កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រៀងរកការឧបត្ថម្ភ ដោយចេញបទចម្រៀងមួយកាលពីសប្តាហ៍មុនដែលត្អូញត្អែរថា ពួកគេមិនត្រូវបានគេអើពើ អំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩ និងអង្វរសុំជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាល។
បទចម្រៀងដែលមានចំណងជើងថា «គ្មាននរណាម្នាក់ត្រូវបានទុកឲ្យនៅឯកោ?» រៀបរាប់អំពីបញ្ហាប្រឈមថ្មីៗសម្រាប់អ្នកដែលធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរងផលប៉ះពាល់ខ្លាំងដោយសារការរីករាលដាលជំងឺនេះ ដូចជាហាងម៉ាស្សា ភោជនីយដ្ឋាន ខារ៉ាអូខេនិងបៀរហ្គាឌិន ដែលពួកគេកាន់តែច្រើនឡើងបានធ្លាក់ទៅក្នុងបំណុល ដែលគ្មាននិរន្តរភាព។
ផលិតនិងចេញផ្សាយដោយ សហជីពកម្មករ ចំណីអាហារនិងសេវាកម្ម (CFSWF) ដែលបទចម្រៀងនេះបង្ហាញពីករណីរបស់នារីម៉ាស្សាម្នាក់នៅខេត្តសៀមរាប ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់គ្រួសារ ដែលមានសមាជិក១០នាក់ មុនពេលនាងបាត់បង់ការងារនៅពេល ដែលមានការរាតត្បាតជំងឺនេះ ដែលធ្វើឲ្យអាជីវកម្មទូទាំងប្រទេសត្រូវបិទទ្វារ។
បទចម្រៀងនេះសរសេរថា៖ «ថៅកែមានលុយគេនៅរំអួយ រត់រកព្រះជួយ ស្រែកថ្នូរត្រដរ ចំណែកពួកយើងដែលជាកម្មករ ស្រែកទួញអង្វរគ្មានអ្នកហាស្តី»។
រដ្ឋាភិបាលបានលៃលកប្រាក់១ពាន់លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារការរីករាលជំងឺនេះ ដោយអ្នកដែលបានបាត់បង់ការងារពីឧស្សាហកម្មកាត់ដេរនិងទេសចរណ៍ទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុងមួយខែ ហើយការផ្តល់ជំនួយជុំទី៧សម្រាប់ក្រុមគ្រួសារ ដែលបានចុះបញ្ជីនៅក្នុងប្រព័ន្ធព័ត៌មានគ្រួសារក្រីក្រ ត្រូវបានប្រកាសកាលពីសប្តាហ៍មុន។
លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហជីពកម្មករ ចំណីអាហារនិងសេវាកម្ម (CFSWF)បានមានប្រសាសន៍ថា គំនិតក្នុងការថតបទចម្រៀងនេះដើម្បីទាក់ទាញការយកចិត្តទុកដាក់លើស្ថានភាពរបស់កម្មករនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនធ្វើការងារដោយគ្មានកិច្ចសន្យានិងគ្មានរបបសន្តិសុខសង្គមនោះ កើតមានបន្ទាប់ពីការធ្វើយុទ្ធនាការរាប់ខែ រួមទាំងការដាក់ញត្តិទៅក្រសួងការងារ និងព្រះមហាក្សត្រនរោត្តម សីហមុនី មិនបានទទួលជោគជ័យ។
លោកស្រីបានមានប្រសាសន៍ថា៖ «ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសកូវីដ-១៩ កម្មករក្នុងវិស័យកម្សាន្តមិនបានទទួលការឧបត្ថម្ភណាមួយពីរដ្ឋាភិបាល។ ដូច្នេះយើងបាននិពន្ធបទចម្រៀងនេះ…វាគឺជាសារមួយដែលស្នើសុំឲ្យរដ្ឋាភិបាលបង្កើតគោលនយោបាយ ដែលគាំទ្រដល់កម្មករ ដែលរងផលប៉ះពាល់ស្មើៗគ្នា»។
លោកស្រីបន្ថែមថា៖ «រដ្ឋាភិបាលបានប្តេជ្ញាចិត្តថា មិនត្រូវទុកនរណាម្នាក់ចោល ប៉ុន្តែនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលបានបរាជ័យ។ នេះគឺជាការរើសអើង ដែលត្រូវបានបង្កើតឡើងនៅក្នុងគោលនយោបាយរបស់រដ្ឋ»។
មនុស្សរាប់ម៉ឺននាក់បានបាត់បង់ការងារនៅពេលរដ្ឋាភិបាលបញ្ជាឲ្យបិទកន្លែងកម្សាន្តកាលពីខែមីនានិងបិទជាថ្មីទៀតកាលពីខែវិច្ឆិកា ដោយក្រុមអ្នកតស៊ូមតិអះអាងថា មនុស្សជាច្រើនគ្មានលទ្ធភាពបង់ថ្លៃឈ្នួលផ្ទះឬថ្លៃម្ហូបអាហារ។
លោកស្រី ទេពផល្លីន បានមានប្រសាសន៍ថា ការអនុគ្រោះនាពេលថ្មីៗនេះអនុញ្ញាតឲ្យកន្លែងខ្លះបើកឡើងវិញជាលក្ខណៈភោជនីយដ្ឋាន ប៉ុន្តែនិយោជកទំនងជាមិនជួលអ្នក ដែលត្រូវបានបញ្ឈប់ពីការងារមកធ្វើការវិញនោះទេ ស្របពេលពួកគេភាគច្រើនបានវិលត្រឡប់ទៅស្រុកកំណើតវិញ។
អ្នកនាំពាក្យក្រសួងការងារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបដិសេធធ្វើអត្ថាធិប្បាយពីកង្វះការគាំទ្រដល់កម្មករនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានទទួលស្គាល់ថា កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនត្រូវបានផ្តល់ឲ្យក្រោមគោលនយោបាយបច្ចុប្បន្ននេះទេ ហើយបានមានប្រសាសន៍ថា សិទ្ធិទទួលបានជំនួយតាមរយៈប្រព័ន្ធព័ត៌មានគ្រួសារក្រីក្រ គឺជាក្តីសង្ឃឹមល្អបំផុតរបស់ពួកគេ។
លោកបានមានប្រសាសន៍ថា៖ «បើពួកគេមិនបានចុះបញ្ជី ពួកគេក៏មិនបានបង់ពន្ធដែរ ។ ប៉ុន្តែនៅពេលកម្មករទាំងនេះក្លាយជាជនងាយរងគ្រោះ ជាជនក្រីក្រ ពួកគេនឹងទទួលបានការគាំពារសង្គមពីរដ្ឋាភិបាលតាមរយៈប្រព័ន្ធព័ត៌មានគ្រួសារក្រីក្រ»។
ប៉ុន្តែអ្នកស្រី ព្រាប សារឿន ដែលទទួលបានប្រាក់ឧបត្ថម្ភ ១៧៦.០០០រៀល ប្រហែល ៤៤ដុល្លារក្នុងមួយខែតាមរយៈប្រព័ន្ធនេះបាននិយាយថា សម្រាប់អ្នកដែលមិនត្រូវបានអើពើនិងស្ថិតក្នុងប្រព័ន្ធព័ត៌មានគ្រួសារក្រីក្រនេះ គឺដោយសារចំណាត់ការមិនគ្រប់គ្រាន់និងយឺតយ៉ាវ។
ដោយត្រូវបានបញ្ឈប់ពីការងារនៅហាងម៉ាស្សា អ្នកស្រី សារឿន អាយុ៤៥ឆ្នាំក៏ត្រូវផ្គត់ផ្គង់កូនស្រីរបស់អ្នកស្រី ដែលស្ថិតក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ដែលបាត់បង់ការងារនៅរោងចក្រកាត់ដេរ បន្ទាប់ពីការរីករាលដាលវីរុសកូវីដ-១៩ ដែលបណ្តាលឲ្យមានការបិទបណ្តាញផ្គត់ផ្គង់ទូទាំងពិភពលោក។
នៅពេលអ្នកស្រីធ្លាក់ខ្លួនឈឺកាលពីខែសីហា អ្នកស្រី សារឿន បានយកកម្ចីមីក្រូហិរញ្ញវត្ថុ ១.០០០ដុល្លារ សម្រាប់ព្យាបាល។ នៅពេលនេះអ្នកស្រីត្រូវដោះស្រាយជាមួយអ្នកដើរទារបំណុលដូចជាប្រជាជនកម្ពុជារាប់ម៉ឺននាក់ផ្សេងទៀតដែរ ដែលកំពុងប្រឈមនឹងការបាត់បង់ដីធ្លីដែលដាក់ជាទ្រព្យបញ្ចាំ នេះបើយោងតាមរបាយការណ៍ដែលមានឈ្មោះថា ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ណក របស់អង្គការលីកាដូ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស និងសម្ព័ន្ធសហជីពកម្ពុជា។
«លុយហ្នឹង មិនទាំងគ្រប់បង់ធនាគារផង» អ្នកស្រី សារឿន និយាយដោយសំដៅលើការប្រាក់ត្រូវបង់ប្រហែល៦៥ដុល្លារក្នុងមួយខែ។
អ្នកស្រីបន្ថែមថា៖ «ឥឡូវនេះ យើងគ្មានអាហារគ្រប់គ្រាន់សម្រាប់ហូបទេ។ ខ្ញុំត្រូវការអង្ករដើម្បីដាំបាយហូប»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ‘Left behind’ in COVID-19 pandemic, informal workers sing for assistance