សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហគមន៍ឡពាងកាន់តែជួបទុក្ខលំបាកក្នុងជីវភាព ខណៈ​សហគមន៍នេះទទួលរងបញ្ហាដីធ្លីជាង២០ឆ្នាំមកហើយ

ក្រុមគ្រួសារលោក រាជ សីម៉ា លើកដៃសំពះសុំឱ្យតុលាការខេត្តកំពង់ឆ្នាំងដោះលែង លោក រាជ សីម៉ា ក្រោយពីតុលាការសម្រេចឃុំខ្លួន២ឆ្នាំនិងពិន័យ៤លានរៀល ស្ថិតនៅ ភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន
ក្រុមគ្រួសារលោក រាជ សីម៉ា លើកដៃសំពះសុំឱ្យតុលាការខេត្តកំពង់ឆ្នាំងដោះលែង លោក រាជ សីម៉ា ក្រោយពីតុលាការសម្រេចឃុំខ្លួន២ឆ្នាំនិងពិន័យ៤លានរៀល ស្ថិតនៅ ភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ខេត្តកំពង់ឆ្នាំងៈ «ខ្ញុំទីទ័លក្រខ្ញុំមានលុយមានកាក់ឯណាទៅលោះប្ដីផងអីផង ខ្ញុំអត់មានសមត្ថភាពទេ ខ្ញុំចេះតែបណ្ដើរតាមផ្លូវតុលាការរហូត ខ្ញុំអត់មានពាក្យអីដែលជំទាស់និងតុលាការទេ បើគេដាក់ចឹងមក។ ខ្ញុំធ្វើការរោងចក្រកូនសុទ្ធតែនៅរៀន ណាមួយត្រូវបង់ធនាគារផង ណាមួយចឹញ្ចឹមកូនផង ខ្ញុំរត់លែងចង់រួចហើយ ខ្ញុំលំបាកណាស់»។

នេះជាសម្ដីស្រ្ដីម្នាក់ពាក់អាវពណ៌ខ្មៅលាយពណ៌សបន្ដិចៗនិងស្លៀកខោពណ៌ខ្មៅអង្គុយលើឥដ្ឋខ្យល់ដែលខាងក្រោយខ្នងគាត់មានគ្រោងសសរផ្ទះដែលចាក់បណ្ដុះ ទឹកមុខគាត់ពោរពេញដោយក្ដីទុក្ខព្រួយនិងការបារម្ភពីប្ដីដែលកំពុងជាប់ពន្ធនាគារផង ព្រមទាំងគិតអំពីជីវភាពខ្លួនផងដែលកាន់តែលំបាកទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។

ស្ដ្រីដែលប្ដីត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចផ្ដន្ទាទោស២ឆ្នាំនិងពិន័យជាប្រាក់៤លានរៀល ប៉ុន្ដែអ្នកស្រីគ្មានលទ្ធភាពក្នុងការបង់ទៅឱ្យតុលាការដោយសារតែទីទ័លក្រ និងជំពាក់ធនាគារ១ម៉ឺនដុល្លារថែមទៀត។ ជាងនេះទៀតគាត់ត្រូវចឹញ្ចឹមកូន៥នាក់ និងម្ដាយចាស់ម្នាក់ទៀតដោយរកប្រាក់តែម្នាក់ឯងសឹងតែទប់ទល់លែងឈ្នះ។

ស្រ្ដីម្នាក់នោះ គឺអ្នកស្រី ណាក កេន អាយុ៣៨ឆ្នាំ ដែលត្រូវជាភរិយារបស់លោក រាជ សីម៉ា ដែលកំពុងជាប់ពន្ធនាគារ។ អ្នកស្រីរស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបរាប់ទាំងអួលដើមក ខណៈពេលដែលអ្នកសារព័ត៌មានខេមបូចាសួរអំពីស្ថានភាពប្ដីដែលកំពុងជាប់ពន្ធនាគារ។ អ្នកស្រីឆ្លើយទាំងទឹកភ្នែករលីងរលោងនិងអារម្មណ៍ក្ដុកក្ដួលថា ក្រោយពីប្ដីអ្នកស្រីត្រូវតុលាការកាត់ឱ្យជាប់ទោសមក ជីវភាពរបស់អ្នកស្រីហាក់ធ្លាក់ដល់បាត និងគ្មានអ្វីជាទីពឹងបន្ដទៀតទេ។

អង្គុយមុខសសរស៊ីម៉ងត៍ដែលចាក់បណ្ដុះបម្រុងនឹងធ្វើផ្ទះឱ្យបានកន្លែងស្នាក់នៅសមរម្យនឹងគេ តែក្ដីសង្ឃឹមទាំងនោះត្រូវបានរលាយត្រឹមតែមួយពព្រិចភ្នែក ហើយបន្ដរស់នៅក្នុងផ្ទះចាស់ដែលមានជញ្ជាំងបាំងស្លឹកនិងដំបូលប្រក់សង័្កសី ជាពិសេសបានបន្សល់ទុកទាំងបំណុល១ម៉ឺនដុល្លារដែលអ្នកស្រីត្រូវរកដោះតែម្នាក់ឯង។

អ្នកស្រី កេន បានថ្លែងទាំងទឹកមុខស្រពោនថា៖ «គេ[ធនាគារ]អត់ព្រមទេ គេដឹងតែដល់ពេលកំណត់ គឺគេនឹងតេទូរសព្ទមកថាឱ្យយើងបង់ទៅគេហ្មង ខ្ញុំសុំពន្យាគេដែរ ខ្ញុំថាខ្ញុំមានបញ្ហាប្ដីខ្ញុំគេចាប់ដាក់ពន្ធនាគារហើយ ខ្ញុំសុំពន្យាពេលវេលាឬក៏ថ្ងៃខ្លះបានអត់បង? គាត់ថាអត់ព្រមទេ ព្រោះអីគេត្រូវតែយក ព្រោះយើងយកគេច្រើន»

អ្នកស្រី កេន បានរៀបរាប់បន្ដទៀតថា មុននឹងប្ដីអ្នកស្រីជាប់ពន្ធនាគារជីវភាពគ្រួសាររបស់អ្នកស្រីមានភាពល្អប្រសើរច្រើន ពីព្រោះប្ដីអ្នកស្រីបានជួយរកស៊ីដូចស៊ីឈ្នួលអារឈើឱ្យគេឬក៏ធ្វើការផ្សេងទៀតដើម្បីចឹញ្ចឹមគ្រួសារ តែពេលដែលប្ដីអ្នកស្រីជាប់ពន្ធនាគារអ្នកស្រីជួបបញ្ហាជាច្រើនដោយសារត្រូវរ៉ាប់រងតែឯង ជាពិសេសមានម្ដាយចាស់និងកូនទាំង៥នាក់នៅតូចៗ មិនអាចទៅរកអ្វីឬក៏ធ្វើការបាន ហើយសុទ្ធតែនៅរៀនទៀត ជាហេតុដែលធ្វើឱ្យអ្នកស្រីត្រូវជួបបញ្ហារកពាក្យអ្វីមករៀបរាប់បាន។

ស្ដ្រីវ័យ៣៨ឆ្នាំរូបនេះបន្ដថា៖ «ពេលគាត់ជាប់ចឹងខ្ញុំមានទុក្ខលំបាកខ្លាំង បង់រដ្ឋផង ណាមួយចឹញ្ចឹមកូនផង ខ្ញុំទុក្ខលំបាកខ្លាំងមែនទែនហ្មង»

យ៉ាងណាមិញអ្នកស្រីស្នើទៅដល់តុលាការខេត្តកំពង់ឆ្នាំងមេត្ដាឆាប់ដោះស្រាយនិងទម្លាក់បទចោទជាពិសេសអ្នកស្រីស្នើឱ្យតុលាការមេត្ដាដោះលែងប្ដីអ្នកស្រីឱ្យនៅក្រៅឃុំដើម្បីបានជួយសម្រាលទុក្ខនិងបានជួបជុំគ្រួសារឡើងវិញ។

អ្នកស្រីបានសំណូមពរថា៖ «ខ្ញុំសំណូមពរទៅតុលាការឱ្យឆាប់ដោះលែងប្ដីខ្ញុំ ឱ្យពួកខ្ញុំបានជួបជុំគ្នាហើយគាត់នឹងជួយជីវភាពគ្រួសារខ្ញុំឡើងវិញ ព្រោះអីខ្ញុំកំពុងជួបទុក្ខលំបាកខ្លាំង»

កូនស្រីរបស់លោក រាជ សីម៉ា ឈ្មោះ សីម៉ា ទូកា កំពង់រៀបចំរបស់របរក្នុងផ្ទះ ស្ថិតនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

លោក រាជ សីម៉ា ត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនាលើពលរដ្ឋម្នាក់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០២១។

ចំណែកឯកុមារីម្នាក់អង្គុយលើគ្រែមួយក្បែរជីដូនចាស់ពាក់អាវពណ៌ផ្ទៃមេឃនិងស្លៀកខោខ្លីពណ៌ទឹកក្រូចដោយទឹកមុខស្រពោនទាំងមិនដឹងថាឪពុកត្រូវគេដោះលែងនៅពេលណានោះទេ។ កុមារីមានឈ្មោះថា សីម៉ា ទូកា អាយុ១៤ឆ្នាំរៀនថ្នាក់ទី៨ និងត្រូវជាកូនច្បងគេក្នុងចំណោមបងប្អូន៥នាក់ បាននិយាយទាំងសំឡេងតិចៗថា កាលពីមុនខ្លួនរៀនពូកែនិងតែងតែបានពិន្ទុល្អនិងទទួលបានការសសើរពីលោកគ្រូអ្នកគ្រូ តែឥឡូវនាងរៀនមិនសូវពូកែដូចមុនដោយនាងគិតអំពីឪពុករបស់នាងដែលកំពុងនៅក្នុងពន្ធនាគារ និងគិតអំពីម្ដាយដែលត្រូវធ្វើការរកប្រាក់តែម្នាក់ឯង។

កុមារីអាយុ១៤ឆ្នាំរូបនេះបាននិយាយទាំងដកដង្ហើមធំថា៖ «កាលឆ្នាំមុនរៀនពូកែ ឆ្នាំហ្នឹងរៀនអត់សូវពូកែ គិតពីប៉ានៅក្នុងគុកពេក គិតពីម៉ាក់ខ្ញុំខំប្រឹងរកលុយ ណាមួយទៅរកប៉ា ណាមួយបង់អង្គការផង ណាមួយចឹញ្ចឹមពួកខ្ញុំទៅរៀនទៀត ពិបាក»។
កុមារី ទូកា បន្ដថា ការដាក់ទោសរបស់សាលាដំបូងខេត្ដកំពង់ឆ្នាំងលើឪពុករបស់នាង វាជារឿងអយុត្តិធម៌ណាស់ ហើយកុមារីរូបនោះ បានស្នើទៅតុលាការខេត្ដកំពង់ឆ្នាំងមេត្ដាដោះលែងឪពុករបស់នាងឱ្យត្រឡប់មកផ្ទះវិញឆាប់ៗ។

កុមារីបានស្នើសុំទាំងទឹកភ្នែករលីងរលោងថា៖ «ខ្ញុំសុំឱ្យឆាប់ដោះលែងប៉ាខ្ញុំ ព្រោះអីគ្រួសារខ្ញុំពិបាកច្រើនណាស់»

ពេលដែលអ្នកសារព័ត៌មានខេមបូចាចុះទៅដល់ទីនោះសង្កេតឃើញថា ផ្ទះរបស់លោក រាជ សីម៉ា ស្ថិតនៅជាប់បឹងពោធិ៍ដែលជាបឹងកំពុងមានជម្លោះនិងមានចម្ងាយប្រមាណ១គីឡូម៉ែត្រពីផ្លូវជាតិលេខ៥ ក្នុងផ្ទះមានគ្រែសម្រាប់ដេកដោយបាំងវាំងននចាស់ថែមទាំងរហែកនិងជញ្ជាំងស្លឹកត្នោតមានប្រហោងសឹងតែគ្រប់កន្លែងនិងមិនមានសម្ភារៈប្រើប្រាស់ល្អទេ ដូច្នេះវាបង្ហាញពីការលំបាកក្នុងជីវភាព។ រីឯខាងក្រៅផ្ទះគេឃើញមានតែគ្រោងសសរផ្ទះប៉ុន្ដែមិនបានរៀបអ្វីទាំងអស់និងមានសភាពចាស់និងទុកចោល។

មិនខុសពីកុមារី ទូកា នោះទេ ស្ដ្រីវ័យចំណាស់អង្គុយលើគ្រែឈើមុខផ្ទះមានជញ្ជាំងស្លឹកត្នោត និងមានដំបូលប្រក់ស័ង្កសីដោយមើលទៅហាក់មានភាពទ្រុឌទ្រោមនិងទឹកមុខក្រៀមក្រំ អ្នកស្រី អ៊ុន ទុំ អាយុ៧៧ឆ្នាំត្រូវជាម្ដាយបង្កើតលោក រាជ សីម៉ា មានប្រសាសន៍ទាំងក្ដីបារម្ភថា បើទោះបីជាតុលាការសម្រេចយ៉ាងណាក៏ពួកអ្នកស្រីគ្មានលទ្ធភាពក្នុងការបង់ដែរ អ្នកស្រីថាអ្នកស្រីមានការព្រួយបារម្ភពីសុខទុក្ខនិងការលំបាករបស់កូនដែលនៅក្នុងគុក។ អ្នកស្រីបន្តថា អ្នកស្រីចាស់ហើយនិងត្រូវការការយកចិត្តទុកដាក់និងមើលថែពីកូនៗ។ ហើយអ្នកស្រីចាត់ទុកថា ការសម្រេចរបស់តុលាការវាអយុត្ដិធម៌ណាស់សម្រាប់កូនអ្នកស្រី។

ស្រ្ដីវ័យ៧៧ឆ្នាំថ្លែងថា៖ «តុលាការដាក់នេះដូចជាសម្ពាធហួសលើស ឧទាហរណ៍ថា២ដៃសោះអីក៏ដាក់ច្រើនម្ល៉េះជាប់ពន្ធនាគារ២ឆ្នាំហើយ ពិន័យជាង១ពាន់ដុល្លារទៀត អារម្មណ៍ខ្ញុំថាចឹង»

ម្ដាយរូបនេះបន្ដត្អូញត្អែរថា ការជាប់ឃុំរបស់លោក សីម៉ា គឺជាបន្ទុកធ្ងន់ធ្ងរសម្រាប់គ្រួសារអ្នកស្រីកាន់តែយ៉ាប់ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកស្រីថាមិនអាចរកដោះស្រាយបានទេ យ៉ាងណាអ្នកស្រីក៏បានស្នើដល់សាលាដំបូងខេត្តកំពង់ឆ្នាំងដោះលែងកូនប្រុសអ្នកស្រីមក ដើម្បីឱ្យគ្រួសារបានជួបជុំគ្នាវិញ។

អ្នកស្រី ទុំ ថ្លែងថា៖ «ខ្ញុំសុំស្នើតុលាការសម្រាលទោសកូនខ្ញុំឆាប់បានចេញមក ខ្ញុំបារម្ភខ្ញុំនឹកកូនដែរ បានតែមួយហ្នឹងចឹញ្ចឹមខ្ញុំ បើអត់ទៅខ្ញុំក៏វាអត់ទៅមុខដែរ ខ្ញុំអត់មានទីសង្ឃឹមរស់នៅ មានតែទឹកភ្នែកសម្រក់ ស្រក់ដាក់ខ្នើយដាក់កន្ទេល មិនអាចប្រាប់អ្នកណាបាន»

អ្នកស្រី ទួន សេង កំពុងតែពរចៅអង្គុយលើគ្រែក្រោមផ្ទះ ស្ថិតនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

បើតាមអ្នកស្រី ស៊ឹម សោភា មេធាវីការពារក្ដីសហគមន៍ឡពាង បានថ្លែងថា ការទាមទាររបស់សហគមន៍ឡពាងដើម្បីឱ្យដោះលែងលោក រាជ សីម៉ា និងទម្លាក់បទចោទផ្សេងៗវាជារឿងត្រឹមត្រូវ ហើយតុលាការគួរតែដោះលែងកូនក្ដីអ្នកស្រីឱ្យមានសេរីភាព រួចចាំបន្ដនីតិវិធីតាមផ្លូវច្បាប់ណាមួយ ជាជាងតុលាការនៅតែបន្ដឃុំខ្លួនដោយមិនមានដោះស្រាយ។

អ្នកស្រីបន្ដ៖ «កន្លងមកខ្ញុំបានដាក់ពាក្យស្នើសុំទៅសាលាដំបូងខេត្ដកំពង់ឆ្នាំងនិងសាលាឧទ្ធរណ៍ដើម្បីឱ្យកូនក្ដីខ្ញុំនៅក្រៅឃុំ ប៉ុន្ដែតុលាការមិនព្រមដោះលែង ហើយខ្ញុំបានបន្ដទៅតុលាការកំពូល ប៉ុន្ដែមិនទាន់ដល់ថ្ងៃជំនុំជម្រះ»

យ៉ាងណាអ្នកស្រីថា ការដែលតុលាការនៅតែមិនព្រមដោះលែងកូនក្ដីរបស់អ្នកស្រី និងមិនព្រមទម្លាក់បទចោទលើសកម្មជនឡពាងជារឿងមិនគួរបន្ដនោះទេ។

ជុំវិញរឿងខាងលើ លោក ហាក់ គឹមហុង អ្នកនាំពាក្យសាលាដំបូងខេត្ដកំពង់ឆ្នាំងបានប្រាប់ខេមបូចានៅថ្ងៃអង្គារនេះថា ការស្នើសុំរបស់សហគមន៍ឡពាងឱ្យមានការទម្លាក់បទចោទឬក៏ដោះលែងមិនអាចបាននោះទេ លោកថាពួកគាត់គួរតែប្រើប្រាស់ផ្លូវច្បាប់ ជាពិសេសបើសិនជាយល់ថាការសម្រេចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងវាបានផ្ដល់នូវភាពអយុត្តិធម៌ឱ្យពួកគាត់ ពួកគាត់អាចបន្ដប្ដឹងទៅសាលាឧទ្ធរណ៍ ជាជាងចោទប្រកាន់តុលាការថាមិនបានដោះស្រាយឱ្យពួកគាត់។

អ្នកនាំពាក្យរូបនេះបន្ដថា៖ «បើសិនជាពួកគាត់យល់ថាសាលាដំបូងខេត្តបានផ្ដល់នូវភាពអយុត្ដិធម៌ ពួកគាត់អាចប្ដឹងទៅសាលាឧទ្ធរណ៍បាន ជាជាងការចោទប្រកាន់មកប្រព័ន្ធតុលាការ ពីព្រោះផ្លូវច្បាប់គេទុកឱ្យពួកគាត់បន្ដបាន»

កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២កន្លងទៅ ប្រជាសហគមន៍ឡពាងជាង១០០នាក់បាននាំគ្នាដើរដង្ហែជាក្បួនដោយលើកបដាថាសុំឱ្យដោះលែងលោក រាជ សីម៉ា និងសូមឱ្យតុលាការបញ្ឈប់ការចោទប្រកាន់មកលើប្រជាពលរដ្ឋដែលកំពុងតវ៉ាដីធ្លី ដែលសកម្មភាពនេះធ្វើឡើងនៅក្នុងទិវាសិទ្ធិលំនៅឋានពិភពលោកខួបលើកទី៣៧ក្រោមប្រធានបទ «បញ្ឈប់ចោទប្រកាន់មកលើសកម្មជនដីធ្លីធនធានធម្មជាតិ»

អ្នកស្រី អ៊ុំ សុភី អាយុ៤៤ឆ្នាំ ជាប្រធានសហគមន៍ឡពាងនិងកំពុងជាប់ពាក្យបណ្ដឹងនៅតុលាការ បានមានប្រសាសន៍យ៉ាងដូច្នេះថា មូលហេតុឈានដល់ការដង្ហែក្បួនកាលពីថ្ងៃ២ ខែតុលាកន្លងទៅ ពីព្រោះតុលាការនៅកម្ពុជាបានផ្ដល់នូវភាពអយុត្ដិធម៌ឱ្យពួកអ្នកស្រីដូចជាការបន្ដឃុំខ្លួនលោក រាជ សីម៉ា ទាំងដើមបណ្ដឹងបានដកពាក្យបណ្ដឹងក៏ដោយនិងក្រុមអ្នកស្រីមួយចំនួនក៏កំពុងជាប់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងភាពអយុត្តិធម៌។

អ្នកស្រីថ្លែងថា៖ «តុលាការគួរទម្លាក់បទចោទឬដោះលែងលើសកម្មជនឡពាងដើម្បីឱ្យពួកអ្នកស្រីមានសិទ្ធិសេរីភាពឡើងវិញ»។ អ្នកស្រីបន្តថា៖ «ពួកខ្ញុំដើរដង្ហែរដើម្បីទាមទារឱ្យតុលាការនិងសាធាណៈជនដឹងថាពួកខ្ញុំនៅសហគមន៍ឡពាងនៅមិនទាន់ចប់នៅឡើយទេ»

អ្នកស្រី សុភី បានបន្ថែមថា កន្លងមកតុលាការតែងតែគេចវេសនិងមិនបានផ្ដល់ភាពយុត្តិធម៌ដល់សហគមន៍អ្នកស្រីនោះទេ ដែលអ្នកស្រីថាពួកស្រីបានបន្ដទៅសាលាឧទ្ធរណ៍និងបានដាក់ញត្ដិទៅក្រសួងយុត្ដិធម៌រួចហើយប៉ុន្ដែគ្មានការឆ្លើយតបណាមួយឡើយ ហើយការកាត់ក្ដីគឺសម្រេចដូចសាលាដំបូងខេត្តកំពង់ឆ្នាំងដដែល អ្នកស្រីថាហាក់អស់ជំនឿលើប្រព័ន្ធតុលាការស្រុកខ្មែរ និងចាត់ទុកថាប្រព័ន្ធតុលាការស្រុកខ្មែរគាំទ្រតែអ្នកមានលុយនិងមានអំណាចដើម្បីដាក់បន្ទុកលើអ្នកតវ៉ាក្រីក្រឬសកម្មជនតវ៉ាដែលលេចធ្លោគឺត្រូវរងគ្រោះដោយសារប្រព័ន្ធតុលាការហ្នឹងឯង។

អ្នកស្រីបញ្ជាក់បន្ថែមថា៖ «ក្នុងក្បួនដើរដង្ហែមានគ្នាប្រមាណ១៥០នាក់ មានលើកជាបដាផង និងស្រែកជាសំឡេងផង មានទាំងអ្នកជិះម៉ូតូ ជិះគោយន្ដផង ដើម្បីបង្ហាញពីការសម្រេចរបស់តុលាការកម្ពុជាមកលើសកម្មជនតវ៉ាដីធ្លី។ ការដើរដង្ហែនេះមិនមែនតែ​សហគមន៍​ឡពាងនោះទេ គ្រប់សហគមន៍ដែលរងនូវភាពអយុត្ដិធម៌ពីប្រព័ន្ធតុលាការ ខ្ញុំចង់បង្ហាញទៅអន្ដរជាតិថាពួកខ្ញុំមិនទាន់បានយុត្តិធម៌ណាមួយពីប្រព័ន្ធតុលាការស្រុកខ្មែរទេ»

យ៉ាងណាមិញ ខេមបូចា មិនអាចសុំការអត្ថាធិប្បាយពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ ជុំវិញការលើករបស់​សហគមន៍​ឡពាងថាក្រសួងយុត្តិធម៌មិនមានចំណាត់ការណាមួយលើសាលាដំបូងខេត្តកំពង់ឆ្នាំងនោះទេ ប៉ុន្ដែលោកធ្លាប់ប្រាប់ខេមបូចាតាមតេឡេក្រាមថា បើសិនជាពលរដ្ឋបានដាក់ញត្ដិមកក្រសួងយុត្តិធម៌ ក្រសួងនឹងទទួលពិនិត្យទៅតាមសមត្ថកិច្ច ប៉ុន្ដែជាគោលការណ៍ច្បាប់លោកថា ក្រសួងមិនអាចទៅជ្រៀតជ្រែកកិច្ចការរបស់តុលាការ ពាក់ព័ន្ធរឿងចោទឬក៏មិនចោទបានទេ។

លោកថ្លែងថា៖ «បើគាត់យល់ថាតុលាការចោទមិនមានភស្ដុតាង ចោទមិនត្រឹមត្រូវ គាត់អាចប្ដឹងទៅឧទ្ធរណ៍ទៀត ដើម្បីធ្វើការការពារខ្លួនតាមនីតិវិធីច្បាប់ដែលមានជាធរមាន»

គ្រឿងចក្រទុកសម្រាប់ស្ដារបឹងពោធិ៍ដែលជាបឹងកំពុងមានជម្លោះស្ថិតនៅមាត់បឹងពោធិ៍ ក្នុងភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ចំណែកឯអ្នកស្រី ទួន សេង អាយុ៥៥ឆ្នាំ រស់នៅឃុំតាជេស ស្រុកកំពុងត្រឡាច ដែលតុលាការកំពូលបានសម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ក្រោយពីឃុំខ្លួនអ្នកស្រីដោយអយុត្តិធម៌អស់រយៈពេលជិតកន្លះឆ្នាំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ ក្រោយពីអ្នកស្រីត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំងសម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្រោមការចោទប្រកាន់ពីបទ «បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ»

នៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយអ្នកសារព័ត៌មានខេមបូចាអង្គុយលើគ្រែក្រោមផ្ទះដែលមានជញ្ជាំងពណ៌ខៀវនិងដំបូលប្រក់សង្ក័សី ព្រមទាំងបីក្មេងស្រីម្នាក់អាយុប្រហែលជាង១ខួប អ្នកស្រី ទួន សេង ក៏បានស្នើឱ្យតុលាការមេត្ដាទម្លាក់បទចោទលើអ្នកស្រីដោយអ្នកស្រីថា សុំកុំត្រឹមដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែអ្នកស្រីនៅតែគ្មានសេរីភាពនិងសិទ្ធិពេញលេញដូចមុន។

អ្នកស្រី សេង ថ្លែងថា៖ «ខ្ញុំសុំស្នើដល់សម្ដេច ដោះលែងនាងខ្ញុំឱ្យមានសេរីភាព ឱ្យដីកាតុលាការដោះលែងខ្ញុំទៅ ដីកាចេញមកឱ្យមានសេរីភាពដូចមុន ហើយកុំឱ្យជាប់បណ្ដឹងរាជអាជ្ញាតុលាការទៀត សុំឱ្យដោះលែងពីព្រោះដើមបណ្ដឹងគេដកពាក្យបណ្ដឹងហើយ សុំឱ្យតុលាការដកដីកាវិញទៅ»

លោក ជូង ជូងី មេធាវីការពារក្ដីឱ្យប្រជាសហគមន៍ឡពាងបីរូប បានមានប្រសាសន៍ថា កូនក្ដីរបស់លោកមាន ទួន សេង អ៊ុំ សុភី និងស្ងួន ញឿន ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្ដែដីកាមិនទាន់បានទម្លាក់នោះទេ លោកថាការដែលតុលាការមិនព្រមទម្លាក់ដីកាលើកូនក្ដីរបស់លោក មិនគួរបន្ដនោះទេ ពីព្រោះដើមបណ្ដឹងបានដកពាក្យបណ្ដឹងអស់ហើយ ហើយ​ក៏គ្មានភស្ដុតាងណាមួយបញ្ជាក់ថាកូនក្ដីរបស់លោកទាំងបីនាក់បានដុតចំបើង៣គោយន្ដដូចការចោទប្រកាន់របស់តុលាការទេ។

លោក ជូងី បន្ដថា៖ «ខ្ញុំយល់ឃើញថាតុលាការគួរតែទម្លាក់ការចោទប្រកាន់ចំពោះគាត់ ពីព្រោះថាអត់មានភស្ដុតាង អត់មានសាក្សីបញ្ជាក់ថាមានចំបើង៣គោយន្ដហើយត្រូវបានដុតបំផ្លាញនោះទេ ហើយដើមបណ្ដឹងក៏បានសម្រេចដកពាក្យបណ្ដឹងហើយដែរ ដូច្នេះតុលាការមិនគួរចាប់ថ្នាក់អូសដំណើររឿងក្ដីរបស់គាត់ឡើយគឺគួរតែទម្លាក់ការចោទប្រកាន់ចំពោះពួកគាត់ទាំងបីនាក់ហ្នឹង»

លោក សំ ចាន់គា មន្ដ្រីសម្របសម្រួលនៃអង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំង បានមើលឃើញថា ក្នុងនាមជាសង្គមស៊ីវិលមួយដែលបានឃ្លាំមើលបញ្ហារបស់សហគមន៍ឡពាង លោកមើលឃើញថា អ្នកភូមិឡពាងហ្នឹងតែងតែរងនូវភាពអយុត្តិធម៌តាំងពីដើមមកហើយ បើទោះបីជាពួកគាត់ព្យាយាមស្នើសុំតុលាការឱ្យទម្លាក់បទចោទក៏តុលាការនៅតែព្យាយាមមិនព្រមដោះលែងឱ្យពួកគាត់មានសេរីភាពឡើងវិញ ព្រមទាំងចេះតែរកលេសបន្ថែមទៀតដើម្បីដាក់បន្ទុកលើពួកគាត់។

លោក ចាន់គា មានប្រសាសន៍ថា៖ «យើងសង្ឃឹមថាទាំងតុលាការទាំងក្រសួងយុត្តិធម៌ លោកនឹងផ្ដល់ភាពយុត្ដិធម៌ដល់ពួកគាត់ យ៉ាងហោចណាស់ក៏ជាគំរូមួយឱ្យមហាជនក៏ដូចជាអន្ដរជាតិគេយល់ឃើញអំពីចេតនារបស់ខាងតុលាការក៏ដូចជាក្រសួងយុត្តិធម៌ក្នុងការស្វែងរកភាពយុត្ដិធម៌ឱ្យអ្នកក្រីក្រដែរ»

លោកបន្តថា ប្រសិនបើតុលាការនៅតែព្រងើយកន្ដើយនិងរើសអើងចំពោះអ្នកភូមិឡពាងហ្នឹង ប្រព័ន្ធយុត្ដិធម៌កម្ពុជាហ្នឹងត្រូវបានគេមើលឃើញថាជាតុលាការមួយដែលមិនអាចជឿទុកចិត្ដបាននិងមិនអាចរកយុត្ដិធម៌ឱ្យអ្នកក្របានទេ។

លោកបន្ថែមថា៖ «ជាសំណូមពររបស់ខ្ញុំសុំឱ្យក្រសួងយុត្ដិធម៌ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រមក៏ដូចជាចៅក្រមដែរ សុំលោកពិនិត្យនិងផ្ដល់យុត្តិធម៌ឱ្យភូមិឡពាងផង»

ពលរដ្ឋសហគមន៍ឡពាងដើរដង្ហែក្បួនដើម្បីទាមទារឱ្យតុលាកាទម្លាក់បទចោទលើសកម្មជនតវ៉ាដីធ្លីសហគមន៍ឡពាង ស្ថិតនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ចំណែកឯ លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានមានប្រសាសន៍ថា តុលាការគួរតែដល់ពេលដែលត្រូវពិចារណាក៏ដូចជាទម្លាក់បទចោទឬក៏ដោះលែងលើសកម្មជនតវ៉ាដីធ្លីឡពាងហើយ ណាមួយដើមបណ្ដឹងបានដកពាក្យបណ្ដឹងទៀត ដូច្នេះតុលាការគួរតែគិតគូរពីបញ្ហានេះ ដើម្បីឱ្យពួកគាត់មានសេរីភាពឡើងវិញ ជាជាងបន្ដប្រើប្រព័ន្ធតុលាការទុកគំរាមកំហែងពួកគាត់។

លោកបន្ដថា៖ «វាដល់ពេលហើយដែលតុលាការគួរតែទម្លាក់ឬក៏ដោះលែងពួកគាត់ឱ្យមានសេរីភាពវិញហើយ បើសិនជាតុលាការនៅតែបន្ដទេ មានន័យថាតុលាការមានចេតនាក្នុងការប្រើប្រាស់ប្រព័ន្ធមួយនេះទុកសម្រាប់គំរាមកំហែងពលរដ្ឋណាដែលហ៊ានចេញមុខតវ៉ា ឬក៏ទុកសម្រាប់អ្នកមានអំណាចប្រើប្រាស់ប្រព័ន្ធនេះ។ ហើយក៏វាដល់ពេលត្រូវប្រើយន្ដការដោយសន្ដិវិធីដោះស្រាយ ជាពិសេសការដោះស្រាយដោយយន្ដការឈ្នះៗ ជាជាងដាក់បន្ទុកលើពួកគាត់»

កាលពីថ្ងៃទី៨ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអ្នកភូមិ៤នាក់រួមទាំងអ្នកស្រី អ៊ុំ សុភី និងលោក រាជ សីម៉ា ដោយកំបាំងមុខដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ធ្វើឱ្យខូចខាតដោយចេតនា និងបទប្រើប្រាស់អំពើហិង្សាលើបុគ្គលជាអ្នកកាន់កាប់អចលនទ្រព្យកាលពីឆ្នាំ២០១២។

យោងតាមការអះអាងរបស់ប្រជាសហគមន៍ឡពាងថាមូលហេតុដែលធ្វើឱ្យពួកគាត់ជាប់ដីការបស់សាលាដំបូងខេត្ដកំពង់ឆ្នាំងនិងកំពុងជាប់ពន្ធនាគារដោយសារតែពួកគាត់ចង់ការពារនិងទាមទារបឹងពោធិ៍មកអភិរក្សដោយពួកគាត់មើលឃើញថាបឹងពោធិ៍នេះត្រូវបានអាជ្ញាធរមូលដ្ឋានគប់គិតគ្នាជាប្រព័ន្ធក្នុងការលក់ទៅឈ្មួញនិងបើកដៃឱ្យកូនចៅខ្លួនប្រើឧបករណ៍ឆក់តាមអំពើចិត្ដដោយមិនមានការទប់ស្កាត់ទើបពួកគាត់នាំគ្នាចេញមុខតវ៉ានិងទាមទារមក ប៉ុន្ដែត្រូវជាប់ទោសទាំងអយុត្ដិធម៌បែបនេះទៅវិញ។

សម្រាប់ការស្នើសុំបឹងពោធិ៍មកជាបឹងសហគមន៍រួមកន្លងមកត្រូវបានអាជ្ញាធរបដិសេធ និងអះអាងប្រាប់ខេមបូចាថាបឹងពោធិ៍ដែលស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច មិនបានប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនទេ គឺគ្រាន់ស្ដារដើម្បីឱ្យវាជ្រៅនិងស្តុកទឹកទុកប្រើ។

ខេមបូចា មិនអាចសុំការអធិប្បាយពីអ្នកស្រី ស្វាយ ស៊ីម មេឃុំតាជេសបានទេ ដោយទៅជួបផ្ទាល់ក៏មិនជួប តេទូរសព្ទក៏មិនលើក ប៉ុន្ដែអ្នកស្រីមេឃុំរូបនេះធ្លាប់បានប្រាប់ខេមបូចាថា ដីបឹងពោធិ៍គឺជាដីរបស់រដ្ឋតាំងពីយូរតពីដូនពីតាមកមិនមែនទើបតែឥឡូវនោះទេ ហើយការស្នើសុំដាក់បឹងជាបឹងសហគមន៍ចាំមើលថ្នាក់លើគេអ្នកសម្រេច អ្នកស្រីបញ្ជាក់ថា កាលពីប៉ុន្មានខែមុនថ្នាក់លើបាននាំគ្នាមកប្រជុំនិយាយអំពីបញ្ហាបឹងហ្នឹងដែរ ប៉ុន្ដែមិនទាន់មានការសម្រេចណាមួយនៅឡើយទេ ហើយរឿងស្ដារបឹងនេះអាជ្ញាធរបានស្នើឱ្យមានការស្ដារបឹងពោធិ៍ហ្នឹងតាំងពី១០ឆ្នាំមុនមកហើយ មិនមែនទើបតែបានស្ដារពេលនេះទេ។

អ្នកស្រីបន្ដថា ការលើកឡើងថាអាជ្ញាធរបានយកបឹងពោធិ៍ហ្នឹងទៅលក់មិនមែនជាការពិតឡើយ គ្រាន់តែស្ដារឱ្យវាជ្រៅដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះ។

អ្នកស្រីថ្លែងថា៖ «ខ្ញុំសុំជម្រាបទៅដល់ពួកគាត់[ប្រជាសហគមន៍]ផងថាដីបឹងនេះអត់មានទៅលក់ឲ្យក្រុមហ៊ុនណាទេ ប្រាប់គាត់ផង»

បើតាមលោក លី ឡា ប្រធានជលផលខេត្តកំពង់ឆ្នាំងធ្លាប់ប្រាប់ខេមបូចាថា បឹងរដ្ឋគឺជាបឹងរដ្ឋហើយមិនអាចទៅដាក់ជាបឹងឯកជនបានទេ ហើយពាក់ព័ន្ធនឹងរឿងហ្នឹងលោកថាមានការឆ្លើយតបពីរដ្ឋបាលថ្នាក់កណ្ដាលម្ដងរួចមកហើយ ជាពិសេសកន្លែងហ្នឹងមិនអាចជាកន្លែងអភិរក្សអ្វីបានទេ។ លោកបានបញ្ជាក់ថា ខាងជលផលគឺធ្វើតែការបង្រ្កាបបទល្មើសផ្សេងៗគឺខាងលោកទៅបង្រ្កាបបទល្មើស ហើយរឿងសហគមន៍គឺនៅហ្នឹងគឺអត់មានទេ គឺពួកគាត់បង្កើតដោយខ្លួនគាត់ទេ។

លោកបន្ដថា៖ «សម្រាប់បងអត់មានទេសហគមន៍នៅហ្នឹង ហើយបទល្មើសអូនកុំភ័យកុំថាគេមិនចូលរួម ឱ្យគាត់តេមកបងម៉ោងប៉ុន្មានក៏បងឱ្យទៅដែរ»

សូមបញ្ជាក់ថា ពលរដ្ឋជាច្រើនគ្រួសារនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានជម្លោះជាមួយនឹងក្រុមហ៊ុន KDC នៅមិនទាន់ដោះស្រាយជម្លោះរួចរាល់នៅឡើយទេ ដែលពួកគេនិយាយថា បានរំលោភយកដីរបស់ពួកគេប្រមាណ ១០០ហិចតា ចាប់តាំងពីឆ្នាំ ២០០០មក៕

294 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម