សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួង​អប់​រំ​ដាក់​ឱ្យ​ដំណើរ​ការ​កញ្ចប់អំណានថ្នាក់ទី៣ ដើម្បីបង្កើនជំនាញអាន

សិស្សថ្នាក់ទី៣ នៅក្នុងថ្នាក់រៀននៅសាលាមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
សិស្សថ្នាក់ទី៣ នៅក្នុងថ្នាក់រៀននៅសាលាមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ក្រសួងអប់រំ យុវជន និងកីឡា​ ​​​​​បាន​​ដា​ក់​ឱ្យ​ដំ​ណើរ​កា​រ​​ក​ញ្ច​ប់​អំ​ណា​ន​ដំ​បូ​ងថ្នា​ក់​ទី​៣​ ​​ក្រោ​ម​ក​ម្ម​​វិ​ធី កុមាររៀន កុមារចេះ​ ដើម្បីបង្កើន​ជំនាញ​មូលដ្ឋាន​ដល់​​សិស្សថ្នាក់ទី៣ ក្នុងដំណើរសិក្សារបស់ពួកគេ។

យោងតាមទីភ្នាក់ងារជំនួយអាមេរិកសម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID) បាន​​ឲ្យ​ដឹងថា កញ្ចប់​អំណាន​ និងការបង្រៀនថ្នាក់ទី៣ បាន​បញ្ចូលសម្ភារៈអំណាន​ដែល​សមស្របតាមអាយុ និងការណែនាំស្តីពីការ​ប្រើ​ប្រាស់​សម្រាប់គ្រូបង្រៀន។ កញ្ចប់អំណាន ​ដែលស្របតាមកម្មវិធីសិក្សាថ្នាក់ជាតិ គឺជាកិច្ចសហការរវាងក្រសួង និងគម្រោង​អប់រំបរិយាបន្ន​ថ្នាក់​​បឋមសិក្សា (IPEA) ដែលផ្តល់មូល​និធិដោយ USAID ។ កម្មវិធី​នេះ​ពង្រីកបន្ថែម​លើវិធីសាស្រ្តអំណាន​ដ៏​ជោគជ័យដែលត្រូវបានបង្កើតឡើងសម្រាប់ថ្នាក់ទី១ និងទី ២ ដោយមានការគាំទ្រពី USAID ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៧​ ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់​រំ​ យុវជន ​និង​កីឡា​ មានប្រសាសន៍ថា កញ្ចប់អំណានដំបូង​ថ្នាក់ទី៣ ក្រោមកម្មវិធីកុមាររៀន កុមារចេះ គឺជា​​ការអភិវឌ្ឍដ៏​​​​សំ​​ខាន់​មួយសម្រាប់​វិស័យ​អប់រំថ្នាក់បឋមសិក្សានៅកម្ពុជា។

 លោក ហង់ជួន ណារ៉ុន មាន​ប្រសាសន៍ថា៖ «[សាលារៀនទាំងអស់] គួរតែអនុវត្ត [កម្មវិធីអំណាន​] ទូទាំងប្រទេស។ វា​ជា​វិធីសាស្ត្រ​មួយ​ដែល​ខ្ញុំ​ចាត់​ទុក​ថា ​ជា​បដិ​វត្តន៍​វិស័យអប់រំ ព្រោះ​វិធីសាស្ត្រ​នេះ​ល្អ​ណាស់»។

 បន្ទាប់ពីការអនុវត្តកញ្ចប់អំណានថ្នាក់ទី៣ នៅតាមសាលាបឋមសិក្សាក្នុងខេត្តកំ​ពង់​ឆ្នាំង លោកមាន​ប្រសាសន៍​ថា ជំនាញ​អានរបស់សិស្សមានការកើនឡើងទ្វេដង ដែលបង្ហាញពី «ការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់សមិទ្ធិផលនៃវិស័យ​​អប់​រំនៅទូទាំងប្រទេសកម្ពុជា»។ ទោះបី​ជា​យ៉ាងណាក៏ដោយ លោក ហង់ជួន​ ណារ៉ុន បានបញ្ជាក់​ថា មានបញ្ហាប្រ​ឈមខ្លះ​​ ដោយសារសាលារៀនមួយចំនួនត្រូវការបណ្ណាល័យដែល​មាន​ស្តង់ដារ សៀវភៅគ្រប់​គ្រាន់សម្រាប់សិស្ស និងវិធីសាស្ត្រអានសម្រាប់សិស្សអាននៅក្នុងសាលា និង​នៅផ្ទះ។ 

លោក​មាន​ប្រសាសន៍ថា៖ «សំខាន់ គឺ​គ្រូបង្រៀនត្រូវ​អនុវត្ត​ និងធ្វើឱ្យប្រាកដថា សិស្សមានសៀវភៅអាន​គ្រប់គ្រាន់ និងបណ្ណាល័យដែល​មាន​ស្ដង់ដារ» 

នៅក្នុងឆ្នាំ២០២៣​ ទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈគម្រោង​អប់រំបរិយា​បន្ន​ថ្នាក់​​បឋមសិក្សា (IPEA) ​បានបណ្តុះបណ្តាលគ្រូចំនួន ៣ ០០០នាក់ក្នុងការណែ​នាំអំពីអំណានដ៏​ប្រសើរ​ ដែល​ផ្តល់អត្ថប្រយោជន៍ដល់សិស្សប្រហែល៩០ ០០០នាក់ចាប់​ពីថ្នាក់ទី១ ដល់ថ្នាក់​ទី៣។ បន្ថែម​ពីលើសមិទ្ធិផលទាំងនេះ ទីភ្នាក់​ងារ​​ជំនួយ USAID បានបន្តគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រីកកម្មវិ​ធី​អំណាន​ដំបូង និងការពង្រឹងអភិបាលកិច្ចតាម​សាលារៀនទូទាំងប្រទេសផងដែរ​។ 

លោកស្រី​ Kerry Pelzman នាយិកាបេសកកម្មរបស់ USAID បានពន្យល់ថា ការ​គាំ​​​ទ្រ​​ជាផ្លូវការនៃកញ្ចប់អំណាន​ដំបូងថ្នាក់ទី៣ គឺជាសក្ខីភាពមួយចំពោះកិច្ចខិត​ខំ​​ប្រឹងប្រែងរួមគ្នារវាងគម្រោង IPEA របស់ភ្នាក់ងារជំនួយអាមេរិក USAID និងក្រ​សួងអប់រំ ដើម្បីលើកកម្ពស់ និងកសាងមូលដ្ឋានគ្រឹះនៃអំណាន​ដំបូងនៅកម្ពុជា។

 លោកស្រី Pelzman មានប្រសាសន៍ថា ៖ «ព្រឹត្តិការណ៍ដ៏សំខាន់នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ការអប់រំថ្នាក់​បឋមសិក្សានៅកម្ពុជា និងផ្តល់​ឱ្យសិស្សថ្នាក់ទី៣ នូវជំនាញសំខាន់ៗ ដើម្បី​ភាពជោគជ័យក្នុងការសិក្សា»។ 

យោងតាមការរកឃើញថ្មីៗនេះ តាម​រយៈ​ការវាយតម្លៃអំណានដំបូង​​​ពាក់​កណ្តាល​ឆ្នាំ​​ ដែលគាំទ្រដោយទីភ្នាក់ងារ USAID មានការវិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងរយៈ​ពេលត្រឹមតែមួយឆ្នាំក្នុងចំណោមសិស្សថ្នាក់ទី៣ ដែលបានអនុវត្ត​​កម្មវិធីនេះ បើ​ធៀបទៅនឹងសិស្ស​នៅតាម​សាលារៀនដែលមិន​បាន​អនុវត្ត​កម្មវិធីនេះ​​។

ល្បឿននៃការ​អានជាមធ្យមរបស់សិស្សថ្នាក់ទី៣ បានកើនឡើងពី៣២ពាក្យ​ទៅ៥០ពាក្យក្នុងមួយនាទី ខណៈដែលពិន្ទុរបស់សិស្ស​ ដែលបានបំពេញ​តារាង​វាយតម្លៃបានកើនឡើងជិតទ្វេដងពី​៣២ភាគរយ​ដល់៥៧​ភាគរយ​។ លទ្ធផល​សិក្សា​របស់​សិស្ស​ផ្អែក​តាម​របាយការណ៍​វាយ​តម្លៃ​ឆ្នាំ២០១៥ បង្ហាញ​ថា​ពួក​​គេ​នៅ​តែ​មិន​ទាន់ឈាន​​ដល់​កម្រិត​រំពឹង​ទុក​របស់​រដ្ឋាភិបាល។ ដូច្នេះ កញ្ចប់អំ​ណាន​ថ្មីនេះ នឹងត្រូវបានរៀបចំអម​ជាមួយសៀវភៅណែនាំសម្រាប់គ្រូបង្រៀន​ និង​រឿង​ខ្លីៗសម្រាប់សិស្ស។ លោក ហង់ជួន ណារ៉ុន​ បានសរសេរ​នៅលើបណ្តាញ​សង្គមរបស់លោក​ថា ការ​ធ្វើបែប​​នេះ នឹងគាំទ្រដល់គ្រូបង្រៀន ស្របពេល​ជួយ​សិស្សឱ្យយល់កាន់តែច្បាស់។ 

ឡេង ស្រីអូន ជា​គ្រូបង្រៀនថ្នាក់ទី២ នៅក្រុងប៉ោយប៉ែត បានប្រាប់ខេមបូចា​ថា អ្នកស្រី​សប្បាយរីករាយ ប្រសិនបើកម្មវិធីអំណាន​មាននៅក្នុងសាលារបស់អ្នក​ស្រី ព្រោះវានឹងជួយជំរុញមូលដ្ឋានគ្រឹះនៃការអានរបស់កុមារ។ ប៉ុន្តែ​អ្នក​ស្រី​​សង្ឃឹម​ថា លោកគ្រូ​អ្នក​គ្រូ​នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ ដោយសារ​​វា​ខុស​ពី​វិធី​សាស្ត្រ​បង្រៀន​សម្រាប់​ថ្នាក់​ទី​១ និង​ទី​២។ អ្នក​ស្រី​​ក៏​សង្ឃឹមផង​​ដែរ​ថា បណ្ណាល័យ​នឹង​មាន​សៀវ​ភៅ​​សម្រាប់​សិស្ស។ 

អ្នក​គ្រូ ស្រីអូន បាននិយាយថា៖ «ខ្ញុំគិតថា កម្មវិធីនេះល្អ ព្រោះវានឹងជួយឲ្យសិស្សថ្នាក់​ទី៣ អានកាន់តែច្បាស់ និងអាចអានដោយខ្លួនឯងនៅសាលា ឬនៅផ្ទះ»។

អ្នកស្រី កែវ សុម៉ាលី អាយុ៣៨ឆ្នាំ រស់នៅទីក្រុងភ្នំពេញ បានគាំទ្រកញ្ចប់សិក្សានេះ ដោយនិយាយថា វាជាកម្មវិធីដ៏ល្អមួយក្នុងការលើកទឹកចិត្តកុមារឱ្យចេះអាន និងសរសេរជាភាសាខ្មែរ។ 

 អ្នកស្រីនិយាយថា៖ «[ទោះបីជា] ខ្ញុំមិនច្បាស់​អំពីកម្មវិធី​អំណាន [ជាក់លាក់​] នេះ ក៏ដោយ ក៏កន្លងមក សាលាបានផ្តល់សៀវភៅដល់សិស្សថ្នាក់ទី១ និងទី២ ដែលជួយកូនរបស់ខ្ញុំបង្កើនជំនាញអានរបស់ពួកគេនៅផ្ទះ។ ដូច្នេះ ខ្ញុំ​គិត​ថា ​កម្មវិធី​នេះ​ល្អ»។                

អ្នក​ស្រី សុម៉ាលី ដែលបារម្ភ​ពីកូនប្រុសគាត់រៀន​នៅថ្នាក់ទី៣ បាននិយាយថា កូន​របស់​អ្នក​ស្រី​មិនសូវយកចិត្តទុកដាក់រៀន​ទេនៅ​ក្នុងថ្នាក់​ ដូច្នេះកម្មវិធីអំណាន​នេះ​អាចទាក់ទាញកូន​របស់​អ្នកស្រី​ឱ្យចង់​អានបន្ថែម។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី​បានសង្កេតឃើញថា វាប្រហែលជាពិបាកបន្តិចសម្រាប់លោក​គ្រូអ្នក​​គ្រូ​ក្នុងការគ្រប់​គ្រង​ថ្នាក់ដែលមានសិស្ស៥០​ ឬ៦០​នាក់។

 អ្នកស្រី​បាន​បន្ត​ថា នេះ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​សិស្ស​មិនមាន​ភាព​​ស្និទ្ធស្នាល​ជាមួយ​គ្រូ​បង្រៀន​របស់​ខ្លួន និង​មិន​ធ្វើ​ឲ្យ​​​ការ​សិក្សារបស់​ពួកគេ​ប្រសើរ​ឡើង​។ 

លោកស្រី​ អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) សង្ឃឹមថា កម្មវិធីនេះនឹងជួយពង្រឹងសមត្ថភាពអាន​ និងសរសេររបស់កុមារនៅថ្នាក់​បឋម​សិក្សា​។

លោកស្រីបានបន្ថែមថា ក្រសួងត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះគ្រូបង្រៀននៅសាលាបឋមសិក្សា ព្រោះពួកគាត់​ធានានូវមូលដ្ឋានគ្រឹះ​នៃការ​ចេះអាន​និង​ចេះសរសេរ​របស់កុមារ។ ស្របពេល​ជាមួយគ្នា​នេះ​ដែរ​​ លោកស្រី​បាន​កត់​សម្គាល់​ថា គ្រូបង្រៀន​នៅ​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែងធ្វើ​ការ​ ដូច្នេះ​ពួកគាត់​​គួរ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​នេះ។

 លោកស្រី អ៊ុក ឆាយាវី បាន​ប្រាប់​ខេមបូចាថា៖ «ការអប់រំត្រូវតែជាអាទិភាពសម្រាប់​ប្រទេសមួយ។ ប្រសិនបើការអប់រំធ្លាក់ចុះ វាមិនមានការរីកចំរើនទេ ហើយប្រសិនបើការអប់រំល្អ ប្រព័ន្ធយុត្តិធម៌នឹងកាន់តែប្រសើរ ហើយប្រជាពល​រដ្ឋ​នឹងមានចំណេះ​ដឹង​កាន់តែប្រសើរ»។                                      

លោកស្រីក៏បាន​សម្តែង​ការ​ព្រួយ​បារម្ភ​របស់លោក​ស្រី​ផងដែរ ទាក់ទងនឹងគ្រូបង្រៀន​នៅតាមជនបទដែលមានសិស្សច្រើនចន្លោះពី៤០ទៅ៥០នាក់ក្នុងមួយថ្នាក់ ដែលប៉ះពាល់​សមត្ថភាពរបស់គ្រូបង្រៀន​ក្នុងការផ្តល់​​ការយកចិត្តទុកដាក់​ដល់​​សិស្ស។ លោក​ស្រី​បន្ថែម​ថា បញ្ហា​នេះ​អាច​ប៉ះ​ពាល់​ដល់​គុណភាព​អប់រំ ៕ 

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Khmer Grade 3 Early Reading Package to Boost Reading Skills

660 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម