សាលារាជធានីភ្នំពេញបានបញ្ជា ឲ្យពលរដ្ឋរស់នៅតាមផ្ទះបណ្តែតទឹក នៅលើផ្ទៃទន្លេ និងសំណង់មិនរៀបរយទាំងអស់តាមបណ្តាយទន្លេនៅរាជធានីភ្នំពេញ រុះរើចេញដោយលើកឡើងពីបញ្ហាបរិស្ថាន។
សេចក្តីជូនដំណឹងចុះកាលពីថ្ងៃទី០២ ខែមិថុនា បានអះអាងថា បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ កំពុងបង្កការបំពុលទឹក និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី។
សេចក្តីជូនដំណឹងបានសរសេរថា៖ «ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក រដ្ឋបាលរាជធានីភ្នំពេញតម្រូវម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេលមួយសប្តាហ៍គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ»។
សេចក្តីជូនដំណឹងបានបន្ថែមថា៖ «ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹង ចាត់វិធានការ រដ្ឋបាល ដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូល ដ្ឋាន និងមន្រ្តីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បាននិយាយថា អាជ្ញាធរមិនទាន់ជូនដំណឹងដល់ពលរដ្ឋរស់តាមផ្ទះ បណ្តែតទឹកក្នុងខណ្ឌរបស់លោកនៅឡើយទេ ប៉ុន្តែឥឡូវនេះ កំពុងពិចារណាកន្លែងស្នាក់នៅលើដីថ្មីសម្រាប់ពលរដ្ឋទាំងនោះ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា សាលាក្រុងនឹងរៀបចំកន្លែងលើដីមួយសម្រាប់ពួកគាត់ ប៉ុន្តែខ្ញុំ មិនអាចជូនសេចក្តីលម្អិតបាននោះទេ ពីព្រោះអាជ្ញាធរខណ្ឌកំពុងរង់ចាំសេចក្តីណែនាំពីសាលាក្រុង»។
លោក ឃ្លាំង ហួត បាននិយាយថា ដំណើរការនៃការផ្លាស់ប្តូរទីលំនៅគឺ ស្រដៀងនឹងនៅខេត្តកំពង់ឆ្នាំង ជាទីដែលអាជ្ញាធរបានរៀបចំផ្លាស់ទីលំនៅដល់ពលរដ្ឋរស់នៅលើផ្ទៃទន្លេសាប ក្នុងកិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយការបំពុលទឹក។ លោក បាននិយាយថា នៅខណ្ឌជ្រោយចង្វារ អាជ្ញាធរស្រង់ស្ថិតិចំនួនអ្នកដែលរស់នៅលើផ្ទៃទឹកដើម្បីកំណត់ចំនួនពិតប្រាកដ។
ក្នុងចំណោមនោះក៏មានអ្នកស្រី ង្វៀន ធីវ៉ា ផងដែរ។ ស្រ្តីវ័យ ៦៨ឆ្នាំរូបនេះកំពុងអង្គុយនៅ ជ្រុងមួយនៃផ្ទះបណ្តែតរបស់អ្នកស្រីនៅលើដងទន្លេសាបនៅក្នុងខណ្ឌជ្រោយចង្វារ ហើយបានប្រាប់ ខេមបូចា ថាអ្នកស្រីបានរស់នៅផ្ទះបណ្តែតនេះអស់រយៈពេល ៣០ឆ្នាំមកហើយ។ ប៉ុន្តែអ្នកស្រីមិនទាន់ទទួលបានសេចក្តីជូនដំណឹងណាមួយដើម្បីឲ្យចាកចេញនៅឡើយទេ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនដឹងថា នឹងទៅកន្លែងណា ប្រសិនបើគេតម្រូវឲ្យចាកចេញពីនេះ។ ខ្ញុំក៏មិនដឹងថា តើគេមានកន្លែងសម្រាប់យើងឬទេ ហើយឥឡូវនេះ ខ្ញុំមិនដឹង ហើយកំពុងរង់ចាំមើលថា ស្ថានភាពនឹងទៅជាយ៉ាងណា»។
ទោះបីយ៉ាងណាក៏ដោយ អ្នកស្រី ធីវ៉ា ដែលមានសមាជិកគ្រួសារចំនួនប្រាំបីនាក់ បាននិយាយថា អ្នកស្រីនឹងមិនជំទាស់នឹងអាជ្ញាធរនោះទេ។
អ្នកស្រីបាននិយាយថា៖ «យើងរស់នៅនេះ ដោយពឹងលើការរកត្រី ប៉ុន្តែយើងបានឈប់អស់ជិតប្រាំឆ្នាំមកហើយ ដោយសារមិនមានត្រីទៀត។ ឥឡូវនេះ កូនៗរបស់ខ្ញុំទៅធ្វើការជាកម្មករបូមខ្សាច់»។ ដោយបន្ថែមថា៖ «ខ្ញុំមិនចង់រស់នៅលើទឹកនោះទេ ដោយសារតែវាលំបាក ព្រោះមិនអាចនេសាទបាន។ យើងខ្លាច នៅពេលមានព្យុះ ឬភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅពេលយប់»។
ទន្លេសាប និងទន្លេមេគង្គនៅក្រុងភ្នំពេញ បានក្លាយជាកន្លែងទីសំចតនៃទូកនេសាទ និងផ្ទះបណ្តែងទឹក ចំនួនរាប់រយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបង្កឲ្យមានការព្រួយបារម្ភពីការបំពុលទឹក។ ទោះបីយ៉ាងណាក៏ដោយ ផ្ទះបណ្តែតទឹកមិនមែនជាកត្តាប៉ះពាល់តែមួយនោះទេនៅលើប្រព័ន្ធទន្លេ ខណៈផ្នែកមួយចំនួននៃទន្លេមេគង្គនៅតំបន់កោះនរា និងភូមិអរិយក្សត្រ នៅជ្រោយម្ខាងទៀត ក្នុងខេត្តកណ្តាល កំពុងត្រូវបានចាក់ខ្សាច់បំពេញក្នុងទ្រង់ទ្រាយធំ ដើម្បីត្រួសត្រាយផ្លូវសម្រាប់គម្រោង ទីក្រុងរណប ដែលមានតម្លៃរាប់រយលានដុល្លារ ហើយអ្នកជំនាញផ្នែកបរិស្ថានបាននិយាយថា ការចាក់បំពេញនឹងទំនងបង្កផលប៉ះពាល់មកលើលំហូររបស់ទន្លេ និងប្រព័ន្ធអេកូឡូហ្ស៊ី។

លោក អូត ឡាទីន អ្នកសម្របសម្រួលគម្រោងប្រចាំអង្គការបណ្តាញយុវជនកម្ពុជា ដែលធ្វើការលើការការពារបរិស្ថាន និងសិទ្ធិមនុស្ស បានស្វាគមន៍វិធានការរបស់មន្រ្តីពាក់ព័ន្ធនៅក្នុងការរុះរើផ្ទះបណ្តែតទឹក។
លោកបាននិយាយថា៖ «ការកាពារបរិស្ថានគឺជារឿងចាំបាច់ ដោយសារតែពលរដ្ឋទាំងអស់ នៅទីក្រុងពឹង ផ្អែកលើទន្លេសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការនេសាទ។ ប៉ុន្តែអាជ្ញាធរគួរតែអប់រំអ្នកនៅរស់លើដី តាមបណ្តោយទន្លេ កុំឲ្យចាក់សំរាមចូលក្នុងទន្លេផងដែរ»។
ខណៈលោកគាំទ្រចំពោះការលើកឡើងពីការការពារបរិស្ថាន លោកឡាទីន បាននិយាយថា អាជ្ញាធរត្រូវធានាថា អ្នកដែលរស់នៅផ្ទះបណ្តែតទឹកមិនគួរត្រូវមើលរំលងនោះទេ ពីព្រោះការរុះរើកន្លែងស្នាក់ អាស្រ័យនឹងបង្កជាបញ្ហាចោទទៅលើជីវភាពរបស់ពួកគេ។
លោកបាននិយាយថា៖ «ដើម្បីធានាសិទ្ធិរស់នៅ អាជ្ញាធរត្រូវយកចិត្តទុកដាក់លើពួកគាត់ ក៏ដូចជា ជួយពួកគាត់ក្នុងការផ្លាស់ទីលំនៅ»។
សម្រាប់អ្នករស់នៅលើផ្ទះបណ្តែតទឹកមួយចំនួនរស់នៅក្នុងសហគមន៍បណ្តែតទឹក ពួកគេបានប្រកបរបរនៅ លើដីគោករួចស្រាប់ទៅហើយ។
អ្នកស្រី សូ សុខហឿន អ្នករស់នៅលើផ្ទះបណ្តែតទឹកម្នាក់ទៀត ក្នុងខណ្ឌជ្រោយចង្វារ បានប្រាប់ ខេមបូចា ថាសមាជិកគ្រួសារ ០៥នាក់របស់អ្នកស្រីបានរស់នៅផ្ទះបណ្តែតទឹក ចាប់តាំងពីឆ្នាំ ២០០០មក។ ប៉ុន្តែទោះបីជា ពួកគេរស់នៅលើទឹក គ្រួសាររបស់អ្នកស្រីមិនបានពឹងផ្អែកលើការនេសាទសម្រាប់ជីវភាពប្រចាំថ្ងៃនោះទេ។
អ្នកស្រី សុខហឿន វ័យ៥០ឆ្នាំ បាននិយាយថា គ្រួសាររបស់អ្នកស្រី និងគ្រួសារដទៃទៀត ពីមុនមកធ្លាប់ទទួលបានការជូនដំណឹងពីគម្រោងអភិវឌ្ឍន៍ OCIC ដែលកំពុងអភិវឌ្ឍអចលនទ្រព្យ នៅតាមបណ្តោយច្រាំងទន្លេ ជាទីដែលផ្ទះបណ្តែតទឹករបស់អ្នកស្រីតាំងនៅ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំបានរស់នៅទីនេះជាយូរមកហើយ ប្រហែល២០ឆ្នាំហើយ ហើយយើងមិនដឹងថា ត្រូវទៅណាទេ។ ប្រសិនបើគេចង់ឲ្យយើងចាកចេញ យើងនឹងស្នើឲ្យអាជ្ញាធរស្វែងរកកន្លែង លើដីគោកមួយ សម្រាប់ពួកយើង»។
អ្នកស្រី សុខហឿន ក៏ដូចជា អ្នករស់នៅលើផ្ទះបណ្តែតទឹកដទៃទៀត មិនចង់រស់នៅលើទឹកនោះទេ ដោយលើកឡើងពីការព្រួយបារម្ភពីសុវត្ថិភាពបង្កឡើងដោយអាកាសធាតុ។
អ្នកស្រីបានថ្លែងថា៖ «វាគ្រោះថ្នាក់ណាស់នៅពេលមានភ្លៀង និងខ្យល់ខ្លាំង ពេលខ្លះដាច់ខ្សែ ហើយ អូសផ្ទះចេញឆ្ងាយពីកន្លែងដើម។ ប៉ុន្តែយើងមិនមានជម្រើស ដោយសារយើង មិនមានកន្លែងមួយទៀតនៅលើដី»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Floating home residents get one-week notice to leave river dwellings in Phnom Penh