ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតចូលមកដល់ ប្រជាពលរដ្ឋខ្មែរភាគច្រើនក៏កាន់តែរវល់មមាញឹកក្នុងការត្រៀមបម្រុងរៀបចំរង់ចាំទទួលពរជ័យពីទេវតាឆ្នាំថ្មីដែរ ។
នៅតាមស្ថាប័ន ក្រសួង មន្ទីរ អង្គការក្រៅរដ្ឋាភិបាល រមណីយដ្ឋាននានា វត្តវ៉ា សាលារៀន ផ្សារ អគារលក់ទំនិញ និងនៅតាមភូមិឋាន ការរៀបចំតុបតែងលម្អ ការជួបជុំមិត្តភក្ដិ ជប់លៀង រាំកម្សាន្ត និងការលេងល្បែងប្រជាប្រិយ ក៏បានបានចាប់ផ្ដើមជាបណ្ដើរ តាំងពីក្នុងកំឡុងមួយសប្ដាហ៍មុនពិធីបុណ្យចូលឆ្នាំ ។
ប្រជាពលរដ្ឋខ្លះអះអាងថា ការជួបជុំមិត្តភក្ដិ ទាំងចាស់ទាំងថ្មី មួយឆ្នាំម្ដង ជាការបង្កើននិងរឹតចំណងមិត្តភាព សាមគ្គីភាព ពោរពេញដោយស្នាមញញឹមប្រិមប្រិយ ដែលបង្កប់នូវភាតរៈភក្ដីភាព រីករាយ ស្រស់ស្រាយ ក្រៃលែង ។
ការត្រៀមបម្រុងសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ក៏ជាឱកាសសម្រាប់ស្ថាប័ន អ្នកលក់ដូរ និងក្រុមហ៊ុនមួយចំនួនផ្ញើសារជូនពរ ក្រើនរម្លឹក ផ្សព្វផ្សាយ និងលក់ផលិតផលរបស់ខ្លួនផងដែរ ។
មន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ លោក ខុន ច័ន្ទស៊ីណា ថ្លែងថា សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗទេ គឺពួកគាត់បានចាប់ផ្ដើមផលិតជាបណ្ដើរៗតាំងពីខែមករាម៉្លេះ និងកាន់តែមមាញឹកបំផុតនោះ គឺពេញពីរសប្ដាហ៍មុនពិធីបុណ្យចូលឆ្នាំមកដល់ ។ លោក ខុន ច័ន្ទស៊ីណា ប្រាប់ ខេមបូចា ថា រហូតមកដល់ថ្ងៃអាទិត្យ ទី១៣ ខែមេសា អ្វីៗត្រូវបានរៀបចំរួចរាល់ជាស្ថាពរហើយ សម្រាប់បម្រើឱ្យការកម្សាន្តសប្បាយ ។
សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌកន្លងទៅដែរ អាជ្ញាធររដ្ឋាភិបាល តាមរយៈរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ បានផ្ដល់សេវកម្មដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្តទូទាំងប្រទេស និងពីខេត្តនានាមករាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ។ អ្នកដំណើរអាចស្គែន QR កូដ ដើម្បីទទួលបានព័ត៌មានលម្អិត ។
ដើម្បីសេចក្ដីសុខនិងសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំម្សាញ់នេះដែរ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់បញ្ហា ឬគ្រោះថ្នាក់ទាំងឡាយ ដូចជាវិធានការរក្សាសុខភាព វិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យ ជាដើម ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឬមហាសង្ក្រាន្ត នឹងច្រានឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី នៅម៉ោង ៤ និង ៤៨នាទីព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ៕