោក ខូវ ឆាយ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានសហព័ន្ធគុនខ្មែរ លោកមិនបានចាត់ទុកនរណាម្នាក់ជាសត្រូវឡើយ ប្រសិនបើមានគោលដៅស្របគ្នាក្នុងការលើកកម្ពស់គុនខ្មែរ។ ផ្ទុយទៅវិញ លោកថាប្រសិនបើបុគ្គលនោះមានចេតនាអាក្រក់ចំពោះគុនខ្មែរ នោះលោកត្រូវតែចេញមុខប្រឆាំង។

លោកសង្កត់ធ្ងន់ថា៖ «អ្វីដែលខ្ញុំប្រតិកម្ម ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធ ជាអ្នកដែលទទួលខុស​ត្រូវលើការងារអភិវឌ្ឍន៍វិស័យគុនខ្មែរ គឺខ្ញុំច្បាស់ណាស់ត្រូវតែការពារផលប្រយោជន៍គុនខ្មែរ។ បើសិនជាមានបុគ្គលណាមានសកម្មភាពណាមួយដែលបំផ្លាញគុនខ្មែរ ខ្ញុំត្រូវ​តែ​ចេញមុខការពារ។ ដូច្នេះហើយខ្ញុំត្រូវតែប្រាកដថាបុគ្គលទាំងនោះ រាល់សកម្មភាពរបស់គាត់គឺមិនបំផ្លាញគុនខ្មែរ ហើយបើសិនជាគាត់អាចផ្លាស់ប្តូរមកជាការគាំទ្រ មកជាការលើកតម្កើង​គុនខ្មែរវិញ គឺខ្ញុំអត់យកគាត់ជាសត្រូវទេ»។

ជុំវិញករណីនេះ គ្រូបង្ហាត់គុនខ្មែរនៃសាលាប្រដាល់ ពេជ្រ សុផាន់ គុនខ្មែរ លោក​ ពេជ្រ សុផាន់ ចង់ឃើញលោក Dave Leduc បង្កើនការផ្សព្វផ្សាយគុនខ្មែរឱ្យបានច្រើន ខណៈគិតមកទល់បច្ចុប្បន្នលោកយល់ថា អតីតអ្នកប្រដាល់ឡេតវេរូបនេះ នៅមិនទាន់បានធ្វើសកម្មភាពផ្សព្វ​ផ្សាយ​គុនខ្មែរជាដុំកំភួននៅឡើយទេ។ ការអះអាងដូច្នេះ ដោយលោកសង្កេតឃើញថា ប្រជា​ប្រិយភាព​របស់អតីតអ្នកប្រដាល់បរទេសរូបនេះហក់ឡើងដោយសារគុនខ្មែរ ដូច្នេះត្រូវតែជួយជ្រុមជ្រែងគុនខ្មែរវិញ។

លោកមានប្រសាសន៍ថា៖ «គាត់(លោក Dave Leduc) គួរធ្វើឱ្យគេកាន់តែស្គាល់ប្រដាល់គុនខ្មែរកាន់តែច្រើន ហើយសំខាន់នាពេលបច្ចុប្បន្ននេះ គឺអត់ឃើញអ្វីមួយដែលគាត់បង្ហាញឱ្យគេស្គាល់ពីគុនខ្មែរនៅឡើយទេ»។

កីឡាករ Dave Leduc ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុនថ្ងៃចូលប្រជុំសម្របសម្រួលជាមួយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ នៅហាងកាហ្វេមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

យ៉ាងណា អ្នកគាំទ្រគុនខ្មែរនៅរាជធានីភ្នំពេញម្នាក់ លោក បូ ពិសេច ចាត់ទុកថាជាគំរូដ៏ល្អមួយក្នុងការដោះស្រាយបញ្ហានៅលើតុ ចៀសវាងការបង្ហោះសារតាមអារម្មណ៍​នៅ​លើ​​បណ្តាញ​​សង្គម​ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃក្បាច់គុនរបស់ខ្មែរ។ អ្នកគាំទ្រវ័យ៣៤ឆ្នាំរូបនេះ សង្ឃឹមថា វប្បធម៌ចរចាមួយនេះ នឹងនៅបន្តដោះស្រាយបញ្ហាក្នុងវិស័យគុនប្រដាល់ ដើម្បីស្វែងរកប្រយោជន៍រួម។

លោកបន្តថា៖ «ខ្ញុំសប្បាយចិត្ត! ដោយសារតែគុនខ្មែរយើងចំណេញអ្នកផ្សព្វផ្សាយបន្តម្នាក់ទៀត ហើយជាបុគ្គលដែលល្បី ដែលមានអ្នកតាមដានរាប់លាននាក់[..]ខ្ញុំចង់ឱ្យគុនខ្មែរយើងចេះសាមគ្គីគ្នាអ៊ីចឹង! មានបញ្ហាអីដាក់លើតុចរចា កុំយកអារម្មណ៍បញ្ចេញទៅតាម​បណ្តាញ​សង្គម វាធ្វើឱ្យបាត់តម្លៃគុនខ្មែរយើង»។

ប្រហាក់ប្រហែលគ្នា អ្នកគាំទ្រម្នាក់ទៀតនៅខេត្តពោធិ៍សាត់ លោក យាន ប្រុសណុប យល់ថាការសម្របសម្រួលគ្នារវាងកីឡាករ Dave Leduc និងលោក ខូវ ឆាយ មានផលចំណេញ២គឺបានបង្ហាញពីការរួបរួម និងអាចផ្តល់ឱកាសឱ្យអ្នកប្រដាល់បរទេសខាងលើដឹកនាំកីឡាករគុនខ្មែរទៅប្រកួតនៅក្រៅប្រទេសដូចការគ្រោងទុកបាន។

លោកបន្ថែមថា៖ «សម្រាប់ខ្ញុំការរួបរួមគ្នា វាល្អមួយហើយ! ចំណុចល្អមួយទៀត ដាវ លីឌុច គាត់បាននិយាយថានឹងយកកីឡាករយើងទៅផ្សព្វផ្សាយ ទៅប្រកួតនៅក្រៅប្រទេស ដូចជាគាត់ធ្វើជាអ្នកដឹកនាំទៅ ដើម្បីផ្សព្វផ្សាយគុនខ្មែរយើងទៅក្រៅប្រទេស»។

គួរជម្រាបថា ភាពប្រទាំងប្រទើសគ្នារវាងអ្នកប្រដាល់មីយ៉ាន់ម៉ា Dave Leduc និងសហព័ន្ធប្រដាល់គុនខ្មែរ បានកើតឡើងបន្ទាប់ពីប្រធានសហព័ន្ធគុនប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង​កាលពីថ្ងៃទី៩ ខែមិថុនា។ ក្នុងនោះលោកបានប្រកាសបិទមិនឱ្យអ្នកប្រដាល់លោក Dave Leduc ឡើងសង្វៀនគុនខ្មែរជាដាច់ខាត ក្នុងអាណត្តិលោកកាន់តំណែង ដោយសំអាងថាកីឡាករបរទេសរូបនេះបានយកគុនខ្មែរជាឈ្នាន់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយក៏ធ្លាប់បង្កបញ្ហាជាច្រើន ដូចជាឧស្សាហ៍លើកឡើងពីគុនខ្មែរ និងមួយថៃ ដែលអាចធ្វើឱ្យមានភាពមិនចុះសម្រុងគ្នា និងបានឆ្លៀតឱកាសផ្សព្វផ្សាយពីនិមិត្តរូបកីឡាប្រដាល់ឡេតវេរបស់មីយ៉ាន់ម៉ា ពេលដែលកីឡាករហ្វីលីពីន ម៉ានី ប៉ាគីអៅ មកទស្សនាការប្រកួតគុនខ្មែរកាលពីថ្ងៃទី៣១ ខែមិថុនា កន្លងទៅ។

ជាពិសេស អ្នកប្រដាល់បរទេសរូបនេះក៏ធ្លាប់បង្កឱ្យមានការលំបាកម្តងហើយ ដោយបានប្រែក្រឡាស់ចិត្តភ្លាមៗមិនព្រមប្រកួតពាក់​ហ្គង់​ជាមួយកីឡាករ ព្រំ សំណាង ដូចការព្រមព្រៀង។

យ៉ាងណា លោក Dave Leduc បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១០ ខែមិថុនា ថា លោកមិនខ្វល់នឹងការបិទលែងឱ្យប្រកួតពីសំណាក់សហព័ន្ធប្រដាល់គុនខ្មែរទេ​ព្រោះបច្ចុប្បន្នលោកបានចូលនិវត្តន៍ហើយ។ ប៉ុន្តែលោកចាត់ទុកថា ហេតុផលនៃការបិទលែងឱ្យប្រកួតពីសំណាក់ លោក ខូវ ឆាយ ថាជាការចោទប្រកាន់មកលើលោកដោយអយុត្តិធម៌ ដោយថាថ្ងៃដែលលោកបង្ហាញនិមិត្តរូបកីឡាករប្រដាល់ឡេតវេ ទៅកាន់កីឡាករ ម៉ានី ប៉ាគីអៅ ក្នុងព្រឹត្តិការណ៍គុនខ្មែរ គឺដោយសារតែមិនមានបំរាមណាមួយមិនឱ្យបង្ហាញនិមិត្តរូបកីឡាផ្សេងដែរ ហើយលោកក៏ធ្លាប់បង្ហាញនិមិត្តរូបនេះជាមួយ ព្រំ សំណាង ដែរ។

មួយវិញទៀត លោកបានសង្កត់ធ្ងន់ថា លោកមិនបានប្រែក្រឡាស់លើលក្ខខណ្ឌប្រកួតឡើយ ដោយថាការប្រកួតរុំអំបោះឆៅនោះ គឺជាលក្ខខណ្ឌមួយដែលអ្នកដឹកនាំកីឡាករព្រមព្រៀងជាមួយលោក។

ការប្រកួតរវាងកីឡាករឡេតវេ Dave Leduc និងកីឡាករគុនខ្មែរ ព្រំ សំណាង បានធ្វើឡើងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅផ្សារទំនើបជីបម៉ុង ក្នុងរាជធានីភ្នំពេញ។ កាលនោះ អ្នកទាំង២​បាន​​ត្រឹមស្មើគ្នាក្នុងលក្ខខណ្ឌម៉ាស់ហ្វៃមួយទឹក៩នាទី។ ទោះជាទទួលបានលទ្ធផលស្មើគ្នាក្តី ប៉ុន្តែលោក Dave Leduc តែងតែបង្ហោះរូប និងវីដេអូ ដែលភ្ជាប់ឈ្មោះ និងរូបរបស់ ព្រំ សំណាង ជាមួយនឹងពាក្យឌឺដង ដែលអ្នកគាំទ្រគុនខ្មែររិះគន់យ៉ាងច្រើនជាបន្តបន្ទាប់រហូតឈានដល់មានបញ្ហាដូចកាលពីពេលថ្មីៗនេះ៕

307 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម