ពលការិនីខ្មែរមួយរូបដែលធ្វើការតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបាននិរទេសដោយសារតែមតិយោបល់ដែលពលការិនីរូបនេះបង្ហោះនៅលើបណ្ដាញសង្គម រិះគន់មេដឹកនាំកម្ពុជា ដែលនេះជាសញ្ញាបង្ហាញថាសក្ដានុពលរបស់ប្រទេសម៉ាឡេស៊ីជាទីកន្លែងមានសុវត្ថិភាពសម្រាប់អ្នករិះគន់និងអ្នកនយោបាយប្រឆាំងកំពុងផ្លាស់ប្ដូរហើយ ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានបញ្ជាក់ថា ពលការិនី នួន តឿន អាយុ ៣៦ឆ្នាំ ដែលបានធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានត្រូវអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនកាលពីសប្ដាហ៍មុន បន្ទាប់ពីមានសំណើពីអាជ្ញាធរកម្ពុជា ។ យោងតាមលោក សវនា ពលការិនីឈ្មោះ តឿន ត្រូវបានចោទប្រកាន់ពីបទ«ញុះញង់បង្កភាពអសន្តិសុខសង្គម» និងបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១ ខែតុលា និងកំពុងស្ថិតក្នុងពន្ធនាគារព្រៃស រង់ចាំការកាត់ក្ដី ។
ការបញ្ជូនខ្លួនពលការិនីខ្មែររូបនេះធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនអ្នកសារព័ត៌មានកម្ពុជាល្បីឈ្មោះមួយរូប គឺ លោក ម៉ិច ដារ៉ា នៅសប្ដាហ៍នេះ ក្រោមបទចោទប្រកាន់ស្រដៀងគ្នា ទាក់ទងទៅនឹងការបង្ហោះសាររបស់លោកនៅលើបណ្ដាញសង្គម ។
តឿន បានត្រូវចាប់ខ្លួនពីផ្ទះនិយោជករបស់ខ្លួននៅក្នុងទីក្រុងកូឡាឡាំពួ បន្ទាប់ពីបានបង្ហោះសារនៅលើហ្វេសប៊ុករិះគន់ជាបន្តបន្ទាប់មកលើអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថា«ជាជនគួរឱ្យស្អប់» ដែលសារនេះក្រោយមកក៏បានលុបចេញវិញ ។ នេះបើយោងតាមអត្ថបទពីវីដេអូនោះ ដែលចុះផ្សាយដោយវិទ្យុ អាស៊ីសេរី ។
លោក អំ សំអាត នាយកចាត់ការទូទៅអង្គការ លីកាដូ បាននិយាយថា លោកមានភ្ញាក់ផ្អើលដែលរដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចចិត្តចាប់បញ្ជូនខ្លួនពលការិនីខ្មែរ ដែលរិះគន់មេដឹកនាំកម្ពុជានៅលើបណ្ដាញសង្គម ដោយលោកកត់សម្គាល់ថា សូម្បីអតីតឥស្សរជនប្រឆាំងនានា ដូចជា លោក សម រង្ស៊ី ជាដើម ក៏ធ្លាប់ជ្រកកោននយោបាយនៅក្នុងប្រទេសនេះដែរ នៅក្រោយពេលរត់គេចខ្លួនពីការធ្វើទុក្ខបុកម្នេញនៅកម្ពុជា ។
លោក សំអាត បាននិយាយថា៖ «វាជាករណីទីមួយដែលយើងបានឃើញ ដែលធ្វើឱ្យយើងចាត់ទុកថា ម៉ាឡេស៊ីមិនមានសុវត្ថិភាពទេសម្រាប់សកម្មជននយោបាយនិងសកម្មជននៅលើបណ្ដាញសង្គមដែលស្វែងរកសិទ្ធិជ្រកកោន» ។
សមាជិកព្រឹទ្ធសភា លោក គង់ ម៉ូនីកា ដែលមកពីគណបក្សឆន្ទៈខ្មែរ បានសម្ដែងការសោកស្ដាយជុំវិញការចាប់បញ្ជូនខ្លួនពលការិនី នួន តឿន ដោយលោកលើកឡើងថា ពលការិនីរូបនេះគ្រាន់តែអនុវត្តសេរីភាពបញ្ចេញមតិនៅក្នុងប្រទេសមួយដែលអះអាងថាការពារគុណតម្លៃប្រជាធិបតេយ្យប៉ុណ្ណោះ ។
លោកនិយាយថា៖ «យើងមិនដែលគិតថា ប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ដូច ជាម៉ាឡេស៊ី នឹងអនុវត្តសកម្មភាពនានាដែលផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យយ៉ាងដូចច្នេះទេ» ។
លោក ម៉ូនីកា បានលើកឡើងថា ជាធម្មតា ប្រទេសនានាចុះកិច្ចព្រមព្រៀងបត្យាប័នសម្រាប់បុគ្គលណាដែលប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ មិនមែនសម្រាប់បុគ្គលដែលគ្រាន់តែសម្ដែងមតិនៅលើបណ្ដាញសង្គមបែបផែនប្រជាធិបតេយ្យដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប។
ក្រុមអង្គការសិទ្ធិមនុស្សបានថ្កោលទោសរដ្ឋាភិបាលនៃប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនដែលសហការគ្នាដើម្បីបៀតបៀន និងចាប់បញ្ជូនខ្លួនអ្នកប្រឆាំងផ្នែកនយោបាយដែលរស់នៅនិរទេសខ្លួន ។ អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានទាមទារឱ្យរដ្ឋាភិបាលថៃបញ្ឈប់ការបង្ខំឱ្យអ្នកប្រឆាំងនយោបាយវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ក្នុងនោះរួមមានប្រទេសវៀតណាម ឡាវ កម្ពុជា និងចិន ដែលនៅក្នុងប្រទេសទាំងនេះពួកគេអាចប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ ។
នៅឆ្នាំ២០២១ ប្រទេសថៃបានចាប់បញ្ជូនខ្លួនសកម្មជននយោបាយខ្មែរ ៣រូប ដែលនាំឱ្យផ្ទុះការរិះគន់ពីសំណាក់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ និងក្រុមអង្គការសង្គមស៊ីវិលនានា ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាននិយាយថា៖ «អ្នកប្រព្រឹត្តល្មើសច្បាប់យើងអត់មានគិតថាបែងចែកថាអ្នកហ្នឹងសមាជិកបក្សប្រឆាំង ឬអ្នកណាទេ ឱ្យតែតប្រព្រឹត្តល្មើសប្បាប់ គឺត្រូវតែទទួលចំណាត់ការផ្លូវប្បាប់»។
លោក បូណា បាននិយាយថា៖ «ខ្ញុំចង់និយាយទៅកាន់ប្រជាពលរដ្ឋ[ខ្មែរ]ទាំងអស់ ដែលបានប្រព្រឹត្តអំពើខុសច្បាប់គឺអត់មានទីជំរកសម្រាប់សុខសាន្តរបស់អ្នកប្រព្រឹត្តខុច្បាប់ នៅក្នុងពិភពលោកនេះ» ។
លោកបានបន្ថែមថា៖ «ប្រព្រឹត្តខុសច្បាប់ហើយ ទោះបីអ្នកទៅដល់ទីណា ច្បាប់នៅតែមានសុពលភាព សម្រាប់ការអនុវត្តចំពោះអ្នកដដែល» ។
ស្ថានទូតម៉ាឡេស៊ីនៅរាជធានីភ្នំពេញមិនបានឆ្លើយតបការស្នើសុំអត្ថាធិប្បាយទេ រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏បដិសេធផ្ដល់អត្ថាធិប្បាយដែរ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Maid’s Arrest and Deportation from Malaysia Signals Shift in Safe Haven for Dissidents