គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានចូលរួមនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយប្រទេសបារាំងក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួមស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា ដែលត្រូវបានសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាចាត់ទុកថាជា «វឌ្ឍនភាពល្អ»។ ទោះបីជាយ៉ាងណា សហគមន៍នឹងបន្តជំរុញឱ្យមានការទទួលស្គាល់ស្របច្បាប់ចំពោះអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្រកាសថា រដ្ឋាភិបាលកម្ពុជាបានសម្រេចចូលរួមជាមួយប្រទេសបារាំង ក្នុងការគាំទ្រសេចក្តីថ្លែងការណ៍រួម ដែលនឹងត្រូវថ្លែងនៅថ្ងៃព្រហស្បតិ៍ ក្នុងសម័យប្រជុំលើកទី៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
សេចក្តីថ្លែងការណ៍បានលើកឡើងថា រដ្ឋាភិបាលតែងតែមានសេចក្តីមេត្តា ករុណា និងការគោរពចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ហើយរម្លឹកដាស់តឿនប្រជាពលរដ្ឋកុំឱ្យមានការរើសអើងចំពោះពួកគេ ហើយថា ប្រទេសកម្ពុជាពុំមានច្បាប់ដែលដាក់ទោសទណ្ឌលើការស្រឡាញ់ភេទដូចគ្នាទេ។
សេចក្តីថ្លែងការណ៍បានសរសេរថា៖ «ការចូលរួមរបស់ប្រទេសកម្ពុជាជាមួយប្រទេសបារាំងលើសេចក្តីថ្លែងការណ៍រួមនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាទាំងក្នុងប្រទេស ក៏ដូចជានៅលើសកលលោក»។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា៖ «ទន្ទឹមនេះ ការចូលរួមគាំទ្រសេចក្តីថ្លែងការណ៍រួមនេះ បានបង្ហាញថា ប្រទេសកម្ពុជា គឺជាសង្គមមួយដែលមនុស្សគ្រប់រូបអាចរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា គ្មានការរើសអើង នៅក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ»។
លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ខេមបូចាថា ទោះបីជាប្រទេសកម្ពុជាមិនទាន់មានសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នាក៏ដោយ ក៏កម្ពុជាពុំមានច្បាប់ដាក់ទោសទណ្ឌអ្នកស្រឡាញ់ភេទដូចគ្នាដែរ។ ផ្ទុយទៅវិញ កម្ពុជាគាំទ្រការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នាទៀតផង។
លោកបានកត់សម្គាល់ឃើញថា បរិបទសង្គមចំពោះអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាមានភាពប្រសើរឡើងនៅពេលបច្ចុប្បន្ននេះ។ ពួកគាត់ជាច្រើន «មានភាពក្លាហានបង្ហាញមុខ» ដោយសារតែសង្គមទទួលស្គាល់ពួកគេដោយបើកចំហ។ តែទោះជាយ៉ាងណាក៏ដោយ ការធ្វើឱ្យស្របច្បាប់នៃអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាត្រូវការពេលវេលា ដោយសារពួកគេត្រូវរង់ចាំរហូតដល់ «សង្គមទាំងមូលទទួលយក»។
លោក ស៊្រាង ចិន្តា បានមានប្រសាសន៍ថា៖ «យើងមិនទាន់អាចសន្មត់ថា នៅពេលណា [បង្កើតច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា] ទេ ព្រោះបញ្ហានេះ វាទាក់ទងនឹងផ្នត់គំនិត [នៃសង្គម]។ ប៉ុន្តែកម្ពុជាមិនមានច្បាប់ណាដែលរឹតត្បិត ឬដាក់ទណ្ឌកម្មលើអ្នកស្រឡាញ់ភេទដូចគ្នាទេ»។
លោកបានបន្ថែមថា៖ «នៅពេលពួកគាត់ [សង្គម] បើកចំហក្នុងការទទួលយក យើងអាចបង្កើតច្បាប់ ដែលស្របតាមបរិបទសង្គម។ ដើម្បីពន្លឿនច្បាប់នេះ ត្រូវចូលរួមគ្នាទាំងអស់គ្នា»។
កាលពីខែកក្កដា ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជាមិនអនុញ្ញាតឱ្យមានសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាទេ ប៉ុន្តែ «ពួកគេនៅតែអាចស្រឡាញ់ និងរស់នៅជាមួយគ្នាដោយគ្មានទោសទណ្ឌ»។ នៅសប្តាហ៍នេះ ព្រឹទ្ធសភារបស់ប្រទេសថៃបានអនុម័តច្បាប់ស្តីពីអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដែលបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាស្របច្បាប់។
ជ័យ សុខដុម ប្រធានក្រុមផ្នែកតស៊ូមតិនៃសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់)បាននិយាយថា ពួកគេរីករាយដែលឃើញប្រទេសកម្ពុជាចូលរួមគាំទ្រលើសេចក្តីថ្លែងការណ៍រួម ដោយអះអាងថា វាមាន «សារៈសំខាន់ខ្លាំងណាស់» ចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ដោយសារវាបានបង្ហាញថា សហគមន៍មិនឯកោទេ។ សុខដុម បាននិយាយថា៖ «យើងទទួលស្គាល់ និងពេញចិត្តចំពោះវឌ្ឍនភាពនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគោរព ការពារ និងមិនរើសអើងចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា»។ ទោះបីជាយ៉ាងណាក៏ដោយ សហគមន៍ និងភាគីពាក់ព័ន្ធផ្សេងទៀតនឹងបន្តធ្វើការរួមគ្នា ដើម្បីបង្កើតសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។
គាត់បាននិយាយថា៖ «ពួកយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ មួយជំហានៗ ដើម្បីធ្វើយ៉ាងណា ឱ្យមានភាពប្រសើរឡើងនៃការការពារពេញលេញចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា តាមរយៈការសម្រេចបាននូវការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នា»។
គាត់បានបន្ថែមថា៖ «វាជាអាទិភាពរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដើម្បីការពារគ្រួសារជាទីស្រលាញ់ ដោយធានានូវការមិនរើសអើង សមភាពពេញលេញ និងបរិយាប័ន្នសង្គម ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដោយ «មិនទុកនរណាម្នាក់ចោល» នោះទេ»។
សុទ្ធ ពៅសំណាង សកម្មជនអ្នកស្រឡាញ់ភេទដូចគ្នាសម្តែងការរីករាយដែលរដ្ឋាភិបាលសម្រេចចិត្តចូលរួមគាំទ្រលើសេចក្តីថ្លែងការណ៍រួមជាមួយប្រទេសបារាំង។ គាត់បាននិយាយថា បើមើលជាទូទៅ សង្គមមានបើកទូលាយចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែគួរឱ្យស្តាយ នៅតែមានការរើសអើងច្រើននៅថ្នាក់មូលដ្ឋាន ហើយនេះជាអ្វីដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់។
គាត់និយាយថា៖ «តែ [ហេតុអ្វី] ត្រូវរង់ចាំដល់ឱ្យសង្គមបើកទូលាយសិន? យើងត្រូវសួររដ្ឋាភិបាលវិញថា តើបានធ្វើអ្វីខ្លះរាល់ថ្ងៃ [ដើម្បីឱ្យ] សង្គមបើកទូលាយ។ គាត់បានបន្ថែមថា៖ «ខ្ញុំយល់ស្របថា ច្បាប់ គឺដើម្បីប្រយោជន៍ប្រជាពលរដ្ឋទាំងមូល។ តែទោះបីជាយ៉ាងណាក៏ដោយ មិនត្រូវផាត់ក្រុមសំឡេងភាគតិចចេញទេ ពីព្រោះសំឡេងរបស់អ្នកស្រឡាញ់ភេទដូចគ្នា ជាសំឡេងភាគតិច ហើយរងគ្រោះពីការផាត់ចេញ»។
ពៅសំណាង បាននិយាយថា តួអង្គសំខាន់នៅពីក្រោយដើម្បីឱ្យសង្គមបើកទូលាយ គឺរដ្ឋាភិបាល។ បញ្ហានៃការរើសអើងមិនអាចបន្ទោសលើសហគមន៍បានទេ ដោយសារពលរដ្ឋជាច្រើនមិនមានចំណេះដឹងអំពីអ្នកស្រឡាញ់ភេទដូចគ្នា។ ដូច្នេះ វាគួរតែចាប់ផ្តើមពីរដ្ឋាភិបាល និងមន្ត្រីត្រូវបើកចិត្តទូលាយក្នុងការសិក្សាស្វែងយល់អំពីសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា។
គាត់បាននិយាយថា៖ «ដើម្បីគោរពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ខ្ញុំសំណូមពរខ្លាំងទៅរដ្ឋាភិបាលឱ្យចាប់ផ្តើមអប់រំ [ប្រជាពលរដ្ឋ] ដោយផ្តល់សេវាអប់រំដ៏ទូលំទូលាយតាមសហគមន៍។ ហើយត្រូវចាប់ផ្តើមពីរដ្ឋាភិបាល [មន្ត្រី] ខ្លួនឯង [ដើម្បីអភិវឌ្ឍ] មន្ត្រីឱ្យបើកមានចិត្តទូលាយ [ដែលនឹង] រៀនអំពីសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ហើយទទួលស្គាល់ពួកយើង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ LGBTIQ+ Welcomes Universal Decriminalization of Homosexuality; Continues Push For Same-Sex Marriage Law