សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលករខ្មែរនៅក្រៅប្រទេសជាច្រើននាក់មិនអាចវិលត្រឡប់មកចូលរួមការបោះឆ្នោតឃុំសង្កាត់

បុគ្គលិកអង្គការសង់ត្រាល់ប្រចាំប្រទេសថៃចុះជួបពលករខ្មែរនៅខេត្តឈុនបុរីដើម្បីណែនាំឲ្យយល់ដឹងពីសិទ្ធិរបស់ពួកគេក្នុងការធ្វើការងារចំណាកស្រុក។ រូបភាពថតកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។ ផ្តល់ដោយសង់ត្រាល់
បុគ្គលិកអង្គការសង់ត្រាល់ប្រចាំប្រទេសថៃចុះជួបពលករខ្មែរនៅខេត្តឈុនបុរីដើម្បីណែនាំឲ្យយល់ដឹងពីសិទ្ធិរបស់ពួកគេក្នុងការធ្វើការងារចំណាកស្រុក។ រូបភាពថតកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។ ផ្តល់ដោយសង់ត្រាល់

ពលករចំណាកស្រុកនៅក្រៅប្រទេសប្រមាណជាង២លាននាក់នឹងមិនអាចមកចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ មិថុនា ខាងមុខនេះទេ ព្រោះពួកគេមិនមានលទ្ធភាពក្នុងការវិលត្រឡប់មកកាន់ប្រទេសវិញ ដើម្បីចុះឈ្មោះបោះឆ្នោត ឬមិនអាចដាក់ច្បាប់នៅកន្លែងធ្វើការបាន។

បើយោងតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ចំនួនអ្នកដែលបានចុះឈ្មោះបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះសរុបមានចំនួនប្រមាណជាង ៩លាន២សែននាក់។ ខណៈមនុស្សភាគច្រើនក្នុងចំណោមពលករនៅក្រៅប្រទេសប្រមាណជាង ២លាន ៥សែននាក់ដែលកំពុងធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង មិនបានចូលរួមក្នុងការចុះឈ្មោះបោះឆ្នោត។ នេះបើយោងតាមអង្គការសង់ត្រាល់។

លោក សយ ប៊ុនរ៉េត អាយុ៥០ឆ្នាំ ជាពលករធ្វើការនៅរោងចក្រមួយកន្លែងនៅក្នុងខេត្តរៈយ៉ង ប្រទេសថៃតាំងតែពីឆ្នាំ ២០០៨ និងមានស្រុកកំណើតនៅស្រុកបវិល ខេត្តបាត់ដំបងបានឱ្យដឹងថា លោកពិតជាចង់ចូលរួមប្រើប្រាស់សិទ្ធិបោះឆ្នោតតាមបែបប្រជាធិបតេយ្យណាស់ ប៉ុន្តែលោកបានខកខានក្នុងការចុះឈ្មោះឆ្នោតបានដោយសារជំងឺកូវីដ-១៩។

លោកបានបន្តថា ពលករខ្មែរមួយចំនួនដែលធ្វើការក្នុងរោងចក្រជាមួយលោកដែលបានចុះឈ្មោះរួចរាល់ហើយក៏ដោយ ក៏ពួកគេប្រហែលជាមិនអាចត្រឡប់ទៅចូលរួមក្នុងការបោះឆ្នោតបានទេ គឺថាអាស្រ័យលើរោងចក្រ ព្រោះរោងចក្រមិនងាយអនុញ្ញាតឱ្យកម្មករច្រើនឈប់សម្រាកក្នុងពេលតែមួយនោះទេ។

លោក ប៊ុនរ៉េត បាននិយាយថា៖ «វាជាការល្អប្រសើរណាស់ ប្រសិនបើរដ្ឋាភិបាលខ្មែរអនុញ្ញាតឱ្យប្រជាពលរដ្ឋបោះឆ្នោតនៅក្នុងស្ថានទូតខ្មែរនៅថៃ»។ លោកបានបន្ថែមថា៖ «រដ្ឋាភិបាលគួរតែរៀបចំកន្លែងបោះឆ្នោតនៅគ្រប់ទីកន្លែងដែលមានប្រជាជនខ្មែររស់នៅនិងធ្វើការ»។  

លោក រី​ សុខសីហា អាយុ ៣២ឆ្នាំ បានមកធ្វើការជាកម្មកររោងចក្រនៅស្រុកថៃអស់រយៈពេលជាង ១០ឆ្នាំហើយ បានរៀបរាប់អំពីការលំបាករបស់ពលករចំណាកស្រុក ក៏ដូចជារូបលោកក្នុងការវិលត្រឡប់មកចុះឈ្មោះបោះឆ្នោត។ ការលំបាករបស់លោកដែលជួបប្រទះនោះមានដូចជា បញ្ហាឯកសារ ការសុំច្បាប់ធ្វើការ និងការចំណាយផ្សេងៗទៀត។

ដូចគ្នាទៅនឹងលោក ប៊ុនរ៉េត ដែរ លោកសីហាយល់ឃើញថា រដ្ឋាភិបាល និង គ.ជ.ប គួរតែរៀបចំកន្លែងចុះឈ្មោះ និងការិយាល័យបោះឆ្នោតនៅក្នុងប្រទេសថៃ ដើម្បីបង្កភាពងាយស្រួលដល់ពលករចំណាកស្រុកក្នុងប្រទេសថៃ។

លោក សីហា បាននិយាយថា៖​ «ខ្ញុំពិតជាចាប់អារម្មណ៍ក្នុងការបោះឆ្នោតខ្លាំងណាស់ ព្រោះខ្ញុំអាចជ្រើសរើសអ្នកតំណាងដែលខ្ញុំជឿថាមានសមត្ថភាពក្នុងការអភិវឌ្ឍឃុំរបស់ខ្ញុំ»។

បុគ្គលិកអង្គការសង់ត្រាល់ប្រចាំប្រទេសថៃចុះជួបពលករខ្មែរនៅខេត្តឈុនបុរីដើម្បីណែនាំឲ្យយល់ដឹងពីសិទ្ធិរបស់ពួកគេក្នុងការធ្វើការងារចំណាកស្រុក។ រូបភាពថតកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។ ផ្តល់ដោយសង់ត្រាល់

លោក កន សាវាង្ស មន្រ្តីកម្មវិធីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល បានលើកឡើងថា ដោយសារតែមើលឃើញពីបញ្ហាលំបាករបស់ពលករចំណាកស្រុកនៅពេលចុះឈ្មោះ និងបោះឆ្នោតនេះហើយ ខុមហ្វ្រែល ក៏ធ្លាប់បានលើកឡើងជាច្រើនដងទៅស្ថាប័ន គ.ជ.ប រដ្ឋាភិបាល និងសភាជាតិ ដើម្បីស្នើឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីធ្វើឱ្យមានភាពងាយស្រួលដល់ពលករចំណាកស្រុកក្នុងការចុះឈ្មោះ និងបោះឆ្នោត។

តែយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះនៅតែមិនមានការជជែកណាមួយទាក់ទងនឹងបញ្ហានេះនៅឡើយទេ ទោះបីជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយហើយក៏ដោយ។

លោកបានមានប្រសាសន៍ថា៖ «កាលពីមុន មានចម្រុះគណបក្សនយោបាយច្រើន ថាវាពិបាកក្នុងការដោះស្រាយ។ តែឥឡូវមានតែគណបក្សមួយហើយ ក៏មិនឃើញលើកយកបញ្ហានេះមកជជែកដោះស្រាយសម្រាប់ពលករចំណាកស្រុកទៅក្រៅទៀត»។

លោកបានបន្ថែមថា ពលករចំណាកស្រុកក៏ជាពលរដ្ឋដែលមានសិទ្ធិក្នុងការបោះឆ្នោតដែរ ហើយបើសិនជាពួកគេមិនអាចបានប្រើប្រាស់សិទ្ធិនេះ នោះមេឃុំរបស់ពួកគេនឹងមិនត្រូវបានទទួលការជ្រើសរើសពេញលេញនោះទេ។​

លោក លឹង សុផុន មន្រ្តីកម្មវិធីទទួលបន្ទុកពលករទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ បានឱ្យដឹងថា យ៉ាងហោចណាស់មានពលករ៦នាក់ក្នុងចំណោម១០នាក់ដែលចង់ចូលរួមក្នុងការបោះឆ្នោត ប៉ុន្តែមិនអាចទៅរួច ព្រោះពួកគេជួបនូវបញ្ហាហិរញ្ញវត្ថុ។ លោកបានប្រាប់សារព័ត៌មានខេមបូចាថា ការធ្វើដំណើរត្រឡប់មកស្រុកខ្មែរដើម្បីចូលរួមក្នុងការបោះឆ្នោតអាចចាយអស់ប្រមាណ ៣ពាន់បាតឬ ៩០ដុល្លារក្នុងម្នាក់។

លោកបាននិយាយថា ពួកគេគួរតែអាចបោះឆ្នោតនៅក្នុងស្ថានទូតខ្មែរប្រចាំប្រទេសថៃបាន។ លោកបានបន្ថែមថា៖ «ខ្ញុំស្នើសុំឱ្យគណៈកម្មាធិការរៀបចំការិយាល័យបោះឆ្នោតនៅតាមបណ្ដាប្រទេសដែលមានពលករខ្មែររស់នៅ និងធ្វើការ»។

តែយ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគជប បានលើកឡើងថា ច្បាប់បោះឆ្នោតគឺមិនអាចបោះឆ្នោតនៅក្រៅប្រទេសបានទេ ដោយបន្ថែមថា  «ការិយាល័យបោះឆ្នោតត្រូវតែស្ថិតនៅក្នុងភូមិ ឃុំ ក្នុងព្រះរាជាណាចក្រកម្ពុជា»។

អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ពីការព្រួយបារម្ភណាមួយជុំវិញអវត្តមានភាគច្រើននៃពលករចំណាកស្រុកដែលមិនបានមកចូលរួមក្នុងការបោះឆ្នោតនោះទេ ដោយហេតុថា គ.ជ.ប បានបំពេញតួនាទីរបស់ខ្លួនស្របទៅតាមច្បាប់ និងបានធ្វើការផ្សព្វផ្សាយតាមរយៈស្ថានទូតខ្មែរនៅក្រៅប្រទេសហើយដែរ។ ដូច្នេះ វាអាស្រ័យលើកម្មករខ្លួនឯងក្នុងការវិលត្រឡប់មកវិញ។  

លោក សង ជីន អាយុ ៣០ឆ្នាំ ធ្វើការក្នុងរោងចក្រអេឡិចត្រូឡិចមួយកន្លែងនៅក្នុងប្រទេសថៃរយៈពេលជាង១ឆ្នាំ​ហើយ បានឱ្យដឹងថា លោកមិនបានទទួលព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនេះទេ។

លោកលើកឡើងថា៖ «ស្ទើរតែមិនមានពលករណាចង់ត្រឡប់ទៅបោះឆ្នោតទេ ព្រោះពួកយើងមានការលំបាកច្រើនណាស់»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Many Cambodian migrant workers abroad unable to vote in commune election

378 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម