កាសែតភ្នំពេញប៉ុស្តិ៍ នឹងបញ្ឈប់ការបោះពុម្ពផ្សាយពីថ្ងៃទី២៩ ខែមីនានេះតទៅ បន្ទាប់ពីការធ្លាក់ចុះចំណូលយ៉ាងខ្លាំងពីការផ្សាយពាណិជ្ជកម្ម ចាប់តាំងពីការផ្ទុះជំងឺរាតត្បាតកូវីដ-១៩មក ព្រមទាំងការធ្លាក់ចុះសេដ្ឋកិច្ចដែលកើតឡើងបន្ទាប់ពីកូវីដ-១៩ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ស្ថាប័នសារព័ត៌មានមួយនេះនឹងដំណើរការជាបន្តនៅលើប្រព័ន្ធអនឡាញ។
សេចក្ដីថ្លែងការណ៍មួយដែលចុះផ្សាយនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃសុក្រ បានសរសេរថា៖ «ម្ចាស់ភាគហ៊ុនបានសម្រេចចិត្តដោយសេចក្ដីសោកស្ដាយ បញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ ទាំងភាសាខ្មែរ ទាំងភាសាអង់គ្លេស»។
លោក លី តៃសេង ចាងហ្វាងការផ្សាយ និងជាអគ្គនាយកនៃសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ឬហៅខ្លីទូទៅថា ប៉ុស្តិ៍ បានបញ្ជាក់ពីការបញ្ឈប់ការបោះពុម្ពផ្សាយនេះដោយសារបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ ប៉ុន្តែលោកមិនបានបង្ហាញពីតួលេខជាក់លាក់ទេ ។
ប៉ុន្តែលោកបានបញ្ជាក់ថា សេចក្ដីជូនដំណឹងនិយាយត្រឹមតែការបិទការបោះពុម្ពផ្សាយកាសែតប៉ុណ្ណោះ ដោយកត់សម្គាល់ថា ប៉ុស្តិ៍នឹងដំណើរការតាមអនឡាញជាបន្ត។ ចំពោះដំណើរការតាមអនឡាញនេះទៀតសោត លោក តៃសេង បាននិយាយថា លោកនឹងពិនិត្យមើល«ថាតើវាដំណើរការទៅរលូន ឬអត់»។ លោកបន្តថា៖ «យើងមិនដឹងទេ […] យើងកំពុងពិចារណា»។
ស្របពេលជាមួយគ្នានេះដែរ លោកបាននិយាយថា៖ «បុគ្គលិកផ្នែកបោះពុម្ពនឹងត្រូវបញ្ឈប់ការងារ»។ លោក តៃសេង បានបន្ថែមថា លោកមិនអាចបញ្ចេញព័ត៌មានច្រើនជាងនេះថែមទៀតបានទេ ពីព្រោះវាជាការណ៍សម្ងាត់ ហើយក្រុមហ៊ុនកំពុងធ្វើការងារលើរឿងនេះ។ «យើងមិនទាន់អាចធ្វើអត្ថាធិប្បាយបាននៅឡើយទេ»។
លោក តៃសេង បានថ្លែងថា៖ «យើងសោកស្ដាយ[ចំពោះការសម្រេចនេះ] ពីព្រោះសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការរួមចំណែកដល់សង្គមជាតិ ដោយផ្ដល់ព័ត៌មានដល់ប្រជាជន និងដល់ការអភិវឌ្ឍជាតិ ។ ប៉ុន្តែ ដោយសារបញ្ហាសេដ្ឋកិច្ច យើងមិនអាចមានលទ្ធភាពទ្រទ្រង់ការចំណាយបានទេ ដូចដែលបានលើកឡើងនៅក្នុងសេចក្ដីជូនដំណឹង»។
អ្នកសារព័ត៌មាន ខេមបូចា បានទាក់ទងទៅបុគ្គលិកភ្នំពេញប៉ុស្តិ៍ ប៉ុន្តែពួកគេបដិសេធការចែករំលែកព័ត៌មានលម្អិត ដោយសារថា«ក្រុមហ៊ុនកំពុងធ្វើការលើបញ្ហានេះ» ។
កាសែតភ្នំពេញប៉ុស្តិ៍ បានបោះពុម្ពផ្សាយអស់រយៈពេល៣១ឆ្នាំហើយ គិតមកដល់ ពេលនេះ និងជាកាសែតកាន់កាប់ដោយឯកជនចំណាស់ជាងគេបំផុតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដោយបោះពុម្ពផ្សាយ៥ថ្ងៃក្នុងមួយសប្ដាហ៍ ជាភាសាខ្មែរ និងភាសាអង់គ្លេស និងចុះផ្សាយលើវិបសាយរៀងរាល់ថ្ងៃ ។
ជនជាតិអាមេរិកាំងពីររូប គឺលោក Machael Hayes និង Kathleen O’Keefe បានបង្កើត ភ្នំពេញប៉ុស្តិ៍ ឡើងនៅឆ្នាំ១៩៩២ ដែលបានក្លាយជាកាសែតឯករាជ្យដំបូងគេបំផុតនៅកម្ពុជា។ នៅឆ្នាំ២០០៨ កាសែតនេះបានលក់ទៅឱ្យពាណិជ្ជករវិស័យរ៉ែ លោក Bill Clough ដែលជាពលរដ្ឋអូស្ត្រាលី ។
១០ឆ្នាំក្រោយមកទៀត កាសែតនេះបានផ្លាស់ប្ដូរម្ចាស់ជាថ្មីទៀត ដោយលើកនេះលក់ទៅឱ្យវិនិយោគិនជនជាតិម៉ាឡេស៊ី ឈ្មោះ Sivakumar Ganapathy ដែលជាម្ចាស់ក្រុមហ៊ុនទំនាក់ទំនងសាធារណៈមួយ ឈ្មោះ Asia PR ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Australian Broadcasting Corporation ។ អ្នករិះគន់បានបញ្ចេញមតិថា ការផ្លាស់ប្ដូរម្ចាស់បានបណ្ដាលឱ្យ កាសែត ភ្នំពេញប៉ុស្តិ៍ បាត់បង់ភាពឯករាជ្យស្របគ្នានឹងការចាកចេញរបស់បុគ្គលិកអ្នកសារព័ត៌មានជើងចាស់ជាច្រើននាក់ ។
ការខ្វះខាតថវិកាបានធ្វើឱ្យអង្គភាពសារព័ត៌មានផ្សេងៗនៅក្នុងប្រទេសកម្ពុជាជួបប្រទះការលំបាកយ៉ាងខ្លាំង ។ នៅថ្ងៃទី២៧ ខែកុម្ភៈ វិទ្យុផ្កាឈូក ដែលបានដំណើរការតាំងពីឆ្នាំ២០១៦មក បាននិយាយថា ខ្លួននឹងបញ្ឈប់ការផ្សាយតាមរលកធាតុអាកាស FM របស់ខ្លួន និងប្ដូរទៅផ្សាយកម្មវិធីរបស់ខ្លួននៅលើអនឡាញវិញ ។ ពួកគេមានគម្រោងប្រើប្រាស់បណ្ដាញសង្គម ដូចជា ហ្វេសប៊ុក និង យូធូប ជំនួសវិញ ។
វិទ្យុផ្កាឈូក ត្រូវបានបង្ហាញថា ក្នុងអំឡុងពេលផ្សាយ៨ឆ្នាំមកនេះ ខ្លួនបានបង្កើតមាតិកាអប់រំដែលបានលើកកម្ពស់ចំណេះដឹងរបស់ប្រជាជន ដូចជា ការកែច្នៃប្រើប្រាស់ឡើងវិញ វប្បធម៌ខ្មែរ និងរឿងរ៉ាវនៃបទចម្រៀងចាស់ៗពីសង្គមមុនៗជាដើម ។
ស្រដៀងគ្នានឹងកាសែត ភ្នំពេញប៉ុស្តិ៍ ដែរ ស្ថានីយវិទ្យុនេះ បាននិយាយថា ការផលិតផ្សាយកម្មវិធីតាមវិទ្យុ FM ត្រូវការលុយច្រើន ដែលជាឧបសគ្គរាំងស្ទះដល់ប្រតិបត្តិការរបស់ខ្លួន ។ «យើងមិនអាចបន្តទៀតបានទេ ហេតុនេះហើយទើបយើងសម្រេចចិត្តបញ្ឈប់ការផ្សាយពីថ្ងៃទី១ មីនា (ថ្ងៃសុក្រ)នេះតទៅ»។
យោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬ ខេមបូចា កាសែតភាសាខ្មែរ រស្មីកម្ពុជា ដេលី ដ៏ចំណាស់ជាងគេបំផុត ក៏បានបិទទ្វារផងដែរនៅឆ្នាំ២០១៩ បន្ទាប់ពីដំណើរការអស់រយៈពេល ៣០ឆ្នាំ ។
នាយកប្រតិបត្តិ ខេមបូចា លោក ណុប វី បានសម្ដែងការសោកស្ដាយជុំវិញការបិទសារព័ត៌មានបោះពុម្ព ទោះបីអង្គភាពនោះមានឥទ្ធិពលតិចឬច្រើន ឬប្រតិបត្តិការទូលំទូលាយ ឬមិនទូលំទូលាយក្ដី។ លោកបានលើកឡើងថា ការបិទនេះកាន់តែរឹតត្បិតលំហដែលប្រជាពលរដ្ឋអាចស្វែងរកព័ត៌មានបាន ជាពិសេស ការទទួលបានព័ត៌មានជុំវិញបញ្ហានយោបាយនានា ។
លោក វី បាននិយាយថា៖ «ទោះបីក្រោមកាលៈទេសៈណាក៏ដោយ វាបន្តប៉ះពាល់ដល់លំហសម្រាប់ពលរដ្ឋទទួលបានព័ត៌មាន។ អ្នកកាសែតជាច្រើនដែលធ្វើការនៅទីនោះប្រឈមនឹងការបាត់បង់ការងារ ប៉ុន្តែ អាចថា ពួកគេនឹងរកការងារផ្សេងទៀតធ្វើបាន»។
ដើម្បីការពារបញ្ហាដូចគ្នានេះកើតឡើងនៅពេលអនាគត អង្គភាពសារព័ត៌មានដែលកំពុងមានវត្តមាន គួរតែអនុវត្តបែបបទធ្វើការថ្មី និងសម្របខ្លួនទៅតាមនិន្នាការបច្ចេកវិទ្យាដែលផ្លាស់ប្ដូរ ។
ដោយសង្កេតឃើញអង្គភាពសារព័ត៌មានមួយចំនួនបានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ដូចជា វិទ្យុផ្កាឈូក និងកាសែតរស្មីកម្ពុជា លោក វី បន្ថែមថា ប្រសិនបើចាងហ្វាងមិនផ្លាស់ប្ដូររបៀបធ្វើការ និងមិនពង្រឹងសមត្ថភាពទេ នឹងមានអង្គភាពសារព័ត៌មានច្រើនទៀតដែលនឹងបិទទ្វារ ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានប្រាប់ ខេមបូចា តាមតេឡេក្រាម ថា ការបិទការបោះពុម្ពផ្សាយនៃកាសែតភ្នំពេញប៉ុស្តិ៍ ជាព្រឹត្តិការណ៍ដ៏អកុសល និងគួរឱ្យសោកស្ដាយ សម្រាប់វិស័យសារព័ត៌មានប្រពៃណី ។
លោក អស្នារិទ្ធ ថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍ បានជួបផលវិបាកនានាដែលកើតចេញពីការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាទំនើប»។
លោក អស្នារិទ្ធ បញ្ជាក់ថា៖ «សារព័ត៌មានបោះពុម្ពភ្នំពេញប៉ុស្តិ៍ ជាសារព័ត៌មានប្រពៃណីទីពីរ [នៅកម្ពុជា]ដែលបានជួបនឹងផលវិបាកបែបនេះ បន្ទាប់ពីកាសែតរស្មីកម្ពុជាបានបិទដំណើរការនៃការចេញផ្សាយរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ»។ លោកបន្តថា៖ «ទាំងនេះជាឥទ្ធិពល និងផលវិបាកដែលបានកើតចេញពីរបត់នៃការវិវត្តក្នុងយុគសម័យឌីជីថល»។
ជុំវិញបញ្ហានេះដែរ លោកបានកត់សម្គាល់ថា សារព័ត៌មានភ្នំពេញប៉ុស្តិ៍នៅតែបន្តផលិត និងផ្តល់ព័ត៌មានជូនប្រជាជន តាមរយៈការបន្តការចេញផ្សាយរបស់ខ្លួនតាមប្រព័ន្ធឌីជីថល។ ដូច្នេះ អ្នកអាននៅកម្ពុជា និងនៅទូទាំងពិភពលោក នឹងនៅតែទទួលបានព័ត៌មាន និងដំណឹងអំពីប្រទេសជាតិដដែល ។
លោក អស្នារិទ្ធ បានបន្ថែមថា ការរីកចម្រើននៃវិស័យឌីជីថលក៏បានបង្កនូវកាលានុវឌ្ឍភាពថ្មីៗសម្រាប់ប្រតិបត្តិករក្នុងវិស័យព័ត៌មានទាំងអស់ផងដែរ។ ដូច្នេះយើងចាំបាច់ត្រូវបត់បែន និងចាប់យកឱកាសនៃភាពរីកចម្រើននេះមកជាប្រយោជន៍សម្រាប់វិស័យព័ត៌មាន ដោយត្រូវផ្តោតនិងជំរុញបន្ថែមលើការផលិត និងផ្សព្វផ្សាយប្រកបដោយគុណភាព និងប្រសិទ្ធភាព។
គិតត្រឹមខែតុលា ឆ្នាំ២០២៣ វិស័យសារព័ត៌មាននៅកម្ពុជា រួមមាន អង្គភាពសារព័ត៌មានដែលមានអាជ្ញាបណ្ណ ២ ០០០ស្ថាប័ន សមាគមអ្នកសារព័ត៌មាន៥១សមាគម ស្ថានីយទូរទស្សន៍ ៤០៤ស្ថានីយ (ឌីជីថល អុបទិក ផ្កាយរណប OTT ផ្សាយផ្ទាល់) ទស្សនាវដ្ដី១៩៤អង្គភាព កាសែតបោះពុម្ព៤៤៧អង្គភាព ស្ថានីយវិទ្យុ២៨៤ស្ថានីយ វិបសាយអនឡាញ ៩៣៨ និងទីភ្នាក់ងារព័ត៌មានបរទេស ២៧អង្គភាព។ នេះបើយោងតាមទិន្នន័យពីក្រសួងព័ត៌មាន។ អ្នកសារព័ត៌មានប្រហែល ៣ ០០០នាក់ បានចុះបញ្ជីធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Low Revenue Forces Cambodia’s Oldest Newspaper ‘Phnom Penh Post’ To End Print Publication by March 29