សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ក្រសួងការងារបានពិន័យលើរោងចក្រចំនួនពីរ បន្ទាប់ពីកម្មករផ្ទុះការតវ៉ាដោយសារមិនបើកប្រាក់អតីតភាព

មន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល ចុះទៅផ្សះផ្សាវិវាទការងាររួម ដល់កម្មករនៅរោងចក្រ គ្លរីនីតវែរ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ (រូបភាព៖ TN Kandal FC)
មន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល ចុះទៅផ្សះផ្សាវិវាទការងាររួម ដល់កម្មករនៅរោងចក្រ គ្លរីនីតវែរ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ (រូបភាព៖ TN Kandal FC)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពិន័យលើក្រុមហ៊ុន គ្លូរី នីតវែរ អិលធីឌី ស្ថិតនៅខេត្តកណ្តាល និងក្រុមហ៊ុន អាតធីវើស្ស នៅខេត្តកំពង់ស្ពឺ ក្រោយពីកម្មករផ្ទុះការតវ៉ារបស់កម្មករ។ ស្របពេលដែលក្រសួងបានក្រើនរម្លឹកដល់ម្ចាស់អាជីវកម្មទាំងអស់ត្រូវគោរពតាមលក្ខខណ្ឌច្បាប់ការងារ ដោយជំរុញឱ្យក្រុមហ៊ុនផ្តល់អាទិភាពលើការអនុវត្តច្បាប់ដើម្បីបញ្ចៀសជម្លោះការងារ និងការដាក់ទណ្ឌកម្ម។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានលើកឡើងថា ក្រសួងបាន​ផាក​ពិន័យ​ក្រុមហ៊ុន​ចំនួន​ពីរ​ពី​បទ​ល្មើស​ច្បាប់​ការងារលើ រោងចក្រគ្លូរី នីតវែរ អិលធីឌី (GLORY KNITWEAR LTD) ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានផាកពិន័យចំនួន ២០ ១៦០ 000 រៀលពីការគណនា និងការទូទាត់ប្រាក់អតីតភាពមិនត្រឹមត្រូវដែលនាំឱ្យមានជម្លោះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

រីឯក្រុមហ៊ុនមួយទៀតគឺឈ្មោះ រោងចក្រអាតជីវើស្ស (ខេមបូឌា) ឯ.ក (ARTIVERSE (CAMBODIA) CO., LTD.) ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានពិន័យជាប្រាក់ចំនួន ១៦៨,០០,០០០ រៀលសម្រាប់ការបង់ប្រាក់មិនសមរម្យ ប្រាក់ឈ្នួលអំឡុងពេលឈប់សម្រាកប្រចាំឆ្នាំ បង្កជម្លោះនៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៥។

អ្នកស្រី គឹម នី កម្មការិនី ដែលបម្រើការងារនៅក្រុមហ៊ុនរោងចក្រនៅរោងចក្រ គ្លូរី នីតវែរ អិលធីឌី (GLORY KNITWEAR LTD) នៅស្រុកអង្គស្នួល ខេត្តកណ្តាល រយៈពេល១២ឆ្នាំ បានពន្យល់ថា ការតវ៉ានេះបណ្តាលមកពីក្រុមហ៊ុនមិនព្រមបើកប្រាក់បំណាច់ដល់កម្មករទាំងអស់​។ ខណៈដែលការទូទាត់លើកដំបូងត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ កម្មករត្រូវបានជូនដំណឹងនៅថ្ងៃទី១៧ ខែមករា ថាក្រុមហ៊ុនមានបំណងបង់ត្រឹមតែ៥ភាគរយនៃប្រាក់បំណាច់ដែលជំពាក់ជាជាងការបង់ប្រាក់ដល់បុគ្គលិកទាំងអស់តាមតម្រូវការ។

អ្នកស្រីបានប្រាប់ថា ប្រការនេះនាំឱ្យមានការបដិសេធពីកម្មកររោងចក្រ ចំនួនជាង៦០០នាក់។ អ្នកស្រី នី បានបន្តទៀតថា ក្រសួងការងារ រួមនឹងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បានជួយអន្តរាគមន៍ជួយដោះស្រាយបញ្ហានេះ ដោយធានាថា ក្រុមហ៊ុននឹងសងគ្រប់ចំនួនដែលជំពាក់ដល់កម្មករទាំងអស់។

អុ្នកស្រីបានឱ្យដឹងថា៖ «ខ្ញុំមានអារម្មណ៍ថារំភើបម៉ង ដែលពួកខ្ញុំ ទាំងតែពួកខ្ញុំស្ងៀមស្ងាត់តាំងពីរយូរហើយលុយអីក៏ដោយ ដោយសាររោងចក្រដែលយើងធ្លាប់ធ្វើការនឹងយូរឆ្នាំ បើនិយាយឲ្យចំទៅជាឆ្នាំងបាយយើង បើយើងមានរឿងអីតិចតួចអត់តវ៉ាទេ តែបើអានេះរោងចក្រគាត់ដាក់ ធ្វើឲ្យកម្មករខឹងទើបឲ្យពួកយើងតវ៉ាទៅ ទើបឲ្យខាងក្រសួង ដូចជារដ្ឋបាលខណ្ឌកំបូលហ្នឹង[ធ្វើការដោះស្រាយ]»។

អ្នកស្រីបានបន្តថា បន្ទាប់ពីធ្វើការតវ៉ា ក្រុមហ៊ុនបានយល់ស្រប ផ្តល់លុយបំណាច់ឆ្នាំចំនួនពីរលើកគឺនៅថ្ងៃទីសៅរ៍ទី១៨ ក្រុមហ៊ុនបានបើកប្រាក់បំណាច់ឆ្នាំចំនួន៥ភាគរយ និងថ្ងៃទី ២០ ខែមករាឆ្នាំ ២០២៥ ទើបក្រុមហ៊ុនបើកប្រាក់ទូទាត់ប្រាក់បំណាច់ឆ្នាំគ្រប់ចំនួនទាំងអស់ជូនកម្មករ​។

ចំណែក​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ធុល នាង បាន​ដឹកនាំ​មន្ត្រី​ផ្សះផ្សា​វិវាទ​ការងារ​រួម ដោះស្រាយ​ករណី​កម្មករ​រោងចក្រ​គ្លូរី នីតវែរ ដែល​បាន​បិទ​ផ្លូវ​ជាតិ​លេខ៤ និង​បាន​បញ្ចប់​វិវាទ​នេះ។ នេះបើ​តាម​ការ​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ប្រធាន​មន្ទីរ​ការងារ លោក ធុល នាង នៅ​រសៀល​ថ្ងៃទី១៨ ខែ​មករា។

អ្នកនាំពាក្យក្រសួងការងារ កត្តា អ៊ន បានមានប្រសាសន៍ថា ការផាកពិន័យគឺអនុវត្តទៅតាមច្បាប់ការងារ ដោយក្រុមហ៊ុនអនុវត្តការទូទាត់ប្រាក់បំណាច់ប្រចាំឆ្នាំមិនត្រឹមត្រូវជូនកម្មករនិយោជិតបណ្តាលឱ្យមានការផ្ទុះការតវ៉ា។

លោកបានថ្លែងថា៖ «ក្រសួងបន្តតាមដានការអនុវត្តក្រុមហ៊ុន ក្នុងករណីមិនរាងចាល នឹងមានវិធានការផ្លូវច្បាប់»

លោកក៏បានលើកឡើងថា ដំណើរការនីតិវីធីមួយនេះ ក្រុមហ៊ុនបានទូទាត់ដល់កម្មករអស់ហើយ ហើយវិវាទក៏ត្រូវបានដោះស្រាយ។ ឥឡូវនេះក្រុមហ៊ុនកំពុងដំណើរការជាធម្មតា។

បើយោងតាមអ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថា ការចាត់វិធានការចំពោះក្រុមហ៊ុន គ្លូរី នីតវែរ អិលធីឌី (GLORY KNITWEAR LTD) អាស័យដ្ឋាន ស្រុកអង្គស្នូល ខេត្តកណ្តាល  ដែលមានចំនួនកម្មករសរុប៨៩១នាក់ ក្នុងនោះស្រី ៦១៨នាក់ និងការចាត់វិធានការចំពោះក្រុមហ៊ុន អាតធីវើស្ស (ខេមបូឌា) ឯ.ក (ARTIVERSE (CAMBODIA) CO., LTD.) អាស័យដ្ឋាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួនកម្មករសរុប ១ ៥៥២នាក់ ក្នុងនោះស្រី ១ ០៦២នាក់។

លោក អាត់ ធន់ អនុប្រធានសហភាពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានលើកឡើងថា ករណីនេះជារឿងល្អដែលកម្មករធ្វើការយ៉ាងសកម្មក្នុងការតស៊ូមតិដើម្បីសិទ្ធិ និងផលប្រយោជន៍របស់ពួកគេ យ៉ាងណាវិញ ក្រសួង​ការងារ​បាន​ចេញ​លិខិត​ព្រមានទៅលើក្រុមហ៊ុនទាំងពីរ​ដែល​លោក​ចាត់​ទុក​ថា​ជា​ជំហាន​វិជ្ជមាន។

លោក អាត់ ធន់ បានបន្តថា មានរោងចក្រជាច្រើនគេចវេះនៅតែមិនទាន់ទូទាត់ប្រាក់បំណាច់ ឬអត្ថប្រយោជន៍អតីតភាពការងារ ដូចដែលច្បាប់បានកំណត់ ហើយបញ្ហានេះមិនត្រូវបានកំណត់​ចំពោះវិស័យកាត់ដេរនោះទេ។

លោកមានប្រសាសន៍ថា៖ «ប្រសិនជាកម្មករអត់តវ៉ាគាត់អាចនឹងទុកចោល តាមពិតទៅក្រសួងមែនមានភារកិច្ចក្នុងការទទួលខុសត្រូវពេលគេបាតុកម្មទេ តាមពិតក្រសួងជាសាមីដែលមានសិទ្ធិក្នុងការចុះអធិការកិច្ច ទៅលើការមិនអនុវត្តច្បាប់ហើយការដោះស្រាយ ប្រសិនជាមិនមានបាតុកម្ម ឬមិនប្តឹងក៏ដោយ ប៉ុន្តែត្រូវតែឲ្យក្រុមហ៊ុននឹងដោះស្រាយដែរ»។

លោកយល់ឃើញថា ភាពចន្លោះប្រហោងក្នុងការអនុវត្តកន្លងមក ទុកជាការឧទាហរណ៍ដល់ក្រសួងការងារ ឱ្យចាត់វិធានការកាន់តែល្អ។

ចំណែកឯលោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជា បានសម្តែងការយល់ស្របចំពោះសេចក្តីសម្រេចរបស់ក្រសួងការងារ ក្នុងការដាក់វិធានការដាក់ពិន័យលើរោងចក្រទាំងពីរ និងចាត់វិធានការតាមផ្លូវច្បាប់ ដោយជំរុញឱ្យពួកគេបង់ប្រាក់អត្ថប្រយោជន៍ដែលជំពាក់ជូនកម្មករ។

ទោះជាយ៉ាងណាក៏ដោយ លោកក៏បានចង្អុលបង្ហាញថា ការតវ៉ានៅរោងចក្រដែលបង្កឡើងដោយនិយោជកមិនបំពេញកាតព្វកិច្ចផ្លូវច្បាប់បានបង្ហាញពីគម្លាតនៅក្នុងការត្រួតពិនិត្យការងាររបស់ក្រសួង។

លោកមានប្រសាសន៍ថា៖ «យើងសង្កេតឃើញថាប្រសិនជាមិនមានការតវ៉ារបស់កម្មករនោះទេប្រហែលជាក្រសួងការងារហ្នឹង មិនដឹងអំពីការអនុវត្តខុសនឹងច្បាប់ភាគីនិយោជកដែរ»។

លោកបានស្នើថា ក្រសួងការងារ និងអធិការកិច្ចគួរតែបង្កើនការត្រួតពិនិត្យរោងចក្រ និងអាជីវកម្ម ដើម្បីធានាការអនុវត្តច្បាប់ការងារឱ្យកាន់តែល្អប្រសើរ។

សារព័ត៌មានខេមបូចា មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីភាគីរោងចក្របានទេ៕

428 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម