ក្រុមហ៊ុន Meta បានច្រានចោលអនុសាសន៍របស់ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ខ្លួន ដែលណែនាំឱ្យព្យួរគណនីហ្វេសប៊ុករបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដោយសារតែញុះញង់ឱ្យមានអំពើហិង្សា ។ មន្ត្រីរដ្ឋាភិបាលបានធ្វើអត្ថាធិប្បាយជុំវិញសេចក្ដីប្រកាសនេះ និងបាននិយាយថា តំណាងរបស់ក្រុមហ៊ុន Meta ត្រូវបានអនុញ្ញាតឱ្យបន្តការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាវិញ។
សេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសរសេរយ៉ាងដូច្នេះ «ការសម្រេចនេះគឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។ សេចក្តីថ្លែងការណ៍បន្តថា៖ «អបអរសាទរចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.»។
កាលពីខែមិថុនាកន្លងមក ក្រុមប្រឹក្សាត្រួតពិនិត្យបានជំទាស់នឹងការសម្រេចរបស់ Meta ក្នុងការរក្សាទុកឃ្លីបវីដេអូមួយដែលមានលក្ខណៈអុជអាល ដែលលោក ហ៊ុន សែន បានបង្ហោះនៅលើបណ្ដាញហ្វេសប៊ុក ដោយក្នុងវីដេអូនោះ លោកបានគំរាមប្រើ «ដំបង» លើគូប្រជែងនយោបាយរបស់លោក។ អមជាមួយនឹងការសម្រេចដែលបិទផ្លូវតវ៉ានេះ ក្រុមប្រឹក្សាត្រួតពិនិត្យក៏បានចុះផ្សាយអនុសាសន៍របស់ខ្លួនផងដែរ ដោយរួមបញ្ចូលទាំងការណែនាំឱ្យព្យួររយៈពេល ៦ខែនូវគណនីហ្វេសប៊ុក និង Instagram របស់អតីតនាយករដ្ឋមន្ត្រី ។
ក្រុមហ៊ុនបាននិយាយនៅក្នុងការឆ្លើយតបរបស់ខ្លួនដែលចុះផ្សាយកាលពីថ្ងៃចន្ទ យ៉ាងដូច្នេះ «នៅពេលពិនិត្យនិងវាយតម្លៃទៅលើទំព័រហ្វេសប៊ុក និងគណនី Instagram របស់លោក ហ៊ុន សែន រួចមក យើងបានសម្រេចថា ការផ្អាកគណនីទាំងនេះនៅក្រៅក្របខ័ណ្ឌអនុវត្តច្បាប់ ប្រក្រតីរបស់យើង នឹងផ្ទុយពីគោលនយោបាយរបស់យើង»។
ក្រុមហ៊ុន Meta ពុំបានឆ្លើយតបនឹងសំណើសុំការអធិប្បាយតាមអ៊ីម៉ែលពី ខេមបូចា ឡើយ ។
មន្ត្រីអ្នកនាំពាក្យម្នាក់របស់ក្រុមប្រឹក្សាត្រួតពិនិត្យ បាននិយាយនៅក្នុងសារអ៊ីម៉ែលថា៖ «យើងប្រកាន់ជំហរគាំទ្រសេចក្ដីសម្រេចដើមរបស់យើងដដែល»។ មន្ត្រីអ្នកនាំពាក្យបន្តថា៖ «ក្រុមប្រឹក្សាបានផ្ដល់អនុសាសន៍ឱ្យព្យួរ ដោយសំអាងលើភាពធ្ងន់ធ្ងរនៃការរំលោភបំពាន, ប្រវត្តិរបស់លោក ហ៊ុន សែន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនសុស្ស និងការបំភិតបំភ័យលើគូប្រជែងនយោបាយ, និងការប្រើប្រាស់បណ្ដាញសង្គមរបស់លោកជាយុទ្ធសាស្ត្រដើម្បីបន្ទរការគំរាមកំហែងបែបនេះ»។
បើយោងតាមអ្នកនាំពាក្យដដែល ក្រុមហ៊ុន Meta បានអនុវត្ត ឬប្ដេជ្ញាចិត្តអនុវត្តនូវអនុសាសន៍ជាច្រើនរបស់ក្រុមប្រឹក្សាត្រួតពិនិត្យ គិតមកដល់បច្ចុប្បន្ន ។
លោក ហ៊ុន សែន បានបិទហ្វេសប៊ុករបស់លោក កាលពីខែមិថុនា ក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអនុសាសន៍របស់ក្រុមប្រឹក្សាត្រួតពិនិត្យត្រូវបានចេញផ្សាយជាសាធារណៈ។ ប៉ុន្តែប៉ុន្មានថ្ងៃនៅមុនការបោះឆ្នោតជាតិខែកក្កដា គណនីហ្វេសប៊ុករបស់លោក ហ៊ុន សែន ត្រូវបានបើកដំណើរការឡើងវិញ ហើយជំនួយការផ្នែកបណ្ដាញសង្គមរបស់លោក គឺលោក ដួង តារា បានអះអាងថា លោកនឹងគ្រប់គ្រងទំព័រហ្វេសប៊ុកមួយនេះ។
បន្ទាប់ពីឮដំណឹងអំពីការសម្រេចរបស់ក្រុមហ៊ុន Meta ថានឹងមិនព្យួរគណនីហ្វេសប៊ុករបស់លោក ហ៊ុន សែន ទេនោះ លោក តារា បានប្រាប់ ខេមបូចា នៅថ្ងៃពុធថា ឥឡូវនេះ លោកនឹងប្រគល់គណនីហ្វេសប៊ុកនេះទៅឱ្យអតីតនាយករដ្ឋមន្ត្រីវិញ ។
លោក តារា ថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំជឿថា នេះជាពេលវេលាដ៏ល្អដើម្បីប្រគល់ទំព័រហ្វេសប៊ុកនេះ ជូនសម្ដេច [ហ៊ុន សែន] ប្រើប្រាស់វិញ»។ «ក្នុងនាមជាអ្នកបង្កើតទំព័រហ្វេសប៊ុកនេះ ខ្ញុំមិនចង់ប្រគល់ទំព័រហ្វេសប៊ុកនេះជូនទៅសម្ដេច នៅពេលវាមានបញ្ហានោះឡើយ ។ ខ្ញុំចង់ឱ្យទំព័រនេះជាទំព័រល្អ»។
លោក តារា បានអះអាងថា អនុសាសន៍ដែលឱ្យព្យួរគណនីហ្វេសប៊ុករបស់លោក ហ៊ុន សែន មានចរិតនយោបាយ និងលម្អៀង។ លោកបាននិយាយថា លោកជឿជាក់ថា ក្រុមហ៊ុន Meta បានច្រានចោលអនុសាសន៍នេះដោយសារខ្លួនបានឃើញ«គុណតម្លៃពិត» និង«ផលប្រយោជន៍សង្គម»ដែលមេដឹកនាំកម្ពុជាបានផ្ដល់នៅលើបណ្ដាញសង្គមនេះ ។
ក្រុមហ៊ុន Meta ក៏បានច្រានចោលផងដែរនូវអនុសាសន៍មួយផ្សេងទៀតរបស់ក្រុមប្រឹក្សាត្រួតពិនិត្យ ដែលណែនាំឱ្យធ្វើបច្ចុប្បន្នភាពគោលនយោបាយស្ដីពីការរឹតត្បិតលើឥស្សរជនសាធារណៈ នៅពេលដែលពលរដ្ឋកំពុងប្រឈមនឹងអំពើហិង្សាបែបសងសឹកពីរដ្ឋាភិបាល ។ ក្រុមហ៊ុន Meta បាននិយាយថា ការកែប្រែដែលត្រូវបានស្នើឡើងនេះ«អាចនឹងប៉ះពាល់ដល់លទ្ធភាពរបស់ប្រជាជនក្នុងការទទួលបានព័ត៌មានពីនិងអំពីមេដឹកនាំរបស់ពួកគេ» ដោយកត់សម្គាល់ថា នៅប្រទេសកម្ពុជា «បណ្ដាញសង្គមរបស់ក្រុមហ៊ុន Meta ដើរតួនាទីជាប្រភពព័ត៌មានឯករាជ្យដ៏សំខាន់មួយ» និង«មានសារសំខាន់ណាស់ចំពោះសេរីភាពព័ត៌មាន» ។
រដ្ឋាភិបាលកម្ពុជាបានលើកឡើងនូវហេតុផលស្រដៀងគ្នានេះ កាលពីខែកក្កដា នៅពេលដែលខ្លួនបានហាមប្រាមសមាជិកទាំង២២រូបនៃក្រុមប្រឹក្សាត្រួតពិនិត្យ មិនឱ្យចូលប្រទេសកម្ពុជា ដោយថ្លែងថា ការព្យួរគណនីដែលបានស្នើឡើង«មានចេតនារារាំងសេរីភាពសារព័ត៌មានសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិក្នុងទទួលបានព័ត៌មានអាចទុកចិត្តបានពីមេដឹកនាំ»។
នៅក្នុងឆ្នាំនេះ រដ្ឋាភិបាលបានលុបចោលអាជ្ញាបណ្ណព័ត៌មាន និងបានបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតបិទខ្ទប់គេហទំព័ររបស់ស្ថាប័នសារព័ត៌មានឯករាជ្យ។
ឥឡូវនេះ តំណាងក្រុមហ៊ុនត្រូវបានអនុញ្ញាតឱ្យបន្តការងាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបាននិយាយថា ពួកគេនឹងត្រូវបានបណ្ដេញចេញកាលពីខែមិថុនា។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងទូរគមនាគមន៍ លោក លីវ សុផាណារិទ្ធ បាននិយាយថា សមាជិកទាំង២២រូបនៃក្រុមប្រឹក្សាត្រួតពិនិត្យនៅតែមិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសកម្ពុជាដដែល ដោយសារតែពួកគេ«ជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា» ហើយ«អនុសាសន៍របស់ពួកគេមានចរិតនយោបាយ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ការសម្រេចរបស់ក្រុមហ៊ុន Meta បានបង្ហាញថា លោក ហ៊ុន សែន មិនបានរំលោភបំពានសិទ្ធិមនុស្ស ឬគោលនយោបាយស្តង់ដារសហគមន៍អ្វីឡើយ ។
លោកបានបន្ថែមថា៖ «វាបានបង្ហាញថា សម្ដេចមិនមានទោសកំហុសដូចដែល[ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន]បានចោទប្រកាន់នោះទេ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានបដិសេធការធ្វើអត្ថាធិប្បាយ ។
ក្រុមអង្គការសិទ្ធិឌីជីថល ឈ្មោះថា Access Now បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ការសម្រេចរបស់ Meta ជាការលើកទឹកចិត្តយ៉ាងច្បាស់ដល់ការញុះញង់ឱ្យប្រព្រឹត្តអំពើហិង្សា ។
មន្ត្រីយុទ្ធនាការអាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការ លោក Golda Benjamin បាននិយាយថា៖ «ការសម្រេចរបស់ Meta ដែលមិនព្យួរគណនីបណ្ដាញសង្គមរបស់លោក ហ៊ុន សែន ជាការផ្ញើសារដ៏គ្រោះថ្នាក់មួយថា សុន្ទរកថាបែបរំលោភសិទ្ធិមនុស្សរបស់លោកនឹងត្រូវបានអត់ឱននៅលើបណ្ដាញសង្គមនេះ»។ លោក Golda បន្តថា៖ «លោក ហ៊ុន សែន ជាទម្លាប់ បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអនឡាញ និងមិនមែនអនឡាញ ដើម្បីបំភិតបំភ័យនិងគំរាមកំហែងអ្នកប្រឆាំងផ្នែកនយោបាយ និងអង្គការសង្គមស៊ីវិល ។ ការបោះឆ្នោតជាតិកាលពីខែកក្កដាបានកន្លងផុតហើយ ប៉ុន្តែ វាមិនមែនមានន័យថា ការញុះញង់របស់លោក ហ៊ុន សែន នឹងកន្លងផុតទៅដែរនោះទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Meta Rejects Recommendation to Suspend Hun Sen for Inciting Violence