ស្ថាប័នចំនួនពីរគឺបន្ទាយស្រី និងក្ដីស្រឡាញ់គឺចម្រុះ បានធ្វើការសិក្សាស្រាវជ្រាវមួយលើការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ និងបានរកឃើញថាស្រ្តី៣០ភាគរយ បុរស៣៧ភាគរយ និងអ្នកស្រឡាញ់ភេទដូចគ្នា៩០ភាគរយ បានរងនូវទម្រង់នៃអំពើហិង្សាមួយចំនួន។ និយោជិតជាបុរស និងស្រ្តីនៅគ្រប់វ័យ ក៏បានអះអាងដែរថាខ្លួនធ្លាប់បានដាក់ពាក្យឈប់ពីការងារដោយសារតែខ្លួនរងនូវអំពើបៀតបៀនផ្លូវភេទ និងមិនស្រណុកចិត្តចំពោះកន្លែងការងារ។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ អង្គការបន្ទាយស្រី និងក្ដីស្រឡាញ់គឺចម្រុះ បានរៀបចំវេទិកាមួយក្រោមប្រធានបទ«កន្លែងធ្វើការពណ៌ទឹកក្រូច ផ្ដើមពីក្ដីស្រមៃទៅជាការពិត» ក៏ដូចជាការសម្ពោធការស្រាវជ្រាវ«ការបៀតបៀនផ្លូវភេទនៅកន្លែងការងារ»។ កម្មវិធីនេះមានអ្នកចូលរូមជាង៥០នាក់រួមមានតំណាងក្រសួងការងារ សហគមន៍នៅតាមបណ្ដាខេត្តមួយចំនួន សមាជិកអង្គការសង្គមស៊ីវិល និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
ការសិក្សារបស់អង្គការបន្ទាយស្រីមានគោលបំណងជួយឲ្យនិយោជិតក្នុងវិស័យការងារយល់ដឹង និងចែករំលែកបទពិសោធន៍ការរើសអើង និងអំពើហិង្សានៅកន្លែងធ្វើការ។ ការស្រាវជ្រាវនេះធ្វើនៅក្នុងទីក្រុងភ្នំពេញ ខេត្តបាត់ដំបង និងសៀមរាប ចាប់ពីខែកក្កដា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអ្នកធ្វើការក្នុងប្រព័ន្ធចូលរួម៤០០នាក់។ ក្នុងនោះមានអ្នកចូលរួមជាបុរស១៩០នាក់ ស្រ្តី១៩០នាក់ និងអ្នកស្រឡាញ់ភេទដូចគ្នាចំនួន២០នាក់។
អ្នកស្រី កាន់ សុភ័ក្រ ប្រធានកម្មវិធីរបស់អង្គការឃែរប្រចាំកម្ពុជាមានប្រសាសន៍ថា ការរកឃើញនេះបានការទទួលស្គាល់ពីភាគីពាក់ព័ន្ធ និងបានបង្ហាញការពិតថាកំពុងមានអ្វីកើតឡើងក្នុងសង្គមយើងសព្វថ្ងៃ។
អ្នកស្រីថា នេះគ្រាន់តែចំនួនអ្នកចូលរួមក្នុងខេត្តចំនួនពីរ នៅមានបញ្ហាជាច្រើនទៀតទាក់ទងនឹងការបៀតបៀនផ្លូវភេទនៅកន្លែងការងារ។ អ្នកស្រីបន្តថា៖ «ចុះនៅកន្លែងដែលយើងមិនបានចុះធ្វើការស្រាវជ្រាវ? តើអាចនឹងមានអ្វីកើតឡើងនៅទីនោះ»?
អ្នកស្រីបន្តថា៖ «យើងចង់ឃើញរដ្ឋាភិបាល តាមរយៈរដ្ឋសភាជាតិ ផ្ដល់សច្ចាប័នលើអនុសញ្ញាឆ្នាំ១៩៩០ របស់អង្គការអន្តរជាតិខាងការងារស្ដីពីការលុបបំបាត់អំពើហិង្សា និងការបៀតបៀន នៅកន្លែងការងារ និងពន្យល់ឲ្យបានច្បាស់ពីទម្រង់ផ្សេងៗនៃការបៀតបៀន។
អ្នកស្រីបន្ថែមថា៖ «ការបៀតបៀនផ្លូវភេទបានធ្វើឲ្យប៉ះពាល់ខ្លះដល់ជនរងគ្រោះ និងមិនអាចមើលឃើញដោយភ្នែកទទេបានទេ ព្រោះថាវាមានច្រើនទម្រង់។ វាទាមទារឲ្យមានការអនុវត្តគោលនយោនបាយគាំពារនៅក្នុងវិស័យកាត់ដេរ និងព្រមទាំងការគាំទ្រ ក៏ដូចជាមានការទទួលយកសេចក្ដីរាយការណ៍ពីជនរងគ្រោះ»។
បើតាមសម្រង់សម្ដីក្នុងអត្ថបទស្រាវជ្រាវ លោក កុយ ធីតា សហស្ថាបនិកក្ដីស្រឡាញ់គឺចម្រុះ មានប្រសាសន៍ថា ក្នុងអ្នកស្រឡាញ់ភេទដូចគ្នានៅតែបន្តរងគ្រោះកម្រិតខ្ពស់ពីការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ ដែលនៅតែអាចប្រៀបធៀបគ្នាបានទៅនឹងការសិក្សាមុនៗ។
ជាពិសេសអ្នកបំប្លែងភេទ ប្រឈមការលំបាកច្រើននៅកន្លែងធ្វើការ ដោយមានអ្នកខ្លះត្រូវគេបដិសេធការងារនៅក្នុងដំណាក់កាលសម្ភាស ទាំងមិនទាន់មានឱកាសបានសាកល្បងការងារផង។
ដូចគ្នាដែរ ការស្រាវជ្រាវមួយរបស់មជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជាកាលឆ្នាំ២០១៩ បានរកឃើញថាក្រុមអ្នកស្រឡាញ់ភេទដូចគ្នា៩២ភាគរយជឿថាខ្លួនមិនបានទទួលឱកាសការងារស្មើភាពដូចប្រជាពលរដ្ឋទូទៅនោះទេ។ ក្នុងនោះក៏មានដែរ អ្នកស្រឡាញ់ភេទដូចគ្នា២១ភាគរយត្រូវគេបដិសេធការងារដោយសារតែអត្តសញ្ញាណភេទ និងកាយវិការរបស់ពួកគាត់ ក៏ដូចជាការកំណត់ភេទរបស់ខ្លួនខុសពីភេទកំណើត។ ក្រៅពីនោះ៦៥ភាគរយនៃអ្នកស្រឡាញ់ភេទដូចគ្នាដែលត្រូវគេបដិសេធការងារដោយសារតែអត្តសញ្ញាណភេទរបស់ខ្លួន បានឲ្យដឹងថាខ្លួនធ្លាប់ត្រូវគេបដិសេធការងារលើសពីម្ដង។ បន្ថែមពីនេះ ២៥ភាគរយនៃអ្នកស្រឡាញ់ភេទដូចគ្នាបានរាយការណ៍ថាពួកគេបានលាក់អត្តសញ្ញាណរបស់ខ្លួនអំឡុងពេលសម្ភាស ដើម្បីអាចទទួលបានឱកាសការងារសម្រាប់ទ្រទ្រង់ជីវភាព។
ការស្រាវជ្រាវនេះក៏បង្ហាញដែរថាក្រុមអ្នកស្រឡាញ់ភេទដូចគ្នាបានប្រឈមការលំបាកជាច្រើនក្នុងការស្វែងរកការងារ ដោយអះអាង ថាពួកគេត្រូវបានគេបដិសេធការងារភ្លាមៗដោយគ្រាន់តែឃើញការស្លៀកពាក់ និងអាកប្បកិរិយា។ លោក ធីតា លើកឡើងថា៖ «ខ្ញុំគិតថាបើសិនជាបញ្ហានេះនៅតែបន្តកើតមាន វាអាចនឹងប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកគាត់»។
តាងនាមឲ្យសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា លោក លើកឡើងថា៖ «ភាគីពាក់ព័ន្ធគួររកដំណោះស្រាយ និងផ្ដល់ការគាំពារផ្នែកច្បាប់ចំពោះការមិនផ្ដល់ឱកាសដល់ពួកយើងក្នុងការទទួលបានការងារក្នុងក្ដីសុបិន។ កន្លែងធ្វើការពណ៌ទឹកក្រូច ផ្ដើមពីក្ដីស្រមៃទៅជាការពិត»។
លោក ហុង សុខជា អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមបានអំពាវនាវឲ្យមានការផ្ដល់ភាពងាយស្រួលដល់អ្នកមានពិការភាពនៅកន្លែងធ្វើការទាំងក្នុងវិស័យរដ្ឋ និងឯកជន។ លោកថា គួរតែមានការរៀបចំឲ្យបានសមស្របសម្រាប់អ្នកមានពិការភាព ហើយមិនមានការបៀតបៀន ឬរើសអើស មិនថាដោយពាក្យសម្ដី ឬកាយវិការចំពោះពួកគាត់។
លោក សុខជា បានបង្ហាញការពេញចិត្តដែលបុគ្គលិកមានពិការភាពបាននិយាយចេញអំពីបញ្ហាប្រឈមដែលខ្លួនមាននៅកន្លែងធ្វើការតាមរយៈការស្រាវជ្រាវនេះ។ លោកថា ការសិក្សានេះជាការផ្ដល់សារទៅដល់ម្ចាស់អាជីវកម្មតូចធំ ដើម្បីឲ្យទទួលយកអ្នកមានពិការភាពឲ្យបម្រើការងារ។ លោកថា៖ «ដោយសារតែពួកគាត់មានសិទ្ធិទទួលបានការអប់រំ និងមានជំនាញដែលអាចបំពេញការងារក្នុងក្ដីស្រមៃរបស់ពួកគាត់»។
បើតាមលោក សាន គឹមហុង អនុរដ្ឋលេខាធិការក្រសួងការងារ កម្ពុជាបានចូលរួមយុទ្ធនាការលុបបំបាត់ ឬប្រឆាំងនឹងអំពើហិង្សាលើស្រ្តី និងយេនឌ័រ ស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសង្គមជាតិ។
លោកបន្តថា៖ «ការបៀតបៀនផ្លូវភេទគឺជាទម្រង់នៃការធ្វើទុក្ខបុកម្នេញលើស្រ្តី ដែលផ្ដល់ផលអវិជ្ជមានដល់គ្រួសារ សង្គម សេដ្ឋកិច្ច និងប្រទេសជាតិ។ ក្រសួង និងនាយកដ្ឋានពាក់ព័ន្ធបានបន្តអនុវត្តគោលនយោបាយរដ្ឋាភិបាលដើម្បីធានាឲ្យមានសមភាពយេនឌ័រ ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងក្មេងស្រី ក៏ដូចជាទទួលបានឱកាសដូចគ្នាក្នុងវិស័យការងារ»។
អ្នកស្រី ព្រឹង សំអាត តំណាងសហគមន៍មកពីខេត្តបាត់ដំបង មានប្រសាសន៍ថា អ្នកស្រីសប្បាយចិត្តពេលបានដឹងថាអ្វីទៅជាទម្រង់នៃការបៀតបៀនផ្លូវភេទនៅកន្លែងការងារ និងមានគម្រោងពាំនាំចំណេះដឹងទាំងនេះទៅចែករំលែកបន្ដនៅសហគមន៍ផងដែរ។
អ្នកស្រីថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានរៀនសូត្រច្រើនពីបញ្ហានេះ។ កាលពីខ្ញុំមិនដឹងថាអ្វីជាការបៀតបៀននោះទេ ហើយតែងតែគិតថាវាជាការលេងសើច។ ខ្ញុំនឹងបន្តចែករំលែកអ្វីដែលខ្ញុំបានរៀនទៅកាន់សហគមន៍»។
បន្ថែមពីនេះ អ្នកស្រី សំអាត បានស្នើដល់ក្រសួងពាក់ព័ន្ធជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋតាមរយៈការអប់រំ និងបង្កើនការបណ្ដុះបណ្ដាលនៅសហគមន៍ផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ LGBT People Continue to Experience High Level of Sexual Harassment At Work