អ្នកស្រី សុខ មឿង ធ្វើការស្ទើរពាក់កណ្តាលជីវិតទៅហើយ ក្នុងបុព្វហេតុការពារព្រៃឈើ។ ស្បែករបស់គាត់ឡើងជ្រីវជ្រួញដោយការប្រែប្រួលអាកាសធាតុ។ ម្រាមដៃប្រឹងត្បៀតកន្ទុយបារីដែលរុំពីស្លឹកជើងគោពណ៌ក្រម៉ៅចាស់។ យូរៗគេសង្កេតឃើញផ្សែងបារីបានត្របាញ់ខ្មួលខ្មាញ់ និងរសាត់រប៉ាត់រប៉ាយតាមអំណាចខ្យល់បក់បោកមកម្តងៗ។ ដៃឆ្វេងដែលកំពុងកាន់បារីមូដោយដៃបានព្យាយាមធ្វើចលនាលើកចុះលើកឡើងៗ និងប្រឹងបង្ហុយផ្សែងបារីផុយៗមិនដាច់។
អ្នកស្រី មឿង បានចុះល្បាតព្រៃឈើជាមួយអ្នកភូមិផ្សេងទៀត រហូតក្លាយជាសកម្មជនការពារធនធានធម្មជាតិ ដ៏សកម្ម នៅតំបន់ព្រៃព្រះរកានេះ ប្រមាណ២០ឆ្នាំមកហើយ។ ក្នុងអំឡុងពេលនេះ អ្នកភូមិរស់នៅដោយសុខសាន្ត តាមបែបជីវិតសាមញ្ញានៅក្នុងសហគមន៍។ ប៉ុន្តែ ក្រោយឆ្នាំ២០២៣ ជីវភាពអ្នកស្រីមិនខុសពីអ្នកភូមិដទៃទៀតប៉ុន្មានឡើយ ចំណូលដែលបានពីដងជ័រច្បោះនេះ មិនអាចជួយធ្វើឱ្យជីវភាពរបស់អ្នកស្រីបានធូរធារ និងប្រសើរដូចមុនទៀតនោះទេ ផ្ទុយទៅវិញភាពប្រឈមមុខនេះ កាន់តែគំរាមកំហែងធ្ងន់ធ្ងរទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។
ជិតដល់ម៉ោងបាយថ្ងៃត្រង់ទៅហើយ គាត់បានមកនិយាយប្រាប់ពីរឿងរ៉ាវ ក្នុងនាមជាអ្នកស្រលាញ់បរិស្ថាន ដោយលើកឡើងថា រាល់ថ្ងៃនេះ អ្នកស្រី និងក្រុមគ្រួសារបានរត់ទៅខ្ចីបុលធនាគារ ដើម្បីយកមកដោះស្រាយជីវភាពប្រចាំថ្ងៃ និងមួយផ្នែកទៀត ត្រូវបម្រុងទុកខ្លះៗ ដើម្បីផ្គត់ផ្គង់សកម្មភាពចុះល្បាតព្រៃ។
ស្ថិតក្នុងសម្លៀកបំពាក់អាវពណ៌ផ្កាឈូក ខោក្រឡាការ៉ូ និងអង្គុយបត់ជើងផ្ទាល់ដីប្របនឹងឥដ្ឋការ៉ូ សុខ មឿង និយាយថា ពីមុនមកមិនថាអ្នកស្រីទេ សូម្បីអ្នកភូមិផ្សេងទៀត ក៏មិនដែលជួបការលំបាកដូចនេះឡើយ។ ប៉ុន្តែត្រឹមរយៈពេលប្រហែល៣ឆ្នាំចុងក្រោយនេះ ម្នាក់ៗត្រូវហែលឆ្លងកាត់ការលំបាកនេះសឹងតែគ្រប់គ្នាទៅហើយ នៅក្នុងឃុំប្រមេរុនេះ។
ជាជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរុ សុខ មឿង ឱ្យដឹងថា កត្តាដែលនាំឱ្យអ្នកភូមិ ត្រូវជាប់បំណុលធនាគារ ព្រោះចំណូលដែលបានមកពីដងជ័រច្បោះ និងការប្រមូលអនុផលព្រៃឈើបន្ទាប់បន្សំដទៃទៀត ដូចជាដកផ្សិត និងបោចវល្លិ៍ជាដើម រកលែងបានដូចមុនទៀតហើយ។ ភាពប្រឈមមុខនេះ ដោយសារបទល្មើសព្រៃឈើចេះតែបន្តកើតឡើង ឥតឈប់ឈរ ជាពិសេសនៅតំបន់ព្រៃព្រះរកានេះ ត្រូវរងការកាប់បំផ្លាញ ក្នុងកម្រិតធ្ងន់ធ្ងរ។ ដោយឡែក មន្រ្តីជំនាញផ្នែកបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ហាក់មិនបានជួយទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេ។ នេះគឺជាមូលហេតុ ដែលនាំឱ្យពលរដ្ឋនៅក្នុងសហគមន៍ប្រមេរុនេះរកចំណូលលែងសូវបាន ហើយក្លាយជាកូនបំណុលរបស់គ្រឹះស្ថានឯកជន សឹងតែគ្រប់គ្នាទៅហើយ។
អ្នកស្រីនិយាយថា៖ «ពីមុនឡើយមិនជំពាក់ធនាគារ យើងប្រមូលតែអនុផលនៅក្នុងព្រៃស្រួលមិនសូវពិបាកនោះទេ ប៉ុន្តែតាំងពីឆ្នាំ២០២៣ ការបាត់បង់ព្រៃឈើកាន់តែអស់ទៅ វាពិបាកតាំងពីការជំពាក់ធនាគារព្រោះមិនដែលជំពាក់ធនាគារ [….] មកធ្វើស្រែព្រោះវាប្រមូលផលអត់សូវបាន [ពីដើមជ័រច្បោះ] លុយបានមក បានតែ[ទិញ]អំបិល ប៊ិចេង ឱ្យកូនរៀនបន្តិចបន្តួចវាមិនបានច្រើន តម្លៃឥឡូវវាបានថោកពីការដងជ័រ កាលពីមុនជ័របាន ១កាន [១កាន/៣០លីត្រ] តម្លៃ ១០ម៉ឺន ឥឡូវវាចុះត្រឹមតម្លៃ៦-៧ ម៉ឺន ហើយឮគេថានឹងចុះជាងនឹងទៀត »។
នៅក្នុងឆ្នាំ២០២២ អ្នកស្រី និងស្វាមី បានខ្ចីលុយពីគ្រឹះស្ថានឯកជនមួយកន្លែង នៅខេត្តព្រះវិហារ ដើម្បីយកមកដោះស្រាយបន្ទុកក្នុងគ្រួសារ ទិញជីធ្វើស្រែជាដើមក្នុងទឹកប្រាក់ចំនួន ៣ ០០០ដុល្លារអាមេរិក។ ដោយមិនមានលទ្ធភាពអាចបង់ការប្រាក់សងទៅធនាគារបានតទៅទៀត សុខ មឿង ត្រូវបង្ខំចិត្តស្នើសុំគោលការណ៍បញ្ចុះការប្រាក់ពី២០ម៉ឺនរៀល មកត្រឹម៧ម៉ឺនរៀលក្នុងមួយខែវិញ។ «វាពិតជាអស់លទ្ធភាពបង់ការប្រាក់មែនទែនហើយ មានតែស្នើឱ្យគេបញ្ចុះការប្រាក់» អ្នកស្រី មឿង បាននិយាយ។
រីឯ ព្រៃព្រះរកាឯណេះវិញ រដ្ឋាភិបាលបានចេញអនុក្រឹត្យ កាលពីខែឧសភា ឆ្នាំ២០១៦ ដោយដាក់ព្រៃព្រះរកានេះ ជាទីតាំងដែលត្រូវអភិរក្ស និងការពារនូវជីវចម្រុះ។ ដែនជម្រកសត្វព្រៃព្រះរកានេះ មានទំហំ៩ម៉ឺន ៦ពាន់ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងគ្របដណ្តប់ក្នុងស្រុកចំនួន៣ មានស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។
មានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីក្រុងព្រះវិហារ ក្រុមសហគមន៍ជនជាតិដើមភាគតិចកួយ ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិប្រមេរុ ឃុំប្រមេរុ នៃស្រុកត្បែងមានជ័យ គឺតែងអាស្រ័យផលពីធនធានធម្មជាតិ មិនដែលដាច់ដូចជា ដងជ័រច្បោះ រកឃ្មុំ និងការប្រមូលអនុផលព្រៃឈើដទៃទៀតជាដើម។ ប៉ុន្តែការសោយសុខ ក្នុងជីវិតសាមញ្ញតាមបែបធម្មជាតិនេះ មិនបានប៉ុន្មានផង អនុផលព្រៃឈើ និងជីវចម្រុះដ៏សំបូរបែប ដែលតែងផ្តល់ឱ្យពួកគេ ក៏ត្រូវបាត់មួយរំពេច។
ដើមជ័រច្បោះ ដែលសហគមន៍ប្រមេរុ តែងរក្សា និងអភិរក្សជាប្រចាំ ត្រូវបានកាប់បំផ្លាញមិនដែលលោះពេលឡើយ។ ការបាត់បង់ព្រៃឈើក្នុងពេលនេះ បានជំរុញឱ្យសហគមន៍ផ្លាស់ប្តូរមុខរបរពីបែបប្រពៃណី ទៅជាចំណាកស្រុក និងធ្វើសំណងជាដើម។ ហើយអ្នកខ្លះទៀត ដើម្បីទប់ទល់ការចំណាយប្រចាំថ្ងៃ និងដោះស្រាយជីវភាពផង ក៏ត្រូវបង្ខំចិត្តខ្ចីបុលលុយគ្រឹះស្ថានធនាគារឯកជន សម្រាប់ដោះស្រាយបន្ទុក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឈ្មួញរកស៊ីឈើ បានមកដាក់ដេប៉ូនៅនឹងឃុំប្រមេរុផ្ទាល់តែម្តង ដែលមានឈ្មោះថា ដេប៉ូធី។ ហើយអ្នកដែលស៊ីឈ្នួលកាប់ឈើ នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា ភាគច្រើនយកមកពីខេត្តឆ្ងាយៗ។ តែពេលខ្លះ ខាងដេប៉ូឈើ ក៏បានជួលអ្នកនៅក្នុងភូមិដែលមិនមែនជាសមាជិកសហគមន៍ ឱ្យចូលទៅកាប់ឈើដោយមិនខ្វល់ពីការបាត់បង់ព្រៃឈើនោះក៏មានដែរ។ លោក ខាក់ ភារិទ្ធម៉ាស៊ី ដែលជាសមាជិកបណ្តាញសហគមន៍ប្រមេរុ បានលើកឡើង។

មិនខុសពីអ្នកស្រី សុខ មឿង ប៉ុន្មានឡើយ។ អតីតប្រធានសហគមន៍ព្រៃព្រះរកា លោក ស៊ុត សាវន ក៏ត្រូវជួបបញ្ហាផ្នែកហិរញ្ញវត្ថុនេះដូចគ្នាដែរ។ មានសម្បុរខ្មៅស្រអែម អមដោយពុកចង្ការតិចៗផង សាវន និយាយថា នៅមុនឆ្នាំ២០១៦ ក្រុមគ្រួសាររបស់លោក គឺមានជីវភាពល្អប្រសើរ មិនខុសពីគ្រួសារដទៃទៀតទេ។ ប៉ុន្តែក្រោយមក នៅពេលដែលឈ្មួញចេះតែបន្តលួចកាប់ដើមជ័រច្បោះរបស់លោកអស់។ នេះគឺជាមូលហេតុចម្បងដែលធ្វើឱ្យចំណូលធ្លាប់ទទួលបានពីដងជ័រច្បោះនេះក៏ត្រូវធ្លាក់ចុះ។
សាវន បានខ្ចីប្រាក់ពីធនាគារឯកជន កាលពីឆ្នាំ ២០១២ ហើយលោកក៏អាចបង្វែរថវិកាបានខ្លះពីការដងជ័រច្បោះរបស់ខ្លួនប្រមាណជាង ៤០០ដើម ពីព្រៃព្រះរកានេះ។ ប៉ុន្តែការបន្តបាត់បង់ដើមជ័រច្បោះបន្តិចម្តងៗ ដោយការលួចកាប់ពីឈ្មួញ បានធ្វើឱ្យប៉ះពាល់ចំណូលមួយភាគធំរបស់គាត់ ដែលបញ្ហានេះក៏មិនខុសពីពលរដ្ឋនៅក្នុងសហគមន៍ផ្សេងទៀតដែលខ្ចីប្រាក់ពីធនាគារ ដើម្បីយកមកដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយត្រូវជួបការលំបាកនេះដូចគ្នា។
លោកបន្តថា៖ «នៅចន្លោះឆ្នាំ២០១៦ មានឈ្មួញមកពីខាងក្រៅ បានកាប់ដើមជ័រទឹករបស់ខ្ញុំអស់ ដោយពេលនោះខ្ញុំរវល់ធ្វើការងារនៅក្នុងសហគមន៍ ប្រជុំ រៀបចំនៅក្នុងសហគមន៍ដោយរវល់ច្រើន ដោយជាទូទៅយើងប្រមូលផល ១ អាទិត្យម្តង ដោយខ្ញុំខានទៅតែ១ខែ គេកាប់អស់ជាងពាក់កណ្តាល ហើយយើងអត់មានទឹកចិត្តអីទៅប្រមូលផលទៀត ម៉្យាងទៀតរងការគំរាមកំហែងពីជនអាណាធិបតេយ្យ អ្នកកាប់ឈើ មានកាំភ្លើងមានអី ដែលមានគ្នាច្រើន ចំណែកខ្ញុំមានតែគ្នា២នាក់ ហើយឆ្ងាយទៀតពីនេះទៅប្រហែល២០គីឡូ និងផ្លូវព្រៃ ហើយលំបាក »។
ប្រធានសហគមន៍ជនជាតិដើមភាគតិចកួយ លោក ថាប់ សុខឃី និយាយថា ក្នុងចំណោមសមាជិកសហគមន៍៨០ភាគរយ នៃសមាជិកសហគមន៍សរុបដែលមានជាង១០៨ គ្រួសារ គឺសុទ្ធតែជាប់បំណុលធនាគារ។ ក្នុងចំណោមនោះ អ្នកដែលសកម្មរឿងការពារព្រៃឈើប្រហែល ៣០ភាគរយ នៃសមាជិកសហគមន៍សរុបក៏ធ្លាក់ខ្លួនជាប់បំណុលនេះដូចគ្នាដែរ។ បន្ថែមពីលើនេះ មានកត្តាមួយចំនួន ដែលរុញច្រានឱ្យពលរដ្ឋនៅក្នុងសហគមន៍ ត្រូវធ្លាក់ខ្លួនចូលក្នុងបំណុល ក្នុងនោះមុខរបរ តាមបែបប្រពៃណីរបស់ពួកគាត់ត្រូវបាត់បង់ ដូចជាបោចវល្លិ៍ និងដងជ័រទឹកជាដើម។ ម្យ៉ាងវិញទៀត វិបត្តិបំណុលចេះតែបន្តកើនឡើង ដោយសារតម្លៃជ័រច្បោះធ្លាក់ចុះដែលធ្លាប់តែមួយកានស្មើ៣០លីត្រ មានតម្លៃនៅលើទីផ្សារប្រមាណ១០ម៉ឺនរៀល តែឥឡូវធ្លាក់ចុះមកនៅត្រឹម៦ ទៅ៧ម៉ឺនរៀល។ ហើយគួបផ្សំដើមជ័រច្បោះ ត្រូវរងការកាប់បំផ្លៃសឹងតែរាល់ថ្ងៃទៀត បញ្ហានេះកាន់តែជាបន្ទុកធ្ងន់ៗទៅសម្រាប់សហគមន៍ប្រមេរុនេះ។
នៅក្រោយពេលរដ្ឋាភិបាល ដាក់ដែនជម្រកសត្វព្រៃព្រះរកា ដែលមានទំហំជាង៩ម៉ឺនហិកតារ ជាតំបន់ត្រូវគ្រប់គ្រង ការពារ និងអភិរក្សជីវៈចម្រុះ អ្នកភូមិនិយាយថា បទល្មើសនៃការកាប់បំផ្លាញព្រៃឈើបន្តកើតឡើងឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ។រីឯបណ្តាញសហគមន៍ ដែលព្យាយាមប្រឹងអភិរក្សធនធានធម្មជាតិរាល់ថ្ងៃនេះ ហាក់មិនទទួលបានផលអ្វីឡើយ ខណៈសមាជិកបណ្តាញសហគមន៍ខ្លះ ត្រូវរងការគំរាមកំហែង និងប្រមាថអាយុជីវិតថែមទៀត។
លោក ប៉ិល លាវ បាននិយាយថា៖ «សមាជិកបណ្តាញសហគមន៍ខ្លះ លែងមានទឹកចិត្ត ក្នុងការប្រកបមុខរបរអាស្រ័យផល ពីអនុផលព្រៃឈើនេះ ដូចមុនទៀតហើយ ដោយសារតែមានបទល្មើស នៃការកាប់ឈើជាហូរហែ។ ម្យ៉ាងវិញទៀត ទីតាំងអភិរក្សនេះ មាននៅចម្ងាយឆ្ងាយ ហើយថែមទាំងរងការគំរាមកំហែងទៀត ទើបសម្រេចចិត្តបោះបង់មុខរបរនេះ»។
កំពុងអង្គុយលើតុក្រោមផ្ទះឈើ ដោយមិនមានអាវដណ្តប់ស្បែក លោក លាវ ដែលមានវ័យ៤៨ឆ្នាំ កំពុងតែអាស្រ័យផលនឹងដើមជ័រច្បោះ នឹងអនុផលព្រៃឈើនៅក្នុងព្រៃផ្សេងទៀតតាំងពីអាយុ១២ឆ្នាំថាបើព្រៃឈើនៅតែបន្តរងការកាប់បំផ្លាញទៀត ទៅថ្ងៃខាងមុខលោកមិនមានសង្ឈឹមថានឹងមានព្រៃឈើឱ្យអាស្រ័យផលទៀតនោះទេ។
លោកបន្តថា៖ «បន្តិចទៀត វាសឹងអស់មែនទែនទៅ យើងរកផ្សិតក៏វាពិបាក វាចេះតែពង្រីក [ គេកាប់បន្ថែម] បន្តទៅទៀត យើងមិនអាចទប់ស្កាត់បាន ខ្ញុំមិនដឹងធ្វើយ៉ាងណាទេ ល្បាតក៏ល្បាតដែរ បើគេ [អាជ្ញាធរ] ជួយ អ្នកប្រមេរុយើងដើរព្រៃងាប់ចោល […] បើព្រៃឈើមានច្រើន ពេលចូលព្រៃទៅមានអារម្មណ៍ថាកក់ក្តៅ វាមានសង្ឈឹម តែសព្វថ្ងៃនេះ សង្ស័យតែផ្ទះនេះមិនបាននៅផង សង្ស័យតែពុកផ្ទះនេះ នៅនឹងដី បើថាលុយអីរកមិនបាន បានផ្ទះអីនៅ បើអស់ព្រៃឈើ សព្វថ្ងៃនេះខ្លាចតែ១ឆ្នាំ២ឆ្នាំទៀត គេដាក់ព្រៃវិនិយោគ គឺខ្ទេចអស់ហើយ»។
ចំណែក ប្រធានសហគមន៍ជនជាតិដើមភាគតិចកួយ លោក ថាប់ សុខឃី ឱ្យដឹងថា ព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់ជនជាតិដើមភាគតិចអាស្រ័យផល កំណត់អត្តសញ្ញាណសហគមន៍។ លោកកត់សម្គាល់ថានៅសហគមន៍នេះ មានពលរដ្ឋភាគតិចណាស់ដែលមិនជំពាក់ធនាគារ ហើយអ្នកដែលធ្លាប់អាស្រ័យផលនឹងដើមច្បោះ ក្រោយពីពួកគាត់លក់ដើមជ័រច្បោះ ឬត្រូវបានគេលួចកាប់អស់ គ្រួសារខ្លះត្រូវបែកបាក់គ្នា ទៅចំណាកស្រុក អ្នកខ្លះទៅថៃ ស៊ីឈ្នួលគេជាដើម។ លោកស្នើឱ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់លើមន្ត្រីថ្នាក់ក្រោមដែលបើកដៃឱ្យឈ្មួញកាប់ឈើ។
លោកបន្តថា៖ «សូមឱ្យរដ្ឋាភិបាលជួយស៊ើបអង្កេតមន្ត្រីថ្នាក់ក្រោម អ្នកដែលពុករលួយដូចជាកាងបទល្មើសឱ្យអ្នកកាប់ឈើ ចេះតែមាន សូមឱ្យគាត់យកចិត្តទុកដាក់ ហើយឱ្យសហគមន៍យើង មានសិទ្ធិពេញលេញនៅក្នុងការចូលល្បាតព្រៃឈើ ព្រោះឥលូវនេះយើងចូលគ្នាច្រើនមិនបានទេ ទាល់តែលួចចូលពេលយប់ទើបចូលបាន» ។

ជុំវិញរឿងនេះ អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹម បដិសេធថា សព្វថ្ងៃនេះមិនមានបទល្មើសព្រៃឈើដូចអ្វីដែលសហគមន៍ចោទប្រកាន់ឡើយ។ លោក ញឹម ទាមទារឱ្យបង្ហាញភស្តុតាងចំពោះការចោទប្រកាន់ទាំងនោះ ហើយលោកអះអាងថា រាល់ថ្ងៃនេះមន្រ្តីជំនាញប្រឹងប្រឹងទប់ស្កាត់គ្រប់ពេល។ ទន្ទឹមនឹងនេះ លោក មាស ញឹម ក៏ច្រានចោលដែរដោយចាត់ទុកថា គ្មានសហគមន៍ជនជាតិដើមភាគកួយមកពីណាដែរទេ។ ផ្ទុយទៅវិញ លោកចោទប្រកាន់ថា បញ្ហាព្រៃឈើដែលកំពុងមានភាពចម្រូងចម្រាសបច្ចុប្បន្ននេះ នៅក្នុងភូមិសាស្រ្តព្រៃព្រះរកានេះ គឺកើតឡើងដោយក្រុមអ្នកដែលកំពុងតែដើរសាបព្រោះរឿងមិនល្អពីរឿងវិនាសកម្មព្រៃឈើនេះហើយ។
លោកបន្តថា៖ «ពួកឈ្មូញមកពីណា មានភស្តុតាងយកឱ្យខ្ញុំទេ អ្នកកាប់មកពីណា ព្រោះពួកយើងកំពុងតែធ្វើការទប់ស្កាត់គ្រប់កន្លែងទាំងអស់ បើគាត់នៅតែមួយកន្លែង ហើយគាត់ដើរទៅទន្ទ្រានរានដីខ្លួនគាត់ហ្នឹង ពួកគាត់ជាទូទៅហ្នឹង គាត់ទៅធ្វើចម្ការ ធ្វើព្រៃខ្លួនគាត់លើដីដែលរដ្ឋគ្រប់គ្រង ដែលកាន់កាប់ដោយច្បាប់ ហើយពួកគាត់ចេះតែធ្វើ ហើយខ្ញុំមិនដឹងថាសហគមន៍ជនជាតិដើមភាគតិចមកពីណាទេ នរណាទទួលស្គាល់ពួកគាត់ទេ […] ពួកខ្ញុំ ២៤ម៉ោង លើ ២៤ម៉ោង គឺអត់ដេកផ្ទះទេ គ្នាចាកចេញពីឪពុកម្តាយ បងប្អូន សាច់ញាតិគឺទៅដេកនៅក្នុងព្រៃដើម្បីទប់ស្កាត់ការពារបទល្មើសធនធានទាំងអស់នេះ ហើយខ្ញុំមិនបានឃើញពួកគាត់មកចូលរួមជាមួយពួកខ្ញុំ ហើយចេះតែត្អូញ ស្រែក បាត់បង់ព្រៃឈើ ហើយមានការព្រួយបារម្ភ»។
ហាក់មិនខុសគ្នាប៉ុន្មានទេ អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា អះអាងថា រដ្ឋាភិបាលមិនបានលើកទឹកចិត្តឱ្យមានការកាប់បំផ្លាញព្រៃឈើនោះទេ គឺមានតែខិតខំការពារធនធានធម្មជាតិ។លើសពីនេះទៀត ព្រៃឈើនៅខេត្តព្រះវិហារដែលមានជាង១លានហិកតា តែមន្ត្រីអនុរក្សមានប្រហែល៩០នាក់ ដែលចំនួននេះ គឺពិតជាមិនអាចមើលបានសព្វគ្រប់ទេ។ ប៉ុន្តែទោះយ៉ាងណារដ្ឋបាលខេត្តប្តេជ្ញាខិតខំទប់ស្កាត់បទល្មើសព្រៃឈើឱ្យបានជាអតិបរមា។
លោកបន្តថា៖ «មុននឹងចោទអាជ្ញាធរមិនឱ្យចុះល្បាត សូមទៅមើលច្បាប់ […] បើយើងឱ្យ [ទប់ស្កាត់] វាអស់១០០ភាគរយ វាមិនអស់ទេ បងប្អូនប្រជាពលរដ្ឋយើងនៅមូលដ្ឋានគាត់ត្រូវការធ្វើផ្ទះ ធ្វើរបង តើគាត់យកឈើមកពីណា មិនគាត់ចូលព្រៃ ដើម្បីកាប់ឈើបន្តិចបន្តួចយកមក ហើយឥឡូវយើងទៅចាប់គាត់យ៉ាងមិច» ។
ស្របពេលពលរដ្ឋ នៅតាមសហគមន៍ ជាពិសេសសហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរុ នៃខេត្តព្រះវិហារ ត្អូញត្អែរពីវិនាសកម្មព្រៃឈើ ដោយខ្វះយន្តការទប់ស្កាត់ពីស្ថាប័នជំនាញនេះ រីឯរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បង្ហាញនូវមោកទភាពថា សម្រាប់អាណត្តិទី៧នេះ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការដាំដើមឈើ យ៉ាងតិចឱ្យបាន១លានដើម ជារៀងរាល់ឆ្នាំ ចាប់ពីពេលនេះទៅ។មិនតែប៉ុណ្ណោះ ក្រសួងបរិស្ថានប្តេជ្ញានឹងរក្សាគម្រប់ព្រៃឈើឱ្យបាន យ៉ាងហោចណាស់ក៏៦០ភាគរយ ត្រឹមឆ្នាំ២០៥០។ គោលបំណងសំខាន់នៃការដាំដើមឈើឡើងវិញនេះ គឺដើម្បីស្តារព្រៃឈើ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសវានឹងជួយរក្សាគម្របព្រៃឈើឱ្យបានគង់វង្ស។
ហាក់ដូចគ្នាទៅនឹងផែនការ នៃការដាំដើមឈើឡើងវិញ ដោយក្រសួងបរិស្ថាន មូលហេតុដោយសារការបាត់បង់ព្រៃឈើនេះ របាយការណ៍របស់ Global Forest Watch ដែលចេញផ្សាយនៅក្នុងឆ្នាំ២០២៥នេះបង្ហាញថាចន្លោះពីឆ្នាំ២០០២ ដល់ឆ្នាំ២០២៤ កម្ពុជាបាត់បង់ព្រៃឈើចំនួន ១,៤៨ លានហិកតា ដែលស្មើប្រមាណ ៥១ភាគរយ នៃគម្របព្រៃឈើសរុបនៅទូទាំងប្រទេស។

ដូចគ្នាទៅនឹងការរកឃើញពីទំហំនៃការបាត់បង់ព្រៃឈើ ដោយ Global Forest Watch នេះដែរ លោក ស៊ុត សាវន រៀបរាប់ថា តាំងពីឆ្នាំ២០១៤មក សកម្មភាពនៃបទល្មើសព្រៃឈើ នៅក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃព្រះរកានេះ គឺពុំមានការថមថយនោះទេ។ ការចុះល្បាត ត្រឹមរយៈពេលបីថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា សហគមន៍រកឃើញបទល្មើសព្រៃឈើ នៅដែនជម្រកសត្វព្រៃព្រះរកា កំពុងកើតឡើង និងប្រមូលបានភស្តុតាង ដូចជាទីតាំងកាប់ឈើជាក់ស្តែង សម្ភារៈមានម៉ាស៊ីនអារឈើ ជាដើមមានចំនួន ៣៣៤ករណី។
ស្រដៀងគ្នានេះដែរ ប្រធាននៃសមាគមបណ្តាញយុវជនកម្ពុជា លោក ម៉ើ ចាន់ដារ៉ា សង្កេតឃើញថា ស្ថានភាពព្រៃឈើបច្ចុប្បន្ននេះកំពុងរងការគំរាមកំហែងគួរឱ្យព្រួយបារម្ភ ទោះបីជាមានការអះអាងពីក្រសួងពាក់ព័ន្ធដែលថានឹងចាត់វិធានការដោយម៉ឺងម៉ាត់មិនឱ្យនាំឈើចេញពីតំបន់ដែលត្រូវការពារក៏ដោយ។ លោកបន្តថា ដើម្បីស្តារព្រៃឈើឡើងវិញ និងលើកស្ទួយជីវភាពរបស់ជនជាតិដើមភាគតិច រដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរគិតគូរឡើងវិញ ទៅលើការពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយព្រៃឈើឱ្យបានតឹងរឹង និងចូលរួមឱ្យបានច្រើនជាមួយសហគមន៍មូលដ្ឋានដែលរស់នៅជិតតំបន់ការពារធនធានធម្មជាតិ ។
លោកបន្តថា៖ «ស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែបើកចិត្តទូលាយទទួលយករបាយការណ៍ស្រាវជ្រាវ ឬលទ្ធផលចេញពីការល្បាតព្រៃរបស់សហគមន៍ ដែលថ្មីៗនេះ នៅពេលដែលសកម្មជនបរិស្ថានចូលរួមល្បាតព្រៃក្រសួងបរិស្ថានបានចេញលិខិតមួយចោទថាញុះញង់ ផ្សាយព័ត៌មានមិនពិតផ្សេងៗ ប៉ុន្តែនៅពេលដែលសហគមន៍ចេញផ្សាយរបាយការណ៍បទល្មើសព្រៃឈើ ក្រសួងបរិស្ថានថានឹងធ្វើការសិក្សាស្រាវជ្រាវបន្ថែម លើបញ្ហានេះដោយសារមិនមានព័ត៌មាននៅក្នុងដៃ ប៉ុន្តែហេតុអ្វីក្រសួងមិនស្នើសុំការសហការណ៍ពីសហគមន៍មូលដ្ឋាន ឬអ្នកដែលចុះល្បាតទៅពិនិត្យរួមគ្នា»។

សម្រាប់នាយកប្រតិបត្តិ នៃអង្គការពន្លកខ្មែរប្រចាំនៅខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ បានបង្ហាញក្តីព្រួយបារម្ភថាការបាត់បង់ព្រៃព្រះរកាបន្តិចម្តងៗនៅពេលនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងអត្តសញ្ញាណរបស់សហគមន៍ជនជាតិដើមភាគតិចកួយ ដែលពឹងផ្អែក និងអាស្រ័យផលដោយព្រៃឈើនេះ គ្រាន់នឹងបានដោះស្រាយចិញ្ចឹមជីវិតប្រចាំថ្ងៃ និងតាមបែបប្រៃណីរបស់ពួកគេ។
លោកបន្តថា៖ «ព្រៃឈើគឺជាធនធានមួយដើម្បីពង្រីកជីវភាព និងចំណូលរបស់សហគមន៍ ហើយតាំងពីដើមមក រហូតមកដល់បច្ចុប្បន្ន គឺពួកគាត់អាស្រ័យផលទៅនឹងព្រៃឈើ ប្រសិនបើបាត់ព្រៃឈើទាំងអស់ហ្នឹង! នឹងធ្វើឱ្យពួកគាត់បាត់បង់ចំណូល ហើយបាត់បង់ការងារគេហៅថាជាលក្ខណៈប្រពៃណី ដែលធ្វើឱ្យពួកគាត់ចំណាកស្រុកហើយបច្ចុប្បន្ននេះយើង កត់សម្គាល់ឃើញថាសហគមន៍មូលដ្ឋាននៅជុំវិញព្រៃព្រះរកា គឺចំណាកស្រុកច្រើន មូលហេតុព្រោះគាត់មិនអាចរកអនុផលព្រៃឈើបានច្រើនដូចកាលពី៤ ទៅ១០ ឆ្នាំកន្លងទៅ»។
ងាកមកក្រុមសហគមន៍ឯណេះវិញ ពួកគេនិយាយថា ប្រសិនបើដែនជម្រកសត្វព្រៃព្រះរកា មិនរងការកាប់បំផ្លាញ និងធ្វើអាជីវកម្មព្រៃឈើ ដូចនៅពេលនេះទេ ម៉្លេះពួកគេនឹងមិនពិបាកត្រូវធ្លាក់ខ្លួនក្នុងបំណុលច្រើនដូចនេះឡើយ។ ប៉ុន្តែបើទោះជាក្រុមសហគមន៍ត្រូវជួបឧបសគ្គ និងទទួលរកការគំរាមកំហែង ដោយសារចូលរួមការពារព្រៃឈើ និងចុងក្រោយរហូតធ្លាក់ទៅក្នុងបំណុលយ៉ាងណាក្តី សហគមន៍នឹងនៅប្តេជ្ញាបន្តបេសកម្មការពារព្រៃឈើទៅមុខទៀត មិនរុញរាឡើយ។ ប្រភពបន្តថា៖ «នៅតែមានការបេ្តជ្ញាចិត្តចូលរួមនៅក្នុងសហគមន៍ ចូលរួមការពារសិទ្ធិដីធ្លី និងការពារព្រៃឈើ បើឈប់ធ្វើទៅ អ្វីដែលខ្ញុំខំធ្វើកន្លងមកបែរជាអត់តម្លៃនៅពេលដែលយើងចោលវា»៕
អត្ថបទនេះ ផលិតក្រោមគម្រោងរយៈពេលខ្លី ដែលអនុវត្តដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្រោមការគាំទ្ររបស់Diakonia។ គម្រោងនេះ ផ្តល់ការគាំទ្រដល់សិក្ខាកាមផ្នែកសារព័ត៌មាន ចុះអនុវត្តយកព័ត៌មាន និងផលិតអត្ថបទសារព័ត៌មាន ក្រោមការណែនាំរបស់គ្រូបង្គោលរបស់CCIM។









