ពាក្យបណ្ដឹងរបស់អង្គការសិទ្ធិមនុស្ស លីកាដូ ប្រឆាំងនឹងគម្រោងមួយរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) គឺមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការត្រួតពិនិត្យអនុលោមភាពផ្នែកបរិស្ថាននិងសង្គម ពីសំណាក់អង្គភាពអនុលោមភាពផ្ទៃក្នុងរបស់ UNDP ។ ករណីនេះពាក់ព័ន្ធនឹងប្រជាជនទទួលរងការរំលោភសិទ្ធិមនុស្សពីក្រុមហ៊ុនឯកជនដែលជាដៃគូរបស់អង្គការ UNDP នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់អង្គការ លីកាដូ ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ ។
ក្រុមការងារអនុលោមភាពផ្ទៃក្នុងរបស់ UNDP បានកំណត់ថា បណ្ដឹងរបស់អង្គការលីកាដូមានលក្ខខណ្ឌសមស្របសម្រាប់ការត្រួតពិនិត្យ បន្ទាប់ពី លីកាដូ បានដាក់ពាក្យបណ្ដឹងមួយកាលពីខែមីនា ទៅកាន់អង្គភាពអនុលោមភាពផ្នែកសង្គមនិងបរិស្ថាន (SECU) ។
អង្គការលីកាដូបានដាក់ពាក្យបណ្ដឹងជំនួសមុខឱ្យប្រជាជន ដែលបានសុំឱ្យរក្សាការសម្ងាត់ពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួននិងការអត្ថាធិប្បាយរបស់ពួកគេដោយព្រួយបារម្ភពីការសងសឹកនិងឯកជនភាព ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ បានប្រាប់ ខេមបូចា ថា លីកាដូ បានដាក់ពាក្យបណ្ដឹងទៅកាន់ អង្គភាពអនុលោមភាពផ្នែកសង្គមនិងបរិស្ថាន ដើម្បីឱ្យពិនិត្យឡើងវិញថាតើដំណើរការដែល UNDP ធ្វើជាមួយក្រុមហ៊ុនឯកជនស្របទៅតាមគោលនយោបាយរបស់ពួកគេ ដែរ ឬអត់ ។
លោក សំអាត បាននិយាយថា៖ «ពាក្យបណ្ដឹងរបស់យើងមិនទាក់ទងនឹងក្រុមហ៊ុន ឬមនុស្សទេ ប៉ុន្តែ ទាក់ទងទៅនឹងដំណើរការរបស់ UNDP ដែលធ្វើការវាយតម្លៃយ៉ាងម៉េចបានជាទៅផ្ដល់ការវិនិយោគទុនទៅដល់ក្រុមហ៊ុនទាំងនោះ» ។ ដោយលោកបានបន្ថែមថា៖ «[យើង]បានស្នើឱ្យអង្គភាពនេះ[SECU]ពិនិត្យឡើងវិញទៅលើអ្វីដែល UNDP ផ្ដល់ទៅឱ្យក្រុមហ៊ុននោះថាតើវាស្របទៅតាមគោលនយោបាយវិនិយោគ SDG ឬអត់» ។
លោកបានលើកឡើងថា លីកាដូបានផ្ដោតទៅលើដំណើរការនៃការទទួលស្គាល់និងការផ្ដល់ការវិនិយោគពី UNDP ទៅឱ្យក្រុមហ៊ុននានា ដូច្នេះ UNDP ក៏បានរួមចំណែកនៅក្នុងការរំលោភសិទ្ធិមនុស្សដែរ ។
ពាក្យបណ្ដឹងបានចោទប្រកាន់ថា UNDP មិនបានអនុវត្តការតាមដានទៅលើគោលនយោបាយបរិស្ថាននិងសង្គមរបស់ខ្លួនទេនៅក្នុងអំឡុងពេលនៃការបង្កើត«ផែនទីវិនិយោគិន SDG សម្រាប់កម្ពុជា» ។UNDP បានជ្រើសរើសតួអង្គវិស័យឯកជន និងបានចាត់ទុកពួកគេជា«ដៃគូ»សម្រាប់គម្រោងនេះ ។ ប៉ុន្តែ ក្រុមហ៊ុនឯកជនទាំងនោះត្រូវបានចោទប្រកាន់ថាមានពាក់ព័ន្ធនៅក្នុងការលក់ដីធ្លីដោយបង្ខំ ការបណ្ដេញចេញដោយបង្ខិតបង្ខំ ការកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារ និងដីជនជាតិដើមភាគតិច ពលកម្មកុមារ ការជួញដូរមនុស្ស និងគ្រោះថ្នាក់ផ្សេងៗទៀត ។
ក្រុមហ៊ុនឯកជនកំពុងត្រូវបានផែនការវិនិយោគរបស់ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិជួយផ្សព្វផ្សាយជាសាធារណៈនៅលើផែនទីវិនិយោគិន SDG សម្រាប់កម្ពុជា ។
សេចក្តីថ្លែងការណ៍ លីកាដូ បាននិយាយថា តាមរយៈការជ្រើសរើស«ដៃគូ»របស់ UNDP នៅលើកម្មវិធីវិនិយោគិន SDG ទីភ្នាក់ងារនេះបានបរាជ័យក្នុងការអនុលោមតាមបទដ្ឋាននានាដែលបង្កើតឡើងដើម្បីការពារ«សុខភាព សុវត្ថិភាព និងសន្តិសុខរបស់សហគមន៍» «ការរុះរើនិងផ្លាស់ទីលំនៅ» និង«ប្រជាជនជនជាតិដើមភាគតិច» ។
សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា៖ «ការព្រួយបារម្ភជាច្រើន ពាក់ព័ន្ធនឹងគម្រោង ត្រូវបានលើកឡើងដោយផ្ទាល់ជាមួយការិយាល័យរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា តាំងពីខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែស្ថាប័ននេះ បានបរាជ័យក្នុងការដោះស្រាយបញ្ហាទាំងនេះ អស់ជាងមួយឆ្នាំមកហើយ មុនពេលដែលពាក្យបណ្តឹងត្រូវបានធ្វើឡើង» ។
ចំពោះបញ្ហានេះ SECU បាននិយាយថា ពួកគេទើបតែបានរកឃើញថាបណ្ដឹងនេះមានលក្ខខណ្ឌសមស្របសម្រាប់ការធ្វើការពិនិត្យកាលពីដើមខែនេះ និងថា ខ្លួននឹងបន្តនីតិវិធីជាមួយនឹងការស៊ើបអង្កេតទៅលើការចោទប្រកាន់នានាដែលបានលើកឡើងនៅក្នុងបណ្ដឹង ។
នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការ លីកាដូ អ្នកនាង ណាលី ពីឡូក បាននិយាយថា ពួកគេចង់ឃើញការស៊ើបអង្កេតទៅលើករណីនេះឆាប់ៗតាមដែលអាចធ្វើទៅបាន ហើយរាល់បញ្ហាធ្ងន់ធ្ងរទាំងឡាយពាក់ព័ន្ធនឹងកម្មវិធីនេះត្រូវបានដោះស្រាយ ។ អ្នកនាងបាននិយាយថា៖ «ការទទួលយកពាក្យបណ្ដឹងនេះ គឺជាជំហានមួយដ៏សំខាន់ឆ្ពោះទៅរកការធានាថា សកម្មភាពរបស់ UNDP នៅកម្ពុជាអនុលោមទៅតាមគោលនយោបាយផ្ទាល់ខ្លួនរបស់ទីភ្នាក់ងារនេះ ។ ការវិនិយោគវិស័យឯកជនមិនអាចធ្វើឡើងដោយរំលោភសិទ្ធិមនុស្សបានទេ» ។
អ្នកនាង ណាលី បានប្រាប់ ខេមបូចា តាមរយៈប្រព័ន្ធ Signal ថា កង្វះការពិនិត្យវាយតម្លៃហ្មត់ចត់របស់ UNDP នៅក្នុងការជ្រើសរើសដៃគូរបស់ខ្លួនសម្រាប់កម្មវិធីវិនិយោគ SDG និងការអះអាងថា «ប្រសិនបើពុំមានភាពចាំបាច់ក្នុងការធ្វើការពិនិត្យវាយតម្លៃហ្មត់ចត់បែបនេះទេ»នោះ នឹងបង្កជាហានិភ័យដ៏ធ្ងន់ធ្ងរមួយចំពោះសិទ្ធិមនុស្សរបស់ប្រជាជនកម្ពុជា ។
អ្នកនាងបានបន្ថែមថា ជាជំហានបន្ទាប់ SECU នឹងធ្វើសេចក្ដីព្រាងលក្ខខណ្ឌសម្រាប់ការស៊ើបអង្កេត និងដំណើរការការស៊ើបអង្កេតទៅលើការចោទប្រកាន់នានដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹង ។
អ្នកនាងបាននិយាថា៖ «យើងសង្ឃឹមថា ការស៊ើបអង្កេតស៊ីជម្រៅនិងមិនលម្អៀងរបស់ SECU នឹងជួយដោះស្រាយបញ្ហាទាំងនេះ និងធ្វើឱ្យគម្រោងរបស់ UNDP មានភាពអនុលោមទៅតាមគោលនយោបាយរបស់ខ្លួនផ្ទាល់» ។
UNDP ពុំបានឆ្លើយតបភ្លាមៗចំពោះសំណួពីអ្នកសារព័ត៌មាន ខេមបូចា នៅឡើយទេ ប៉ុន្តែ បានកត់សម្គាល់ថា ខ្លួននឹងឆ្លើយតបក្នុងរយៈពេលប្រាំមួយថ្ងៃនៃថ្ងៃធ្វើការ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Licadho Files Complaint Against UNDP’s Lack of Due Diligence on SDG Project, Investigation Begins