សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

គុនខ្មែរនៅតែប្រឈមវិបត្តិខ្វះធនធានកីឡាការិនី ទោះទីផ្សារប្រកួតអន្តរជាតិចាប់ផ្តើមកម្រើកវិញ

កីឡាការិនី វី ស្រីឆាយ (ក្រហម) បានប្តូរកណ្តាប់ដៃជាមួយអ្នកប្រដាល់របស់អ៊ីរ៉ង់ Negin Shahinfar សម្រាប់ការប្រកួតអន្តរជាតិ នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២៥ ឧសភ៤ ឆ្នាំ២០២៥។ (ខេមបូចា/ ស៊ា បញ្ញា)
កីឡាការិនី វី ស្រីឆាយ (ក្រហម) បានប្តូរកណ្តាប់ដៃជាមួយអ្នកប្រដាល់របស់អ៊ីរ៉ង់ Negin Shahinfar សម្រាប់ការប្រកួតអន្តរជាតិ នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២៥ ឧសភ៤ ឆ្នាំ២០២៥។ (ខេមបូចា/ ស៊ា បញ្ញា)

ផ្តើមចេញពីការ​ប្រកួត​ស្ម័គ្រចិត្ត នៅតាម​វត្ត​អារាម និងកម្មវិធីបុណ្យ​ទាន​តាមភូមិ ជាលក្ខណៈ​កម្សាន្ត​នោះ វិស័យ​កីឡាប្រដាល់​គុនខ្មែរ ចាប់ផ្តើម​មាន​ការ​ប្រកួត និងមានការ​ផ្សាយ​ផ្ទាល់​នៅ​ទូទាំង​ប្រទេសជា​ផ្លូវ​ការ នៅពេល​សង្វៀន​ប៉ុស្តិ៍លេខ​៥ បាន​បើកដំណើរ​ការនៅឆ្នាំ​១៩៩៥ ហើយក្រោយមកក៏មានសង្វៀនមួយចំនួនទៀតបើកជាបន្តបន្ទាប់ ។

នៅ​ក្នុងដំណើរ​ការ​ប្រកួត​ប្រដាល់​នៅតាមសង្វៀនឯកជន​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​មក​នេះ មានក្លិប​ប្រដាល់​ជិត​​១០០ បាន​​បើក​ដំណើរ​​ការជាបន្តបន្ទាប់ ក្រោមការអនុញ្ញាត​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ តែ​ក៏មាន​ក្លិប​មួយចំនួនបានបិទទ្វារ​ ហើយ​ក្លិប​ថ្មីៗ​មួយចំនួន​ទៀត ក៏បាន​បើក​ដំណើរ ធ្វើ​ឱ្យ​ចរន្ត​នៃ​ការ​បណ្តុះធនធានកីឡាករ កីឡាការិនី សម្រាប់​​បម្រើ​ដល់​ទី​ផ្សារ​​​ប្រកួត​ជា​រៀង​រាល់ចុង​សប្តាហ៍ នៅតែមាន​មិនដាច់ បើ​ទោះបីជាកម្មវិធី​​ប្រកួត​របស់​សង្វៀន​ឯកជន នាពេលនេះមានការ​​​កើន​ឡើងខ្លាំង ។

តាមតារាង​កម្មវិធី​ប្រកួត​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មាន​ស្ថានីយទូរទស្សន៍​​ចំនួន​៦ ​បាន​រៀបចំ​ឱ្យ​មានការ​ប្រកួតប្រដាល់​​ជា​រៀង​រាល់​ចុងសប្តាហ៍ ចាប់ពី​ថ្ងៃព្រហស្បតិ៍ ដល់​ថ្ងៃអាទិត្យ ដោយ​ក្នុង​នោះ សង្វៀន​បាយ័ន និង​ថោន មាន​៥​កម្មវិធីដូចគ្នា រីឯ​សង្វៀន​​ទទក មាន​២កម្មវិធី ចំណែក​​សង្វៀន​CNC ប៉ុស្តិ៍លេខ​៥ និង​សង្វៀនPNN មាន​១​កម្ម​វិធី​​ដូចគ្នា ។

នៅ​ក្នុង​កម្មវិធី​ទាំង​១៥នេះ ​មាន​កីឡាករ កីឡាការិនី​ចន្លោះ​ពី​១៥០​ ទៅ​១៨០នាក់ ក្នុងនោះមាន​បរទេសប្រមាណ​២៥ទៅ​៣៥​នាក់ ត្រូវបានផ្គូផ្គង​ឱ្យ​ឡើង​ប្រកួតជាលក្ខណៈជាតិ និង​អន្តរជាតិ​​ជា​រៀង​រាល់​សប្តាហ៍ នៅតាម​សង្វៀនធំៗទាំង​​៦នេះ ហើយ​បន្ថែម​នេះ ក៏​​នៅមាន​កម្មវិធី​ប្រកួត​ប្រដាល់​បែប​ថ្នាល ដែល​ត្រូវបាន​រៀបចំឡើង​នៅតាមក្លិប​មួយចំនួន ជា​រៀង​រាល់​ចុង​សប្តាហ៍​ផង​​ដែរ ។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ចំនួន​អត្តពលិក​ដ៏​ច្រើន ដែល​ត្រូ​វ​បានដាក់​ឱ្យ​ប្រកួត នៅ​តាម​សង្វៀន​​​ជា​រៀង​រាល់​សប្តាហ៍​នេះ គឺ​ជាង​៩៥ភាគ​រយ ជា​ការ​ប្រកួត​របស់​កីឡាករ ចំណែក​ការ​ប្រកួត​របស់​កីឡាការិនី​មាន​មិនដល់​៥ភាគ​រយ​ផង ហើយ​ការ​ខ្សត់​​ទី​ផ្សារ​ប្រកួត​សម្រាប់​ស្រ្តី​នេះ បាន​កើត​មាន​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឱ្យ​កីឡាការិនី​មួយ​ចំនួន​ធំ បានបង្ខំ​ចិត្ត​បោះ​បង់​ចោល​អាជី​ព​នេះ​ទាំង​ឈឺចាប់ ព្រោះ​មិនអាច​រក​បាន​​ប្រាក់​កម្រៃគ្រប់​គ្រាន់ ​យក​ទៅ​ផ្គត់​ផ្គង់​គ្រួសារ​តាម​រយៈ​ការ​ប្រកួតនេះ ។

រំឭក​ទៅដល់​​បញ្ហា​នេះ កីឡាការិនីជម្រើសជាតិ​ប្រដាល់​គុនខ្មែរ វី ស្រីឆាយ ដែល​ធ្លាប់​ឈ្នះ​​បាន​មេដាយ​សំរឹទ្ធ សម្រាប់ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅប្រទេស​វៀតណាម និង​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​​នោះ បាន​ទទួល​ស្គាល់​ថា ការ​រក​ទី​ផ្សារ​ប្រកួត​សម្រាប់​​​​កីឡាការិនី​ពិតជា​មានការពិបាក ដែល​ធ្វើ​ឱ្យ​កីឡាការិនីមួយចំនួន​ធំ បង្ខំ​ចិត្ត​បញ្ចប់​អាជីពនេះ ។

ស្រីឆាយ បាននិយាយ​ថា៖ «ការ​ខំហាត់ តែមិនសូវ​បានឡើង​​ប្រកួត ធ្វើ​ឱ្យ​យើងមានការ​ពិបាក​​ទាំង​ទៅលើ​ការ​ពង្រឹងសមត្ថ​ភាព បច្ចេក​ទេស និង​ទៅលើ​ការ​រកប្រាក់​ចំណូល​​ផ្គត់ផ្គង់​គ្រួសារ​​។ បើ​យើង​​មិន​មាន​ការងារ​អ្វី​អាច​រកចំណូល​បន្ថែម​លើការ​ប្រដាល់​នេះ​ទៀត គឺ​មាន​ការ​ពិ​បាក​ខ្លាំង​ ហើយ​​ខ្ញុំ​ក៏​ធ្លាប់​ជួប​បញ្ហា​នេះ​ផងដែរ ប៉ុន្តែឥឡូវ​ខ្ញុំ​បានជាប់​ក្នុង​ក្របខណ្ឌ​ទាហាន កាល​ឆ្នាំ​២០២៣ ដែល​មានប្រាក់របបជា​ប្រចាំខែ អ៊ីចឹងបើទោះបីជាយូរៗ​បាន​ប្រកួត​ម្តង ក៏មិនជា​ជួប​បញ្ហា​​ខ្លាំង​ដូច​មុនដែរ»

កីឡាការិនី​កូន១ វី ស្រីឆាយ បាន​​ទម្លាយ​​ឱ្យដឹង​ទៀត​ថា ការ​ខ្សត់​ទី​ផ្សារ​ប្រកួត​សម្រាប់​កីឡាការិនី បានចាប់​ផ្តើម​តាំងពី​ឆ្នាំ​២០១៨មក ហើយ​នៅ​ពេល​ផ្ទុះជំងឺ​កូវីដ​១៩ គឺ​លែង​មានការ​ប្រកួត​សម្រាប់​ស្ត្រី​តែម្តង គឺ​​ទើប​តែ​ឆ្នាំ​២០២៤​នេះ​ទេ ដែល​ទីផ្សារ​ប្រកួត​របស់​កីឡាការិនី ចាប់​ផ្តើម​កម្រើកវិញ ចំណែក ស្រីឆាយ ដែល​ខកខាន​បានឡើង​ប្រកួតជាង​២ខែ​ហើយ​នោះ ក៏​ទើប​បានប្រកួត​នៅសង្វៀន​ប៉ុស្តិ៍​លេខ​៥ កាលពីថ្ងៃទី​២៥ ខែឧសភា ដោយ​នាង​បាន​​ឈ្នះ​កីឡាការិនី​អ៊ីរ៉ង់ Negin Shahinfar ដោយពិន្ទុ ។

ទោះបីជា​យ៉ាង​ណា វី ស្រីឆាយ បានឱ្យ​ដឹង​ថា ការខ្វះធនធាន​កីឡាការិនី​​នៅពេល​នេះ វា​នៅ​តែ​ជា​​បញ្ហា​ប្រឈម​សម្រាប់​ស្រ្តី​បានឡើង​ប្រកួត ហើយ​ចំពោះ​បញ្ហា​​នេះ ស្រីឆាយ ​ស្នើឱ្យ​ថ្នាក់​ដឹក​នាំ​សហព័ន្ធកីឡា​ប្រដាល់​គុខខ្មែរ ក៏​ដូចជា​​ម្ចាស់​សង្វៀន​ទាំង​អស់ សូម​ចាប់គូ​ឱ្យមានការ​ប្រកួត​សម្រាប់នារី​ឱ្យ​បានច្រើន​ផង ហើយម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម​រូបនេះ ​ក៏​ស្នើ​ទៅ​នារី ដែល​ស្រឡាញ់​​កីឡា​នេះ ​ចូល​ហ្វឹក​ហាត់​  ព្រោះ​បើ​មានទីផ្សារ​ប្រកួត​ច្រើន​ហើយ​​ចំនួន​កីឡាការិនី​មានចំនួនតិច ក៏​នៅ​តែ​មាន​បញ្ហា​ប្រឈម​ដដែល ។

កីឡាការិនីវ័យ​២៧​ឆ្នាំ​រូបនេះ បាន​បញ្ជាក់​​ថា៖ «ទី​ផ្សារ​ប្រកួត ចាប់​ផ្តើមមាន​ខ្លះៗវិញ​ហើយ វាមិនខ្សត់​ដូចប៉ុន្មាន​ឆ្នាំ​មុន​ទេ ប៉ុន្តែ​ធនធាន​កីឡាការិនីពេលនេះ​មាន​តិច ​ហើយគីឡូ​ខុស​គ្នា​ទៀត អ៊ីចឹងវា​នៅ​តែ​មាន​ការពិបាក​ក្នុងការ​ផ្គូផ្គង​ឱ្យ​មាន​ការ​ប្រកួត។ ​នៅពេល​យើង​មិនសូវ​បាន​ប្រកួតជាមួយ​​ខ្មែរ​គ្នា​ឯង គឺ​​​ការ​ពង្រឹង​សមត្ថ​ភាព និងបច្ចេក​ទេស​​ប្រកួត​​ក៏​មិន​បាន​ល្អ ធ្វើ​ឱ្យ​យើង​ខ្វះបទពិសោធន៍​ ក្នុងការ​ឈាន​ទៅប្រកួត​ជាមួយ​កីឡាការិនី​បរទេស​ដូចគ្នា»

ជុំវិញ​បញ្ហា​ប្រឈមនៃ​ការ​ខ្វះ​ធនធាន​កីឡាការិនីនេះ លោក ខូវ ឆាយ ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​​គុនខ្មែរ បានអះអាង​ថា សហព័ន្ធ ទើប​តែ​​បាន​ចេញ​គោលការណ៍​ទៅ​គ្រប់ស្ថានីយ៍ និង​ដៃគូអភិវឌ្ឍ​ថា រាល់​កម្មវិធី​ប្រកួត ត្រូវ​តែ​មាន​គូនារី១គូ ឬ​ក៏​គូ​យុវជន​ថ្នាល ហើយការជំរុញ​នេះ ដើម្បី​ឱ្យ​ទី​ផ្សារ​ប្រកួត​របស់នារី​មាន​ការ​កើន​ឡើង ។

លោក​បាន​ថ្លែង​ថា៖ «​កន្លង​មក​មាន​ប្រតិកម្ម​មក​ថា កីឡាការិនី​​ខ្វះ​កម្មវិធី​ប្រកួត​ អ៊ីចឹង​យើង​ជំរុញ​​​​ឱ្យ​មាន​ការ​បញ្ចូល​ការ​ប្រកួត​របស់នារី​ឱ្យ​បាន​គ្រប់​កម្មវិធី​ ហើយ​នៅពេល​មាន​កម្មវិធី​ប្រកួត ខ្ញុំ​ជឿ​ថា ការ​ហ្វឹក​ហាត់​របស់​​កីឡាការិនី ​​នឹ​ង​មាន​ការ​កើន​ឡើង ព្រោះ​​យើង​ក៏​បាន​ផ្សព្វ​ផ្សាយ​ទៅ​ដល់​សមាគម​-ក្លិប​ ឱ្យ​មាន​ការ​ជ្រើស​រើស​កីឡាការិនី​បន្ថែម​ដូចគ្នា ដោយសារ​ពេល​នេះ​យើង​មានតម្រូវ​ការ​ទីផ្សារ​ប្រកួត​របស់​ពួក​គាត់​ហើយ»

ទន្ទឹមជាមួយ​គ្នា​នេះ លោក ខូវ ឆាយ ក៏បានជំរុញ​ឱ្យ​គ្រប់​ភាគីពាក់ព័ន្ធ ​ត្រូវ​ផ្សព្វ​ផ្សាយ និង​លើក​ទឹក​ចិត្ត​ធ្វើ​ម៉េច​ឱ្យ​យុវនារី​ ទាំង​​អាយុ​ក្រោម​​១៣ឆ្នាំ និង​ក្រោម​១៦​ឆ្នាំ ចូល​ហ្វឹក​ហាត់​ប្រដាល់​ឱ្យ​បាន​ច្រើន ព្រោះ​សហព័ន្ធ ​នឹង​រៀបចំឱ្យ​មាន​ការ​ប្រកួត​សម្រាប់​យុវជនថ្នាល និងផ្នែក​នារី ពី​ចន្លោះ​អាយុ​១៣​ទៅ​១៦​ឆ្នាំ នាពេល​​ឆាប់ៗ​នេះ​ ដើម្បី​ជំរុញ​ឱ្យមាន​កីឡាការិនី​ចូលរួម​កាន់​តែ​ច្រើន ។

នៅ​ក្នុងការងារ​នេះ​ដែរ លោក ខូវ ឆាយ ដែល​ត្រូវបានអង្គប្រជុំគណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​​កីឡា​ប្រដាល់​គុនខ្មែរ បោះឆ្នោតជ្រើសតាំងឱ្យ​ធ្វើ​ជាប្រធានសហព័ន្ធ ជំនួសប្រធាន​ចាស់ គឺលោក តែម ម៉ឺន កាល​ពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤​នោះ ក៏ទើប​តែ​បាន​ចេញ​សេចក្តី​​ប្រកាស​ទៅ​ដល់​សមាគម-ក្លិប​ទាំង​អស់ ឱ្យ​ធ្វើ​បច្ចុប្បន្ន​ភាព​ចំនួន​កីឡាករ កីឡាការិនី​ឡើង​វិញ ព្រោះ​កន្លង​មក​ចំនួន​អត្តពលិក​គុនខ្មែរ​ ដែល​បានចុះបញ្ជី​នៅ​មានចំនួន​តិច​ដែរ​ទេ ប៉ុន្តែ​ពេល​នេះ​មាន​ការ​កើន​ឡើង​ច្រើន ។

តែទោះបីជា​យ៉ាង​ណា ចំពោះ​​ការ​កើន​ឡើងចំនួនអត្តពលិក​គុនខ្មែរ​នេះ លោក ខូវ ឆាយ បាន​ទទួល​ស្គាល់​ថា គិតមក​ដល់​ពេល​នេះ​​ ​កីឡាការិនីកម្ពុជា ដែល​មាន​សមត្ថ​ភាព​ល្អ​មិនច្រើន​ទេ គឺ​អាច​មាន​ប្រមាណ​៤ទៅ​៥នាក់​ ដែល​អាច​ប្រកួត​អន្តរជាតិ​បាន ចំណែក​មួយចំនួន​ធំ​នៅ​ខ្សោយ​​​​បទពិសោធន៍ ព្រោះ​ពួក​គាត់​ទើប​តែ​ចូល​បំប៉ន​ក្នុងការ​ហ្វឹកហាត់​ក៏​ដូចជា​ប្រកួត ប៉ុន្តែ​លោក​ជឿជាក់​ថា ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខ​នេះ កម្ពុជា នឹង​មានកីឡាការិនី ដែល​​មាន​សមត្ថភាព​​ល្អៗច្រើន ដើម្បី​ប្រកួត​តំណាង​ឱ្យ​ជាតិ ។

លោក​បានបញ្ជាក់​ថា៖ «ឱ្យ​តែ​យើង​រៀបចំ​ការ​ប្រកួត​ដក​ស្រង់បច្ចេក​ទេស​លក្ខណៈ​ក្នុង​ស្រុក​​​ឱ្យ​បាន​កាន់​តែ​ច្រើន សម្រាប់កីឡាការិនី គឺពួកគាត់​​នឹង​កើន​សមត្ថ​ភាព ហើយ​នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ យើង​នឹង​មាន​ធន​ធាន​កីឡាការិនី​ច្រើន សម្រាប់​​ចូល​រួម​ប្រកួត​តំណាង​ឱ្យ​ជាតិ ក្នុង​ព្រឹត្តិការណ៍អន្តរជាតិ ហើយ​​​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ខ្មែរ​យើង នារី​ក៏​បាន​​ហាត់​ក្បាច់​គុន ​ក្នុងការ​កសាង​ជាតិ និង​ការពារ​ជាតិ ​អ៊ីចឹង​ខ្ញុំ​គិត​ថា វាជា​រឿងសំខាន់​មួយ ដែល​យើងត្រូវ​បន្ត​ទៅ​ទៀត ដើម្បី​ឱ្យ​នារី​ខ្មែរ​យើង បានចូល​រួម​ថែរក្សា​ក្បាច់​គុនដូនតា​​ឱ្យ​កាន់តែ​មាន​ការរីក​ចម្រើន​​ថែម​ទៀត»

សកម្មភាពហ្វឹកហាត់របស់កីឡាការិនីប្រដាល់គុនខ្មែរនៅក្នុងក្លិបប្រដាល់​កងយោធពលខេមរៈភូមិន្ទ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

ទន្ទឹម​នឹង​នេះ សង្វៀន​ប្រដាល់​បាយ័ន ដែលធ្លាប់​​រៀបចំ​ឱ្យមានការ​ប្រកួត​សម្រាប់​កីឡាការិនី​បានច្រើនជាងគេ​​នោះ ក៏​បានចាប់​ផ្តើម​បញ្ជូល​ឱ្យ​មាន​ការ​ប្រកួត​សម្រាប់កីឡាការិនី​ទាំង​លក្ខណៈ​ជាតិ និង​អន្តរជាតិឡើងវិញ ហើយ​​អ្នក​គ្រប់​គ្រង​សង្វៀន​នេះ ​ក៏​បានស្នើ​ទៅ​ឱ្យក្លិប​នីមួយៗ បញ្ចេញ​ឈ្មោះ​កីឡាការិនី​ និង​ប្រភេទ​គីឡូ​ ដើម្បី​ងាយ​ស្រួល​​ជួយ​រក​ទី​ផ្សារ​ប្រកួត​ដល់កីឡាការិនី​ទាំង​អស់​នោះ ។

លោក គង់ វិសាល ជាប្រធានគ្រប់​គ្រង​កម្មវិធីប្រដាល់​​របស់​សង្វៀន​បាយ័ន បាន​និយាយ​​ថា៖​ «ការងារ​នេះ​វាក៏អាស្រ័យ​ទៅលើ​សមាគម-ក្លិប​ផងដែរ ថាតើ​កីឡាការិនី ដែល​គាត់បាន​បញ្ជូន​ឈ្មោះមក​នេះ មានការហ្វឹក​ហាត់​បាន​ល្អ​ដែរ​ទេ! ព្រោះយើង​ត្រូវការ​អ្នក​ហ្វឹក​ហាត់​​បាន​ខ្លាំង ដើម្បី​ឱ្យ​ការ​ប្រកួត មានការជក់ចិត្ត ប៉ុន្តែដោយសារ​ចំនួនកីឡាការិនី​នៅមាន​តិច ហើយ​អ្នក​មាន​សមត្ថ​ភាព​ល្អៗ ក៏​មិន​ទាន់​មាន​ច្រើន អ៊ីចឹងការពង្រីកទីផ្សារ​ដល់​កីឡាការិនី​​នៅពេលនេះ វា​នៅតែជា​ប្រធានបទ​លំបាក»

យ៉ាង​ណា​ក៏​ដោយ លោក គង់ វិសាល ដែលជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​ផងនោះ បានអះអាង​ថា លោក​នឹងព្យាយាម​ធ្វើការ​ងារ​នេះជាមួយ​សហព័ន្ធ ដើម្បី​បង្កើន​​នូវ​បរិមាណកីឡាការិនី និងគុណ​ភាព​ប្រកួត​របស់ពួកគាត់​ឱ្យបានកាន់តែ​ប្រសើរ ព្រោះ​នៅ​ក្នុង​ក្រុមជម្រើសជាតិប្រដាល់​គុនខ្មែរ ​កីឡាការិនី​ក៏មាន​លទ្ធភាព​​ដណ្តើម​បាន​មេដាយ​​មាស ក្នុង​ព្រឹតិការណ៍​ស៊ីហ្គេម​ដូចគ្នា ជាពិសេសស៊ីហ្គេម ឆ្នាំ​២០២៣ នៅកម្ពុជា គឺ​​ក្រុមនារី​គុនខ្មែរ ដណ្តើម​បានមេដាយមាស​២ ប្រាក់​៣ និងសំរឹទ្ធ​២ ខណៈ​ក្រុម​បុរស បានឈ្នះ​មេដាយ​មាស​ចំនួន​​១២ ។​

លោក​បានបញ្ជាក់​ថា៖ «ពីមុន យើង​មាន​ចំនួនកីឡាការិនី​ច្រើន​ដែរ ក៏ប៉ុន្តែ​អ្នក​ខ្លះ​បានឈប់ ដោយ​សារ​ខ្វះសង្វៀន​ប្រកួត ដែល​ធ្វើឱ្យវិស័យ​ប្រដាល់គុនខ្មែរ​របស់​យើង​មាន​តែ​ប្រុសៗ​ឡើង​​រហូត​ដល់​ជាង​៩០​ភាគ​រយ អ៊ីចឹង​យើង​កំពុង​តែ​ព្យាយាម​បញ្រ្ជាបឱ្យមានការ​ប្រកួត​សម្រាប់​​នារី ព្រោះ​យើង​ចង់ឱ្យ​កម្ម​វិធី​ប្រកួត​របស់​យើង​មានការ​ប្រកួត​ទាំង​កីឡាករ និង​កីឡាការិនី»

ស្រដៀង​គ្នា​នេះ លោក សេង កដិកា អ្នក​គ្រប់​គ្រង​កម្ម​វិធី​ប្រដាល់​ប្រចាំ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ក៏បានយល់​ស្រប​ថា ការ​ផ្តល់ឱកាស​ឱ្យ​​កីឡាការិនី​បាន​ឡើង​ប្រកួត វាជារឿង​ដ៏​ល្អមួយ សម្រាប់​​វិស័យ​គុនខ្មែរ​ ដើម្បីកម្ពុជា​មាន​ធន​ធាន​កីឡាការិនី​កាន់​តែ​ច្រើន សម្រាប់​ត្រៀម​ការ​ប្រកួត​អន្តរជាតិតំណាង​ឱ្យជាតិ ហើយ​ការងារ​នេះ គឺលុះ​ត្រា​តែ​​គ្រប់​សង្វៀន​ទាំង​អស់​នាំ​គ្នា​ធ្វើ ព្រោះ​បើ​មាន​ការ​ប្រកួត​កាន់​តែ​ច្រើន ក្លិប​នីមួយៗ ក៏មាន​ទឹក​ចិត្ត​បណ្តុះបណ្តាល​ឱ្យ​មាន​កីឡាការិនីកាន់​តែ​ច្រើនដូចគ្នា ។

លោក​បញ្ជាក់​ថា៖ «ការ​នាំគ្នា​ពង្រីក​ឱ្យ​មាន​ការ​ប្រកួត​ផ្នែក​នារី​ឱ្យ​បាន​ច្រើន ជារឿង​ល្អ គឺ​ទី​១ ជំរុញឱ្យ​ស្ត្រី​​ខ្មែរ​ បានរួមចំណែក​អភិរក្ស និង​អភិវឌ្ឍន៍​គុនខ្មែរ ទី​២ ​ផ្តល់​ឱកាសឱ្យ​​ស្រ្តី​ខ្មែរ ដែល​​រៀន​សូត្រ​មិន​សូវ​បាន​ខ្ពង់ខ្ពស់ ឬមិនទាន់មានការងារ​ធ្វើ ​អាច​ចាប់​យកជំនាញប្រដាល់​នេះ ដើម្បី​រក​កម្រៃ​យក​ទៅ​ផ្គត់​ផ្គង់​គ្រួសារ»

លោក​បានបន្ថែម​ថា៖ «​ចំណុច​សំខាន់​មួយ​ទៀត គឺ​នៅ​លើ​ពិភព​លោក​នេះ ការ​ប្រកួត​ប្រដាល់​​គេ​មាន​ទាំង​បុរស និង​នារី អ៊ីចឹង​វាជា​រឿង​ល្អ បើ​សិនជា​កម្ពុជា​យើង​បណ្តុះ​ធនធាន​នារី​​​​បាន​​ច្រើន ដើម្បី​យើង​អាច​សម្រិត​សម្រាំង​រក​បាន​អ្នក​សមត្ថ​ភាព​ល្អៗ​កាន់​តែ​ច្រើន ក្នុង​ការ​​ចូល​រួម​ប្រកួត​ស៊ីហ្គេម និង​ព្រឹត្តិការណ៍​អន្តរជាតិផ្សេងៗ​ទៀត ដើម្បី​​ស្វែង​រក​មេដាយ​លើក​​មុខ​មាត់​ប្រទេសជាតិ​របស់​យើង»

ចំណែក​អ្នកស្រី ចាន់ សីហា ជាចៅក្រមអាជ្ញាកណ្តាល​​ប្រដាល់​១​រូប បានមើលឃើញ​ថា ទីផ្សារ​ប្រកួត​​របស់​នារីពេលនេះ ​មានការ​រីក​ចម្រើនដែរ ប៉ុន្តែ​​ការ​ប្រកួត​របស់នារី មិនទាន់ជា​ទូលាយ​ទេ ដោយសារកីឡាការិនី​របស់​ខ្មែរ​យើងនៅមាន​កម្រិត រីឯ​ការ​ហ្វឹក​ហាត់​របស់​គាត់​ក៏​នៅ​មាន​កម្រិត អ៊ីចឹ​ង​ទី​ផ្សារ​ប្រកួត មិនអាចសម្បូរ​បែប​ដូច​បុរស​ទេ ដោយ​អាច​មាន១ទៅ​២គូ​អី​ទេ សម្រាប់​ការ​ប្រកួត​នៅ​តាម​ស្ថានីយ​ផ្សេងៗរាល់​រៀងចុង​សប្តាហ៍ គឺ​មិនទាន់​បាន​៥ភាគ​រយ​ផង បើ​ប្រៀប​ធៀប​ទៅនឹងការ​ប្រកួត​របស់​បុរស។

ជាមួយគ្នា​នេះ អតីត​កីឡាការិនី​ជម្រើសជាតិ​អត្តពលកម្ម និងកីឡាវ៉ូវីណាម ចាន់ ស៊ីហា បាន​ជំរុញ​ឱ្យនារីវ័យ​ក្មេង​ចូល​ហ្វឹកហាត់​ប្រដាល់​គុនខ្មែរ​ឱ្យ​បានច្រើន ព្រោះការ​ចាប់​យក​អាជីព​នេះ ថ្វីត្បិត​តែ​ឈឺ​សាច់​បន្តិចមែន តែ​អាច​រក​បានចំណូល​ច្រើនជាង​ការងារ​មួយ​ចំនួន​ទៀត គឺឱ្យ​តែ​មាន​ជំនាញ​ពិតប្រាកដ។

អ្នក​ស្រី​បានបញ្ជាក់​ថា៖ «វិស័យ​គុនខ្មែរ​របស់​យើង កំពុង​តែ​រីក​ចម្រើន​ខ្លាំង ​ហើយ​សង្កើត​ឃើញ​​ថា កីឡាករ​ល្បីៗ ទាំង​កម្រិត A និង B អាច​រក​ចំណូល​បានច្រើន ប៉ុន្តែ​ចំពោះ​កីឡាការិនី​​យើង​វិញ បើ​​គាត់​ហ្វឹកហាត់​ខ្លាំង មានសមត្ថ​ភាព​ល្អ គឺ​​ទីផ្សារ​​ប្រកួត​របស់​ពួកគាត់​ច្រើន​ជាង​បុរស​ទៅ​ទៀត ដោយសារនៅពេល​នេះ​យើង​ខ្វះ​ធនធាន​កីឡាការិនី ខណៈ​ដែល​ស្ថានីយ​នីមួយៗ គេ​ចង់​បាន​​ការ​ប្រកួត​ផ្នែកនារី អ៊ីចឹង​នៅពេល​ទីផ្សារ​ប្រកួត​ច្រើន តម្លៃ​ខ្លួន និងប្រាក់រង្វាន់​ដែល​ទទួល​​បាន​ក៏​កាន់តែ​ច្រើន​ទៅ​តាមហ្នឹង​ដែរ គឺ​អាច​រក​បានចំណូល​ដោយស្រួល»

យ៉ាង​ណាក៏​ដោយ ជុំ​វិញ​ការបណ្តុះ​ធន​ធាន​កីឡាការិនី ត្រូវ​បាន​​លោក ធន់ សុភា អះអាង​ថា មាន​ការពិបាកជាងការបណ្តុះ​ធន​ធាន​កីឡាករ ដោយ​គ្រូ​បង្វឹក​របស់​ក្លិប​កង​យោធពល​ខេមរៈភូមិន្ទ​​រូប​នេះ បាន​លើក​ហេតុ​ផល​ថា ធម្មជាតិ​របស់​នារី គឺ​​មានសុខភាព​ទន់​ខ្សោយជាង​បុរស និងមាន​ភាព​អៀនខ្មាស​ច្រើន ហើយនារី​​មានបញ្ហា​សុខភាព​ជាប្រចាំ (មករដូវ) ដែល​ធ្វើ​ឱ្យ​ការ​ហ្វឹក​ហាត់​របស់​ពួក​គាត់ មិនសូវ​បាន​ពេញ​លេញ​ដូច​បុរសទេ ហេតុ​នេះ​ត្រូវប្រើពេល​យូរ ក្នុងពង្រឹង​កាយសម្បទា មុនឈានទៅដល់​ការ​ហ្វឹក​ហាត់​បច្ចេក​ទេស និងជំនាញ​ផ្សេងៗ​ក្នុង​ការ​ប្រកួត ។

លោក ធន់ សុភា បាន​និយាយ​ថា៖ ​«ការ​បង្វឹក​នារី​ឱ្យ​ក្លាយជា​កីឡាការិនី​​ម្នាក់ ដែល​មាន​សមត្ថភាព​​អាច​ឡើង​ប្រកួតបាន គឺ​ប្រើ​ពេលយូរជាង​បុរស ព្រោះជាធម្មតា បុរស​ហ្វឹក​ហាត់​ត្រឹម​១​ខែអី អាច​ឡើង​ប្រកួត​បាន​ហើយ ហើយ​៣ទៅ​៤​ខែបន្ទាប់​ គាត់​អាច​មានសមត្ថ​ភាព​ប្រកួតជា​លក្ខណៈ​អន្តរជាតិ​បាន ប៉ុន្តែ​ចំពោះ​នារី ត្រូវ​បាន​ប្រើ​ពេល​យ៉ាង​ហោច​៣ខែ ទើប​ឡើង​ប្រកួត​បាន និង​ត្រូវ​ចំណាយ​ពេល​ហាត់ និង​ប្រកួត​ចាប់ពី​៨ខែទៅ​១ឆ្នាំអី ទើប​អាច​មាន​សមត្ថ​ភាព ប្រកួតជា​អន្តរជាតិ​បាន» ។   

យ៉ាងណា​ក៏​ដោយ អតីត​កីឡាករ​ដ៏​ឆ្នើម លោក ធន់ សុភា បាន​បង្ហាញ​ឆន្ទៈ​ខ្ពស់ ក្នុងការ​បណ្តុះ​បណ្តាល​​ធនធាន​កីឡាការិនី ដើម្បី​ឱ្យ​មាន​សមត្ថ​ភាព​ប្រកួត​បានដូច​បុរស ហើយ​លោក​ក៏​បាន​បង្ហាញ​ភាព​រីក​រាយ ចំពោះគោលការណ៍​ថ្មី​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ដែល​ជំរុញ​ឱ្យ​គ្រប់​ស្ថានីយទូរទស្សន៍ ចាប់គូ​ឱ្យ​កីឡាការិនី​បាន​ឡើង​​ប្រកួតវិញ ព្រោះ​បច្ចុប្បន្ន ក្លិប​របស់​លោក​​​​​​​មាន​កីឡាការិនី​ចំនួន​៧នាក់​ដែរ បានចូល​ហាត់ និង​មាន​៣នាក់ អាច​ឡើង​ប្រកួត​បាន ខណៈ​៤នាក់​ទៀត នៅមានសមត្ថភាពស្ទើរ​ដែរ​ទេ ព្រោះពួក​គេ​ហាត់ប្រដាល់​ផង និង​រៀន​ផង ។

លោក​បានបញ្ជាក់​ថា៖​ «ការ​ផ្តល់ឱកាស​ឱ្យ​កីឡាការិនី​​បាន​ឡើង​ប្រកួត​​វាជារឿង​ល្អ ដើម្បី​ឱ្យ​ពួក​គាត់​កាន់តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែលស្រ្តី​មាន​ទឹក​ចិត្ត​ក្លាហាន​​​ចូល​ហាត់​ប្រដាល់​ ដើម្បី​​រួមចំណែក​អភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរ។ បន្ថែម​លើ​នេះ ខ្ញុំ​ពិតជា​ចង់​ឃើញ​កីឡាការិនី​ខ្មែរ​យើងមានឈ្មោះ​បោះសំឡេងដូច​កីឡាករ​ ព្រោះ​មកដល់​ពេលនេះ​យើង​មិនទាន់​មាន​ទេ»

1,003 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម