សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនដីធ្លីម្នាក់ ភៀសខ្លួនចេញពីកម្ពុជាដោយអះអាងថាខ្លួនត្រូវបានគេគំរាមសម្លាប់

អ្នកស្រី សាត ផា បានថតការតវ៉ានៅមុខស្ថានទូតបារាំងដោយផ្សាយផ្ទាល់តាមហ្វេសប៊ុក នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ រូបថត៖ ខេមបូចា/ព្រីង សំរាំង
អ្នកស្រី សាត ផា បានថតការតវ៉ានៅមុខស្ថានទូតបារាំងដោយផ្សាយផ្ទាល់តាមហ្វេសប៊ុក នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ រូបថត៖ ខេមបូចា/ព្រីង សំរាំង

សកម្ម​ជន​ដី​ធ្លី អ្នក​ស្រី សាត ផា ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ញុះ​ញង់​កាល​ពី​ខែ​សីហា​ ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​មួយ​កាល​ឆ្នាំ​មុន​នៅ​ខាង​ក្រៅ​ស្ថាន​ទូត​ចិន បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ដោយថាអ្នកស្រីបានទទួលសារ​គំរាម​សម្លាប់​ដែលគេយកមកបិទ​នៅ​លើ​ទ្វារ​ផ្ទះ​របស់​អ្នក​ស្រី​នា​រាជធានី​ភ្នំ​ពេញ​។

អ្នក​ស្រី​ ផា ត្រូវ​បាន​ដោះ​លែង​កាល​ពី​ខែ​វិច្ឆិកា ជា​មួយ​សកម្ម​ជន​មួយ​ចំនួន​ទៀត បន្ទាប់​ពី​ជាប់​ពន្ធនា​គារ​រយៈ១ឆ្នាំ ដែលរាប់ទាំងការឃុំ​ខ្លួន​បណ្តោះ​អាសន្ន​។ ចាប់​តាំង​ពី​​អ្នក​ស្រី​​ត្រូវ​បាន​​ដោះ​លែង​​មក អតីត​​អ្នក​ទោស​​មន​សិការ​​រូប​នេះ​​បាន​​ចូលរួមយ៉ាងសកម្ម​​ក្នុង​ការ​​តវ៉ា​​ចំពោះ​​ការ​ចោទ​ប្រកាន់​​លើ​​មេ​ធាវី​​ខ្មែរ​អាមេរិកាំង កញ្ញា សេង ធារី ។ កញ្ញា​ ធារី ជា​សកម្ម​ជន​ម្នាក់ ក្នុង​ចំណោម​អ្នក​គាំ​ទ្រ​អតីតគណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៣៩​នាក់ ដែល​កំពុង​ត្រូវ​បាន​កាត់​ទោស​ជា​សាធារណៈ ពី​បទ​រៀប​ចំ​ផែន​ការ​ផ្តួល​រំលំ​រដ្ឋា​ភិបាល ដែល​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ថាជាការចោទប្រកាន់ក្រោម​ហេតុ​ផល​នយោ​បាយ​។​

អ្នកស្រី ផា​បាន​ប្រាប់ ខេមបូចា តាម​រយៈ​ប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «​នៅ​ពេល​ខ្ញុំ​ចេញ​ពី​គុក ខ្ញុំ​នៅ​តែ​បន្ត​តស៊ូ​ប្រយុទ្ធ​នឹង​ភាព​អយុត្តិ​ធម៌ ហើយ​បាន​ទទួល​នូវ​ការ​គំរាម​កំ​ហែង​ដោយ​ពាក្យ​សំ​ដី រួម​ទាំង​ការ​គំ​រាម​សម្លាប់​ដែល​បាន​បិទ​នៅ​លើ​មុខ​ទ្វារ​ផ្ទះ​​ខ្ញុំ​​ទៀតផង»។​

អ្នក​ស្រី ផា បាន​​និយាយ​​ថា អ្នក​ស្រី​​បាន​​ចេញ​​ពី​​ទី​ក្រុង​​ភ្នំ​ពេញ​​កាល​ពី​​ថ្ងៃ​​អាទិត្យ ហើយ​​ចូល​​ប្រទេស​​ថៃ​​​​ដោយ​​ឆ្លង​​ដែន​​ខុស​​ច្បាប់​​តាមច្រករបៀង​​ខេត្ត​​បន្ទាយ​មាន​ជ័យ​។​

អ្នក​ស្រី​​បាន​​និយាយ​​ថា​​៖ «​ខ្ញុំ​​បារម្ភ​​ពី​​សុវត្ថិ​ភាព​​ផ្ទាល់​ខ្លួន​​របស់​ខ្ញុំ ប្រសិន​បើ​​ខ្ញុំ​​នៅ​តែ​បន្ត​រស់​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​»​។​ អ្នក​ស្រី​បាន​បន្ថែម​ថា អ្នក​ស្រី​សង្ឃឹម​ថា​ទី​ភ្នាក់​ងារ​ជន​ភៀស​ខ្លួន​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​អាច​ផ្តល់​សិទ្ធិ​ជ្រក​កោន​ឱ្យ​គាត់ និង​ស្វែង​រក​ប្រទេស​ទី​បី​សម្រាប់​ការ​តាំង​ទី​លំនៅ​ថ្មី ខណៈ​ដែល​អ្នកស្រីអាច​ប្រ​ឈម​មុខ​នឹង​ការ​គំ​រាម​កំ​ហែង​ផ្នែក​សន្តិ​សុខ​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​។​

អ្នកស្រី ផា បានចែករំលែកពីខ្លឹមសារនៃគំរាមកំហែងតាមរយៈរូបថតមួយសន្លឹកដល់អ្នកសារព័ត៌មាន ដោយក្នុងលិខិតនោះសរសេរថា៖«បើជា​​ [អ្នកឯង] នៅតែ​​ខ្លាំង​ទៀត​​ប្រយ័ត្ន​​បាត់​​ខ្លួន​»​។

លោក ខៀវ សុ​ភ័គ អ្នក​​នាំ​​ពាក្យ​​ក្រ​សួង​​មហា​ផ្ទៃ​​បាន​​ថ្លែង​​ថា​​លោក​​មិន​​បាន​​ដឹង​​អ្វី​​ពី​​ការ​​គំ​រាម​​សម្លាប់​​នោះ​​ទេ​ ហើយ​​បាន​​លើក​ឡើង​​ថា​​ប្រហែល​​ជា​​ស​កម្ម​ជន​​បាន​​ក្លែង​​បន្លំ​នូវ​​លិខិតនោះ​។​

លោក​បាន​​មាន​​ប្រសាសន៍​​ថា ៖ «យើង​​មិន​​ដឹង​​ថា​​វា​​ពិត​​ឬ​​មិន​​ពិត​​ទេ ទាក់​​ទង​​នឹង​​លិខិត​​ដែល​​បាន​​បង្ហោះ​​នោះ​​​»។​

លោក​សុភ័គ បាន​​បន្ត​ថា ៖ «គ្មាន​​ការ​​គំ​រាម​​កំ​ហែង​​ដល់​​សម្លាប់​នោះ​​ទេ ហើយ​​តើ​​គាត់​ត្រូវ​​បាន​​គេ​​គំ​រាម​​ដើម្បី​​អ្វី ព្រោះ​ថា​គាត់​​​មិន​​បាន​​ជាប់​ពាក់​​ព័ន្ធ​​នឹង​​ការ​​ប្រ​ព្រឹត្ត ឬ​ធ្វើ​ឱ្យ​​ប៉ះ​​ពាល់​​ដល់​​សន្តិ​សុខ​[​ជាតិ]​ឡើយ​»។​

លោក​បាន​អះ​អាង​ថា ៖ «​វា​អាច​ជា​ល្បិច​របស់​គាត់​ដែល​គាត់​បាន​បង្ហោះ​ខ្លួន​ឯង​ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នយោ​បាយ​» ។

អ្នក​ស្រី​សាត ផា បាន​សម្រាក​ជា​មួយ​ពលករ​ចំណាក​ស្រុក​ដ​ទៃ​ទៀត បន្ទាប់​ពី​បាន​មក​ដល់​ព្រំ​ដែន​ថៃ​នៅ​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ២០២២។ រូបថតផ្តល់ឱ្យ

អ្នក​ស្រី ផា បាន​​បដិ​សេធ​​ការ​​ចោទ​​ប្រកាន់​​នេះ ដោយ​​និ​យាយ​​ថា វា​​ជា​​​​មិន​មែន​ជា​រឿង​គួរ​​ភ្ញាក់​​ផ្អើល​​ទេ​ដែល​​មន្ត្រី​​គណ​បក្ស​​កាន់​​អំ​ណាច​​ឆ្លើយតបបែបនេះ។ ​

អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំ​​ជឿ​​ថា ដោយ​សារ​​គាត់​​ជា​​មន្ត្រី​​គណ​បក្ស​​ប្រជា​ជន គាត់​​នឹង​​និយាយ​​អ៊ី​ចឹង ព្រោះ​​គាត់​​មិន​​ដែល​​ទ​ទួល​​ស្គាល់​​កំ​ហុស​​របស់​ខ្លួន​ឡើយ​​»។​

លោក អំ សំ​អាត នាយកទទួលបន្ទុកចាត់ការទូទៅ​​នៃ​​អង្គ​ការ​​សិទ្ធិ​​មនុស្ស​​លី​កា​ដូ បាន​​អំ​ពាវ​នាវ​ឱ្យ​​អាជ្ញា​ធរ​​ស៊ើប​អង្កេត​​ឱ្យ​​បាន​​ហ្មត់​ចត់​​ចំ​ពោះ​​ការ​​គំ​រាម​​កំ​ហែង​​នេះ​។​

លោក​​បាន​​មាន​​ប្រ​សាសន៍​​ថា៖«យើង​​សូម​​ទទូច​​អា​ជ្ញា​ធរ​ឱ្យ​​ស៊ើប​​អង្កេត និង​​ស្វែង​​រក​​ការ​​ពិត​​ជូន​ដល់​ជន​​រង​​គ្រោះ ដើម្បី​​ជៀស​​វាង​​ការ​​ចោទ​​ប្រ​កាន់​​ពី​​ហេតុ​ផល​​នយោ​បាយ ឬ​​ការ​​រើស​អើង​​ផ្នែក​​នយោ​បាយ​»​។​

លោក​​កត់​​សម្គាល់​​ថា ការ​​យា​យី​​សកម្ម​ជន និង​​អ្នក​​គាំ​ទ្រ​​អតីត​​បក្ស​​ប្រ​ឆាំង​​មិន​​មែន​​ជា​​រឿង​​ចម្លែក​​ទេ ហើយ​​អា​ជ្ញា​ធរ​​កម្រ​​ស៊ើប​អង្កេត​​ណាស់​។​

កាល​ពី​ខែ​សី​ហា ឆ្នាំ ២០២១ អ្នក​ស្រី​ផា ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​​ពន្ធ​នា​គារ​រយៈ​ពេល ១២ ខែ រួម​ជា​មួយ​នឹង​មនុស្ស​​៩នាក់​ផ្សេង​ទៀត​ដែល​បាន​តវ៉ា​នៅ​ខាង​ក្រៅ​ស្ថាន​ទូត​ចិន​ក្នុង​ខែ​តុលា ឆ្នាំ ២០២០ដោយ​អំ​ពាវ​នាវ​ឱ្យ​រដ្ឋា​ភិ​បាល​កម្ពុជា​គោរព​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ា​រីស និង​ប្រឆាំង​នឹង​វត្ត​មាន​យោ​ធា​ចិន​។

អ្នក​ស្រី ​ផា ​​​ដែល​ជា​សកម្ម​ជន​ដីធ្លី​ម្នាក់អស់រយៈពេលជាយូរមកហើយ គឺស្ថិត​ក្នុង​ចំ​ណោម​ប្រជា​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំ​បន់​បឹង​កក់ ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Land rights activist flees Cambodia, saying she received death threat

730 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម