គណបក្សឆន្ទៈខ្មែរបានអះអាងថា ខ្លួនទទួលបានអសនៈតិចតួចនៅព្រឹទ្ធសភាដែលផ្ទុយពីលទ្ធផលរំពឹងទុក ខណៈគណបក្សប្រជាជនកម្ពុជាថានឹងទទួលបានសំឡេងឆ្នោតដ៏ច្រើនលើសលប់។
នៅថ្ងៃអាទិត្យនេះ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង១ម៉ឺននាក់និងតំណាងរាស្រ្តចំនួន១២៥រូប ក្នុងមុខតំណែងទូទាំងប្រទេស បានចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន៥៨រូបក្នុងចំណោម៦២រូប ខណៈ២រូបត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀតបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា សម្រាប់នីតិកាលទី៥ ដែលមានរយៈពេល៦ឆ្នាំ។
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បានអះអាងថា ផ្អែកតាមលទ្ធផលបឋមដែលទទួលបានពីភ្នាក់ងារសង្កេតការណ៍របស់គណបក្ស ឱ្យដឹងថា បក្សឆន្ទៈខ្មែរទទួលបានអសនៈចំនួន៣ប៉ុណ្ណោះ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលផ្ទុយពីការរំពឹងទុកថានឹងទទួលបាន៩អសនៈ។ លោក បន្តថា អសនៈចំនួន៣នេះទទួលបាននៅមណ្ឌលភូមិភាគទី២, ៤ និង៦។
លោកបានបន្តថា មូលហេតុដែលនាំឱ្យអសនៈរបស់បក្សឆន្ទៈខ្មែរ ផ្ទុយពីការរំពឹងទុកបែបនេះ ដោយសារការរង្គោះរង្គើក្រុមអ្នកនយោបាយស្រឡាញ់ប្រជាធិបតេយ្យ ដែលនាំឱ្យសំឡេងអង្គបោះឆ្នោតបក្សភ្លើងទៀនបែកចេញពីគ្នា។
ទោះជាបែបនេះក្ដី លោក ក៏បានលើកឡើងថា សំឡេងអង្គបោះឆ្នោតរបស់បក្សឆន្ទៈខ្មែរដែលបានបាត់បង់ភាគច្រើនបានទៅលើគណបក្សដែលជាគូប្រកួតប្រជែង មិនមែនធ្លាក់លើបក្សប្រឆាំងដូចគ្នាឡើយ។
លោក មុនីកា ឱ្យដឹងទៀតថា បន្តទៅមុខទៀត គណបក្សនឹងពិនិត្យរចនាសម្ព័ន្ធក៏ដូចជា ការពង្រឹងស្មារតីរបស់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឡើងវិញ។
លោកបន្ថែមថា៖ «លទ្ធផលដែលយើងទទួលបាននេះ ប្រសិនបើវាដូច្នេះមែន វាជាលទ្ធផលមួយដែលយើងមិនសូវជាសប្បាយចិត្តទេ ព្រោះវាខុសពីការរំពឹងទុកឆ្ងាយ»។
ជាក់ស្ដែង លទ្ធផលបោះឆ្នោតសរុប នៅភូមិភាគទី១ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលមានអង្គបោះឆ្នោតសរុប ៩១១ ឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេង៨១៧ គណបក្សឆន្ទៈខ្មែរទទួលបានសំឡេង៨៨ គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន១សំឡេង ខណៈបក្សកម្លាំងជាតិមិនមានសំឡេងឡើយ។

លោក ជា មុនី អនុប្រធានគណបក្សកម្លាំងជាតិ បដិសេធក្នុងការអត្ថាធិប្បាយអំពីលទ្ធផលបឋមរបស់បក្ស ដោយសារលោកមិនទាន់ទទួលបានតួលេខពីភ្នាក់ងារគណបក្សតាមបណ្ដារាជធានី ខេត្ត នៅឡើយទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ធ្វើអត្ថាធិប្បាយ ដោយសារបក្សកម្លាំងជាតិខ្ញុំមិនទាន់ទទួលបានតួលេខតាមបណ្ដាខេត្តក្រុងនៅឡើយទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា គណបក្សកាន់អំណាចនឹងទទួលបានអសនៈបន្ថែមប្រហែល៤ទៅ៥ទៀត ពីលើការរំពឹងទុកដែលអាចមានត្រឹមតែពី៤៩ទៅ៥០អសនៈ។
លោកយល់ថា ការកើនឡើងនូវចំនួនកៅអីរបស់បក្សប្រជាជនកម្ពុជានេះ ទំនង មកពីអង្គបោះឆ្នោតមួយចំនួនរបស់បក្សប្រឆាំងធុញទ្រាន់ក្នុងការប្រទាញប្រទុងពួកគេឱ្យបោះឆ្នោតជូនបក្សរៀងខ្លួន បន្ទាប់ពីបក្សប្រឆាំងចែកចេញជាពីរ ម៉្លោះហើយទើបមានអ្នកងាកមកបោះឆ្នោតឱ្យបក្សកាន់អំណាចវិញ។
លោក និយាយថា៖ «ដោយសារតែគណបក្សប្រកួតប្រជែងកំពុងប្រទាញប្រទង់គ្នាដែលធ្វើឱ្យអង្គបោះឆ្នោតមានការធុញទ្រាន់។ ចឹងងាកមកបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាមួយចំនួន»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការបោះឆ្នោតព្រឹទ្ធសភានេះបានបញ្ចប់ទៅដោយមានភាពល្អប្រសើរ ហើយមិនមានពាក្យ បណ្ដឹងអ្វីនោះទេ។
យ៉ាងណាលោកថា មានករណីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដួលសន្លប់មួយចំនួន ប៉ុន្តែមិនបានប៉ះពាល់ដល់អាយុជីវិត។ លោកបន្តថា លទ្ធផលបោះឆ្នោត នឹងចេញផ្សាយចាប់ពីម៉ោង៧ល្ងាច តាមប៉ុស្តិ៍ទូរទស្សន៍ និងវិទ្យុជាតិ រួមទាំងប្រព័ន្ធផ្សព្វផ្សាយនានា។
ហើយថ្ងៃទី២៧ ខែកុម្ភៈ គជប នឹងធ្វើការផ្ទៀងផ្ទាត់ រួចប្រកាសលទ្ធផលបណ្ដោះអាសន្ន និងទុកពេលឱ្យបក្សនយោបាយធ្វើការតវ៉ារហូតដល់ថ្ងៃទី២ ខែមេសា ទើបចេញលទ្ធផល បោះឆ្នោតជាផ្លូវការ។
សម្រាប់ការិយាល័យបោះឆ្នោតនៅមណ្ឌលភូមិភាគទី១ នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលមានចំនួន២ការិយាល័យ ហើយអង្គបោះឆ្នោតសរុប៩១១នាក់ ក្នុងនោះមានអង្គបោះឆ្នោតជាតំណាងរាស្រ្តចំនួន១២រូប។
នៅព្រឹកថ្ងៃអាទិត្យនេះ មណ្ឌលបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ អង្គបោះឆ្នោតជាក្រុមប្រឹក្សា ឃុំសង្កាត់ភាគច្រើន បានស្លៀកពាក់ជាឯកសណ្ឋានមកបោះឆ្នោត។ ដោយសារមាន ការិយាល័យត្រឹមចំនួន២ បានធ្វើឱ្យអង្គបោះឆ្នោតជាច្រើននាក់ឈរតម្រង់ជួរគ្នា ប្រមាណ ២០ទៅ៤០នាក់ក្នុងមួយការិយាល័យ។

ទន្ទឹមនេះ នៅវេលាម៉ោង១០ ស្រាប់តែមានអង្គបោះឆ្នោតមួយរូបជាស្រ្តីវ័យប្រហែល៦០ឆ្នាំបានដួលសន្លប់ និងត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ។ អង្គបោះឆ្នោតមួយរូបទៀត លោក កែវ សុមុនី អះអាងថា ស្រ្តីដែលដួលសន្លប់នោះ ជាអង្គបោះឆ្នោតរបស់បក្សភ្លើងទៀន។
ជាចៅសង្កាត់រងទី២នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ លោក សុមុនី ស្នើសុំឱ្យមាន ការិយាល័យបោះឆ្នោតច្រើនជាងនេះ ដោយលោកថា ការិយាល័យបោះឆ្នោតមានចំនួនតែ២ បង្កការលំបាកដល់អង្គបោះឆ្នោតដែលត្រូវឈររងចាំយូរដើម្បីបានបោះឆ្នោត។ សម្រាប់លោក ផ្ទាល់បានឈររងចាំអស់រយៈពេលជិត២ម៉ោង។
បើតាមចៅសង្កាត់រងបក្សភ្លើងទៀនរូបនេះ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ មានសមាជិក ក្រុមប្រឹក្សាបក្សភ្លើងទៀនប្រមាណជាង៣០រូបក្នុងចំណោម១៥៤រូប ត្រូវបានបក្សផ្សេងទៀត គាបសង្កត់ និងទិញទឹកចិត្តក្រោមរូបភាពផ្សេងៗ។
លោកបញ្ជាក់ថា កាលពីម្សិលមិញ មានការៀបចំកម្មវិធីអាហារជុំគ្នាសម្រាប់ក្រុមប្រឹក្សា ឃុំ សង្កាត់នៃកូតាបក្សភ្លើងទៀន ប៉ុន្តែសមាជិកក្រុមប្រឹក្សាជាង៣០រូបនោះ មិនបានចូលរួមនោះ ទេ ខណៈព្រឹកនេះសមាជិកក្រុមប្រឹក្សាទាំងនោះបានមកបោះឆ្នោតទាំងព្រលឹម។
បន្ថែមពីលើនេះ លោកស្នើឱ្យអភិបាល និងអភិបាលរងរាជធានីភ្នំពេញ មានវត្តមាននៅក្រៅ មណ្ឌលបោះឆ្នោត ដោយសារពួកគេជាអង្គនីតិប្រតិបត្តិដែលអាចមានសម្ពាធលើអង្គបោះឆ្នោត។
ក្នុងការចូលរួមបោះឆ្នោតនេះ លោកសង្ឃឹមថា យ៉ាងហោចណាស់បក្សប្រឆាំងអាចមាន សំឡេងតិចតួចនៅស្ថាប័នព្រឹទ្ធសភា ដែលលោករំពឹងថា ប្រសិនបើដូច្នេះ ស្ថានការណ៍ នឹងមានការប្រែប្រួលបានមួយកម្រិតផងដែរ។
លោកបញ្ជាក់ថា៖ «កាលណាបានសំឡេង៣ទៅ៤កៅអីនៅព្រឹទ្ធសភា ពេលយើងនិយាយ ក្នុងព្រឹទ្ធសភាគេស្ដាប់យើងដែរ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី សុខ សារិន សមាជិកក្រុមប្រឹក្សាសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានប្រសាសន៍ថា អ្នកស្រីសប្បាយរីករាយ បន្ទាប់ពីបានបោះឆ្នោតជូន តំណាងរបស់ខ្លួន។
ហើយអ្នកស្រីមានទំនុកចិត្តលើការរៀបចំរបស់ គជប ដោយសារទិដ្ឋភាពនៃការបោះឆ្នោត អសកលនៅវិទ្យាល័យព្រះស៊ីសុវត្ថិនេះ មានវត្តមានអ្នកសង្កេតការណ៍គ្រប់លំដាប់ថ្នាក់។
បន្ថែមពីលើនេះ អ្នកស្រីជឿថា តំណាងរបស់អ្នកស្រីនឹងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានដោយរលួន។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំគិតថាតំណាងរបស់យើងគាត់អាចដោះស្រាយការងារប្រទេសជាតិជូន ដល់ប្រជាពលរដ្ឋយើងនៅក្នុងប្រទេសកម្ពុជា បានដោយរលួន»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការចោទប្រកាន់ ថា គណបក្សប្រជាជនកម្ពុជា បានសម្លុត ឬគំរាមកំហែងលើអង្គបោះឆ្នោត។
លោកថ្លែងថា៖ «ការបោះឆ្នោតប្រព្រឹត្តទៅដោយសម្ងាត់ ដូច្នេះគ្មាននរណាមានសិទ្ធិទៅសម្លុតគំរាមកំហែងទេ»។
យ៉ាងណាលោក ទទួលស្គាល់ជុំវិញការបញ្ចុះបញ្ចូលសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឱ្យ បោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ក្រោមហេតុផលថា វាជាសិទ្ធិនយោបាយ ហើយខុសពីការគំរាមកំហែង។
គជប បានឱ្យដឹងថា មានស្ថាប័នជាតិចំនួន១៨បានចូលរួមសង្កេតការណ៍បោះឆ្នោតអសកលនេះ ក្នុងនោះមាន សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ជាដើម។
គជប បន្តថា ការចូលរួមសង្កេតការណ៍នេះក៏មានវត្តមានស្ថាប័នអន្តរជាតិចំនួន២ផងដែរ ក្នុង នោះមាន សមាគមនិសិត្សកម្ពុជាប្រចាំប្រទេសចិន និងសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រួមទាំងភ្ញៀវពិសេសមកពីសកលវិទ្យានៅប្រទេសជប៉ុនចំនួន៣។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា កងកម្លាំងការពារសន្តិសុខ បានអនុវត្តតាមផែនការក្នុងការការពារអង្គបោះឆ្នោតនិងការប្រព្រឹត្តទៅនៃការបោះឆ្នោត ព្រឹទ្ធសភា រួមទាំងការពារសន្តិសុខប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងមូលដែរ។
លោកថ្លែងថា៖ «កងកម្លាំងរបស់យើងបានធ្វើកិច្ចការងារទៅតាមផែនការធ្វើយ៉ាងណាការពារ អង្គបោះឆ្នោត ការពារការប្រព្រឹត្តទៅនៃការបោះឆ្នោត ក៏ដូចជាការពារសន្តិសុខជូន ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញរបស់យើង»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប ថ្លែងទៅកាន់អ្នកសារព័ត៌មានថា ក្នុងការបោះឆ្នោត អសកល នេះ គជប បានរៀបចំការិយាល័យចំនួន៣៣នៅទូទាំង៨ភូមិភាគ។
លោកបន្តថា ភ្នាក់ងារគណបក្សនយោបាយក៏បានដាក់មកចំនួន២២៨នាក់សម្រាប់ សង្កេតការណ៍ គ្រប់ការិយាល័យបោះឆ្នោត។ ជាមួយគ្នានេះលោកលើកឡើងទៀតថា មានអ្នកសារព័ត៌មានជាតិចំនួន៣០៦នាក់និងអន្តរជាតិ២៥នាក់ បានចុះឈ្មោះដើម្បីយក ព័ត៌មានពីការបោះឆ្នោតនេះផងដែរ។
លោកបានបញ្ជាក់ថា ច្បាប់បានកំណត់ថា ការិយាល័យបោះឆ្នោត មិនត្រូវលើសចំនួន៧៥០នាក់ឡើយ ហើយថា ប្រសិនបើចង់បន្ថែមការិយាល័យ លុះត្រាតែធ្វើវិសោធនកម្ម ច្បាប់ជា មុនសិន។

លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព បានថ្លែងថា លោករំពឹងថាគណបក្សឆន្ទៈខ្មែរនឹងអាចទទួលបានអាសនៈខ្លះក្នុងការបោះឆ្នោតព្រឹទ្ធសភា ដោយសារគណបក្សឆន្ទៈខ្មែរ មានសមាជិកក្រុមប្រឹក្សាមកពីគណបក្សក្នុងសម្ព័ន្ធភាព គឺគណបក្សភ្លើងទៀន។
ទោះជាយ៉ាងណាក៏ដោយ ទោះបីជាគណបក្សភាគតិចអាចឈ្នះអាសនៈមួយចំនួនក៏ដោយ ប៉ុន្តែលោកជឿជាក់ថា អាសនៈមួយចំនួនតូចដែលពួកគេអាចឈ្នះនឹងមិនមានឥទ្ធិពលខ្លាំងនៅក្នុងការសម្រេចចិត្តរបស់ព្រឹទ្ធសភានោះទេ។
កាលពីកន្លងមក មន្រ្តីអង្គការឃ្លាំមើលការបោះឆ្នោត លើកឡើងថា គណបក្សប្រឆាំងនឹងពិបាក ទទួល បាន អសនៈ នៅព្រឹទ្ធសភា ប្រសិនបើអង្គបោះឆ្នោតបក្សភ្លើងទៀនមិនមានការឯកភាពសំឡេង ធ្លុងមួយ។
ជុំវិញករណី នាំឱ្យមន្ត្រីបក្សប្រជាជនកម្ពុជាជឿថា អសនៈបក្សនេះនៅព្រឹទ្ធសភានឹងមានការប្រែប្រួល ក្រោយបក្សប្រឆាំងបែកចេញជាពីរ។
ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន៥៨អសនៈក្នុងនីតិកាលទី៥នេះ គណបក្សប្រជាជនកម្ពុជាមានក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោតសរុបចំនួន ៩ ៣៧៦ ខណៈគណបក្សភ្លើងទៀនមានសរុប ២ ១៩៨អង្គបោះឆ្នោត។ ចំពោះគណបក្ស ហ៊្វុនស៊ិនប៉ិចមានអសនៈសរុប១៩។
មេដឹកនាំបក្សឆន្ទៈខ្មែរ និងកម្លាំងជាតិ បានរំពឹងទុកថា ប្រសិនបើសំឡេងអង្គបោះឆ្នោតរបស់បក្សភ្លើងទៀនរួមគ្នានោះ អាច នឹង ទទួលបានចំនួន៩អសនៈនៅព្រឹទ្ធសភា។ បើទោះបីជាបក្សទាំង២ព្យាយាមចរចាគ្នារកច្រកចេញមុនថ្ងៃបោះឆ្នោតព្រឹទ្ធសភាក៏ដោយ ប៉ុន្តែនៅទីបំផុត បក្សប្រឆាំងទាំង២មិនអាចស្វែងរកចំណុចរួមមួយសម្រាប់ការបោះឆ្នោតនេះឡើយ។ គណបក្សទាំង២បានត្រឹមប្រទាញប្រទុងក្រុមប្រឹក្សារបស់បក្សភ្លើងទៀន ឱ្យបោះឆ្នោតជូនបក្សរៀងៗខ្លួនប៉ុណ្ណោះ ក្រោមហេតុផលផ្សេងៗគ្នា៕