សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ក្រសួងរៀបចំដែនដីផ្ទេរមុខតំណែងថ្នាក់ដឹកនាំមន្ទីរ​ជាច្រើនរូប បន្ទាប់​ពី​បញ្ចប់​ការស៊ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ខេមបូចា/ ព្រីង សំរាំង)
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួង​រៀបចំដែនដីបានសម្រេចផ្ទេរលោក អាង ណារិទ្ធ ប្រធានមន្ទីរ​រៀបចំដែនដី​​ខេត្ត​បន្ទាយ​មានជ័យ និងអនុប្រធានមន្ទីរចំនួន៥រូប រួមទាំងប្រធានការិយាល័យ២រូបទៀតឱ្យមក បម្រើ​​ការងារនៅទីស្ដីការក្រសួងដែនដីវិញ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការស៊ើបអង្កេតមាន​រយៈ​ពេល​ជាង​១ខែ ពាក់ព័ន្ធនឹងបណ្ដឹងនៃមន្រ្តីក្រោមឱវាទដែល​ចោទ​លោក ណារិទ្ធ ថាបាន​ប្រព្រឹត្ត​​​អំពើពុករលួយ។

មន្រ្តីរដ្ឋបាលខេត្ត លើកឡើងថា ការផ្លាស់ប្ដូរមុខតំណែងលោក ណារិទ្ធ នេះមានជាប់ពាក់ព័ន្ធ​នឹងបណ្ដឹងពីបទ​ពុក​រលួយ​របស់មន្រ្តីថ្នាក់ក្រោម ស្របពេលដែលស្ថាប័នប្រឆាំងអំពើពុករលួយ អះអាងថា មិនអាចដាក់ទោសទណ្ឌត្រឹមវិធានការរដ្ឋបាលបានទេ ប្រសិនបើរកឃើញថា​មាន​អំពើ​ពុករលួយមែននោះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានបដិសេធ​ក្នុង​ការលើកឡើងដូច្នេះ ដោយបានអះអាងថា ការផ្ទេរមុខតំណែងប្រធានមន្ទីរ​ដែនដីខេត្ត​បន្ទាយ​​មានជ័យ និងមន្រ្តីជាច្រើនរូបទៀតនេះ ជាការចាត់ចែងការងាររបស់ក្រសួង ដោយមិន​ជាប់ពាក់ព័ន្ធនឹងពាក្យបណ្ដឹងកាលពីខែតុលា ឆ្នាំ២០២៣ នោះទេ។ 

លោក បញ្ជាក់ថា៖ «ការផ្ទេរនេះមិនជាប់ពាក់ព័ន្ធនឹងបណ្ដឹងអ្វីទាំងអស់ គឺជាការចាត់ចែង​របស់ ក្រសួង ដោយមានការឯកភាពគ្នាជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ»

លោក ថា មានមន្រ្តីបម្រើការងារនៅមន្ទីររៀបចំដែនដីចំនួន៨រូប ត្រូវបានក្រសួងផ្ទេរឱ្យទៅ​បម្រើការងារនៅទីស្ដីការក្រសួងដែនដីវិញ។ ក្នុងនោះមាន ប្រធានមន្ទីរដែនដី លោក អាង ណារិទ្ធ, អនុប្រធានមន្ទីរដែនដីទាំង៥រូប និងប្រធានការិយាល័យចំនួន២រូបទៀត [ក្នុងនោះ​មានប្រធានការិយាល័យសុរិយោដី] ហើយក្រសួងនឹងប្រគល់តួនាទីដល់មន្រ្តីទាំងនោះ​តាម​សមត្ថភាព និងឧបនិស្ស័យរបស់គេ។

កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ មន្រ្តីធ្វើការនៅមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងចៅហ្វាយនាយរបស់ខ្លួន​ ដោយបានចោទប្រកាន់ លោក អាង ណារិទ្ធ ថា បានប្រព្រឹត្តអំពើពុករលួយ តាមរយៈការ​កេង​បន្លំ​ថវិកាបុគ្គលិក កាត់ប្រាក់​លើក​​​ទឹកចិត្ត​ចំពោះ​​មន្រ្តីប្រឹងប្រែងធ្វើការ ថែមទាំងទារប្រាក់បន្ថែមពីប្រជាពលរដ្ឋចំពោះការធ្វើ​ឯកសារ​ផ្សេងៗ និង ប្រើពាក្យគំរាមកំហែង ប្រមាថមាក់ងាយ​មន្រ្តីថ្នាក់ក្រោម ក្នុងរយៈពេល​៤ឆ្នាំ​ដែលលោកបានដឹកនាំមន្ទីរ ។

ក្នុងខ្លឹមនៃពាក្យបណ្ដឹង មន្រ្តីទាំងនោះ ក៏បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងដែនដី លោក សាយ សំអាល់ ដកតំណែង លោក ​អាង ណារិទ្ធ ចេញពីប្រធានមន្ទីរដែនដី​ខេត្តបន្ទាយមានជ័យ​ទៀតផង។

លោក សេង ឡូត អះអាងថា លទ្ធផលក្នុងការចុះស៊ើបអង្កេតដែលមានរយៈពេលជាង១ខែ ចាប់​​ពីដើមខែធ្នូ រហូតមកដល់ខែមករានេះ បានរកឃើញថា លោក អាង ណារិទ្ធ ពុំបានប្រព្រឹត្ត​កំហុសឆ្គងដូចការចោទប្រកាន់ក្នុងពាក្យបណ្ដឹងនោះទេ។ ប៉ុន្តែការស៊ើបអង្កេតឃើញថា មន្រ្តី​បម្រើ​​ការងារនៅមន្ទីរដែនដីខេត្តបន្ទាយមានជ័យមិនសូវមានការចុះសង្រុងគ្នាក្នុងការធ្វើការ ទើប​នាំឱ្យមានការដាក់ពាក្យបណ្ដឹងប្រឆាំងនឹងប្រធានរបស់ខ្លួន។

អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ មានប្រសាសន៍ថា ក្រសួង​ដែន​ដី​បានផ្ញើរឯកសារជុំវិញការផ្ទេរមុខតំណែងនេះមកកាន់រដ្ឋបាលខេត្តកាលពីព្រហស្បត្តិ៍​ សប្ដាហ៍មុន ហើយមន្រ្តីទាំងនោះនឹងត្រូវធ្វើដំណើរទៅកាន់រាជធានីភ្នំពេញក្នុងថ្ងៃសុក្រនេះ [មួយថ្ងៃបន្ទាប់]។ បន្ថែមពី​លើ​នេះ លោក ថា បច្ចុប្បន្នក្រសួងមិនទាន់តែងតាំងថ្នាក់ដឹកនាំថ្មី​នៃមន្ទីររៀបចំដែនដី​ខេត្ត​បន្ទាយមានជ័យ​នៅឡើយទេ ខណៈអភិបាលខេត្តបានចាត់ឱ្យ​អភិបាល​រងមួយរូបដឹកនាំ​ការងារ​ផ្នែករដ្ឋបាល​នៅមន្ទីរដែនដី។

លោក អះអាងថា ការផ្លាស់ប្ដូរប្រធានមន្ទីររូបនេះ គឺមានជាប់ពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់​មន្រ្តី​នៅមន្ទីរដែនដី កាលពីដើមខែតុលា ឆ្នាំ២០២៣ ដែលបានចោទប្រកាន់ លោក ណារិទ្ធ​ ថាបានប្រព្រឹត្តអំពើពុករលួយ។

លោក និយាយថា៖ «(មូលហេតុអ្វីទើបមានការផ្លាស់ប្ដូរ?) កន្លងមកមានការប្ដឹងផ្ដល់រវាង​បុគ្គលិក​ជាមួយប្រធាន [មន្ទីរដែនដី] (ជាប់ពាក់ព័ន្ធអត់?) បាទ» 

ប៉ុន្តែអ្នកនាំពាក្យរដ្ឋបាលខេត្តរូបនេះ ថា លោក មិនបានដឹងពីលទ្ធផលនៃការ​ចុះស៊ើបអង្កេត​របស់ក្រសួងដែនដីកាលពីខែធ្នូ ឆ្នាំ២០២៣ នោះទេ ហើយ លោក ប្រាប់អ្នកសារព័ត៌មាន​ឱ្យ​សួរ​អំពីករណីនេះទៅកាន់ក្រសួងរៀបចំដែនដីវិញ។ ប្រធាន​មន្ទីររៀបចំដែនដីខេត្ត​បន្ទាយ​មាន​ជ័យ លោក អាង ណារិទ្ធ បដិសេធក្នុងការធ្វើអត្ថាធិប្បាយជុំវិញការផ្ទេរ​មុខ​តំណែង​របស់​លោក ខណៈលោក ថា រងចាំការសម្រេចពីក្រសួងជាមុនសិន។

លោក បញ្ជាក់ថា៖ «ខ្ញុំសូមអត់ឆ្លើយអ្វីទាំងអស់ ចាំមើលការសម្រេចចុងក្រោយរបស់​ក្រសួង​សិន»

អនុប្រធានមន្ទីរដែនដី លោក ឡុង វុធ ដែលបានចូលរួមផ្ដិតមេដៃប្ដឹងប្រធានរបស់ខ្លួន បញ្ជាក់​ថា លោកត្រូវបានផ្ទេរទៅបម្រើការងារនៅទីស្ដីការក្រសួងដែនដី ហើយលោកមិនយល់ពី​គោល​​​បំណង​នៃការផ្លាស់ប្ដូរតួនាទីរបស់លោកនេះនៅឡើយទេ។

លោកថ្លែងថា៖ «ខ្ញុំត្រូវបានផ្ទេរទៅក្រសួង […] ខ្ញុំអត់ដឹងគោលការណ៍ថ្នាក់លើទេ»។

ចំណែអនុប្រធានមន្ទីរមួយរូបទៀតដែលបានប្ដឹងប្រធានរបស់ខ្លួនផងដែរ លោក រ៉ូ បូរ៉ា​ ប្រាប់​អ្នក​សារព័ត៌មានឱ្យសួរទៅកាន់រដ្ឋបាលខេត្តវិញជុំវិញករណីផ្លាស់ប្ដូរតំណែងនេះ។

លោកបញ្ជាក់ថា៖«សួរទៅខាងរដ្ឋបាលខេត្តទៅ»

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ដ អ្នកនាំពាក្យអង្គភាពប្រឆាំង មានប្រសាសន៍​ថា ការ​ផ្ទេរ​មុខ​តំណែង​ លោក អាង ណារិទ្ធ នេះ គឺជាវិធានការរបស់ក្រសួង ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​​អំពី​កំហុសឆ្គងដែល លោក ណារិទ្ធ បានប្រព្រឹត្តនោះទេ ដោយ​រង​ចាំការ​ទទួល​បាន​ព័ត៌មាន​ជាក់​លាក់ពីក្រសួងដែនដីជាមុនសិន។ ស្របពេលជាមួយគ្នានេះ លោក គូសបញ្ជាក់ថា ក្នុង​ករណី​រកឃើញ ប្រធានមន្ទីរដែនដីរូបនោះបានប្រព្រឹត្ត​អំពើ​ពុក​រលួយ ACU នឹងចាត់ការ​តាម​ច្បាប់ ដោយមិនអាចបញ្ចប់ត្រឹមវិធានការរដ្ឋបាលបាន​ឡើយ។ 

លោកបញ្ជាក់ថា៖ «វិធានការរដ្ឋបាលដែលគេធ្វើ គឺករណីអ្វី ចឹងករណី​បើសិនជាគាត់ប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុងច្បាប់របស់យើង គឺយើងមិនអាចធ្វើវិធានការរដ្ឋបាលបានទេ»

នាយ​ក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក សន ជ័យ មានប្រសាសន៍ថា ការអនុវត្តច្បាប់លើមន្រ្តីប្រព្រឹត្តអំពើពុករលួយ ជាការរួមចំណែកក្នុងការទប់ស្កាត់ការ​ខាត​បង់​ថវិកាជាតិ និងអត្ថប្រយោជន៍សាធារណៈ។

លោក ជ័យ បន្ថែមថា៖ «បើសិនជាមានមន្រ្តីប្រព្រឹត្តពុករលួយតើវាខូចខាតអ្វីខ្លះ ខូចខាត​ទ្រព្យ​​សម្បត្តិធនធានសាធារណៈ លុយជាតិ​ វាប៉ះពាល់ទៅដល់​ការ​ដឹកនាំ​មួយដែលបង្កើត​ឱ្យមានបក្សពួកនិយម ឬក៏មានទំនាស់ផលប្រយោជន៍ធ្ងន់ធ្ងរជាដើម»

940 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម