អង្គការសង្គមស៊ីវិលនៅកម្ពុជាអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ាដោះលែងអ្នកនយោបាយដែលត្រូវបានចាប់ខ្លួន និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេស បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលបោះឆ្នោតជ្រើសតាំងដោយជនស៊ីវិល កាលពីថ្ងៃទី០១ ខែកុម្ភៈ។
ការអំពាវនាវខាងលើនេះត្រូវបានធ្វើឡើងដោយអង្គការសង្គមស៊ីវិលចំនួន៦០ ប៉ុន្មានសប្តាហ៍បន្ទាប់ពីយោធាមីយ៉ាន់ម៉ា ដែលត្រូវបានហៅថា «តាម៉ាដរ» (Tatmadaw) ចូលកាន់កាប់ប្រទេសមីយ៉ាន់ម៉ា និងចាប់ឃុំខ្លួនមន្រ្តីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដោយលើកឡើងពីបទចោទប្រកាន់នៃការបន្លំក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន។
យោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អោងសាន ស៊ូជី និងលោកប្រធានាធិបតី Win Myint អំឡុងពេលការចុះបង្រ្កាប ព្រមទាំង សមាជិកអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ។ ភ្លាមៗនោះ យោធាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានអះអាងថា ខ្លួននឹងរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេលមួយឆ្នាំ។
អង្គការសង្គមស៊ីវិលនៅកម្ពុជាបានទាមទារឲ្យមានការដោះលែងបុគ្គលដែលត្រូវបានចាប់ខ្លួននៅមីយ៉ាន់ម៉ាជាបន្ទាន់ និងឲ្យយោធាគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា ឆន្ទៈរបស់ប្រជាជន។ តំណាងអង្គការសង្គមស៊ីវិលបាននាំយកញ្ញត្តិទៅកាន់ស្ថានទូតមីយ៉ាន់ម៉ានៅក្រុងភ្នំពេញកាលពីថ្ងៃសុក្រ ទី១២ ខែកុម្ភៈ។
លោក ហេង គីមហុង នាយកកម្មវិធីស្រាវជ្រាវ និងគាំពារសិទ្ធិរបស់អង្គការបណ្តាញយុវជនកម្ពុជា បាននិយាយថា យោធាត្រូវប្រគល់អំណាចគ្រប់គ្រងមកឲ្យរដ្ឋាភិបាលស៊ីវិលវិញ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងដោយប្រជាជនមីយ៉ាន់ម៉ា។
លោកបានថ្លែងថា៖ «យើងមិនគាំទ្រការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធណាមួយដើម្បីរំលោភយកអំណាចពីអ្នកឈ្នះការបោះឆ្នោតនោះទេ»។
លោកបានបន្តថា រដ្ឋប្រហារបាននាំឲ្យមានការបំបិទសំឡេងសង្គមស៊ីវិល ដែលនេះប៉ះពាល់សិទ្ធិ និងសេរីភាពរបស់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសយុវជនដែលគាំទ្រយុត្តិធម៌សង្គម និងលទ្ធិប្រជាធិបតេយ្យ។
រដ្ឋាភិបាលកម្ពុជាបានរក្សាភាពស្ងប់ស្ងាត់ជុំវិញការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ដោយនិយាយថា នេះជា «រឿងផ្ទៃក្នុង» របស់មីយ៉ាន់ម៉ា និងបានលើកឡើងពីគោលនយោបាយមិនលូកដៃរបស់អាស៊ាន។ ប៉ុន្តែបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត ដូចជា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការព្រួយបារម្ភពាក់ព័ន្ធនឹងព្រឹត្តិការណ៍វិវត្តនៅប្រទេសមីយ៉ាន់ម៉ា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី០១ ខែកុម្ភៈថា កម្ពុជានឹងមិនលូកលាន់ក្នុងរឿងផ្ទៃក្នុងរបស់បណ្តាប្រទេសអាស៊ានដទៃទៀត ហើយសុំមិនបញ្ចេញយោបល់ពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា។ ទោះបីយ៉ាងណាក៏ដោយ លោកធ្លាប់បានគាំទ្រការជាប់ឆ្នោតសារជាថ្មីរបស់លោកស្រី អោងសាន ស៊ូជី បន្ទាប់ពីការបោះឆ្នោតជាតិកាលពីខែកុម្ភៈ។
លោក ហ៊ុន សែន បានថ្លែងថា៖ «កម្ពុជាមិនអត្ថាធិប្បាយពីរឿងផ្ទៃក្នុងរបស់ប្រទេសណាមួយនៅក្នុងក្របខណ្ឌអាស៊ាន ឬបណ្តាប្រទេសផ្សេងទេ»។
អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានលើកឡើងសារជាថ្មីពីការអធិប្បាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយលោកសុំមិនអធិប្បាយពាក់ព័ន្ធនឹងញ្ញត្តិដែលចុះហត្ថលេខាដោយក្រុមអង្គការសង្គមស៊ីវិល។
លោកបានថ្លែងថា៖ «សកម្មភាពសង្គមស៊ីវិលមិនតំណាងឲ្យគោលជំហររបស់រដ្ឋាភិបាលនោះទេ» ដោយលោកសុំមិនបញ្ចេញយោបល់បន្ថែមទៀត។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានវត្តមាននៅស្ថានទូតមីយ៉ាន់ម៉ា បាននិយាយថា ជាការសំខាន់សម្រាប់បុគ្គលដែលឲ្យតម្លៃលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងការគាំទ្រជនរងគ្រោះដោយសាររដ្ឋប្រហារនៅមីយ៉ាន់ម៉ា។
លោកស្រីបានថ្លែងថា៖ «ខណៈយើងមិនដឹងថា ការអំពាវនាវរបស់យើងនឹងទទួលបានជោគជ័យឬទេ យ៉ាងហោចណាស់យើងស្ងប់ចិត្តនៅពេលដឹងថា យើងមិនបាននៅស្ងៀមនោះទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Local groups call for restoration of democracy in Myanmar