តំណាងសហជីពចំនួន៥នាក់បានចូលរួមប្រជុំចរចានៅក្រសួងការងារ ជាមួយភាគីក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ បន្ទាប់ពីពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែលទ្ធផលក្នុងកិច្ចប្រជុំនាថ្ងៃសុក្រ មិនទាន់បានផ្លែផ្កានៅឡើយទេ ដោយសារតែក្រសួងត្រូវការពេលវេលារៀបចំ និងសម្របសម្រួលទៅតាមដំណាក់កាល។
បើតាមកញ្ញា សុន ស្រីពេជ្រ ជាប្រតិភូចរចារបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំកាលពីថ្ងៃសុក្រ មិនទាន់ទទួលបានលទ្ធផលវិជ្ជមាននៅឡើយទេ ដោយសារតែខាងក្រសួងបានលើកយកតែដំណោះស្រាយពីខាងក្រុមប្រឹក្សាអាជ្ញាកណ្ដាលមកពិភាក្សាក្នុងកិច្ចប្រជុំ។
កញ្ញា ស្រីពេជ្រ បន្ថែមថា៖«ក្នុងថ្ងៃហ្នឹងអត់ទាន់មានចម្លើយអីពិតប្រាកដទេ គាត់លើកយកអ្វីដែលជាការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលយកមកនិយាយទេ ក្រៅពីហ្នឹងមិនមែនជាការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺអត់យកមកនិយាយទេ»។
ប្រតិភូចរចារូបនេះ ប្រាប់ថា ខាងក្រសួងបានបញ្ជាក់ប្រាប់ពួកគេថា ប្រសិនបើកិច្ចប្រជុំនេះគ្មានដំណោះស្រាយ ឬក៏បញ្ហានេះមិនអាចបញ្ចប់ទេ បញ្ហាទាំងនេះ មិនអាចបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលម្ដងទៀតឡើយ ហើយក្រសួងការងារ នឹងបន្តកិច្ចប្រជុំរហូតរកដំណោះស្រាយបាន។
កញ្ញា ស្រីពេជ្រ បន្តថា៖«ដោះស្រាយតែត្រឹមគាត់ទេ គាត់បញ្ជាក់អ៊ីចឹង ក្នុងនាមជាតំណាងមកសម្របសម្រួល ហើយឥឡូវក្រសួងនឹងរៀបចំកិច្ចប្រជុំបន្តបន្ទាប់រហូតមានដំណោះស្រាយ»។
ចំណែកខាងក្រុមហ៊ុនណាហ្គាវើលដ៍បានអះអាងក្នុងកិច្ចប្រជុំថា ខាងក្រុមហ៊ុននឹងត្រៀមខ្លួនដើម្បីចូលរួមកិច្ចប្រជុំបន្តបន្ទាប់ទៀត ក្នុងការរកដំណោះស្រាយលើបញ្ហានេះ ហើយលទ្ធផលយ៉ាងណាភាគីក្រុមហ៊ុននឹងឆ្លើយតបនាកិច្ចប្រជុំបន្ត។
ទន្ទឹមនឹងនេះ ភាគីក្រុមហ៊ុនណាហ្គាវើលដ៍បានបង្ហាញការសោកស្តាយ ដែលភាគីតំណាងកម្មករនិយោជិតដែលបានសន្យាថានឹងមិនធ្វើការប្រមូលផ្ដុំតវ៉ាបន្ត ទៀតដើម្បីទុកលទ្ធភាព និងបង្កបរិយាកាសល្អសម្រាប់កិច្ចប្រជុំ ប៉ុន្តែភាគីតំណាងកម្មករនិយោជិតមិនបានគោរពតាមការសន្យារបស់ខ្លួន។
តែយ៉ាងណាមិញ ថ្នាក់ដឹកនាំសហជីពបានបកស្រាយថា ការសម្រេចធ្វើកូដកម្មរបស់កម្មករ គឺជាសិទ្ធិរបស់ពួកគេទាំងនោះ ហើយតំណាងសហជីពមិនមានសិទ្ធិអំណាចអ្វីក្នុងការបញ្ជាពួកគេទាំងនោះឱ្យឈប់បានឡើយ។
ជុំវិញបញ្ហានេះ ក្នុងកំណត់ហេតុប្រជុំបានឱ្យដឹងថា ក្រសួងបានកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់កិច្ចប្រជុំជាបន្តបន្ទាប់ ដោយកំណត់យកចាប់ពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២ តទៅវេលាម៉ោង ៩:០០ព្រឹក ដល់ម៉ោង១២:០០ថ្ងៃត្រង់ និងនៅវេលាម៉ោង ២:៣០នាទីរសៀលដល់ម៉ោង៥:០០រសៀល ហើយនឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃជាបន្តបន្ទាប់រហូតឈានដល់បញ្ចប់វិវាទការងារនេះ។ ក្រសួងការងារនឹងបន្តកិច្ចប្រជុំនៅសប្តាហ៍ក្រោយនេះ។
កំណត់ហេតុប្រជុំបានឱ្យដឹងថា៖«កិច្ចប្រជុំបន្ទាប់នៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១២ វេលាម៉ោង២:៣០នាទីរសៀល ដោយតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងធ្វើបទបង្ហាញអំពីទិដ្ឋាភាពច្បាប់ពាក់ព័ន្ធនឹងការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ និងឯកភាពកំណត់យកតែចំណុចវិវាទដែលមានក្នុងសេចក្ដីបង្គាប់អាជ្ញាកណ្តាល ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មកពិភាក្សាតែប៉ុណ្ណោះ»។
ថ្វីបើយ៉ាងនេះក្ដី នៅក្នុងកិច្ចប្រជុំ ភាគីខាងសហជីពនៅតែបន្តទាមទារឱ្យមានការទម្លាក់ចោលនូវបទចោទចំពោះកម្មករនិយោជិតដែលបាននៅក្រៅឃុំបណ្តោះអាសន្នទាំង១៥នាក់ និងទាមទារឱ្យក្រុមហ៊ុនពិចារណាចំពោះកម្មករនិយោជិតដែលចង់ចូលធ្វើការវិញ និងពិនិត្យការទូទាត់សំណងឱ្យបានត្រឹមត្រូវតាមច្បាប់។
ចំណែកលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ថ្លែងថា កិច្ចប្រជុំលើកទីមួយនេះ គ្រាន់តែជានីតិវិធីដើម្បីរៀបចំរបៀបវារៈ និងពេលវេលាសម្រាប់កិច្ចប្រជុំចរចាបន្តនៅសប្ដាហ៍ក្រោយតែប៉ុណ្ណោះ។
លោក ថារ៉ូ បញ្ជាក់ថា៖«យើងចាំពិនិត្យមើលបន្តទៀត ដោយសារតែភាគីបានឯកភាព នូវការលើកយកចំណុចដែលទាមទារផ្អែកទៅលើសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល»។
គេសង្កេតឃើញថា ទន្ទឹមនឹងមានការចរចាដើម្បីរកដំណោះស្រាយនៅក្រសួងការងារ តែអាជ្ញាធរនៅតែបន្តចាប់កូដករដែលចេញធ្វើកូដកម្មនៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ ដោយបានដឹកជញ្ជូនកូដករប្រមាណ១០០នាក់ ទៅទីលានប្រជាធិបតេយ្យផងដែរ។
បើតាមអ្នកស្រី ម៉ម សុវឌ្ឍិន អាយុ៣៤ឆ្នាំ ជាបុគ្គលិកមួយរូបដែលមិនទាន់មានឈ្មោះកាត់ បានឱ្យដឹងថា អ្នកស្រីនិងកូដករផ្សេងទៀតប្រមាណជា១០០នាក់ ត្រូវបានអាជ្ញាធរដឹកតាមរថយន្តក្រុងយកមកទុកនៅទីលានប្រជាធិបតេយ្យដើម្បីបង្វែរសាច់រឿង ចំពោះការតវ៉ារឿងសិទ្ធិការងារទៅវិញ។
អ្នកស្រី សុវឌ្ឍិន និយាយថា៖«អាជ្ញាធរព្យាយាមបង្វែរសាច់រឿង តែពួកបងអត់ធ្វើតាមគាត់ទេ ពួកបងអត់មានវិវាទជាមួយអ្នកណាផងហ្នឹង មានតែវិវាទជាមួយណាហ្គាហ្នឹង ហើយមកបង្វែរសាច់រឿងម៉េចកើត»។
កូដករស្រ្តីវ័យ៣៤ឆ្នាំ រូបនេះ បន្តថា ទីលានប្រជាធិបតេយ្យមិនមែនជាកន្លែងដែលពួកគេត្រូវមកតវ៉ាទាមទារឡើយ ហើយពួកគេទាមទារឱ្យអាជ្ញាធរដឹកពូកគេទៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍វិញ៕