សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវបានអនុម័ត ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្ស

ប្រជាពលរដ្ឋតម្រង់ជួរ ដើម្បីពិនិត្យសុខភាពនៅមណ្ឌលចត្តាឡីស័កនៅរាជធានីភ្នំ ពេញកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ។ ខេមបូចា / ព្រីងសំរាំង
ប្រជាពលរដ្ឋតម្រង់ជួរ ដើម្បីពិនិត្យសុខភាពនៅមណ្ឌលចត្តាឡីស័កនៅរាជធានីភ្នំ ពេញកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ។ ខេមបូចា / ព្រីងសំរាំង

ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកនិងអន្តរជាតិបានរិះគន់ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលទើបត្រូវបានអនុម័តថ្មីៗនេះ ថា មានលក្ខណៈទូលំទូលាយខ្លាំងនិងមិនច្បាស់លាស់ដោយអះអាងថា ច្បាប់នេះអាចត្រូវបានគេរំលោភបំពានយ៉ាងងាយនិងមិនអាចផ្តល់ការណែនាំឬការ ការពារឯករាជ្យណាមួយឡើយ។

សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ ត្រូវបានចុះហត្ថលេខាចូលជាច្បាប់ និងប្រកាសឲ្យប្រើប្រាស់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងថ្ងៃតែមួយ ដែលប្រទេសកម្ពុជាបានរាយការណ៍អំពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩ លើកដំបូង។ ប្រទេសនេះបានកត់ត្រាករណីឆ្លងវីរុសនេះចំនួន ១២២៥ ករណីចាប់តាំងពីការផ្ទុះឡើងកាលពីខែមករាឆ្នាំ ២០២០ ។

ទាំងរដ្ឋសភានិងព្រឹទ្ធសភាឯកបក្ស ដែលគ្រប់អាសនៈទាំងអស់ត្រូវបានកាន់ដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចបានអនុម័តជាឯកច្ឆន្ទនូវច្បាប់ស្តីពីវិធានការ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ច្បាប់នេះបានចែងអំពីទោសទណ្ឌ ដែលអាចត្រូវបានដាក់លើមនុស្ស ដែលត្រូវបានរកឃើញថា បានរំលោភលើវិធានការណ៍សុខាភិបាល វិធានការណ៍រដ្ឋបាលឬវិធានការ ណ៍ផ្សេងទៀត ដែលបានដាក់ចេញដោយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឬជំងឺផ្សេងទៀត។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ច្បាប់នេះ គឺចាំបាច់ដើម្បីការពារសុខុមាលភាពសាធារណៈរបស់ប្រជាជនកម្ពុជា ជាពិសេសនៅពេលមានការរីករាលដាលនៃជំងឺរាតត្បាត។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើយើងគ្មានច្បាប់ទេ យើងមិនអាចដាក់ ទោសទណ្ឌអ្នកដែលបានរត់ពន្ធឬគេចខ្លួន [ពីការធ្វើចត្តាឡីស័ក] ឡើយ»។

លោក ប៊ុននាង បានពន្យល់ថា ច្បាប់នេះ អនុញ្ញាតឱ្យរដ្ឋាភិបាល «បិទផ្នែកតូចៗដូចជាផ្ទះមួយ ឬអាជីវកម្មណាមួយ»

លោកមានប្រសាសន៍ថា ការអនុវត្តច្បាប់នឹងចាប់ផ្តើមមួយសប្តាហ៍បន្ទាប់ពីច្បាប់នេះត្រូវបានចុះហត្ថលេខាចូលជាធរមាន។

នៅក្នុងមាត្រា ៤ និងមាត្រា ៥ ច្បាប់នេះបានផ្តល់សិទ្ធិដល់រដ្ឋាភិបាលក្នុងការរឹតត្បិតការធ្វើដំណើរនិងការជួបជុំជាបណ្តោះអាសន្ន បញ្ជាឲ្យបិទអាជីវកម្មសម្រាប់ទីកន្លែងដែលគេរកឃើញថា មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងកំណត់ការដាក់

ទណ្ឌកម្មរួមមានការព្យួរឬដកអាជ្ញាបណ្ណអាជីវកម្ម ការពិន័យនិងការឃុំខ្លួននៅពន្ធនា គារ។

មាត្រា ៧ ដល់មាត្រា ៩ ចាត់ទុកការគេចខ្លួនពីការធ្វើចត្តាឡីស័កគឺជាបទល្មើសដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែដល់ ៣ ឆ្នាំ ដោយពិន័យជាប្រាក់ពី ២ ទៅ ១០ លានរៀល។ ការគេចចេញពីកន្លែងព្យាបាល ខណៈពេលដែលវិជ្ជមានវីរុសកូរ៉ូណាគឺ ជាបទល្មើស ដែលមានទោសជាប់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ។ ការចម្លងជំងឺកូវីដ -១៩  ដោយចេតនាអាចត្រូវផ្តន្ទាទោសរហូតដល់១០ឆ្នាំឬ២០ឆ្នាំ ប្រសិនបើបទល្មើសត្រូវបានប្រព្រឹត្តដោយក្រុមអង្គការចាត់តាំង។

ការមិនប្រតិបត្តិតាមវិធានរដ្ឋបាលស្តីពីជំងឺកូវីដ-១៩ អាចត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ប្រសិនបើបង្កការគំរាមកំហែងដល់សុខភាពសាធារណៈធ្ងន់ធ្ងរហើយការរារាំងចំពោះវិធានការជំងឺកូវីដ-១៩ អាចមានទោសជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។

រដ្ឋាភិបាលបានស្នើឱ្យរដ្ឋសភាចាត់ទុកច្បាប់នេះថា «ជាការប្រញាប់» ដែលកាត់បន្ថយការត្រួតពិនិត្យពីអ្នកជំនាញនិងការចូលរួមពីសាធារណៈជន។

លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីប្រចាំនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សបានឲ្យដឹងតាមអ៊ីមែលកាលពីថ្ងៃសុក្រថា ច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ មានលក្ខណៈហួសហេតុនិងមិនចាំបាច់ ហើយរដ្ឋាភិបាលអាចប្រើប្រាស់ច្បាប់នេះដោយមិនត្រឹមត្រូវក្នុងការរំលោភសិទ្ធិមនុស្ស។

លោកបានមានប្រសាសន៍ថា៖ «ច្បាស់ណាស់ រដ្ឋាភិបាលកំពុងព្យាយាមបំភិតបំភ័យប្រជាពលរដ្ឋនិងបង្កើតការភ័យខ្លាចសម្រាប់អ្នកដែលនិយាយរិះគន់អំពីការឆ្លើយតបនឹងជំងឺកូវីដ -១៩ ដោយរដ្ឋាភិបាល»

លោកបានមានប្រសាសន៍ថា៖ «មិនចាំបាច់ត្រូវដាក់ទោសព្រហ្មទណ្ឌឬដាក់ពន្ធនាគារចំពោះបទល្មើសបែបនេះទេ។ វាងាយយល់ពីរបៀបដែលរដ្ឋាភិបាលអាចអះអាងថាការតវ៉ារបស់អ្នកនយោបាយប្រឆាំង ដែលពួកគេមិនចូលចិត្តនោះ អាចត្រូវបានចាត់ថ្នាក់ជាក្រុមដែលមានចេតនាចម្លងជំងឺកូវីដ-១៩ ដែលធ្វើឱ្យអ្នកចូលរួមអាចជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ»

លោកបានកត់សម្គាល់ថា៖ «ច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” មានរួចហើយ ហើយមិនចាំបាច់អនុម័តច្បាប់រំលោភសិទ្ធិផ្សេងទៀតនោះទេ»

លោក អំ សំអាត អនុប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូបានសម្តែងការព្រួយ បារម្ភចំពោះការផ្តន្ទាទោសធ្ងន់ធ្ងរបំផុតនេះ ដោយគូសបញ្ជាក់ថា ច្បាប់នេះមិនទាន់ត្រូវបានផ្សព្វផ្សាយឱ្យសាធារណជនបានដឹងទូលំទូលាយនៅឡើយទេ។

លោកបានមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋនឹងប្រឈមការផ្តន្ទាទោស រួមទាំងការពិ ន័យជាប្រាក់ធ្ងន់ធ្ងរ ដោយសារតែពួកគេមិនទាន់បានយល់ដឹងអំពីច្បាប់នេះ»។

លោក សំអាត បានមានប្រសាសន៍ថា ច្បាប់នេះមិនបានចែងច្បាស់ទេថា មន្រ្តីដែលបានអនុវត្តខុសច្បាប់គួរតែត្រូវបានផ្តន្ទាទោសផងដែរឬយ៉ាងណា។

លោកបានមានប្រសាសន៍ថា៖ «យើងមានការព្រួយបារម្ភផងដែរ ពីព្រោះមន្រ្តីមួយចំ នួន ដែលអនុវត្តច្បាប់មិនត្រឹមត្រូវនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ប្រជាជន»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានច្រានចោលការរិះគន់របស់ក្រុមអង្គការសង្គមស៊ីវិល។

លោកបានមានប្រសាសន៍ថា៖ «សម្រាប់ស្ថានភាពបន្ទាន់នៅពេលនេះ ច្បាប់នេះគឺចាំបាច់ ដើម្បីការពារសុខុមាលភាពជីវិតរបស់ប្រជាពលរដ្ឋរួមទាំងដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ»។

ទោះយ៉ាងណា ច្បាប់ផ្សេងៗបច្ចុប្បន្ននេះបានផ្តល់សិទ្ធិអំណាចដល់នគរបាលចាប់ខ្លួនអ្នកដែលគេចចេញពីការធ្វើចត្តាឡីស័ក។

លោក ឆាយ គឹមឃឿន អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា នគរបាលបានចាប់ខ្លួនមនុស្សជាង១២០នាក់ ដែលបានលួចនាំពលករគេចពីមណ្ឌលចត្តាឡីស័កតាមព្រំដែនកម្ពុជា-ថៃ។

លោកបានមានប្រសាសន៍ថា ពួកគេបានឃាត់ខ្លួនពលករចំណាកស្រុកដែលវិលត្រ  ឡប់ប្រហែល២០០០នាក់ ដែលបានគេចចេញពីមណ្ឌលចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅតាមបណ្តោយព្រំដែនចាប់តាំងពីខែកុម្ភៈ ហើយបានបន្ថែមថា ចំនួននេះនៅតែកើនឡើងនៅឡើយ ខណៈដែលមានពលករច្រើនទៀតត្រឡប់មកពីប្រទេសថៃ។

លោកបានមានប្រសាសន៍ថា៖ «យើងបានគ្រប់គ្រង [ស្ថានការណ៍] ហើយយកពួកគេទៅធ្វើចត្តាឡីស័កវិញ»។

កាលពីចុងខែកុម្ភៈ សន្តិសុខ២នាក់នៅសណ្ឋាគារសុខាក្នុងរាជធានីភ្នំពេញត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេតាមចោទថា បានឃុបឃិតគ្នាដោយអនុញ្ញាតជនជាតិចិន៤នាក់ចេញពីកន្លែងធ្វើចត្តាឡីស័ក។ ពួកគេមានជាប់ពាក់ព័ន្ធក្នុងការធ្វើឲ្យផ្ទុះឡើងវិញជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលបានរាលដាលដល់ខេត្តយ៉ាងហោចណាស់ចំនួន៩និងបានឆ្លងដល់មនុស្សជាង៧០០នាក់។

រហូតមកដល់ពេលនេះ សន្តិសុខម្នាក់ក្នុងចំណោមពួកគេត្រូវបានចោទប្រកាន់តាមមាត្រា៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។ ប្រសិនបើត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទរំលោភបំពានដោយចេតនានូវបទបញ្ជានៃការសម្រេចដែលធ្វើឡើងដោយរដ្ឋបាលនៅនឹងកន្លែងនោះ សន្តិសុខរូបនេះ អាចប្រឈមនឹងការជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់រហូតដល់២៥០ដុល្លារ។

បន្ទាប់ពីមានការកើនឡើងករណីឆ្លងនៅក្នុងខេត្តព្រះសីហនុ រដ្ឋាភិបាលកាលពីថ្ងៃទី ៤ខែមីនា បានរឹតត្បិតការធ្វើដំណើរចេញចូលខេត្តនេះ ដោយអនុញ្ញាតតែរថយន្តដឹក ទំនិញចេញចូលប៉ុណ្ណោះ។

អ្នករត់តាក់ស៊ីពីភ្នំពេញទៅខេត្តព្រះសីហនុម្នាក់ឈ្មោះ រ័ត្ន ទីណា អាយុ៣៤ឆ្នាំបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ចំពោះជីវភាពរស់នៅរបស់គាត់។

លោកបានមានប្រសាសន៍ថា៖ «វាមានផលប៉ះពាល់ច្រើនលើប្រាក់ចំណូលរបស់យើង» ដោយលោកបានបន្ថែមថា កាលពីមុន លោកអាចរកចំណូលបានពី១០ម៉ឺនទៅ ២០ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែពេលនេះបានធ្លាក់ចុះស្ទើរតែរកមិនបានសោះ។

លោក ទីណា បាននិយាយថា លោកបានឮថា ច្បាប់ថ្មីនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរនិងពិន័យប្រាក់ច្រើនចំពោះអ្នកដែលល្មើសនឹងច្បាប់ ហើយបានទទូចឱ្យរដ្ឋាភិបាលពិចារណាអប់រំប្រជាជនអំពីច្បាប់នេះជាមុន ជាជាងអនុវត្តភ្លាមៗ។

លោក ទីណា បានមានប្រសាសន៍ថា៖ «យើងជាអ្នកបើកតាក់ស៊ីមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ប្រាក់ពិន័យទាំងនោះទេ»។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍ថា មាន ៤ ករណីទាក់ទងនឹងការគេចចេញពីមណ្ឌលចត្តាឡីស័កហើយការរីករាលដាលជំងឺកូវីដ-១៩ក្នុងខេត្តនេះ ត្រូវបានគ្រប់គ្រងដោយជោគជ័យ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Law on COVID-19 passed amid criticism by rights groups

480 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម