សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារដែលរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ពេលនេះកំពុងតែដាក់ថ្វាយព្រះមហាក្សត្រឡាយព្រហស្ថលេខា ក្រោយពីរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តក្នុងខែឧសភានេះ។ អ្នកតស៊ូមតិដែលជំរុញឱ្យមានច្បាប់នេះ ថាជាសញ្ញាល្អមួយដែលអាចឱ្យម្ហូបអាហារលក់ដូរនៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។
ក្រសួងពាណិជ្ជកម្មបានរៀបចំសេចក្តីព្រាងច្បាប់នេះនៅក្នុងឆ្នាំ ២០១៥ ប៉ុន្តែសេចក្តីព្រាងនេះទើបតែទទួលបានការអនុម័តនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី ១១ ខែឧសភា ហើយត្រូវបានព្រឹទ្ធសភាអនុម័តនៅរយៈពេលមួយសប្តាហ៍ក្រោយមកទៀត។ ច្បាប់នេះដាក់ចេញនូវការផាកពិន័យយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកលក់ និងអាជីវកម្មអាហារផ្សេងទៀតដែលដំណើរការដោយគ្មានលិខិតអនុញ្ញាត ឬលក់អាហារគ្មានអនាម័យ ក៏ដូចជាអ្នកដែលលក់ផលិតផលម្ហូបអាហារដោយគ្មានស្លាកកាលបរិច្ឆេទផុតកំណត់ជាដើម។
ដូចដែលបានចែង ច្បាប់នេះក៏មានវិសាលភាពគ្របដណ្តប់លើដំណើរការនានាក្នុងប្រតិបត្តិការអាជីវកម្មអាហារ ដែលក្នុងនោះរួមមានការវេចខ្ចប់ ការចែកចាយ ក៏ដូចជា ការលក់ដុំនិងលក់រាយ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ប្រាប់ ខេមបូចាថា អាជីវករតាមដងផ្លូវនឹងរាប់ថាជាអ្នកលក់រាយ។ ក្រោមច្បាប់នេះ អាជីវកម្មក្រៅផ្លូវការទាំងនេះអាចស្ថិតនៅក្រោមការត្រួតពិនិត្យជាផ្លូវការ។
លោក សុវិជាតិ បានថ្លែងថា៖ «មិនមានករណីលើកលែងទេ ហើយកុំថាខ្ញុំជាអាជីវករលក់ដូរតាមចិញ្ចើមផ្លូវ មិនត្រូវបានត្រួតពិនិត្យ ឬមិនគោរពតាមស្តង់ដារអាហារនោះទេ»។
លោក សុវិជាតិ បានថ្លែងថា ជំហានដំបូងនៃច្បាប់គឺធានាសុវត្ថិភាព ហើយបន្ទាប់មកគឺការលើកកម្ពស់គុណភាពដើម្បីទាក់ទាញភ្ញៀវទេសចរ។ លោកបានលើកឡើងពីភាពពេញនិយមនៃការលក់ដូរអាហារតាមដងផ្លូវក្នុងប្រទេសផ្សេងទៀត ដូចជាសិង្ហបុរី និងថៃ ដែលលោកថានេះជាអ្វីដែលកម្ពុជាកំពុងតែឈាននឹងសម្រេចបានដែរ។
លោក សុវិជាតិ បានបន្តទៀតថា អាជីវករលក់ដូរតាមផ្សារ និងតាមដងផ្លូវត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារអនាម័យ រួមមានការលក់ដូរស្អាត ផលិតស្អាត ទីតាំងលក់ដូរថ្លៃថ្នូរ ស្អាត និងទាក់ទាញ។ លោកបន្ថែមថា ការរក្សាស្តង់ដារបែបនេះ នឹងធានាមិនត្រឹមតែសុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ថែមទាំងអាចធ្វើភ្ញៀវមកទិញម្ហូបអាហារពួកគេម្តងទៀតផងដែរ។
យោងតាមច្បាប់ អ្នកលក់អាហារមានកាតព្វកិច្ចចម្បងក្នុងការធានាថាអាហារមានសុវត្ថិភាព គុណភាព និងសមស្របសម្រាប់មនុស្សទទួលទាន ក៏ដូចជាដោះស្រាយបញ្ហាសុវត្ថិភាពនៅពេលដែលវាកើតឡើង។
កាតព្វកិច្ចបែបនេះអាចត្រូវបានអនុវត្តជាមួយនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរសម្រាប់អាជីវកម្មដែលបានរកឃើញថាបានរំលោភលើលក្ខខណ្ឌដែលមានចែងក្នុងច្បាប់នេះ។ ការពិន័យ គឺចាប់ពី ៥០០,០០០ ដល់ ៨,០០០,០០០ រៀល ឬប្រហែល ១២៣ ដុល្លារ ទៅ ១៩៧០ ដុល្លារ ហើយនឹងត្រូវដាក់លើអាជីវកម្មដែលដំណើរការដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវ ឬមិនអនុវត្តតាមវិធានអនាម័យដែលកំណត់ដោយមន្ត្រីសាធារណៈ។
លោក សុវិជាតិ បាននិយាយថា ក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួង មានបទដ្ឋានគតិយុត្តិផ្សេងច្រើនរួចទៅហើយទាក់ទងនឹងរឿងសុវត្តិភាពម្ហូបអាហារនេះ ប៉ុន្តែមិនមានវិធានណាមួយដែលមានលក្ខណៈគ្រប់ដណ្តប់គ្រប់គ្រាន់ ដូចជាច្បាប់ដែលកំពុងរង់ចាំការឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រនេះទេ។
អ្នកស្រី អែឡ យ៉ារី អាជីវករលក់អាហារតាមដងផ្លូវដែលកំពុងមមាញឹកលក់ដូរជាមួយគ្រួសារនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង បានប្រាប់ ខេមបូចា ថា សេចក្តីព្រាងច្បាប់នេះអាចជាមធ្យោបាយដ៏ល្អមួយដើម្បីការពារអ្នកទិញ ដោយត្រូវប្រាកដថាអាជីវករទាំងអស់ប្រុងប្រយ័ត្នក្នុងការថែរក្សាអនាម័យល្អ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីក៏មានការព្រួយបារម្ភពីវិធីដែលមន្រ្តីវាស់វែងពីស្តង់ដាអនាម័យ ដែលនឹងត្រូវបានអនុវត្តចំពោះអាជីវកម្មក្រៅផ្លូវការដូចជារបស់អ្នកស្រី។
អ្នកស្រី យ៉ារី អាយុ ៣៤ ឆ្នាំ ជាជនជាតិខ្មែរឥស្លាមបាននិយាយថា អ្នកស្រីបានលក់អាហារតាមផ្លូវអស់រយៈពេល ៥ ឆ្នាំមកហើយ។ អ្នកស្រី ងឿងឆ្ងល់ថា តើអាចមានអ្វីកើតឡើង ប្រសិនបើអ្នកត្រួតពិនិត្យអាហាររកឃើញភាពមិនប្រក្រតីណាមួយនៅតូបអ្នកស្រីនោះ។
អ្នកស្រី យ៉ារី បាននិយាយថា៖ «ខ្ញុំបារម្ភដែរ តែគ្រាន់ថា វាទាល់ហើយ និងធ្វើម៉េចបើយើងអត់មានកន្លែង (កន្លែងសមរម្យ)»។
តូបរបស់អ្នកស្រីស្ថិតនៅមុខវិហារឥស្លាមដែលកំពុងស្ថិតក្នុងដំណើរការសាងសង់។ នៅពេលដែលការសាងសង់ត្រូវបានបញ្ចប់នៅឆ្នាំក្រោយ យ៉ារី និយាយថាខ្លួននឹងសាងសង់តូបផ្លូវការបន្ថែមទៀត ដើម្បីងាយស្រួលលក់ឱ្យបានត្រឹមត្រូវ និងកាន់តែមានអនាម័យ។
អ្នកស្រីបានបន្ថែមថា អ្នកស្រីបានលាងសម្អាត និងរក្សាទុកបន្លែ និងត្រីយ៉ាងត្រឹមត្រូវ ដោយថាអ្នកស្រីតែងតែទិញគ្រឿងផ្សំថ្លៃៗដែលមានអនាម័យសម្រាប់អតិថិជនរបស់គាត់។
អាជីវករផ្សេងទៀតក្នុងរាជធានីភ្នំពេញក៏បានលើកឡើងស្រដៀងអ្នកស្រីយ៉ារីដែរ ដោយថា ពួកគេស្វាគមន៍ចំពោះច្បាប់ក្នុងការបង្កើតស្តង់ដារអនាម័យនេះ។
លោក សាញ់ ញឹម អាយុ៦៦ឆ្នាំ លក់នំខ្មែរធ្វើដោយដៃ តាមរយៈជិះកង់ដោយធ្វើដំណើរពីផ្សារកាប់គោ ដល់មុខសាលាឧទ្ធរណ៍។ បន្ទាប់ពីលក់នំជូនអតិថិជនមួយចំនួននៅតាមផ្លូវហើយ លោក ញឹម ប្រាប់ ខេមបូចា ថា ច្បាប់នេះអាចជួយការពារសុខភាពពលរដ្ឋខ្មែរ។
លោក បាននិយាយយ៉ាងខ្លីថា៖ «ខ្ញុំត្រូវតែអនុវត្តតាមច្បាប់ហ្នឹង»។
លោក ញឹម បាននិយាយថា លោករីករាយក្នុងការអនុញ្ញាតឱ្យមន្ត្រីត្រួតពិនិត្យមើលនំរបស់លោក ដោយបន្ថែមថា លោកក៏ដឹងហើយដែរថាប្រសិនបើលោកលក់នំផ្អូមឱ្យអតិថិជន នោះអថិជននឹងមិនមកទិញរបស់លោកទៀតទេ។
អ្នកស្រី រស់ ផល្លី អាយុ ៣០ឆ្នាំ មានទីលំនៅខណ្ឌច្បារអំពៅ មានមុខរបរលក់ម្ជូរនៅមាត់ទន្លេក្បែរព្រះបរមរាជវាំងជាង១០ឆ្នាំមកហើយ។ អ្នកស្រី បានប្រាប់ ខេមបូចា ថាអ្នកស្រីសាទរចំពោះការអនុម័តសេចក្តីព្រាងច្បាប់នេះ។
អ្នកស្រីផល្លីបាននិយាយថា៖ «ខ្ញុំហ៊ានឱ្យគេត្រួតពិនិត្យ គឺគ្រាន់តែថាខ្ញុំមិនលក់ [អាហារ] ដែលមិនល្អទេ។ អាហារដែលខ្ញុំលក់មានអនាម័យ និងខ្ចប់ត្រឹមត្រូវ»។
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ប្រាប់ ខេមបូចា ថា លោកមើលឃើញថាច្បាប់នេះល្អ។
លោក រិទ្ធី បាននិយាយថា៖ «ខ្ញុំយល់ថាវាយឺតពេល» ដោយលើកឡើងពីការរង់ចាំយ៉ាងយូរពីការរៀបចំច្បាប់នេះដោយក្រសួងពាណិជ្ជកម្មរហូតមកដល់ដំណាក់កាលនេះ។ ទោះយ៉ាងណាលោកបន្ថែមថា៖ «ប៉ុន្តែឥឡូវនេះវាបានចាប់ផ្តើមហើយ ខ្ញុំសូមអបអរសាទរចំពោះការអនុម័តច្បាប់នេះ ហើយខ្ញុំសង្ឃឹមថាយើងនឹងចាប់ផ្តើមអនុវត្តវា»។
លោក រិទ្ធី បញ្ជាក់ថា ការអនុម័តច្បាប់នេះយឺតពេល បើធៀបនឹងច្បាប់ស្រដៀងគ្នាក្នុងបណ្តាប្រទេសនៅតំបន់អាស៊ានផ្សេងទៀត។ ទន្ទឹមនឹងនេះ លោក ក៏ជឿថាអ្នកលក់ដូរតាមដងផ្លូវជាច្រើននៅក្នុងប្រទេសកម្ពុជានៅតែបន្តលក់ដូរម្ហូបអាហារដែលមានស្តង់ដានិងអនាម័យទាប។
លោកបន្ថែមថា ការនាំចូលម្ហូបអាហារ ជាពិសេសពីប្រទេសវៀតណាម ក៏ត្រូវតែត្រួតពិនិត្យមើលផងដែរ ដើម្បីធានាសុវត្ថិភាព។ ចំពោះបញ្ហានោះ លោកជំរុញឲ្យថ្នាក់ដឹកនាំអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយលោកថាមិនត្រូវមានអំពើពុករលួយ ឬស៊ីសំណូកនៅតាមព្រំដែនឡើយ។
លោក បានលើកឡើងថា៖ «ដូច្នេះ ទាំងការអនុវត្តក្នុងស្រុក និងនាំចូលត្រូវតែអនុវត្តយ៉ាងតឹងរ៉ឹង និងមិនពុករលួយ។ កុំអនុវត្តច្បាប់ចំពោះតែអ្នកក្រ អ្នកតូចទាប ឬអ្នកទន់ខ្សោយ ហើយមិនអនុវត្តចំពោះអ្នកមានអំណាច ឬអ្នកមាន»។
លោកបានបន្ថែមថា រដ្ឋគួរតែ «ព្យាយាមធ្វើវាឱ្យដូចភ្លៀងរលឹម» ដោយការអនុវត្តជាប់លាប់ និងយូរអង្វែង ផ្ទុយពី «ភ្លើងចំបើង» ដែលឆេះយ៉ាងឆាប់រហ័ស និងគ្មានដានអ្វីឡើយ។
លោក រិទ្ធី មានប្រសាសន៍ថា ជារួមលោកបានឃើញវិស័យជាច្រើនដែលការអនុវត្តច្បាប់មានបញ្ហា ដោយផ្តល់នូវឧទាហរណ៍មួយជុំវិញការត្រួតពិនិត្យគ្មានប្រសិទ្ធភាពរបស់និយោជកដែលបំពានច្បាប់ការងារ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក សុវិជាតិ មានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាលមិនអាចធានាប្រសិទ្ធភាព បាន១០០ ភាគរយក្នុងការអនុវត្តច្បាប់ក្នុងពេលដំបូងៗក៏ដោយ ក៏មន្ត្រីសង្ឃឹមថា វានឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយដែលសង្គមកម្ពុជាអាចវិនិច្ឆ័យសុវត្ថិភាពចំណីអាហារ និងស្តង់ដារអាជីវកម្មម្ហូបអាហារបាន។
លោកបន្ថែមថា អាជីវករ ក៏ដូចជាសាធារណជនទូទៅ និងមន្ត្រីអនុវត្តច្បាប់ អាចធ្វើការរួមគ្នាដើម្បីធានាថា ច្បាប់នេះត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។
លោក រិទ្ធី នៅតែមានការរំពឹងទុកទាបចំពោះការអនុវត្តច្បាប់នេះឱ្យបានល្អ ដោយលោកថាបញ្ហា គឺមន្ត្រីពុករលួយ និងបក្សពួកនឹងនៅតែបន្តមានដូចពីមុន។
លោកបានបន្ថែមថា៖ «ប្រសិនបើយើងចង់ឱ្យមានភ្ញៀវទេសចរកាន់តែច្រើន និងដើម្បីឱ្យអាហាររបស់យើងទទួលស្គាល់ពីថ្នាក់ជាតិ និងអន្តរជាតិ ច្បាប់ត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Legislature passes long-awaited food safety bill hoped to improve street vending