សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វិវាទការងាររវាងកម្មករនិយោជិត និងក្រុមហ៊ុនសម្អាតព្រលានយន្តហោះពោធិ៍ចិនតុង HCC មិនទាន់ចរចាត្រូវគ្នា

កម្មករនិយោជិតនៃក្រុមហ៊ុន HCC Group ដែលមានវិវាទ រងចាំស្តាប់លទ្ធផល​ការ​ចរចារ​វាងតំណាងក្រុមហ៊ុន HCC និងតំណាងកម្មករនិយោជិត នៅក្រសួងការ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ (រូបភាពផ្តល់ឱ្យ)
កម្មករនិយោជិតនៃក្រុមហ៊ុន HCC Group ដែលមានវិវាទ រងចាំស្តាប់លទ្ធផល​ការ​ចរចារ​វាងតំណាងក្រុមហ៊ុន HCC និងតំណាងកម្មករនិយោជិត នៅក្រសួងការ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ (រូបភាពផ្តល់ឱ្យ)

ការ​តវ៉ា​របស់​កម្មករនិយោជិត​ជាង៧០​នាក់នៃ​ក្រុមហ៊ុន HCC Group Co., Ltd ​ ដែល​ធ្វើការ​សម្អាត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំ​ពេញ​មុនពេលបិទដំណើរការ​ ខណៈនោះ​ពួកគេ​ត្រូវ​បាន​បញ្ឈប់​ពីការ​ងារ​ដោយ​មិន​បាន​ទូទាត់ប្រាក់​សំណង​គ្រប់​ចំនួន ដូច្នេះបណ្តា​ឱ្យ​​​ពួកគេ​​ទាម​ទារសំណង​​ចំនួន​​៥​​​ចំណុច ​និងការដែល​មិន​យក​ពួកគេ​ទៅ​ធ្វើការ​នៅ​ព្រលាន​យន្តហោះ​​ថ្មី​​ មក​ដល់​ពេល​នេះ​​នៅ​មិន​ទាន់​អាច​ដោះ​ស្រាយ​បាន​នៅ​ឡើយ​​​ទេ។

មន្ត្រីក្រសួងការងារ​ តំណាងក្រុមហ៊ុន និង​មេដឹកនាំ​សហជីពដែល​ជាតំណាង​បុគ្គលិក​ កម្មករ​ បាន​ព្រមព្រៀងគ្នា​កំណត់​យក​ថ្ងៃទី​១៧ ​ខែ​វិច្ឆិកា ឆ្នាំ២០២៥ ​ដើម្បី​ជួប​ពិភាក្សា​​​​គ្នា​​រក​ដំណោះស្រាយ​ជាថ្មីទៀត​ ខណៈ​ក្នុង​ជំនួប​ពិភាក្សា​កាលពីថ្ងៃទី​១២ ខែ​វិច្ឆិកា នៅ​អគ្គ​នាយ​ក​ដ្ឋាន​ដោះស្រាយ​វិវាទការ​ងារ​នៃក្រសួង​ការងារ តំណាង​ក្រុម​ហ៊ុន HCC Group​ បាន​ទាត់​ចោល​ការទាមទារ​ប្រាក់២ចំណុច​ទៀត ក្នុង​ចំណោម​៥ចំណុច​​។

អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ប្រាប់ ​សារព័ត៌មាន​ខេមបូចា នៅ​ថ្ងៃទី១៤ ខែ​វិច្ឆិកាថា ក្រសួង​​បាន​ត្រៀម​ដំណោះ​ស្រាយ​រួច​ហើយ​សម្រាប់​ជំនួប​ដោះ​ស្រាយ​វិវាទ​នៅ​ថ្ងៃទី​១៧ ​ខែ​វិច្ឆិកា​។

HCC Group ជាក្រុម​ហ៊ុនដែល​ម៉ៅការសម្អាត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ដែលមាន​បុគ្គលិក​កម្មករ​បោស​សម្អាត​ចំនួន​​​៧២នាក់​។ ពួកគាត់​ធ្វើការ​សម្អាត​នៅតាម​បន្ទប់​ទឹក​ និង​នៅ​ទីធ្លា​ក្នុង​ព្រលាន​យន្តហោះ។ កាលពីថ្ងៃទី​៩ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៥ ​ព្រលាន​យន្ត​​ហោះភ្នំពេញ​ ត្រូវ​បាន​រដ្ឋលេខាធិការ​នៃ​អាកាសចរណ៍ប្រកាសបិទ និង​បាន​ប្រកាស​បើក​ដំណើរ​ការ​ព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ​តេជោ នៅ​ក្នុង​ខេត្ត​កណ្តាល​។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា(CTWUF) លោក ទូច កុសលបាន​ប្រាប់ សារព័ត៌មានខេមបូចា ថា នៅពេល​បិទ​ទ្វារ​ក្រុ​ម​ហ៊ុន HCC Group​ ​បាន​ទូទាត់​​ឱ្យ​កម្មករ​៣​ចំណុចទី​១ ​ទាក់​ទង​ប្រាក់​អតីត​ភាព​ការងារ ទី២ប្រាក់​អតីតភាព​ប្រចាំឆ្នាំ​ និង​ទី​៣ ​គឺប្រាក់​ខែ​ចុង​ក្រោយ​។ នៅ​សល់​២​ចំណុច​ទៀត​ ដូច​ជាប្រាក់​សំណង​ជំងឺចិត្តនិង​ប្រាក់​ជួស​ឱ្យការ​ជូន​ដំណឹង​ក្រុម​ហ៊ុន​មិនទាន់​បានទូទាត់​ឱ្យ​ទេ។ នេះ​បើយោង​តាម​កម្មករ។

នៅ​ពេល​ជួប​ចរចា​កាលពីថ្ងៃទី​១២ ខែ​វិច្ឆិកា ​នៅទីស្តីការក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ ក្រុម​ហ៊ុន​ក៏នៅ​តែបដិសេធ​មិន​ព្រម​បង់​សង​ឱ្យ​កម្មករដែរ ​ខណៈ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ត្រូវ​បាន​ចែងនៅក្នុង​មាត្រា៩១ ហើយ​ប្រាក់​ជួសឱ្យការ​ជូន​ដំណឹង​មាន​នៅក្នុង​មាត្រា៧៧​នៃ​ច្បាប់​ស្តីពីការ​ងារ។ នេះបើតាម​លោក ទូច កុសល។

លោក ម៉ៅ ពុទ្ធា ​ដែល​បាន​ធ្វើការ​នៅ​ព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ អស់​រយៈ​ពេល​ប្រមាណជា១៨ឆ្នាំមកហើយ​​ ហើយ​ក៏ត្រូវបាន​ក្រុម​ហ៊ុន​បញ្ឈប់​ពីការ​ងារ​ផងដែរនោះ​បាន​ប្រាប់​ សារព័ត៌មានខេមបូចា នៅថ្ងៃទី​១៤ ​ខែវិច្ឆិ​កា ​ឆ្នាំ​២០២៥នេះ​ថា ការ​ដែល​បុគ្គលិក​ កម្មករ​ទៅ​ប្រមូលផ្តុំ​តវ៉ានៅមុខ​ក្រសួង​ការងារ​ គឺដើម្បី​ស្នើ​សុំ​ឱ្យក្រសួង​ការងារ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន HCC Group ឱ្យ​ទូទាត់​​សំណងឱ្យ​បាន​ពេញ​លេញ​ទៅតាម​ផ្លូវច្បាប់​ចំនួន​៥​ចំណុច​ដល់​បុគ្គលិក​ កម្មករដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ពីការ​ងារ​​។

លោក ​ពុទ្ធា និយាយថា៖ «ហើយ​អ្វី​ដែល​យើង​បាន​ជជែកជាមួយ​ក្រុម​ហ៊ុន​ ក្រុមហ៊ុន​គាត់​បាន​ទូទាត់​ឱ្យ​៣​ចំណុច​ ហើយ​ចំណុច​ដែល​ធ្វើឱ្យ​យើង​មិន​សះជាគ្នា​ធ្វើ​ឱ្យកើតមានការ​តវ៉ាការ​ប្រមូលផ្តុំនៅមុខក្រសួង​ការងារនោះ​ ដោយសារ​តែចំណុច​ដែល​ក្រុមហ៊ុនគាត់​មិន​ឱ្យ​ គឺលុយ​ជូនដំណឹង​ និង​លុយ​សោហ៊ុយ​ជំងឺ​ចិត្ត។​ អ៊ីចឹង​ហើយ​បងប្អូន​កម្មករ​​និយោជិត​យើង​​គាត់​ស្នើសុំ​ឱ្យ​ក្រុមហ៊ុនទូទាត់​លុយ​ជូនដំណឹង​ និង​លុយ​ជំងឺចិត្ត​ហើយ​ក្រុមហ៊ុន​គាត់​មិន​ទាន់​បាន​ទូទាត់​ឱ្យ អ៊ីចឹង​ហើយ​ទើប​ធ្វើឱ្យមានការ​តវ៉ា»

ជាមួយគ្នា​នេះ ​អ្នក​ស្រី មិន កញ្ញា ជាកម្មករបោស​សម្អាត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ដែល​បាន​ទៅ​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​ក្រសួងការងារ​ជាមួយ​កម្មករ​ជាង​៧០​នាក់​ផ្សេងទៀត​បាន​និយាយ​ថា កម្មករ​ទាំង​អស់​​សូមឱ្យ​ក្រសួងការងារ​ជួយ​អន្តរាគមន៍​ករណី​ក្រុម​ហ៊ុន ​HCC Group បាន​បញ្ឈប់​កម្មករ​ភ្លាមៗ នៅពេល​ដែល​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ពោចិនតុង​​បាន​បិទដំណើរការ​ ដោយ​មិន​បាន​ជូន​ដំណឹងជាមុន​ និង​ទូទាត់​ប្រាក់​អត្ថ​ប្រយោជន៍​ទៅ​តាម​ច្បាប់​ការងារ។

បើ​តាម​ស្ត្រី​រូបនេះ បុគ្គលិក​ កម្មករ​​ជាង​៧០​នាក់​ ដែល​ត្រូវបាន​បញ្ឈប់​ពីការ​ងារ​ទាមទារ​ឱ្យ​ក្រុម​ហ៊ុនដោះ​ស្រាយ​សំណង​បញ្ចប់​កិច្ចសន្យាការងារ​ទៅ​តាម​ច្បាប់​ដែល​មាន​ចំនួន​៥​ចំណុច​ ខណៈ​​កន្លង​មក​ខាងក្រុម​ហ៊ុនបាន​ទូទាត់ឱ្យ​តែ​៣​ចំណុច​ប៉ុណ្ណោះ។

អ្នក​ស្រី ​កញ្ញា ​និយាយថា៖ «ពួកយើង​ខ្ញុំ​ចង់​ឱ្យក្រសួង​ការងារ ​និង​រដ្ឋាភិបាល​លោក​ជួយ​ដោះស្រាយ ​ពីព្រោះ​ការ​បិទ​ព្រលាន​យន្ត​ហោះ​បញ្ឈប់​ការងារ​ពួកខ្ញុំ​កន្លង​មក​ ​​ខាងក្រុម​ហ៊ុន​អត់​មាន​ផ្តល់​សំណង​ឱ្យបាន​ពេញលេញ​ទៅ​តាម​ច្បាប់​ការងារ​នោះទេ​ លុយ​ផ្តល់​ដំណឹងមុន៣​ខែក៏អត់ លុយសង​ជំងឺ​ចិត្ត​ក៏​អត់។ លើសពីនេះ​លុយ​ដែល​ពួកខ្ញុំ​ខំប្រឹង​ធ្វើការ​កាលពីឆ្នាំ​២០​២១ក៏ក្រុម​ហ៊ុន​​អត់គិត​ឱ្យ​ដែរ គឺក្រុម​ហ៊ុន​អត់មាន​ទំនួល​ខុស​​ត្រូវ​​តាម​ផ្លូវច្បាប់​ជាមួយ​បុគ្គលិក ​និង​កម្មករ​ទេ​»

កម្មករបានបញ្ជាក់ថា ព្រលាន​យន្តហោះអន្តរជាតិ​ពោចិនតុង​ស្ថិតក្នុង​សង្កាត់​កាកាប និង​សង្កាត់ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ​ ត្រូវបាន​បិទដំណើរការ​ទាំង​ស្រុង​កាលពីថ្ងៃទី​៩ ​ខែកញ្ញា ​ឆ្នាំ​២០២៥ បន្ទាប់​ពីបាន​ដំណើរការ​អស់​រយៈ​ពេល​ជិត​៧០​ឆ្នាំ។

បច្ចុប្បន្ន​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ថ្មី​មាន​ឈ្មោះ​ថា​ អាកាសយានដ្ឋានអន្តរជាតិតេជោ បាន​និងកំពុង​បើក​ដំណើរការ​ហើយ​ក្រុម​ហ៊ុន HCC Groupនេះ​ ក៏បាន​ដេញថ្លៃជាប់​ក្នុងការ​សម្អាតព្រលាន​យន្តហោះ​នេះ​ផងដែរ ប៉ុន្តែ​ខាងក្រុម​ហ៊ុនបែជាជ្រើសរើសកម្មករ​​ថ្មី​ចូល​ធ្វើការ​ដោយ​មិន​យក​កម្មករ​ដែល​ធ្លាប់​សម្អាត​នៅព្រលានយន្តហោះ​ចាស់​ទៅ​ធ្វើការឡើយ។​

មន្ត្រី​ផ្នែក​រដ្ឋបាល​នៃក្រុមហ៊ុន HCC Group មិន​ទាន់​បាន​ឆ្លើយ​តប​ទៅនឹងសារ​របស់​ខេមបូ​ចា​ដែល​ស្នើសុំ​ធ្វើការ​បញ្ជាក់លើ​បញ្ហា​នេះទេ គិត​មក​ដល់​ត្រឹម​ម៉ោង​​ផ្សាយ​នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា​។

កម្មករនិយោជិតនៃក្រុមហ៊ុន HCC Group ដែលមានវិវាទ បានថតនៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ (រូបភាពផ្តល់ឱ្យ)

ប៉ុន្តែ​យ៉ាងណា​ក្តី​បើតាម​លោក ទូច ​កុសល នៅក្នុង​ជំនួប​ដោះ​ស្រាយ​វិវាទ​កាលពីថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ​ខាងតំណាងក្រុមហ៊ុន HCC Group បាន​លើក​ហេតុ​ផល​ថា គេបាន​ជូន​ដំណឹងដល់​បុគ្គលិក កម្មករ​ស្របទៅតាម​នីតិវិធីរួច​ហើយ ​ដោយ​គេបាន​ប្រជុំ​ប្រាប់​​បុគ្គលិក កម្មករ​​ហើយ​បាន​បិទ​សេចក្តីប្រកាសព័ត៌មាន​នៅលើក្តារខៀន​របស់​ក្រុមហ៊ុន​ទៀតផង​។ ចំណែក​ភាគី​កម្មករ​ថា ពួកគាត់​អត់​បាន​ដឹងទេ ហើយ​ពេល​ប្រជុំក៏គ្មាន​កំណត់​ហេតុអ្វី​ដែរពីព្រោះ​ពួកគាត់​គ្រាន់​តែ​ឃើញ​ថ្នាក់​ដឹកនាំក្រុម​ហ៊ុន​ទៅ​សំណេះ​សំណាល​ជាមួយ​បុគ្គលិក​កម្មករ​ធម្មតា​ប៉ុណ្ណោះ។ បន្ថែមពីនេះ​បុគ្គលិក​ កម្មករនិយាយ​ថា កិច្ច​សន្យា​ការងារ​របស់​ពួកគាត់​ ត្រូវបាន​ធ្វើឡើង​ជាលាយលក្ខណ៍អក្សរសម្រាប់​ម្នាក់​ៗគ្រប់គ្នា​ ប៉ុន្តែដល់​ពេល​បញ្ចប់​កិច្ចសន្យា​ការងារ​ក្រុម​ហ៊ុន​មិន​បាន​ជូនដំណឹង​ជាលាយលក្ខណ៍​អក្សរ​មក​ពួកគាត់​តាម​ច្បាប់​កំណត់​ឡើយ​។

ទាក់​ទង​នឹង​ប្រាក់សំណង​ជំងឺចិត្ត​ក្រុមហ៊ុន​បាន​លើកឡើង​ថា ក្រុម​ហ៊ុន​បាន​ជូន​ដំណឹងត្រឹម​ត្រូវ​ហើយ​ មិន​អាច​ផ្តល់​ប្រាក់​សំណង​ជំងឺ​ចិត្តបានទេ ហើយ​ក្រុម​ហ៊ុន HCC Group ក៏ត្រូវ​បាន​​ក្រុម​ហ៊ុន​ព្រលាន​យន្តហោះ​ផ្តាច់កិច្ចសន្យា​ពួកគាត់​ដែរ។ នេះបើតាម CTWUF ។

លោក ទូច កុសល បញ្ជាក់ថា៖ «អ៊ីចឹងខ្ញុំជាសហព័ន្ធ​ជាអ្នក​សម្របសម្រួល​រឿងហ្នឹង​ ខ្ញុំ​ស្តាប់​​ទៅ​អាការជូន​ដំណឹង​របស់​ក្រុម​ហ៊ុន​នឹង​ ដូចអត់ទាន់​មាន​ភាពប្រាកដប្រជា ពីព្រោះ​នៅ​ពេល​ជួប​ជជែក​គ្នា​ក្រុម​ហ៊ុន​និយាយ​ផ្សេងកម្មករ​និយាយ​ផ្សេង​ ដូច្នេះ​អត់​ទាន់មាន​លទ្ធផល​ជាដុំកំភួន​ទេ ហើយក្រុម​ហ៊ុន​ក៏មិន​បាន​យក​ពួកគាត់​ទៅធ្វើការ​នៅព្រលាន​យន្តហោះ​អន្តរ​ជាតិ​តេជោ​ដែរ ខណៈ​ដែល​កម្មករ​បាន​ទទួល​ព័ត៌មាន​ថា ក្រុមហ៊ុន​ដេញថ្លៃ​បាននៅ​ព្រលាន​ថ្មី​នោះ​តែអត់​យក​ពួកគាត់​ធ្វើការ​ដូច្នេះ​ហើយ​​ពួកគាត់​ត្រូវតែទាមទារ»។

លោក​ ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈបាន​ប្រាប់ សារព័ត៌មាន​ខេម​បូចា ​​​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកានេះថា ក្រសួង​ការ​ងារ​តែងតែយក​ចិត្ត​ទុកដាក់ក្នុង​ការ​ដោះ​ស្រាយ​នូវ​គ្រប់​បញ្ហា​វិវាទការងារ​ ហើយ​ករណីការ​តវ៉ា​របស់​បុគ្គលិក​កម្មករ​នៅ​ព្រលានយន្តហោះ​អន្តរ​ជាតិ​ភ្នំពេញនេះ ក្រសួង​បាន​ធ្វើការ​ដោះ​ស្រាយ​ជាច្រើន​លើក​មក​ហើយ​។ ក្រសួង​នឹង​ជួប​ប្រជុំ​ជាមួយ​ភាគីពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ដោះ​ស្រាយ​វិវាទនេះ​ជាបន្តទៀត​នៅថ្ងៃទី១៧ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ដោយមន្ត្រីក្រសួង​​បាន​ត្រៀម​នូវដំណោះ​ស្រាយដើម្បី​ពន្យល់ទៅ​ដល់​បងប្អូន​ដែល​ជានិយោជិត​នៃក្រុមហ៊ុន HCC Group ផងដែរ។ យ៉ាងណាក្តីអ្នក​នាំពាក្យ​រូបនេះ​មិន​បាន​ប្រាប់​ឱ្យ​ដឹងថា តើ​ក្រសួង​នឹងធ្វើការដោះ​ស្រាយ​ដើម្បី​បញ្ចប់​វិវាទ​បែបណានោះទេ។

ប៉ុន្តែ​លោក​បញ្ជាក់ថា៖ «ដើម្បីឱ្យកម្ពុជាក្លាយទៅជានីតិរដ្ឋ​ ក្រសួងការងារស្នើ​សូមឱ្យគ្រប់​ភាគី​ទាំង​អស់​ទាំងនិយោជក ទាំង​និយោជិក​ និងអ្នក​ពាក់ព័ន្ធ​ទាំង​អស់ សូមអនុវត្ត​ទៅតាម​ច្បាប់​ជាធរមាន ដើម្បី​ឱ្យ​សង្គមកម្ពុជា​ជាសង្គម​មួយ​ដែល​គោរពច្បាប់​ទាំងអស់គ្នា»

យោងតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧៧ ចែង​ថា ការ​រំលាយ​កិច្ច​សន្យា​ការងារតាមឆន្ទៈនៃនិយោជកតែឯកឯងគ្មានឱ្យដំណឹងមុន ឬមិនគោរពតាមរយៈពេលនៃការ​ឱ្យ​ដំណឹង​មុន តម្រូវឱ្យនិយោជក​ចេញប្រាក់ទូទាត់ដល់កម្មករនិយោជិត​មានចំនួនស្មើនឹង​ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍គ្រប់ប្រភេទ​ដែលកម្មករនិយោជិតត្រូវបាន​ក្នុងរយៈ​ពេលឱ្យ​ដំណឹងមុន ដែលគេមិនបានគោរពត្រឹមត្រូវ។

ចំណែកមាត្រា៩១នៃច្បាប់ស្តីពីការងារចែងថា ការរំលាយកិច្ចសន្យាការងារ​តាមឆន្ទៈ​ផ្ទាល់​នៃភាគីណាមួយ ដោយគ្មានហេតុផលត្រឹមត្រូវនោះ អាចបើកសិទ្ធិឱ្យភាគីម្ខាងទៀត​ទារ​សង​សោហ៊ុយជំងឺចិត្តបាន។ សោហ៊ុយ​ជំងឺចិត្តនេះ មិនត្រូវច្រឡំគ្នាជាមួយនឹង​ប្រាក់​បំណាច់​ទូទាត់​ជួសការឱ្យដំណឹងមុន ឬជាមួយនឹង​ប្រាក់បំណាច់បណ្តេញ​ចេញទេ។ កម្មករ​និយោ​ជិត​អាចទាមទារប្រាក់បំណាច់បើកផ្តាច់មួយ ដែលមានចំនួន​ស្មើនឹងប្រាក់បំណាច់​បណ្តេញចេញ។ ក្នុងករណីនេះ កម្មករនិយោជិតត្រូវបានរួចពីកាតព្វកិច្ច ដែលត្រូវផ្តល់​ភស្តុតាង​បញ្ជាក់​ពីការខូចខាតរបស់ខ្លួន។

បើតាមនីតិវិធី បើសិន​ជាវិវាទ​​នេះ​មិន​អាច​ដោះស្រាយ​នៅ​នាយកដ្ឋាន​វិវាទការងារ​មិន​សះជាគ្នាទេ គឺ​នឹងត្រូវបញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដើម្បីបើក​សវនាការ​បន្តទៀត​ហើយ​បើនៅ​តែមិន​សះជាគ្នា​ទៀត​ នោះ​នឹងអាច​បញ្ជូន​ទៅ​តុលាការ។ ប៉ុន្តែ​​សម្រាប់​លោក​ទូច កុសល ចង់​ឃើញទាំងភាគីក្រុម​ហ៊ុន​ និងភាគីបុគ្គលិក​កម្មករ​និយោជិត​ធ្វើការ​ដោះ​ស្រាយ​ជាមួយគ្នា​ធ្វើយ៉ាង​ណា​ឱ្យលទ្ធផល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា​ ដោយ​ភាគីក្រុម​ហ៊ុន​គួរ​តែពិចារណា​ទៅលើ​ចំណុច​ដែល​កម្មករស្នើសុំ។

គួររំឭកថា ក្រុមហ៊ុន HCC Group Co., Ltd ក៏​ធ្លាប់មានវិវាទការងារជាមួយ​បុគ្គលិកកម្មករ​របស់​​ខ្លួនជាង​១០០​នាក់ នៅ​សាខាព្រលានយន្តហោះ​ខេត្តសៀមរាបកាលពីឆ្នាំ២០២០​ក្នុង​កំឡុង​ពេល​មានការរីក​រាល​ដាលជំងឺកូវីដ១៩ផង​ដែរ​ ហើយវិវាទនោះ​ទើ​បតែត្រូវបាន​ដោះ​ស្រាយ​បញ្ចប់​នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដោយ​នៅទីបំផុត​ភាគីក្រុមហ៊ុន​បានយល់ព្រម​ផ្តល់ជូនកម្មករនិយោជិតនូវទឹកប្រាក់សរុបជាង​៨ម៉ឺន​ដុល្លារ ដើម្បី​ទូទាត់សម្រាប់អត្ថ​ប្រយោ​ជន៍ផ្សេងៗ​ដល់​​បុគ្គលិកកម្មករ​៕

174 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម