សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កោះទេសចរណ៍ធម្មជាតិខេត្តកោះកុងត្រូវបានរងការបំពុលដោយកាកសំណល់សំរាម

សំរាមប្លាស្ទិកអណ្តែតនៅលើផ្ទៃសមុទ្រជុំវិញកោះស្តេច នៅស្រុកគីរីសាគរ ខេត្តកោះកុង។ រូបភាព៖ គៀត សុរិទ្ធធាវី
សំរាមប្លាស្ទិកអណ្តែតនៅលើផ្ទៃសមុទ្រជុំវិញកោះស្តេច នៅស្រុកគីរីសាគរ ខេត្តកោះកុង។ រូបភាព៖ គៀត សុរិទ្ធធាវី

សំរាមប្រមាណជាងពីរតោនត្រូវបានបញ្ចេញចោលជារៀងរាល់ថ្ងៃនៅកោះស្តេច ជាកោះទេសចរណ៍ធម្មជាតិ​ដ៏ទាក់ទាញមួយនៅ​ក្នុង​ខេត្ត​​កោះកុង ដែល​មានប្រជាពលរដ្ឋប្រមាណជាង ៧០០ គ្រួសាររស់នៅទីនោះ។

ប្រជាជនរស់នៅទីនោះ​បានឱ្យដឹងថា ការបំពុលបរិស្ថាននៅលើកោះមានជាច្រើនឆ្នាំមកហើយ ខណៈមនុស្សជាច្រើនមិនបានដឹងពីផលប៉ះពាល់នៃការបំពុលដោយកាកសំណល់ទាំងនេះទេ។  បើទោះបីយ៉ាងនេះក្តី ពួកគេនិយាយថា កំហុសនេះគឺមកពីអាជ្ញាធរមូលដ្ឋាន ដែលមិនបានរៀបចំកន្លែង​គ្រប់គ្រងកាកសំណល់បានគ្រប់គ្រាន់ និង​ត្រឹមត្រូវ​នៅលើកោះនេះ។

សំរាមប្លាស្ទិកត្រូវបាន​បោះចោល​រាយប៉ាយនៅតាមឆ្នេរដោយប្រជាជនរស់នៅលើកោះ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅទីនោះ​ ហើយ​បានហូរចូលសមុទ្រ។

បើតាម លោក វ៉ាន់ សារ៉ាត់ ដែលជាអ្នកបើកទូកដឹកភ្ញៀវទេសចរលើកោះបាននិយាយថា កាលពីមុនធ្លាប់មានក្រុមហ៊ុនឯកជនមួយប្រមូលសំរាមនៅលើកោះនេះ ប៉ុន្តែក៏បានឈប់ដំណើរការ។

លោកបានបន្តថា៖ « ចាប់តាំងពីពេលនោះមកអាជ្ញាធរមូលដ្ឋានក៏មិនឃើញរៀបចំអ្វីទៀតទេ បើទោះបីជាកោះនេះជាតំបន់ទេសចរណ៍ក៏ដោយ។ មានមនុស្សមួយចំនួនបានចោលសំរាមនៅកន្លែងចាក់សំរាមដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ ហើយ​៨០ភាគរយ​នៃការ​កាកសំណល់បាន​ហូរ​ចូល​​ទៅក្នុងសមុទ្រ»

លោក គាត ថានី ដែលជាពលរដ្ឋរស់នៅលើកោះនេះជាង៣០ឆ្នាំ បាននិយាយថា ការបំពុលដោយកាកសំណល់នេះ គឺជាបញ្ហាដែលកើតមានយូរមកហើយ ដោយសារតែមិនមានការរៀបចំ និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ទោះបីយ៉ាងនេះក្តី​ប្រជាពលរដ្ឋបាន​ស្នើឱ្យអាជ្ញាធរមូលដ្ឋានដំឡើងឡដុតសំរាម និងធុងសំរាមនៅលើកោះនេះឱ្យបានឆាប់​ តាមដែលអាចធ្វើទៅបាន ដើម្បីប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចមានកន្លែងទុកដាក់សំរាម​បានត្រឹមត្រូវ។

លោក បានបន្ថែមថា៖ «បើគ្មានការគ្រប់គ្រងកាកសំណល់សំរាម​បានគ្រប់គ្រាន់ទេ ទាំងខ្ញុំទាំងគេបារម្ភថា ចំនួនភ្ញៀវទេសចរមកលេងនៅលើកោះស្ដេចនឹងមានការធ្លាក់ចុះ»

លោក សៀង តារា ជាអ្នករស់នៅលើកោះនេះជាង១០ឆ្នាំមកហើយនោះ ក៏បាននិយាយដែរថា ជាការចាំបាច់ណាស់ត្រូវតែធ្វើសកម្មភាពបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃការបំពុលកាកសំណល់។ លោកថ្លែងថា៖ «ដោយសារតែយើងរស់នៅតំបន់ដាច់ស្រយាល ដូច្នេះប្រជាជន​មិនយល់ដឹងអំពីបញ្ហាទាំងនេះទេ»

អាជ្ញាធរស្រុកគីរីសាគរ បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរដែលមកលេងកោះមានការធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ-១៩។ យោងតាមទិន្នន័យបង្ហាញដោយអធិការដ្ឋានស្រុកគីរីសាគរ ក្នុងឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាត ចំនួនទេសចរសរុបមានជាង ៣៩ ០០០ នាក់ ធៀបនឹងឆ្នាំ ២០២១ ដែល​មានភ្ញៀវទេសចរសរុបមានចំនួន ២៤ ៩១៨ នាក់ ។

សំរាមប្លាស្ទិកអណ្តែតនៅលើផ្ទៃសមុទ្រជុំវិញកោះស្តេច នៅស្រុកគីរីសាគរ ខេត្តកោះកុង។ រូបភាព៖ គៀត សុរិទ្ធធាវី

លោក សាយ ង៉ែត នាយករដ្ឋបាលស្រុកគីរីសាគរ បានប្រាប់ខេមបូចាថា អាជ្ញាធរមូលដ្ឋានកំពុងដំណើរការដំឡើងឡដុតសំរាមហើយសង្ឃឹមថានឹងរួចរាល់ក្នុងពេលឆាប់ៗនេះដើម្បីជួយសម្រួលដោះស្រាយការដុតកាកសំណល់ដែលត្រូវបានបញ្ចេញ​ចោលនៅលើកោះនេះជារៀងរាល់ថ្ងៃ។

លោក​បន្តថា ៖ «យើងបានស្នើសុំឡដុត និងឡានដឹកសំរាមជាច្រើនដងហើយ ប៉ុន្តែយើងទើបតែបានទទួល ដោយសារតែក្រសួងបរិស្ថានផ្តល់អាទិភាពផ្ដល់ឱ្យដល់ទីក្រុងដែលមានប្រជាជនច្រើន និង តំបន់ទេសចរណ៍ធំៗក្នុងខេត្តជាមុន»

លោកបានបន្តថា អាជ្ញាធរមូលដ្ឋានទទួលបានរថយន្តដឹកសំរាមចំនួន ៣ គ្រឿង ដែលនឹងប្រមូលសំរាមនៅលើកោះនេះ ខណៈបច្ចុប្បន្ននេះអាជ្ញាធរក៏កំពុងស្វែងរកសប្បរសធម៌ក្នុងឧបត្ថម្ភជាធុងសំរាម​បន្ថែមទៀត។ លោក សាយ ង៉ែត បានប៉ាន់ប្រមាណថារហូតមកដល់ពេលនេះ ការគ្របគ្រងកាកសំណល់នៅលើកោះស្ដេចបានជាង ៦០ ភាគរយហើយ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បាន​ឲ្យដឹង​ថា បញ្ហាសំរាមនេះ វាជាការចាំបាច់ណាស់សម្រាប់ប្រជាពលរដ្ឋ និងអាជ្ញាធរត្រូវធ្វើការសហការគ្នាដោះស្រាយលើបញ្ហានេះ។

លោកមានប្រសាសន៍ថា៖ «ក្រសួងលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរក្នុងតំបន់ ដើម្បីគ្រប់គ្រង និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ»

លោក ហាស់ ហាន ដែលជាអ្នកដឹកភ្ញៀវទេសចរម្នាក់ទៀតស់នៅលើកោះនេះ សង្ឃឹមថាបញ្ហាសំរាម​នឹងត្រូវបានដោះស្រាយក្នុងពេលដ៏ខ្លីខាងមុខនេះ ព្រោះកោះទេសចរណ៍ធម្មជាតិនេះបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ហើយត្រូវការត្រៀមខ្លួនដើម្បីស្វាគមន៍ភ្ញៀវទេសចរបន្ថែមទៀត។

លោកបន្ត​ថា៖ «មិនមានកាកសំណល់​ច្រើនទេដែលបង្កើតដោយពលរដ្ឋរស់នៅទីនេះ។ សំរាម​ភាគច្រើនកើតចេញពីភ្ញៀវទេសចរ។ អ្នកខ្លះមកលេងហើយបោះសំរាមចូលក្នុងទឹក ព្រោះមិនមានធុងសម្រាមគ្រប់គ្រាន់ដើម្បីឱ្យភ្ញៀវដាក់សំរាម»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Koh Kong’s tourism Island reported by waste pollution

2,054 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម